អាជនេយ្យ​ និង​ ព្រះរាជា​

ខេមបូឌា ដេលី

ទស្សន​​​ប្រណាំងសេះ​របស់​បុរស​ម្នាក់​ ចាប់ផ្តើម​ទាំង​លំបាក​លំបិន

គេហៅ​ការ​ប្រណាំង​សេះ​ថា​ជា​កីឡារបស់​ព្រះរាជា។

រាល់ថ្ងៃ​សៅរ៍​ នៅ​ក្រុង​ម៉ែលប៊ន​ និង ម៉ាកាវ ឌុយប្លាំង និង ឌូបៃ គឺ​អ្នក​មាន​ធនធាន​ និង​ជន​​​​ល្បី​ល្បាញ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ដ៏ស្រស់​សោភា​ ផឹក​​ស្រាសាំ​ប៉ាញ​ និង​ឈរ​ឲ្យ​គេ​ថត​រូប​ ចំណែកឯ​​អត្តពលិក​ និង​​សេះ​ដែល​មាន​តម្លៃ​ថ្លៃ​ដូច​រថយន្ត​ ផ័រសឺ ប្រកួត​ប្រជែង​ដើម្បី​បាន​ប្រាក់​រាប់​លាន​ដុល្លារ​។

លោក កែវ វណ្ណារិន ដឹក​សេះ​របស់​លោក​ឈ្មោះ​ ស្ពឺរិត ទៅ​កាន់​ទី​ប្រណាំង​នៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​។ រូបថតៈ William Kelly

លោក កែវ វណ្ណារិន ដឹក​សេះ​របស់​លោក​ឈ្មោះ​ ស្ពឺរិត ទៅ​កាន់​ទី​ប្រណាំង​នៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​។ រូបថតៈ William Kelly

ចៅក្រម​ត្រួត​ពិនិត្យ​សេះ​នីមួយៗ​រាល់ការ​ប្រណាំង ទម្ងន់​អ្នក​ជិះ​សេះ​ ស្ថានភាព​ផ្លូវ​ប្រណាំង​ របាយការណ៍​ធាតុ​អាកាស​ និង​រូប​ភាព​ទី​ ដើម្បី​បំពេញ​ចិត្ត​អ្នក​ឧបត្ថម្ភ​​​​និង​អ្នក​ភ្នាល់​ ដែល​គាំទ្រ​ឧស្សាហកម្ម​ដែលរក​​​​ប្រាក់​​​​បាន​​​រាប់​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភព​លោក​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ជិះសេះ​ដែល​មាន​ទស្សន​រឹងមាំ​ និង​ពាក់​មួក​ហាម​ធំ​ចង់​ឲ្យ​វិស័យ​នេះ​មាន​សកម្មភាព​ផុលផុស​។​

លោក កែវ វណ្ណារិន មានវ័យ​៤៩​ឆ្នាំដែល​បាន​លា​ឈប់​ពី​ការងារ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ផ្តោត​លើ​គម្រោង​ដ៏​មហិច្ឆតាផ្ទាល់​របស់​លោក​​ បាន​និយាយ​ថា “នេះជា​ក្តី​សុបិន្ត​ខ្ញុំ​”។​

បុរស​មាន​វ័យ​៤៩​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​មាន​ដី​២០០ហិកតា​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង ដែល​ខ្ញុំ​នឹង​សាងសង់​មជ្ឈមណ្ឌល​ប្រណាំង​សេះ​ដ៏​ទំនើប​មួយ​កន្លែង​ ដែល​អាច​ទាក់​ទាញ​មនុស្ស​ម្នា​ពី​ក្រុង​ភ្នំពេញ​ និង​ពី​ប្រទេស​កម្ពុជា​ទាំងមូល​។ ផ្លូវ​ប្រណាំងខ្នាត​អន្តរជាតិ​​​​​នឹង​ទាក់​ទាញ​សេះ​មក​​ពី​ក្រៅ​ប្រទេស។ យើង​អាច​ដឹង​ថា មាន​មនុស្ស​ច្រើន​ណាស់​ចាប់​អារម្ម​ណ៍”។​

