អ្នក​ភូមិ​ឡពាង​ប្រកាស​តវ៉ា​និង​ដាក់​ញត្តិ​ទៅ​ទូត​ចិន​ទាមទារ​កុំ​ឲ្យ​វិនិយោគ​លើ​ដី​មាន​ជម្លោះ

ដោយ ជិន ជេដ្ឋា
2015-08-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ្នក​ភូមិ​ឡពាង ដាក់​បណ្ដាសា ៦២០
អ្នក​ភូមិ​ឡពាង និង​អ្នក​ភូមិ​បឹងកក់ ហែ​ក្បួន​ដាក់​បណ្ដាសា​ដោយ​អូស​ទីងមោង​តំណាង​ឲ្យ​អ្នក​រំលោភ​ដីធ្លី​ពលរដ្ឋ​ចាប់​ផ្ដើម​ពី​ផ្ទះ​របស់ លោកស្រី អ៊ុំ សុភី ឆ្ពោះ​ទៅ​ប្រាសាទ​ទួលក្រសាំង ឋិត​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Chin Chetha


តំណាង​អ្នក​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង ភរិយា​របស់ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​ថា​នឹង​នាំ​គ្នា​ឡើង​តវ៉ា និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន នៅ​ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​សីហា។ ការ​ដាក់​ញត្តិ គឺ​ដើម្បី​រារាំង​អ្នក​វិនិយោគ​ធំៗ​របស់​ចិន កុំ​ឲ្យ​បោះ​ទុន​រក​ស៊ី​នៅ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ។

តំណាង​អ្នក​ភូមិ​ឡពាង បាន​ប្រកាស​គម្រោង​ឡើង​ដាក់​ញត្តិ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ប្រមាណ ១០០​នាក់ នាំ​គ្នា​ធ្វើ​ពិធី​បួង​សួង​ដាក់​បណ្ដាសា អ្នកស្រី ជា ខេង លោក ស៊ុយ សែម លោក ថៃ ហ៊ី អ្នក​វិនិយោគ ស្ថាប័ន​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ពួក​គាត់​អះអាង​ថា ជា​អ្នក​ដែល​បាន​ឃុបឃិត​គ្នា​ប្លន់​យក​ដី​អ្នក​ភូមិ។

ពិធី​បួង​សួង​ដាក់​បណ្ដាសា ត្រូវ​អ្នក​ភូមិ​យក​ចំបើង​ធ្វើ​ជា​រូប​ទីងមោង​ចំនួន ៦ គ្រប​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ចាស់​រហែក ហើយ​ចង​ក​អូស​ចម្ងាយ​ជាង ១​គីឡូម៉ែត្រ​ចេញ​ពី​ផ្ទះ​របស់​តំណាង​អ្នក​ភូមិ​ឡពាង គឺ​អ្នកស្រី អ៊ុំ សុភី ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​ទួល​ក្រសាំង ដែល​អ្នក​ភូមិ​មាន​ជំនឿ​ថា ពូកែ​ស័ក្ដិសិទ្ធិ ដើម្បី​ធ្វើ​ពិធី។

តំណាង​អ្នក​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី មាន​ប្រសាសន៍​ថា ពិធី​បួង​សួង​ដាក់​បណ្ដាសា​នេះ គឺ​កាន់​តែ​ស័ក្ដិសិទ្ធិ ហើយ​អាច​កើត​មាន​ទាន់​ហន់​ចំពោះ​អ្នក​ដែល​ឃុបឃិត​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ។ អ្នកស្រី​ថា ជម្រើស​បន្ត​ទៀត​សម្រាប់​ក្រុម​អ្នក​រងគ្រោះ​ក្នុង​រឿង​ដីធ្លី នឹង​ដាក់​ញត្តិ​ចូល​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ដើម្បី​កុំ​ឲ្យ​អ្នក​វិនិយោគ​ធំៗ​របស់​ចិន ចូល​ខ្លួន​ប្រឡូកប្រឡាក់​ជាមួយ​ក្រុមហ៊ុន​ដែល​ធ្វើ​បាប​ពលរដ្ឋ៖ «បន្ទាប់​ពី​ធ្វើ​ពិធី​បួង​សួង​ដាក់​បណ្ដាសា​នេះ​ទៅ ពួក​យើង​មាន​គម្រោង​ឡើង​ទៅ​ភ្នំពេញ​ទៀត ដើម្បី​ដាក់​ញត្តិ​ចូល​ទៅ​ស្ថានទូត​ចិន សូម​ឲ្យ​ស្ថានទូត​ចិន ផ្អាក​អ្នក​វិនិយោគទុន​ចិន របស់​ខ្លួន កុំ​ឲ្យ​ទាន់​ទិញ ឬ​ជួល​ដី​របស់​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី។ យើង​ប្រហែល​ទៅ​ចំនួន ៥២​គ្រួសារ ក្នុង​នោះ​មាន​អ្នក​ឡពាង អ្នក​បន្ទាយមាស និង​អ្នក​ភូមិ​សូវង្ស មួយ​គ្រួសារ​ផង​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី អ្នកស្រី ជា ខេង ដើម្បី​ឆ្លើយ​តប​នឹង​ពិធី​បួង​សួង​ដាក់​បណ្ដាសា​អ្នកស្រី និង​ស្វាមី​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​នោះ​ទេ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ធ្លាប់​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​ជំហរ​ដោះស្រាយ​ជូន​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ ក្នុង​ចំណោម ៥២​គ្រួសារ ដែល​នៅ​សេសសល់​ពី​ការ​ដោះស្រាយ​កន្លង​ទៅ។ លោក​ថា អ្នក​ដែល​ទទួល​សំណង​ហើយ​នៅ​បន្ត​តវ៉ា និង​អ្នក​ប្ដឹង​ថ្មី គឺ​ជា​មនុស្ស​ខូច​លោភលន់ និង​ពុំ​មាន​ឯកសារ​កាន់​កាប់​លើ​ដី​ដែល​ខ្លួន​កំពុង​ទាមទារ​នោះ​ត្រឹមត្រូវ​ឡើយ។

