ដោយ៖ យ៉ា រសាត់ | ថ្ងៃអង្គារ ទី28 កក្កដា 2015, 06:17 PM
http://vodhotnews.com
សហភាពការងារកម្ពុជាថ្កោលទោសអាជ្ញាធរខណ្ឌ៧មករាថា មិនបានទប់ស្កាត់ និងបញ្ឈប់អំពើហិង្សារវាងក្រុមអ្នករត់ម៉ូតូឌុបនិងអ្នកបើកបររថយន្ដរបស់ក្រុមហ៊ុនកាពីតូល ខណៈក្រុមអ្នកបើកបរថយន្តកំពុងតវ៉ាទាមទារសិទ្ធិការងារពីក្រុមហ៊ុនដឹកអ្នកដំណើរមួយនេះ កាលពីម្សិលមិញ។
កាលពីថ្ងៃចន្ទម្សិលមិញ បុគ្គលិកក្រុមហ៊ុនទេសចរណ៍កាពីតូលប្រមាណជិត៥០នាក់បាននាំគ្នាបាតុកម្មតវ៉ាទាមទារឲ្យថៅកែក្រុមហ៊ុនទទួលយកអ្នកបើកបររថយន្ត៧នាក់ឲ្យចូលធ្វើការវិញ និងលក្ខណ្ឌការងារមួយចំនួន។ ខណៈកំពុងតវ៉ា អ្នករត់ម៉ូតូឌុបមួយក្រុមបានចេញទៅរារាំងពួកគេ ដោយអះអាងថា ការតវ៉ានេះបាននាំឲ្យប៉ះពាល់ដល់មុខរបររបស់ពួកគេ និងបណ្ដាលឲ្យកើតមានហិង្សាឡើង។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយថ្ងៃទី២៧ ខែកក្កដា សហភាពការងារកម្ពុជាលើកឡើងថា ខ្លួនធ្វើការថ្កោលទោសចំពោះអំពើហិង្សានេះ ដោយលិខិតនោះបញ្ជាក់ថា ហិង្សានោះបានកើតឡើងនៅចំពោះមុខអាជ្ញាធរខណ្ឌ៧មករារួមមានមន្ត្រីអាវុធហត្ថ និងនគរបាលប្រហែល១០០នាក់ តែអាជ្ញាធរមិនបានអន្តរាគមន៍ភ្លាមៗនោះទេ ហើយបែរជាឈរមើលទៅវិញ។ សេចក្ដីថ្លែងការណ៍ក៏បានដាក់ការសង្ស័យដែរថា ក្រុមដែលទៅរារាំងការតវ៉ា និងបង្កជាហិង្សានោះដឹកនាំដោយឈ្មោះ ទិត្យ ម៉េងហ៊ី ហៅពិធីការ ជាមន្ដ្រីរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងប្រធានសន្ដិសុខផ្សារអូរឬស្សី ហើយអាចមានការពាក់ព័ន្ធក្រុមហ៊ុនកាពីតូល។
សេចក្ដីថ្លែងការណ៍បន្ដថា ក្រុមបង្កបានបង្កហិង្សា ឆក់ទូរស័ព្ទ និងiPad ពីក្រុមអ្នកបើករថយន្ដក្រុង ហើយហិង្សានោះបានបង្កឲ្យភាគីខាងអ្នកបើកបររថយន្ដក្រុងកាពីតូលរបួសធ្ងន់ស្រាលជាង១០នា ។ សហភាពការងារកម្ពុជាក៏បានស្នើឲ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចាត់វិធានការណ៍ចំពោះមន្ដ្រីមានសមត្ថកិច្ចដែលសហភាពអះអាងថា បានព្រងើយកន្ដើយបណ្ដាលឲ្យហិង្សានេះកើតឡើងផងដែរ។ nbsp;
លិខិតនោះបញ្ជាក់ថា “សហភាពការងារកម្ពុជា ស្នើសុំឯកឧត្តមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលក្រុមសមត្ថកិច្ច ប៉ូលីស ប៉េអឹម និងអាជ្ញាធរមូលដ្ឋាន ដែលមានវត្ដមាននៅកន្លែងកើតហេតុ ប៉ុន្ដែគ្មានវិធានការណ៍ភ្លាមៗដោយបណ្ដោយឲ្យក្រុមជនបង្ក ប្រព្រឹត្ដអំពើហិង្សាតាមទំនើងចិត្ដមកលើបងប្អូនកម្មករ និយោជិតរងគ្រោះ។ ជាមួយគ្នានេះដែរ សូមស្នើឲ្យតុលាការធ្វើការចោទប្រកាន់ និងចាប់ខ្លួនក្រុមជនបង្កហេតុ និងបក្សពួកយកដាក់ទោសតាមច្បាប់”។
បុគ្គលិកក្រុមហ៊ុនកាពីតូលតវ៉ានៅព្រឹកថ្ងៃអង្គារនេះ (រូបភាព៖ ទេព សូនី)
