ឪពុក​កុមារី​​ដែល​មន្ត្រី​ប៉ូលិស​​​ចាប់​រំលោភ​​នៅ​ខេត្ត​ព្រះសីហនុ​រង់ចាំ​យុត្តិធម៌​

ដោយ ដែន អយុធ្យា
2015-08-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អាណាព្យាបាល​កុមារី​រងគ្រោះ​ករណី​រំលោភ​ផ្លូវ​ភេទ ដែល​មាន​ជន​ជាប់​ចោទ​ជា​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កូនស្រី​អាយុ ១១​ឆ្នាំ​របស់​គាត់​បាន​រង់ចាំ​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ ដែល​អូស​​បន្លាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ។

បទ​ល្មើស​នេះ ត្រូវ​ឪពុក​កុមារី​រង​គ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ​ជនល្មើស​រំលោភ​ផ្លូវ​ភេទ​អនីតិជន ​​ដែល​មន្ត្រី​ប៉ូលិស​រូប​នោះ​មិន​ត្រូវ​នៅ​មាន​​​សេរីភាព​​ក្រៅ​សំណាញ់​ច្បាប់ និង​កំពុង​បន្ត​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជា​ធម្មតា​បែប​នេះ​ឡើយ។

ឪពុក​កុមារី​រងគ្រោះ គឺ​លោក យ៉ុង ប៊ុនលី មាន​លំនៅឋាន​ក្នុង​ក្រុម​ទី​៩ ភូមិ​៣ សង្កាត់​៣ ក្រុង និង​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា ថា គ្រួសារ​គាត់​បាន​ទន្ទឹង​រង់ចាំ​តុលាការ​ខេត្ត​ព្រះសីហនុ ជួយ​រក​យុត្តិធម៌​ជូន​កូនស្រី​អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ នៅ​ពេល​ដែល​ជនសង្ស័យ​នៅ​មាន​សេរីភាព។

លោក​ឲ្យ​ដឹង​ថា កូនស្រី​របស់​លោក​ដែល​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​ផ្នែក​ការិយាល័យ​កណ្ដាល​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥ ជនសង្ស័យ​នៅ​មាន​សេរីភាព​ដើរហើរ និង​ប្រកប​ការងារ​ដូច​ធម្មតា នៅ​ក្រៅ​សំណាញ់​ច្បាប់។

ឪពុក​កុមារី​រងគ្រោះ​បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ជួយ​អង្កេត​តាម​ដាន​ដំណើរការ​ក្តី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​ឈ្មោះ កង សុផាត ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កូនស្រី​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​រូប​នេះ​ល្បួង​រំលោភ៖ «ខ្ញុំ​រង់ចាំ​រក​យុត្តិធម៌​ជូន​កូនស្រី​ខ្ញុំ ៥​ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​តុលាការ​បាន​ប្រកាស​សាលក្រម​រួច​ហើយ​ដែរ ប៉ុន្តែ​ជនល្មើស​កំពុង​រស់នៅ​ក្រៅ​ឃុំ​ដដែល។ សូម​វិទ្យុ​អាស៊ីសេរី ជួយ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​រឿង​ក្តី​មួយ​នេះ បាន​ឮ​ដល់​សម្ដេច ហ៊ុន សែន និង​លោក​ជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជួយ​រក​យុត្តិធម៌​ជូន​កូនស្រី​ខ្ញុំ​ផង»

​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ទៅ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១០ ពី​លោក ម៉ុង មុន្នីចរិយា ប្រធាន​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា។ ឯកសារ​តុលាការ​សាលាដំបូង​ខេត្ត​នេះ​បាន​បង្ហាញ​ថា សំណុំ​រឿង​នេះ​សមាសភាព​ចៅក្រម​ជំនុំជម្រះ​ក្តី​មាន លោក ម៉ុង មុន្នីចរិយា លោក គឹម អេង និង​លោក លិ សុខា ហើយ​លោក យូ ទិត្យវឌ្ឍនៈ ជា​តំណាង​អយ្យការ ហើយ​ថា សំណុំ​រឿង​នេះ ក្រោយ​ឆ្លងកាត់​សវនាការ​ជំនុំ​ជម្រះ​ក្តី​ជា​បន្តបន្ទាប់​ទៅ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​សេពសន្ថវៈ​អនីតិជន​ប្រព្រឹត្ត​នៅ​ភូមិ៣ សង្កាត់៣ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០ តុលាការ​ក៏​បាន​ប្រកាស​សាលក្រម​សំណុំ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥ ដោយ​កាត់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កង សុផាត តួនាទី​ជា​មន្ត្រី​ប៉ូលិស​ខេត្ត​ព្រះសីហនុ មាន​ទោស​ជាប់​គុក ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​ទៅ​ឲ្យ​កុមារី​រងគ្រោះ។