តំណាង​អ្នក​ភូមិ​ឡពាង អះអាង​ថា បច្ចុប្បន្ន​មាន​អ្នក​តវ៉ា​ក្នុង​រឿង​ដីធ្លី​នេះ​ចំនួន ៩២​គ្រួសារ ក្នុង​នោះ ៤៣​គ្រួសារ​មក​ពី​ភូមិ​បឹងកក់ មាន ៣៤​គ្រួសារ​ទទួល​បាន​សំណង ហើយ​តវ៉ា​សុំ​សំណង​បន្ថែម និង ១៦​គ្រួសារ​ទៀត មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ​សោះ។ ក្រុម​អ្នក​ភូមិ នៅ​ប្ដឹង​ទាមទារ​ដី​ទំហំ​ជាង ២០០​ហិកតារ ខណៈ​ដី​មាន​ជម្លោះ​បាន​ព័ទ្ធ​របង​រួច​រាល់ រង់ចាំ​ក្រុមហ៊ុន​នានា​បោះ​ទុន​វិនិយោគ​លើ​ដី​នោះ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ដែល​បាន​ចុះ​ឃ្លាំ​មើល​សកម្មភាព​បួង​សួង​ដាក់​បណ្ដាសា​របស់​ក្រុម​ពលរដ្ឋ ថ្លែង​ថា តាម​រយៈ​ជម្លោះ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​ជិត ១០​ឆ្នាំ ក្រុម​អ្នក​ភូមិ​ជួប​ការ​លំបាក​ជាច្រើន​ទាំង​ផ្នែក​ជីវភាព និង​ដំណើរ​ការ​ដោះស្រាយ​វិវាទ។ លោក​ថា អ្នក​ភូមិ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ពិធី​តាម​បែប​អរូបិយ​នេះ៖ «»។

ទាក់ទង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ ក្រុម​អ្នក​ភូមិ​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​សុំ​អន្តរាគមន៍​ទៅ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​ដែរ។ ប្រធាន​គណៈកម្មការ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា គណៈកម្មការ​កំពុង​ធ្វើ​ការ​សម្រប​សម្រួល​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន បន្ទាប់​ភាគី​ប្រជាពលរដ្ឋ​បាន​ដាក់​តម្លៃ​ទីផ្សារ​ដី​ដែល​ប៉ះពាល់​នោះ ទៅ​តាម​ភាព​ចាំបាច់ ឬ​តម្រូវ​ការ​របស់​ពួក​គាត់។

ក្រុម​អ្នក​ភូមិ​បាន​ធ្វើ​ពិធី​បួង​សួង​ដាក់​បណ្ដាសា​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី អាជ្ញាធរ​ពាក់ព័ន្ធ​ជា​លើក​ទី​២ នៅ​គ្រា​ដែល​ពួក​គេ​ខ្នះខ្នែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ។ ក្រុម​អ្នក​ភូមិ បាន​បំបែក​គ្នា​នៅ​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ក្រោម​ការ​ឃ្លាំ​មើល​ពី​កម្លាំង​នគរបាល​ស្រុក​កំពង់ត្រឡាច និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាជេស ប្រមាណ ២០​នាក់។ ពិធី​នេះ បាន​ធ្វើ​ចប់​សព្វគ្រប់​ដោយ​ពុំ​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles