អាជ្ញាធរ​ប្ដេជ្ញា​ជា​ថ្មី​ក្នុង​ការ​តាម​ចាប់​​លោក ឈូក បណ្ឌិត

ដោយ យាង សុជាមេត្តា
2015-07-29
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។

អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Sochivy

អាជ្ញាធរ​បង្ហាញ​ការ​ប្ដេជ្ញា​ជា​ថ្មី​ក្នុង​ការ​តាម​​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​បាញ់រះ​លើ​កម្មករ​ឲ្យ​របួស​កាល​ពី​ដើម​ឆ្នាំ​២០១២ ដើម្បី​ឲ្យ​មក​ទទួល​ទោស​តាម​ច្បាប់។

ការ​ប្ដេជ្ញា​ជា​ថ្មី​របស់​អាជ្ញាធរ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ជា​ទូទៅ​ថា អាជ្ញាធរ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ករណី​លោក ឈូក បណ្ឌិត។ ចំណែក​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​វិញ លើក​ឡើង​ថា អាជ្ញាធរ​មិន​គួរ​ប្ដេជ្ញា​តែ​មាត់​ទទេ​នោះ​ទេ តែ​គួរ​ចាប់​លោក ឈូក បណ្ឌិត ឲ្យ​បាន​ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ។

ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នឹង​ដុតដៃដុតជើង​ក្នុង​ការ​ស្វែងរក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត មក​ផ្ដន្ទាទោស​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ។ នេះ​គឺ​ជា​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្វើ​ឡើង​នៅ​ក្នុង​វីដូអេ​ប្រមាណ​ជិត ៥​នាទី ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​ថា កន្លង​មក​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មិន​បាន​ធ្វេសប្រហែស ឬ​បន្ធូរដៃ​ក្នុង​ស្រាវជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា លោក​ថា អាជ្ញាធរ​កម្ពុជា ក៏​បាន​បង្កើន​វិធានការ​បន្ថែម​ក្នុង​ការ​ស្វែង​រក​លោក ឈូក បណ្ឌិត។

លោក​ថា ក្នុង​ពេល​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ស្នើ​ទៅ​អគ្គលេខាធិការ​អង្គការ​នគរបាល​អន្តរជាតិ ឬ​ហៅ​ថា អាំង ទែប៉ូល (Inter Pol) ដើម្បី​ចេញ​និវេទន៍​ក្រហម​ក្នុង​ការ​ចាប់​បញ្ជូន​ខ្លួន​លោក ឈូក បណ្ឌិត។

លោក​ថា និវេទន៍​ក្រហម​នេះ ត្រូវ​បាន​កម្ពុជា ផ្ញើ​ទៅ​កាន់​ប្រទេស​ជាង ១៩០​នៅ​លើ​ពិភពលោក ដើម្បី​ឲ្យ​កងកម្លាំង​នគរបាល​ក្នុង​ប្រទេស​ទាំង​នោះ មាន​ភារកិច្ច​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា វិញ៖ «រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្ដេច ស ខេង បាន​រំលឹក​ជា​បន្តបន្ទាប់ ហើយ​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ នេត្រ សាវឿន ក៏​បាន​ធ្វើ​ការ​ក្រើនរំលឹក​ជា​បន្តបន្ទាប់ និង​បាន​ប្រគល់​ភារកិច្ច​ច្បាស់លាស់​ឲ្យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​ចាប់​ខ្លួន ឈូក បណ្ឌិត មក​ផ្ដន្ទាទោស​ឲ្យ​បាន ដោយសារ​តែ​កន្លង​មក​នេះ ការ​ចាប់​ខ្លួន​ចេះ​តែ​ឃ្វាង ហើយ​គេច​ផុត»

​ក្រោយ​ពី​បាន​បាញ់​រះ​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​កាត់ដេរ​ក្នុង​ក្រុង​បាវិត ចំនួន ៣​នាក់ រង​បួស កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាត់​ទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​កាត់​ទោស​នោះ​មក លោក ឈូក បណ្ឌិត មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

ការ​យឺតយ៉ាវ​ក្នុង​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដែល​គេ​ដឹង​គ្រប់​គ្នា​ថា បុគ្គល​រូប​នេះ​មាន​ខ្សែ​រយៈ​ធ្វើ​ការ​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ រិះគន់​រដ្ឋាភិបាល​យ៉ាង​ខ្លាំង។ ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា មាន​ឥទ្ធិពល​ដូច​ទេវតា និង​ជា​មនុស្ស​ខ្លាំង​នៅ​កម្ពុជា នោះ ក៏​មិន​បាន​ថ្លែង​សូម្បី​មួយ​ម៉ាត់​ក្នុង​ករណី​លោក ឈូក បណ្ឌិត នេះ។