នៅ​លើ​ដី​មួយ​ប្លង់​ដែល​សុទ្ធ​តែ​ដីខ្សាច់​នៅ​ប៉ែក​ខាង​ជើង​នៃ​ជាយ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ លោក​ វណ្ណារិន​ បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេច​បាន​នូវ​ក្តី​សុបិន្ត​របស់​លោក​។

​​​​​​​​​​មាន​អ្នក​ស្រុក​ពីរបីរយ​នាក់​ជាមួយ​នឹង​ជន​បរទេស​បួន​ដប់​នាក់​ និង​សេះប្រាំបី​ក្បាល​ បាន​ជួប​ជុំ​នៅឯ​ការ​សម្ពោធ​មជ្ឈមណ្ឌល​ប្រណាំងសេះ​កម្ពុជា​នៅក្នុង​ខណ្ឌ​ព្រែកព្នៅ​ ដែល​ជា​កម្មវិធី​ប្រណាំង​សេះ​បីដង​មិន​ផ្លូវ​ការ​ ក្នុង​ពេល​នោះ​មាន​អ្នក​ជិះ​សេះ​មួយ​ចំនួន​តូច​ពាក់​ស្បែក​ជើង គ្មាន​នរណា​ម្នាក់​ផឹក​សំាប៉ាញ​ទេ​ ហើយ​ចំពោះ​ភាព​ក្លៀវ​ក្លា​នៃ​ផ្លូវ​ប្រណាំង​សេះ​ជុំវិញ​ពិភព​លោក នោះ​តួអង្គ​ចម្លែកៗ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​​​បាន​បង្ហាញ​ខ្លួន។

លោក​ ហ្គិលឡែម ឡារីវ៉ង់ ជាអ្នក​ជិះ​សេះ​ជន​ជាតិ​បារាំង​មាន​វ័យ​៥១​ឆ្នាំ​ ដែល​បាន​បើក​ទី​ប្រណាំង​សេះ​នៅ​អារិយក្សត្រ​ ត្រើយ​ម្ខាង​នៃ​ទន្លេ​មេគង្គ បាន​និយាយ​ថា “នេះ​ជាសេះ​របស់​ខ្ញុំ​ឈ្មោះ​ ពីមូស៍”។​

លោក ឡារីវ៉ង់ បាន​និយាយ​ដោយ​រំភើប​ថា “នៅ​ប្រទេស​បារាំង​ ពីមូស៍​ ជា​សេះ​មាន​មាឌ​តូច​តែ​គេ​ពេញ​និយម សេះ​ខ្ញុំ​តូច​ពិត​មែន​ ប៉ុន្តែ មាន​កម្លាំង​អស្ចារ្យ​”។ នៅ​ពេល​នោះ​មាន​សេះ​បីក្បាល​ដែល​មាន​សុខភាព​ល្អ​រឹង​មាំ​ ប៉ុន្តែ ទំហំ​ខ្លួន​របស់​វា​តូច​ជាង​ពាក់​កណ្តាល​នៃ​សេះ​នៅ​ប្រទេស​ដែល​ពេញ​និយម​ផ្នែកការ​​​​ប្រណាំង​សេះ​ បាន​ដើរ​ទៅ​ទី​​​​ចាប់​ផ្តើម​ប្រណាំង​។

លោក ឡារីវ៉ង់​ បាន​និយាយ​ថា “ខ្ញុំ​ប្រាប់​អ្នក​ជិះ​ឲ្យ​ប្រយ័ត្ន​ប្រយែង​ដើម្បី​សុវត្ថិភាព​ កុំ​គិត​អំពី​ការ​យក​តែ​ឈ្នះ​ ហើយ​ចាំ​មើល​អ្វី​ដែល​កើត​ឡើង​”។​

ពេល​រាប់​ថា បី ពីរ មួយ​ និង​សំឡេង​ស្រែក​ជយោ​​​លាន់​ឡើង​ ក្នុង​ខណៈ​ដែល​សេះ​ពណ៌​​​ប្រផេះ​​​​ឈ្មោះ​ ស្ពឺរិត​ បំផាយ​ ចំណែកឯ​គូ​ប្រជែង​របស់​វា​ សំបូរ និង​ ដានី រត់​ត្រឹកៗ​ដី​ហុយ​ទ្រលោម​។

លោក រិន ដាណុប​ ​មានសញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ពេទ្យ​សត្វ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​អ្នកកាន់​​​​ដើម​​​ទី​ និង​ជា​ប្រធានទី​ បានស្រែក​ថា “ស្អីគេហ្នឹង​ គេធ្វើ​​​អ៊ី​​​ចឹង​”។

លោក ណុប បាន​និយាយ​តាម​វិទ្យុ​ទាក់​ទង​​​ទៅ​មនុស្ស​ផ្សេង​ទៀត​ថា “វា​មិន​មែន​ជាការ​កម្តៅ​សាច់​ដុំ​ទេ​ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​កម្តៅ​សាច់​ដុំ​ឡើយ​ គេ​កម្តៅ​សាច់ដុំ​រួច​ហើយ​។ ធ្វើ​បែប​នេះ​មិន​កើត​ទេ​ លើក​ក្រោយ​ខ្ញុំនឹង​ដាក់​​​វិន័យ​”។

សេះ​ចាប់​ផ្តើម​រត់​ចេញ​​ពីទីនៅ​ក្នុង​ការ​ប្រណាំង​ផ្តាច់​ព្រ័ត្រ​។  រូបថតៈ William Kelly

សេះ​ចាប់​ផ្តើម​រត់​ចេញ​​ពីទីនៅ​ក្នុង​ការ​ប្រណាំង​ផ្តាច់​ព្រ័ត្រ​។ រូបថតៈ William Kelly

បន្ទាប់​ពី​ការ​ចាប់​ផ្តើម​សារជាថ្មី​ សំបូរ​ ដែល​មក​ពី​ក្រោល​អារិយ​​​ក្សត្រ​របស់​លោក​ ឡារីវ៉ង់ បាន​បោល​យ៉ាង​លឿន​នៅ​លើ​​ផ្លូវប្រណាំង​ដោយ​ឈ្នះ​ដាច់​ពាក់​កណ្តាល​នៃ​ចម្ងាយ​ផ្លូវ​១៥០​ម៉ែត្រ​ ក្នុង​ពេល​ដែល​អ្នក​​​ជិះ​សេះ​ឈ្មោះ​ ដានី របូត​​ចេញ​ពី​សេះរបស់​ខ្លួន​នៅ​ត្រង់​ចំណុច​កោង​ផ្តាច់​ព្រ័ត្រ​។ សេះ​ឈ្មោះ ស្ពឺរិត អស់ខ្យល់​​​​​ហត់​​​​គឃូសកណ្តាល​ថ្ងៃ​។

ទោះបី​​​ជា​សេះ​ទាំង​នោះ​រត់​យ៉ាង​ម៉េច​ក៏ដោយ​ ក៏​ហ្វូង​មនុស្ស​ស្រែក​​​អបអរ​សាទរ​ដែរ​។

កន្លះ​ម៉ោង​ក្រោយ​មក ការ​ប្រណាំង​លើក​ទី២​ បាន​ក្លាយ​ទៅ​ជា​ការ​លេង​សើច​ទៅ​វិញ​​​ គឺ​​​ការ​ប្រណាំង​មួយ​ទល់​នឹង​មួយ​រវាង​ ហ៊ីណូ ជា​សេះ​ពណ៌ត្នោត​ ជាពូជ​សេះ​ប្រណាំង​ពិត​ប្រាកដ​ និង​ ឆាយ៉ា​ ជា​សេះ​មាន​មាឌ​តូច​ពណ៌​ប្រផេះ​ខូចភ្នែក​ម្ខាង​តែ​ចង់​រត់​ប្រណាំង​។

ឆាយ៉ា​ រត់​ឈប់​ពាក់​កណ្តាល​ផ្លូវ​ ហើយ​បន្ទាប់​មក​រត់​ត្រឹកៗ​វិលចុះ​វិល​ឡើង​ ក៏ត្រូវ​គេ​ដឹក​ចេញ​ពី​ទីប្រ​​​ណាំង​។ ហ៊ីណូ​ ជាអ្នក​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​។

លោក​ ណុប ជាអ្នក​គ្រប់​គ្រង​គម្រោង​អង្គការ​សុខុមាលភាពសេះ​​កម្ពុជា បាន​និយាយ​ថា លោក​នឹង​សើ​​​រើ​ការ​បញ្ចូល​ ឆាយា​ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​នេះ​។

លោក ណុប​ បាន​និយាយសំដៅ​ទៅ​លើ​គ្រូបង្វឹក​និង​អ្នក​ជិះ​សេះ​​ថា “ប្រសិន​បើ​គេ​ថែទាំ​មិន​បាន​ល្អទេ​​​​ ខ្ញុំ​នឹង​មិន​ឲ្យ​គេ​ចូល​រួម​ទេ យើង​នឹង​ត្រួត​ពិនិត្យ​មើល”។

ការ​ប្រណាំង​លើក​ទី៣ គេ​​​បាន​​​ដឹក​​​​ ពីមូស៍ មក​ទី​​​ចាប់​ផ្តើម​ រួម​ជាមួយ​នឹង​ សង្ហា​ និង​ ធីតា ជាប្រភេទ​សេះ​ដែល​ថែទាំ​បាន​ល្អ​ មកពី​ក្រោល​លោក​ វណ្ណារិន នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។

លោក ឡារីវ៉ង់ បាន​និយាយ​ក្នុង​ខណៈ​ដែល​សេះទាំង​បី​ក្បាល​កំពុង​ជ្រួល​ជ្រាល​នៅ​ទី​​​​ចាប់ផ្តើម​ដោយ​ទ្រាំ​នឹង​កម្ដៅ​ថ្ងៃ​ថា “ពីមូស៍​របស់​ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ក្លា​ ប៉ុន្តែ វា​មាន​បញ្ហា​មួយ​ពេល​ប្រណាំង​។ វា​មិន​ចង់​នៅ​មុខ​គេ​ វា​ចង់​ឲ្យ​សេះ​ផ្សេង​ទៀត​នៅ​ពី​មុខ​វា​។ វា​រត់​ពី​ក្រោយ​គេ”​។

នៅ​ក្នុង​ការ​ប្រណាំង​ដ៏​ស្វិ​​​ត​ស្វាញ​បំផុត​នៅ​ថ្ងៃ​នេះ​ ធីតា ត្រូវ​គេ​ដឹក​ចេញ​ពី​ផ្លូវ​ប្រណាំង​ចូល​ទៅ​ដី​មួយ​កន្លែង​​​​ហើយវា​​​​​​ក៏​​​​​​​ស៊ី​ស្មៅ​ខ្ចី​ ដោយ​ធ្វើ​ឲ្យ​ ពីមូស៍ និង​ សង្ហា ត្រូវ​ប្រកួត​គ្នា​តទល់។

តាម​ពិត​ទៅ​​ ពីមូស៍ ខ្វះ​ការ​តស៊ូរហូត​ដល់​ទីផ្តាច់​ព្រ័ត្រ​ ដោយ​មិន​ព្រម​រត់​ហួស​សេះ​ដែល​មាន​មាឌ​ធំជាង​ ក្នុង​ខណៈ​ដែល​អ្នក​ជិះ​ទម្លាក់​បង្ហៀរ​ចុះ​ ហើយ​ក៏រាំ​រែក​​​​​ពី​មុខ​អ្នក​ស្រុក​ដែល​មក​មើល​ការ​ប្រណាំង​នេះ​ទៅ​​​វិញ​​​។

អ្នកស្រី​ កែវ​ ចន្ធូ អ្នក​លក់​ផ្លែ​ឈើ​អាយុ​៤៤​ឆ្នាំ​ ​ដែល​​​បាន​បិទ​តូប​មួយ​ថ្ងៃ​​​​ ដើម្បី​​​​​​​​មក​មើល​ការ​ប្រណាំង​ជាមួយ​ក្មេងៗ​ បាន​និយាយ​ថា “វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ ដែល​ការ​ប្រណាំង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​យើង​ ប៉ុន្តែ វា​​​​ពិសេស​​​​”។

អ្នកស្រី​បាន​និយាយ​បន្ត​ថា “ប្រសិន​បើ​អ្នក​ជិះ​នោះ​អាច​រាំ​ពេល​ដែល​គាត់ជិះ​លើ​ខ្នង​សេះ​ ទើប​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ យើង​មាន​សេះ​នៅ​ទីនេះ​ ប៉ុន្តែ សម្រាប់​តែ​ដឹក​អីវ៉ាន់​ប៉ុណ្ណោះ​ មិន​មែន​រត់​លឿន​ស្លេវ​អ៊ីចឹង​ទេ​”។