ទោះ​យ៉ាង​ណា ឪពុក​កុមារី​រងគ្រោះ លោក យ៉ុង ប៊ុនលី បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ជនល្មើស​បន្ត​នៅ​មាន​សេរីភាព និង​បម្រើ​ការងារ​ជា​ធម្មតា ហើយ​គ្រួសារ​លោក​មិន​ទាន់​ទទួល​បាន​សំណង​អ្វី​ទេ។ រី​ឯ​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទៀតសោត ក៏​មិនបាន​ផ្ដល់ ឬ​ប្រគល់​សម្រង់​សាលក្រម​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ជូន​ទេ ទោះ​បី​រូប​លោក និង​មេធាវី​បាន​ធ្វើ​លិខិត​ស្នើ​សុំ​សម្រង់​សាលក្រម​នេះ ទុក​ប្រើប្រាស់​ក្នុង​ភាព​ចាំបាច់ ឬ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត​បែប​ណា​ក្តី៖ «ឥឡូវ​ហ្នឹង​ពេល​ខ្ញុំ​ទៅ​យក​សាលក្រម​ឮ​ថា តុលាការ​បាន​ប្ដូរ​បទ​ចោទ​ពី​រំលោភ​សេពសន្ថវៈ ទៅ​ទិញ​ពេស្យាចារ​កុមារ​ទៅ​វិញ»

​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជា សុផល មេធាវី​ការពារ​ក្ដី​ឲ្យ​កុមារី​រង​គ្រោះ ឈ្មោះ យ៉ុង ជា ឲ្យ​ដឹង​ដែរ​ថា តុលាការ​ខេត្ត​ព្រះសីហនុ មិន​ទាន់​ផ្ដល់​សម្រង់​សាលក្រម​លើ​សំណុំរឿង​កូន​ក្តី​របស់​ខ្លួន​ពិត​មែន ទោះបី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដើម្បី​ទុក​ប្រើប្រាស់​បន្ត​បែប​ណា​ក៏ដោយ។ អ្នកស្រី​បន្ត​ថា បើ​គិត​ពី​ថ្ងៃ​ប្រកាស​សាលក្រម​ថ្ងៃ​ទី​៩ ខែ​មេសា មក​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា មាន​រយៈពេល​ជិត ៤​ខែ​ទៅ​ហើយ នៅ​ឡើយ​សម្រង់​សាលក្រម​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ តុលាការ​ខេត្ត​ព្រះសីហនុ មិន​ទាន់​ផ្តល់​ជូន​ទេ។

អ្នកស្រី​ចាត់​ទុក​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្ដល់​ជូន​សម្រង់​សាលក្រម​លើ​សំណុំរឿង​រំលោភ​ផ្លូវ​ភេទ​អនីតិជន ដែល​មាន​ជនជាប់ចោទ​ឈ្មោះ កង សុផាត ជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថា ទំនង​អាច​មាន​អាថ៌កំបាំង​អ្វី​មួយ​នៅ​ពី​ក្រោយ​សាលក្រម​នេះ៖ «សំណូមពរ​ឲ្យ​តុលាការ​ខេត្ត​ព្រះសីហនុ ឆាប់​បញ្ចប់​នីតិវិធី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ទៅ​លើ​ជនរងគ្រោះ ព្រោះ​ថា ករណី​នេះ​ខ្ញុំ​ឮ​ព័ត៌មាន​ក្រៅ​ផ្លូវការ​មក​ថា សាលក្រម​ដែល​បាន​ប្រកាស​កាល​ពី​ខែ​មេសា គឺ​ត្រូវ​តុលាការ​ប្ដូរ​បទ​ចោទ​ពី​រំលោភ​ផ្លូវ​ភេទ​អនីតិជន ប្ដូរ​ទៅ​បទ​ចោទ​ទិញ​ពេស្យាចារ​កុមារ​វិញ»

​បញ្ហា​នេះ មន្ត្រី​ក្រឡាបញ្ជី​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ទៀង សំណាង ក៏​មិន​លើក​ទូរស័ព្ទ​ដើម្បី​បំភ្លឺ​ជុំវិញ​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្ដល់​សម្រង់​សាលក្រម​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជូន​ឪពុក ឬ​មេធាវី​កុមារី​រងគ្រោះ​នោះ​ទេ នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា។

​ត្រង់​ចំណុច​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​លើក​ជា​ចម្ងល់​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​នេះ ហេតុអ្វី​តុលាការ​អាច​លៃលក ឬ​ក៏​អនុញ្ញាត​ឲ្យ​ជនល្មើស​មាន​សេរីភាព​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បាន​ទៅ​វិញ។

បញ្ហា​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ មាន​មន្ទិល​​ថា ដំណើរការ​ក្តី​លើ​សំណុំ​រឿង​ក្តី​រំលោភ​ផ្លូវ​ភេទ​អនីតិជន​ដែល​ជន​ប្រព្រឹត្ត​ល្មើស​ឈ្មោះ កង សុផាត និង​មាន​តួនាទី​ជា​ប៉ូលិស ទំនង​ជា​អាច​មាន​ភាព​មិន​ប្រក្រតី ឬ​សំណូក​ពុករលួយ​អ្វី​មួយ​ក៏​ថា​បាន។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​ជួយ​តាម​ដាន​ដំណើរ​ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​កុមារី​ទើប​មាន​អាយុ ១១​ឆ្នាំ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ហើយ​ដែល​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ ជនល្មើស ឬ​ជនសង្ស័យ បន្ត​មាន​សេរីភាព​នៅ​ក្រៅ​សំណាញ់​ច្បាប់ និង​ប្រកប​ការងារ​ដូច​មនុស្ស​ធម្មតា។

