​នាយករដ្ឋមន្ត្រី​រំឭក​ពី​វិធានការ​តាម​ចាប់ខ្លួន ទណ្ឌិត ឈូក បណ្ឌិត​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃចន្ទ ទី3 សីហា 2015, 05:35 PM​
http://vodhotnews.com


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត កាលមិនទាន់​គេចខ្លួន


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រំឭក​ពី​វិធានការ​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ចេញបញ្ជា​ឲ្យ​តាម​ចាប់ខ្លួនខ្មាន់កាំភ្លើង ឈូក បណ្ឌិត ដោយ​លោក​បញ្ជាក់ថា បទ​ព្រហ្មទណ្ឌ​ជា​កំហុសរបស់​កម្លាំង​សមត្ថកិច្ច បើ​ពួកគេ​មិន​តាម​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​។​

លោក ហ៊ុន សែន បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ស្ពាន នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ព្រឹក​ថ្ងៃ​ទី​៣​ ខែ​សីហា​នេះ​។ ប៉ុន្តែ​ករណី​លោក ឈូក បណ្ឌិត ដែល​តុលាការ​បាន​កាត់​កោស​ទោស​រួចហើយ លោក ហ៊ុន សែន គ្រាន់តែ​រំឭក​ពី​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​ស្នើឲ្យ​នគរបាល​អន្តរជាតិ​ជួយ​ចាប់​អតីត​អភិបាលក្រុង​រូប​នេះ​មក​អនុវត្ត​ទោស​ប៉ុណ្ណោះ​។ 

ទោះជា​យ៉ាង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច តាម​ចាប់ខ្លួនមនុស្ស​មួយចំនួន​ទៀត ដែល​លោក​ថា បាន​ប្រើ​ហិង្សា វាយ​ទៅលើ​កម្លាំង​អាជ្ញាធរ បង្ក​ឲ្យ​រងរបួសក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​ហិង្សា​មួយ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា ​ឆ្នាំ​២០១៤​ទៅវិញ​ទេ​។​

​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា ​ឆ្នាំ​២០១៥ អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្នើ​ឲ្យ​ប្រទេស​ចំនួន​១៩០​លើ​ពិភពលោក សហការ​ជាមួយ​កម្ពុជា តាម​ចាប់ខ្លួនទណ្ឌិត ឈូក បណ្ឌិត មក​ផ្តន្ទាទោសតាម​សាលដីកា​តុលាការ​កម្ពុជា​។​

អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ត្រូវ​តុលាការរកឃើញថាជា​ខ្មាន់កាំភ្លើងបាញ់​កម្មករ​៣​នាក់​ឲ្យ​រងរបួស កាលពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២ នៅ​រោងចក្រ​កៅ​វ៉េ ខេត្ត​ស្វាយរៀង​។​

​លុះ​ដល់​ឆ្នាំ​២០១៣ ​សាលាដំបូង​ខេត្ត​នេះ បាន​ចេញ​ដី​ការ​ឲ្យ​តាម​ចាប់ខ្លួន ឈូក បណ្ឌិត ​មក​ផ្តទ្ទាទោស​១៨​ខែ ចោទ​ពី​បទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​។​ ប៉ុន្តែ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិក​ម្មករ មាន​ជំនឿ​តិចតួច​ថា ទណ្ឌិត​រូបនោះ នឹង​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​ទទួល​ទោសដោយ​អះអាង​ថា ខ្មាន់កាំភ្លើង​រូបនោះ មាន​អ្នកមានអំណាច​ដ៏​មាន​ឥទ្ធិពល​ជា​អ្នកការពារ​។ 

​ជាការ​កត់​សម្គាល់ រាល់​ការ​គំរាម ឬ​បញ្ជា​ឲ្យ​ផ្ទាល់មាត់ពី​នាយក​រដ្ឋមន្ត្រី ឲ្យ​ចាត់វិធានការ​ទៅលើ​ជនសង្ស័យ​ណាមួយ គឺ​សមត្ថកិច្ចតែងតែ​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​៕​

សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​នាយករដ្ឋមន្ត្រី​រំឭក​ពី​វិធានការ​តាម​ចាប់ខ្លួន ទណ្ឌិត ឈូក បណ្ឌិត​"

  1. tom says:

    ចាប់អាចម៌ អាអាចម៌ ។

  2. Anonymous says:

    He hides in his girl friend home , he make love with her every night. Lol