កូន​ចាកចោល ​យាយ​ធ្លាក់​ខ្លួន​ឈឺ​រក​ប្រាក់​មួយ​សេន​ព្យាបាល​គ្មាន

លោកតា ស៊ិន ស៊ាត លើក​ដៃ​ប្រណម្យ​សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ព្យាបាល​ប្រពន្ធ​។ រូបថត សហការី

លោកតា ស៊ិន ស៊ាត លើក​ដៃ​ប្រណម្យ​សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ព្យាបាល​ប្រពន្ធ​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

កំពង់ធំ: ពុំ​មាន​ឱកាស​បាន​ស្គាល់​ឡើយ​វត្តវ៉ា ថ្ងៃ​សីល ៨ ​​កើត​ខ្នើត​រនោច ថ្ងៃ​កោរ ឬ​ពេញ​បូណ៌មី​ខែ​ដាច់​អី​នោះ។ ពីរ​នាក់​ប្តី​ប្រពន្ធ​តា វ័យ​ ៧០ ​ឆ្នាំ​យាយ វ័យ​ ៧៥ ​ឆ្នាំ មាន​តែ​កម្លាំង​ជរា​ទទីមទទើម​ធ្វើការ​ក្នុង​ចម្ការ​ដំឡូង​ប្តូរ​បាន​ត្រឹម​​តែ​បាយ​មួយ​​ថ្ងៃ​​ក៏​សឹង​មិន​បាន​ពេញ​ក្រពះ​។ ប៉ុន្តែ​អនិច្ចា​ទេវតា​មើល​រំលង​កូន​ក៏​គ្មាន​សល់​មួយ​គ្រាប់​ទ្រព្យ​​ក៏​​ខ្សត់​ពេល​នេះ​យាយ​ក៏​ធ្លាក់​ខ្លួន​ឈឺ​រង់ចាំ​​តែ​ថ្ងៃ​ស្លាប់​។

លោកតា ស៊ិន ស៊ាត វ័យ ៧០​ឆ្នាំ និង​លោកយាយ ឈីន ឆាន អាយុ​ ៧៥ ឆ្នាំ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ភ្នែក​ស្រវាំង​ស្តាប់​មិន​សូវ​ឮ ដើរ​អូស​អាត្មា​មិន​ចង់​រួច​រស់​ដោយ​ការ​ស៊ីឈ្នួល​កាប់​ឆ្ការ​ព្រៃ​ដាំ​ដំឡូង​ និង​ចាំ​ដី​ឲ្យ​គេ​ក្នុង​ព្រៃ​ជ្រៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​ឋាន​អ្នក​ស្រុក​លើ​ភូមិ​សាស្រ្ត​ឃុំ​បឹងល្វា ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ យប់​ព្រលប់​ក្តៅ​រងា​ភ្លៀង​ខ្យល់​អាស្រ័យ​ក្នុង​ខ្ទម​តូច​ធ្លុះធ្លាយ​ម៉ង់ៗ​ដូច​សត្វ​ព្រៃ​។

រៀបរាប់​ពី​ជីវិត​កម្សត់​​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ស្រ្តី​ឈ្មោះ ឯក ស្រីល័ក្ខណ៍ ប្រាប់​ថា៖ «​ជាង​ ១០ ឆ្នាំ​ហើយ​ដែល​តាយាយ​ស៊ី​អត់​ស៊ី​ឃ្លាន​ទ្រាំ​រស់​នៅ​ម៉ង់ៗ​តែ​ក្នុង​ចម្ការ​​ដំឡូង​ធ្វើ​ស្មៅ​ថែ​ដំឡូង​ឲ្យ​គេ​បាន​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​ដោយ​គ្មាន​សាច់ញាតិ​ហើយ​កូនៗ​ចាកចោល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​ ១០ ​ឆ្នាំ​បាត់​ដំណឹង​ឈឹង​»។


លោកយាយ ឆាន បាន​អ្នក​ជិត​ខាង​នាំ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​ត្រូវការ​ប្រាក់​វះកាត់​។ រូបថត សហការី

លោកយាយ ឆាន បាន​អ្នក​ជិត​ខាង​នាំ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​ត្រូវការ​ប្រាក់​វះកាត់​។ រូបថត សហការី