វីអូឌី(VOD) មិនទាន់សុំការអត្ថាធិប្បាយពីអធិការខណ្ឌ៧មករាបាននៅឡើយទេ ចំណែកអភិបាលខណ្ឌ៧មករា លោក លឹម សោភា អះអាងថា លោកជាប់រវល់ មិនអាចធ្វើអត្ថធិប្បាយបានទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ អះអាងថា លោកមិនបានទទួលព័ត៌មាននេះទេ ប៉ុន្ដែលោកថា ការចោទប្រកាន់នេះហាក់ដាក់បន្ទុកទៅលើសមត្ថកិច្ចខណ្ឌ៧មករា ដែលលោកថាមានការលម្អៀងទៅខាងភាគីណាមួយ។
អ្នកតវ៉ាម្នាក់ដែលជាបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលលោក វ៉ាន់ រ៉ង បានប្រាប់វីអូឌី (VOD) នៅថ្ងៃអង្គារនេះថា មេធាវីរបស់ក្រុមលោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញឲ្យចាត់វិធានការណ៍ចំពោះជនបង្កមកលើពួកគេកាលពីម្សិលមិញរួចហើយ។
មន្ដ្រីផ្នែកច្បាប់របស់សហភាពការងារកម្ពុជា លោក លោក ជឹម ឃៀង ដែលជាអ្នកជួយសម្រួលពាក្យបណ្ដឹងរបស់អ្នកបើករថយន្ដក្រុងកាពីតូលលើកឡើងថា ពាក្យបណ្ដឹងរបស់ក្រុមអ្នកបើករថយន្ដបានយកទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារនេះរួចហើយ។ លោកថា អ្នករងរបួសធ្ងន់ពីររូបខាងភាគីអ្នកបើករថយន្ដឈ្មោះ លោក ប៉េន វិបុល និងលោក វ៉ាន់ ណារ៉ុង បានប្ដឹងមន្ដ្រីរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ទិត្យ ម៉េងហ៊ី និងប្រធានសន្ដិសុខផ្សារអូរឬស្សី ឡេង គឹមស្រុង ព្រមទាំងគូកនដែលលោកថា ជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នោះផងដែរ។
លោក ជឹម ឃៀង ឲ្យដឹងដែរថា ពាក្យបណ្ដឹងនោះបានប្ដឹងពាក់ព័ន្ធនឹងការប្រើអំពើហឹង្សា និងបទផ្សំគំនិតប្រើហិង្សាដោយចេតនាទៅលើពួកគាត់ និងការគំរាមកំហែងជេរប្រមាថជាដើម ។ លោកថា ជនរងគ្រោះទាមទារសំណងខូចខាតចំនួន១០ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនទេសចរណ៍កាពីតូលប្រមាណជិត៥០នាក់បានផ្ទុះការតវ៉ាកាលពីថ្ងៃពុធសប្ដាហ៍មុន ទាមទារឲ្យថៅកែក្រុមហ៊ុនទទួលយកអ្នកបើកបររថយន្ត៥នាក់ឲ្យចូលធ្វើការវិញ ដោយពួកគេអះអាងថា អ្នកទាំងនោះត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយសារពួកគេចង់បង្កើតជាសហជីព។ ទោះយ៉ាងណា ភាគីក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនបញ្ឈប់អ្នកបើករថយន្តទាំង៥នាក់ដោយសារពួកគាត់បានរំលោភបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជា ដាក់ភ្ញៀវតាមផ្លូវ ឈ្លោះប្រកែកជាមួយអ្នកលក់សំបុត្រតាមសាខា និងមិនឈប់ដាក់ភ្ញៀវតាមសាខាជាដើម។
នៅថ្ងៃអង្គារនេះ ក្រុមអ្នកបើកបររថយន្តបានបន្តធ្វើការតវ៉ាជាថ្មីទៀត ដោយពួកគេអះអាងថា នឹងបន្តតវ៉ារហូតទទួលបានដំណោះស្រាយ៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
ខ្ញុំហ៊ានថាមុនថាអាណត្តិក្រោយប្រាកដជាធ្លាក់