ជា​ការ​ចាប់​ផ្តើម​ម្តង​ទៀត​ សេះ​ដែល​ឈ្នះ​ទាំង​បីក្បាល​ចាប់​ផ្តើម​ឈរ​នៅ​​​​ទី​​​​ប្រណាំង​ម្តង​ទៀត។ សំបូរ​ ជាសេះ​ដែល​ឈ្នះ​ដាច់​គេ សង្ហា ដោយ​ម្ចាស់​វា​រាំ និង​ ហ៊ីណូ ជា​សេះ​ប្រណាំង​ពិត​ប្រាកដ​ គឺ​ត្រូវ​រក​ជើងឯក​ឲ្យ​ឃើញ​។ អ្នក​ជិះ​នឹង​ទទួល​បាន​រង្វាន់​៣០​ដុល្លារ​។

នៅឯ​ផ្លូវ​ប្រណាំង​វិជ្ជាជីវៈ​ សេះ​មិន​ដែល​រត់​ប្រណាំង​ពីរដង​ទេ​ក្នុង​មួយ​ថ្ងៃ។ ទោះ​ជាយ៉ាង​នេះ​ក្តី កិច្ច​ប្រជុំ​ទាក់​ទង​នឹង​ការ​ប្រណាំង​លើក​ដំបូង​របស់​មជ្ឈមណ្ឌល​​ប្រណាំង​សេះ​កម្ពុជាកំណត់​​​ថា ការ​ប្រណាំង​ត្រូវ​ធ្វើ​បីដង​ចំពោះ​តែ​សេះ​មួយ​ចំនួន​ ដោយ​មាន​​ការ​ប្រណាំង​ផ្តាច់​ព្រ័ត្រ។

មិន​សុទ្ធតែ​គេ​គ្រប់​គ្នា​ដឹង​រឿង​នេះ​ទេ។

​​​​​​​​​​​​​​​​​​​​​ក្នុង​ពេល​ដែលសេះ​បាន​បញ្ចប់​ជើង​ទី១​ នៅ​ក្នុង​ការ​ប្រណាំង​ផ្តាច់​ព្រ័ត្រ​ ដោយ​ សង្ហា នាំ​មុខ​គេ​ អ្នកជិះ​សេះ​នោះ​ក៏​បាន​​​​ទម្លាក់​​​​​​បង្ហៀរ​ចុះ​ម្តង​ទៀត​ ហើយ​ក៏​ចាប់​ផ្តើម​អប​អរ​ ដោយ​ធ្វើ​ឲ្យ​ សំបូរ មក​ពី​អារិយ​​​ក្សត្រ​​​​ដណ្តើម​យក​ឈ្នះ​។

ដោយ​ហ្វូង​មនុស្ស​ពាក់​កណ្តាល​ស្រែក​អបអរ​សាទរ​ ហើយ​ពាក់​កណ្តាល​ទៀត​សប្បាយ​ហ៊ោកញ្ជ្រៀវ អ្នក​ជិះ​សេះដែល​​​​រាំ​ដឹង​ថា ខ្លួន​មាន​កំហុស​ ហើយ​ក៏​ចាប់​ផ្តើម​ជិះ​បន្តទៀត​ ដោយ​បញ្ជា​សេះ​ឲ្យ​រត់​ដោយ​មិន​កាន់​បង្ហៀរ​ ប៉ុន្តែ វា​យឺត​ពេល​ទៅ​ហើយ​។ សំបូរ នាំ​មុខ​គេ​ ហើយ​​អ្នក​ជិះ​វា​ក៏​ទទួល​បាន​លុយដែរ។

លោក ឡារីវ៉ង់ ជា​គ្រូ​បង្វឹក​ដែល​ទទួលបាន​​ជ័យជម្នះ​ញញឹម​បិទ​មាត់​ពុំ​ជិត​ បាន​ស្រែក​​ថា “អស្ចារ្យ​មែន អស្ចារ្យ​មែន​! “។