គេ​នៅ​ចាំ​បាន​ថា កន្លង​មក​ឲ្យ​តែ​លោក ហ៊ុន សែន ថ្លែង​ឲ្យ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ឲ្យ​បាន គេ​កម្រ​ឃើញ​ថា ជន​នោះ​រួច​ខ្លួន​ណាស់ មិន​ថា ពួកគេ​រត់​ទៅ​ដល់​ទី​ណា​នោះ​ទេ ក្នុង​នោះ​មាន​ដូចជា​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ លោក ថោង សារ៉ាត់ និង​លោក សុខ ប៊ុន ជាដើម។

កាល​ពី​ពេល​ថ្មីៗ​នេះ កម្មការិនី​រងគ្រោះ​ទាំង ៣​នាក់ ក៏​បាន​អំពាវនាវ​ទៅ​លោក ហ៊ុន សែន ឲ្យ​ស្រែក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដូច​ដែល​លោក​បាន​ស្រែក​ឲ្យ​ចាប់​ខ្លួន​លោក សុខ ប៊ុន ក្នុង​ករណី​ប្រើ​ហិង្សា​ទៅ​លើ​អតីត​ពិធីការិនី​រូប​ស្រស់ គឺ​កញ្ញា សាសា។ កម្មការិនី​រងគ្រោះ​លើក​ឡើង​ថា ករណី​របស់​ពួកគេ​ធ្ងន់ធ្ងរ​ជាង​កញ្ញា សាសា ទៅ​ទៀត តែ​បែរ​ជា​លោក ហ៊ុន សែន មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ។ យ៉ាង​ណា​ក៏ដោយ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ថា អាជ្ញាធរ​នឹង​ធ្វើ​ការ​រឿង​លោក ឈូក បណ្ឌិត ឲ្យ​ដល់​ទី​បញ្ចប់។

​ចំណែក​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត វិញ យល់​ឃើញ​ថា ការ​ថ្លែង​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ជា​ថ្មី គឺ​ដោយសារ​តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ទទួល​នូវ​ការ​រិះគន់​ធ្ងន់ធ្ងរ​ពី​សំណាក់​មហាជន​ទូទៅ​ចំពោះ​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត បើ​ធៀប​ទៅ​នឹង​លោក សុខ ប៊ុន ឬ​លោក ថោង សារ៉ាត់។

​យ៉ាង​ណា​ក៏ដោយ លោក អំ សំអាត ហាក់​មាន​ជំនឿ​តិចតួច​នៅ​ឡើយ​ចំពោះ​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ព្រោះ​លោក​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​របស់​ខ្លួន​បែប​នេះ៖ «បើ​សិន​ជា​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​ចាប់ វា​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​បើ​គ្រាន់តែ​សេចក្ដី​ប្រកាស​ដើម្បី​ប្រជាភិថុតិ គឺ​លោក ឈូក បណ្ឌិត នៅ​តែ​ក្រៅ​ច្បាប់»

លោក អំ សំអាត ជឿ​ជាក់​ថា ករណី​លោក ឈូក បណ្ឌិត នេះ ប្រសិនបើ​លោក ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​ចាប់​ខ្លួន​មែន​នោះ លោក ឈូក បណ្ឌិត នឹង​មិន​អាច​រួច​ខ្លួន​ឡើយ។ យ៉ាង​ណា​ក៏ដោយ លោក​ថា សមត្ថកិច្ច​ត្រូវ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន គឺ​មិន​មែន​រង់ចាំ​រហូត​ដល់​នាយករដ្ឋមន្ត្រី​ចេញ​បញ្ជា​ទើប​ធ្វើការ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "អាជ្ញាធរ​ប្ដេជ្ញា​ជា​ថ្មី​ក្នុង​ការ​តាម​ចាប់​​លោក ឈូក បណ្ឌិត"

  1. bol says:

    យើងគិតថា ជាការប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃទៅចុះ ក្នុងការចេញស្អី គេហៅថា និវេទក្ហម ដល់ ១៩០ ប្រទេសនោះ។ តែតាមពិត ឈូក ទណ្ឌឹតនេះ វានៅក្នុងស្រុកខ្មែរ ទេ។ វាមិនទៅណាទេ។
    មិនគួរឲ្យអន្តរាជាតិផ្អើលដោយសារល្ខោនរបស់យើងទេ។ វាមិនខុសពីរឿង ចាញ់ល្បែងខ្លួនឯក ហើយស្រែកថា ចោរប្លន់នោះទេ។
    លោក ហ៊ុន សែនត្រូវតែមានសេចក្តីក្លាហាន ដោះស្រាយរឿងនេះ ទាន់មិនទាន់ដល់ថ្ងៃបោះឆ្នោត។ ប្រយ័ត្នស្វាយរៀងបាត់ ២ កៅអីទៀត! សុំនិយាយថា នេះមកយើងស្រឡាញ់បក្សប្រជាជន ទើបថា។