ដោយ ថា កិត្យា
2015-07-29
RFA
អ្នកសម្របសម្រួលខ្មែរដើម្បីខ្មែរ (KFK) និងជាអតីតនាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ (LWD) លោកបណ្ឌិត សាម អ៊ីន (ស្ដាំ) និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥។ Photo: RFA
សមាជិកជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលផ្ដួចផ្ដើមគំនិតដោយក្រុមប្រធានអង្គការសង្គមស៊ីវិលជាច្រើននាក់នោះ នឹងជួបប្រជុំជ្រើសថ្នាក់ដឹកនាំនៅដើមខែសីហា មុននឹងជូនព័ត៌មានទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនៅតាមមូលដ្ឋាន។ បក្សថ្មីនេះ មានគោលនយោបាយថ្មី ប្លែកខុសពីបក្សដទៃទៀតដែលចូលរួមបោះឆ្នោតកន្លងទៅ។
ក្រោយបញ្ជូនព័ត៌មានស្ដីពីការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលគេគ្រោងដាក់ទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ សីហា ខាងមុខហើយនោះ គណបក្សថ្មីនេះក៏គ្រោងនឹងរៀបចំសមាជសម្រាប់ចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ យ៉ាងយូរបំផុតត្រឹមពាក់កណ្ដាលឆ្នាំ២០១៦។
សមាជិកបណ្ដាញសង្គមខ្មែរដើម្បីខ្មែរ លោក សាម អ៊ីន បានឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ថា សមាជិករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រមាណ ៨០នាក់ នឹងជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃទី២ ខែសីហា ដើម្បីអនុម័តគោលការណ៍សំខាន់ៗ និងបោះឆ្នោតជ្រើសរើសប្រធានបក្សរបស់ពួកគេ៖ «នៅថ្ងៃទី២ សីហា និងក្រោយពីសមាជិកជំហរបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈកម្មការបណ្ដោះអាសន្នហើយនោះ គណៈកម្មការនេះនឹងជជែកគ្នាផ្ទៃក្នុង ដើម្បីស្វែងរកបេក្ខជនប្រធាន អនុប្រធាន អគ្គលេខាធិការបក្ស និងអគ្គហិរញ្ញិក ព្រមទាំងដាក់ជូនអង្គសមាជសម្រាប់ធ្វើការបោះឆ្នោតជ្រើសរើសផ្តល់សេចក្តីទុកចិត្ត»។
លោក សាម អ៊ីន បញ្ជាក់ទៀតថា គណបក្សរបស់លោក គឺជាជម្រើសថ្មីមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានរបៀបដឹកនាំនយោបាយថ្មីប្លែកខុសពីបក្សដទៃទៀត មានន័យថា បក្សថ្មីនេះគេយកសមាជិកថ្នាក់ក្រោមជាធំ ឬសមាជិកអាចជ្រើសរើសមេដឹកនាំពីថ្នាក់ក្រោមឡើងដល់ថ្នាក់ជាតិ៖ «យើងសង្កេតឃើញនៅតែមានបញ្ហាជាច្រើននៅឡើយ ដូចជាការរំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិដីធ្លី ប្រព័ន្ធយុត្តិធម៌មិនទាន់ឯករាជ្យ និងបញ្ហាប្រឈមជាច្រើន។ បញ្ហាអស់ទាំងនេះ គឺកើតចេញពីឫសគល់ដ៏ធំមួយ ដោយសាររៀបដឹកនាំនយោបាយនៅស្រុកខ្មែរ គឺពីលើមកក្រោម មានន័យថា មេបក្សមានអំណាចធ្វើអីស្រេចតែចិត្ត ហើយអ្នកខាងក្រោមចាំតែស្តាប់បង្គាប់ គ្មានការទទួលខុសត្រូវ»។
តាមគោលនយោបាយរបស់បក្សថ្មីនេះ សង្ឃឹមថានឹងផលិតអ្នកដឹកនាំនៅមូលដ្ឋានឲ្យបានច្រើន ដែលមានសមត្ថភាពក្នុងការវិភាគបញ្ហាជាក់ស្តែងនៅមូលដ្ឋាន ដើម្បីអភិវឌ្ឍ និងដោះស្រាយបញ្ហានៅតាមមូលដ្ឋានដោយខ្លួនឯង ជាជាងរង់ចាំស្តាប់តែអនុសាសន៍ពីថ្នាក់ដឹកនាំខាងលើ។
ទាក់ទិននឹងគណបក្សថ្មីនេះដែរ អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី ដែលជាសមាជិកសំខាន់មួយរូបក្នុងការជំរុញឲ្យមានគណបក្សនៅមូលដ្ឋាននេះ ក៏បានបកស្រាយចំពោះការយល់ច្រឡំរបស់សាធារណជនដែលថា លោកបានចូលប្រឡូកក្នុងវិស័យនយោបាយតាមរយៈការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នេះ។ លោកបញ្ជាក់បន្ថែមរឿងនេះថា តាមពិតលោកនៅតែជាអ្នកស្រាវជ្រាវសង្គមដដែល ហើយគណបក្សថ្មីនេះ គឺជាបក្សរបស់ប្រជាពលរដ្ឋ ដោយគ្រាន់តែកន្លងមក លោកធ្លាប់បង្រៀនពួកគាត់ឲ្យចេះធ្វើនយោបាយ ចេះដឹកនាំគ្រប់គ្រងក្រុមការងារនៅមូលដ្ឋានផ្ទាល់ដោយខ្លួនឯងប៉ុណ្ណោះ។
គិតមកទល់ពេលនេះ មានគណបក្សដែលទើបបង្កើតឡើងថ្មីនៅឆ្នាំ២០១៥ នេះមានចំនួន៣ រួមមាន គណបក្សអំណាចខ្មែរ របស់ លោក សួន សេរីរដ្ឋា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែមិនទាន់ចេញជាផ្លូវការនៅឡើយ។ បក្សនយោបាយថ្មីទាំងនេះ នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ២០១៨ ខាងមុខ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា យល់ឃើញថា កាលណាមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងច្រើន នឹងធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រឹងមាំ និងមានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋ៖ «វាត្រូវទាមទារឲ្យមានគណបក្សច្រើនចូលរួមការបោះឆ្នោត ហើយវាត្រូវនឹងរដ្ឋធម្មនុញ្ញផង ដែលថាប្រជាធិបតេយ្យ សេរីពហុបក្ស»។
ការបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ កន្លងទៅ មានគណបក្សនយោបាយចំនួន៨ បានចូលរួមប្រកួតប្រជែង ខណៈដែលមានគណបក្សនយោបាយជាង៤០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទីស្ដីការគណៈរដ្ឋមន្ត្រីប្រតិកម្មនឹងអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ
- លោក ហ៊ុន សែន ឆ្លើយតបសំណើសុំឲ្យប្ដឹងបញ្ហាព្រំដែនទៅតុលាការអន្តរជាតិ
- លោកផ្កាយមាស៤ ជា តារា ថាកងទ័ពជាទ័ពរបស់គណបក្សប្រជាជនកម្ពុជា
- ប៉ូលិសក្រុងប៉ោយប៉ែតរងការចោទថារើសអើងបក្សនយោបាយមិនដោះស្រាយបណ្ដឹង
- ខួបពីរឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី២៨ ខែកក្កដា
- សកម្មជនបក្សប្រឆាំងនៅបាត់ដំបងចោទមន្ត្រីយោធាថាគំរាមសម្លាប់ទាក់ទិនរឿងនយោបាយ
- “រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយស្ដីពីអធិបតេយ្យភាពនិងបូរណភាពទឹកដី”
- តំណាងរាស្ត្របក្សប្រឆាំងឆ្លើយតបការថ្លែងចំអករបស់នាយករដ្ឋមន្ត្រី
- គណបក្សសង្គ្រោះជាតិបង្ហាញយុទ្ធសាស្ត្រ៣ចំណុចជួយសកម្មជន១១នាក់ឲ្យមានសេរីភាព
They, the political parties, come onto 2 groups :
_ Political party serves people interests.
_Political party serves party /clan interests.
Samneang
RFA is going to lose a very good socio-political analyst and Kem Ley is also no longer an independent analyst.
Wait and see how he and his party tackle issues politically, gentlemen !!!!
No one can be the judge but Cambodians.
I am wondering whether CORRUPTION is on his political agenda or not? ?????.
Samneang