លោក ប៊ួន ណារិទ្ធ៖ «ករណី​នេះ អាច​ជនជាប់ចោទ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍។ ដូច្នេះ​សំណូមពរ​ដល់​តុលាការ​ខេត្ត​ព្រះសីហនុ គួរតែ​ផ្ដល់​សម្រង់​សាលក្រម​ជូន​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ឲ្យ​គាត់​ពិនិត្យ​ថា តើ​សាលក្រម​នេះ​អាច​ទទួល​បាយ​អំពី​ការ​វិនិច្ឆ័យ​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ពេល​នេះ»

​ចំណែក​អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ ក៏​បាន​ចាត់​ទុក​ដំណើរការ​ក្តី​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ថា មាន​ភាព​អយុត្តិធម៌​ចំពោះ​កុមារី​រងគ្រោះ ព្រោះ​បទល្មើស​កើត​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១០ និង​មក​ដល់​ដាច់​ខែ​កក្កដា ឆ្នាំ​២០១៥ ដែល​មាន​រយៈពេល ៥​ឆ្នាំ​ទៅ​ហើយ នៅ​ឡើយ​កុមារី​រងគ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទៀត។ ជាង​នេះ ជន​ប្រព្រឹត្ត​ល្មើស​ឈ្មោះ កង សុផាត ជា​មន្ត្រី​ប៉ូលិស នៅ​មាន​សេរីភាព​ដើរហើរ ឬ​ធ្វើ​ការងារ​ដោយ​មិន​ខ្វល់​ពី​ទោសកំហុស​របស់​ខ្លួន​ទេ៖ «សាលក្រម​ដែល​ក្រោយ​ប្រកាស​យ៉ាង​យូរ ១​ខែ តុលាការ​ត្រូវ​ផ្ដល់​ជូន​ទៅ​ភាគី​លើ​រឿង​ក្តី​នីមួយៗ។ ប៉ុន្តែ​តុលាការ​ខេត្ត​ព្រះសីហនុ រហូត​ដល់​មាន​មេធាវី​ស្នើ​សុំ​សម្រង់​សាលក្រម​នេះ​ហើយ នៅ​តែ​មិន​ផ្ដល់​ជូន​ទៀត»

​ទាក់ទិន​បញ្ហា​នេះ ឱ​ពុក​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ លោក​ធ្លាប់​ដាក់ពាក្យ​បណ្តឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​កាន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រសួង​យុត្តិធម៌​ជាដើម ដើម្បី​ស្នើ​ជួយ​ស្រាវជ្រាវ ឬ​អង្កេត​ទៅ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៣១១ ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ពី​ឆ្នាំ​២០១០ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កូនស្រី​មាន​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់​រំលោភ​យ៉ាង​ព្រៃផ្សៃ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ជនល្មើស​អាច​មាន​លទ្ធភាព​រស់នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង និង​មាន​សេរីភាព​ធ្វើ​ការ​ងារ​ដូច​មនុស្ស​ធម្មតា។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា ឱ​ពុក​កុមារី​រងគ្រោះ​ដែល​មាន​សម្បុរ​ខ្មៅ និង​រាងកាយ​ស្គមស្គាំង ឈ្មោះ យ៉ុង ប៊ុនលី បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ឲ្យ​ជួយ​ពិនិត្យ​តាមដាន​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ដើម្បី​ដល់​ផ្ដល់​យុត្តិធម៌​ជូន​កូនស្រី​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​ចាប់​រំលោភ​បាន​សម្រេច និង​កំពុង​រស់​នៅ​មាន​សេរីភាព​ដោយ​អនុគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ឪពុក​កុមារី​​ដែល​មន្ត្រី​ប៉ូលិស​​​ចាប់​រំលោភ​​នៅ​ខេត្ត​ព្រះសីហនុ​រង់ចាំ​យុត្តិធម៌​"

  1. អាទៀបាញ់អាសែន says:

    មន្ត្រីរបស់ ហ៊ុន សែន សុទ្ធតែពូជថោកទាបដូច ហ៊ុន សែនអញ្ចឹង
    ចាប់រំលោភស្រ្តីភេទ ! ក្បត់ជាតិបំផ្លាញទឹកដី ! ពុករលួយលួចជាតិ !
    បំផ្លាញព្រៃឈើ រ៉ែ ! និងរឹបអូសប្លន់ដីធ្លីប្រជាជនខ្មែរជាដើម ! ។

  2. kon khmer says:

    The poors rarely receive justice in cambodia.