បដិសេធ​មិន​មាន​ជាប់​សាច់​ឈាម​យាយតា ស្រីល័ក្ខណ៍ បន្ត​ថា៖ «​យូរៗ យាយតា​ចេញ​ពី​ព្រៃ​ម្តង​មក​​រក​ទិញ​អង្ករ ប្រហុក អំបិល ​ទឹកត្រី​យក​ទុក​បរិភោគ​ហើយ​ពេល​នោះ​ខ្ញុំ​ក៏​អាណិត​ក៏​ចេះ​តែ​ឲ្យ​ទៅ​។ នឹក​ឃើញ​ថា​កាលពី​ម្តាយ​ឪពុក​ខ្ញុំ​នៅ​មាន​ជីវិត​ពួកគាត់​រាប់អាន​ហើយ​ពេល​នេះ​ឃើញ​យាយ​ធ្លាក់​ខ្លួន​ឈឺ ខ្ញុំ​ជួយ​នាំ​គាត់​មក​ពេទ្យ​»។

អ្នក​ភូមិ​ចិត្តធម៌​រូប​នេះ​បាន​បញ្ជាក់​ថា៖ «យាយ ឆាន ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ខែ​ហើយ ហើយ​គាត់​មាន​ជំងឺ​ទឹក​ដក់​ក្នុង​សួត​ដែល​ត្រូវការ​ប្រាក់​ព្យាបាល​​។ ខ្ញុំ​នាំ​គាត់​មក​សម្រាក​ព្យាបាល​នៅ​ពេទ្យ​រុស្ស៊ី​ជិត ២ ខែ​ហើយ​ពេល​នេះ​នាំ​ចេញ​មក​សម្រាក​ផ្ទះ​បងស្រី​នៅ​ម្តុំ​ទួលគោក​»។

យ៉ាង​ណា​មិញ​ ស្រីល័ក្ខណ៍ បាន​ឲ្យ​ដឹង​ថា៖ «ជិត​ពីរ​ខែ​មក​នេះ​ខ្ញុំ​សុខចិត្ត​ទុក​មុខរបរ ទុក​កូន ទុក​​ប្តី​មួយ​អន្លើរ នាំ​យាយ ឆាន មក​សម្រាក​ព្យាបាល​ និង​ចេញ​លុយ​ថ្លៃ​ព្យាបាល​ទៀត​។ ប៉ុន្តែ​ជំងឺ​គាត់​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ពិបាក​សង្គ្រោះ​ទៀត​សង្ឃឹម​តិច​ណាស់​»។

ស្រី​ចិត្ត​ធម៌​ដែល​​ពិបាក​មើល​ទុក្ខ​វេទនា​របស់​ដូន​ចាស់​ឈឺ​ជរា​រូប​នេះ​បាន​និយាយ​បន្ដ​ទៀត​ថា៖ «តាម​គ្រូពេទ្យ​ប្រាប់​មក​ថា​ជំងឺ​គាត់​មាន​តែ​វះកាត់​ទេ​ទើប​អាច​សង្គ្រោះ​ជីវិត​បាន។ ប្រសិន​បើ​មិន​​វះកាត់​ទេ​គាត់​មាន​សង្ឃឹម​តិច​ណាស់​មាន​តែ​នាំ​យក​ធាតុ​ទៅ​ជួប​តា​រង់ចាំ​នៅ​ចម្ការ​​ដំឡូង​វិញ​ទេ​»៕


What Next?

Recent Articles

2 Responses to "កូន​ចាកចោល ​យាយ​ធ្លាក់​ខ្លួន​ឈឺ​រក​ប្រាក់​មួយ​សេន​ព្យាបាល​គ្មាន"

  1. Mintra says:

    សូមអរគុណបងស្រីមានសន្តានចិត្តល្ងណាស់។​សូមគាំទ្របងស្រី​​ចុះកាកបាតក្រហមទៅណាអស់ហើយ????​មេត្តាជួយដល់លោកតា​និងលោកយាយផង៕

  2. Bol says:

    អង្គការច្រើនណាស់ តើមានអង្គការណាអាចជួយរំលែកការលំបាករបស់គាត់បានដែរឬទេ?