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​មាន​សេះ​យឺត​ជាច្រើន​ក្បាល​ ប៉ុន្តែ យើង​មាន​ប្រៀប​ត្រង់​ថា ការ​ហ្វឹក​ហាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​។ លោក​អ្នក​មើល​ឃើញ​ស្រាប់​ហើយ​ សេះ​ភាគ​ច្រើន​ត្រូវ​រំខាន​ព្រោះ​វាឈប់​ស៊ី​ស្មៅ​ វា​បន្ថយ​ល្បឿន​នៅ​ពេល​ដែល​វា​រត់​ហួស​ក្រោល​ ពីព្រោះ​វាចង់​រាក់​ទាក់​មិត្ត​ភ័ក្តិ​វា​”។

សំបូរ រត់​នាំមុខ ស្ពឺរិត និង ដានី នៅ​ក្នុង​ការ​ប្រណាំង​លើក​ទី១។ រូបថតៈ William Kelly

សំបូរ រត់​នាំមុខ ស្ពឺរិត និង ដានី នៅ​ក្នុង​ការ​ប្រណាំង​លើក​ទី១។ រូបថតៈ William Kelly

អ្នក​ទស្សនា​ចាប់​ផ្តើម​ចូល​មក​ពេញ​ទីធ្លា​ ក្នុងពេល​ដែល​សេះ​បាន​រត់​ដល់​​​គំនូស​ទី​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ និង​ថា​តើ​ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ទស្សនា​ពិត​ប្រាកដ​ឬយ៉ាង​ណា​ទេ។

ចំពោះ​លោក​ វណ្ណារិន​ ជា​អ្នក​ជិះ​សេះ​ដែល​ស្លៀក​ពាក់​បែប​កសិករ​ផង និង​​​​បង្ហាញ​ម៉ូដ​ថ្មីៗផង​​​ គឺ​ថា គម្រោង​ដែល​ធ្វើ​ឲ្យ​ការ​ប្រណាំង​សេះ​កម្ពុជា​ដើរ​ទន្ទឹម​នឹង​ប្រទេស​ដទៃ​​ទៀត​កំពុង​ចាប់​ផ្តើម​ហើយ​។

តាំង​ពី​បម្រើ​ការងារ​ឲ្យ​អ៊ុនតាក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ លោក​ វណ្ណារិន​ បាន​និយាយ​ថា លោក​បាន​សន្សំ​ទ្រព្យ​ធន​បាន​យ៉ាង​ក្រាស់​ក្រែល​ ហើយ​មាន​បំណង​លក់​ដី​ជា​ច្រើន​ប្លង់​ដើម្បី​បំពេញ​ក្តី​សុបិន្ត​​របស់​លោក គឺ​ក្តី​សុបិន្ត​ដែល​លោក​បាន​និយាយ​ថា បាន​ចាប់​បដិសន្ធិ​ឡើង​ ក្នុង​​​ពេល​ដែល​លោក​បាន​ឃើញ​សេះ​មួយ​ក្បាល​នៅ​តាម​ជើង​ភ្នំ​ ពឺពិគ​ណាន់​ នៅ​ប្រទេស​បារំាង​ភាគ​ខាង​ត្បូង​។

លោក​ វណ្ណារិន​ បាន​និយាយ​ថា “ពេល​នោះ​ខ្ញុំ​គ្រាន់​តែ​ជា​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយម្នាក់​​​​ប៉ុណ្ណោះ​ ដែល​យក​មក​ចិញ្ចឹម​ដោយ​គ្រួសារ​ជន​ជាតិ​បារាំង​ ដូច្នេះ​ខ្ញុំ​មិន​អាច​ប៉ះ​សេះ​បាន​ទេ​។ ប៉ុន្តែ ការ​រស់​នៅ​ប្រទេស​បារាំង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណេះ​ដឹង”​។​

មាន​សញ្ញា​បត្រ​អនុ​បណ្ឌិត​ផ្នែក​ព័ត៌មាន​វិទ្យា​ លោក​ វណ្ណារិន​ បាន​និយាយ​ថា លោក​បាន​បង្កើត​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​ជំនួយ​កម្ពុជា​តាម​ដាន​លទ្ធផល​នៃ​វិភាគទាន​របស់​ពួកគេ​ ហើយ​ពេល​នោះ​លោក​ជា​ទីប្រឹក្សា​ព័ត៌មាន​វិទ្យានៅ​ក្នុង​អ៊ុន​តាក់។

លោក​ វណ្ណារិន​ បាន​និយាយ​ថា “តើ​អ្នក​ដឹង​ថា គេ​បើក​ប្រាក់​ខែ​ឲ្យ​ខ្ញុំ​ប៉ុន្មាន​ទេ​? គេ​​​​បើក​​​​ប្រាក់​ឲ្យ​ខ្ញុំ​រាល់​ការ​ចំណាយ​ទាំង​អស់​ ខ្ញុំ​អាច​ទិញ​ដី​រាល់​ខែ​ ខ្ញុំ​ជា​មនុស្ស​សំណាង​ណាស់​”។​

លោក​លក់​ដី​មួយ​ចំនួន​ធំ​សម្រាប់​ការ​ចូល​និវត្តន៍​របស់​គាត់​ និង​គម្រោង​កសិកម្ម​មួយ​ចំនួន​ ដើម្បី​ទ្រទ្រង់​ក្តី​ស្រមៃ​ការ​ប្រណាំង​សេះ​របស់​លោក ចំណែកឯ​ដុំមាស​​​​របស់​​​លោក គឺ​ដី២០០​ហិកតា​នៅ​ក្នុង​ស្រុក​បរិបូរ​ ខេត្តកំពង់ឆ្នាំង​។

នៅ​ពេល​សួរថា​​​​ហេតុ​អ្វី​លោក​គិត​ថា គម្រោង​នេះ​នឹង​ជោគ​ជ័យ លោក​ វណ្ណារិន បាន​និយាយថា “តាម​ប្រវត្តិ​សាស្ត្រ​ ជន​ជាតិ​ខ្មែរ​ស្រឡាញ់​សេះ​។ មេទ័ព​កំពូល​ៗ​ ខ្មែរ​បូរាណ​ ស្តេច​ គឺ​ពួកគេ​ស្រឡាញ់​សេះ​ណាស់​។ នៅ​ក្នុង​ឆ្នាំ​១៩៥៦​ ប្រទេស​កម្ពុជា​​​​​​​​​​បាន​បញ្ចប់​ផ្នែក​ជិះ​សេះ​នៅឯ​អូឡាំពិកក្រុង​​​​ស្តុក​​​ខុល។

ក្នុងចំណោម​សេះ​និង​អ្នក​​​ជិះ​សេះ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ កំពង់ចាម និង​កណ្តាល​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​វៀតណាមដែរ​ លោក វណ្ណារិន​ យល់ឃើញ​ថា ការ​ជំរុញ​ឲ្យ​ស្រឡាញ់​សេះ​ឡើង​វិញ​ គឺ​ជា​បំណង​ផ្ទាល់​របស់​លោក​។

លោក​ វណ្ណារិន​ បាន​និយាយ​ថា “សម្តេច​ព្រះ​នរោត្តម​ សីហនុ ក៏​ស្រឡាញ់​​​​សេះ​​​ដែរ​ ព្រះអង្គ​ក៏​ជា​អ្នក​ជិះ​សេះ​ដែរ​។

ឱកាស​ទាក់ទាញ​ប្រមុខ​រដ្ឋ​បច្ចុប្បន្ន​ ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ឲ្យ​យាង​មក​កាន់​បេះដូង​នៃ​ប្រទេស​សម្រាប់​ការ​ប្រណាំង​សេះ​​​ជា​អន្តរជាតិ​លើក​ដំបូង​របស់​មជ្ឈមណ្ឌល​ប្រណាំង​សេះ​កម្ពុជា​ សង្ឃឹម​ថា នឹង​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧​។

លោក វណ្ណារិន បាន​បន្ត​ថា “អូ! យើង​ត្រូវ​មាន​ការ​អភិវឌ្ឍន៍​​ច្រើន​ណាស់ ប៉ុន្តែ យើង​កំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ហើយ​ប្រសិន​បើ​ជា​កីឡា​របស់​ព្រះ​រាជា​​ គឺ​ត្រូវ​តែ​ធ្វើ​”៕ រើន

 

What Next?

Recent Articles

One Response to "អាជនេយ្យ​ និង​ ព្រះរាជា​"

  1. បរិមី ព្រះវិហារ says:

    This initiative will help to promote our strong culture and sport which has been lost for years. Congratulation for this effort and success!