“ការ​ប្រឡង​បច្ចេកទេស​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​មាន​ការវិវឌ្ឍន៍”

ដោយ សេក បណ្ឌិត
2015-08-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រឡង បាក់ឌុប សិល្បៈ ៦២០
ការ​សម្ដែង​របាំ​កន្ទេល ក្នុង​សម័យ​ប្រឡង​យក​សញ្ញាប័ត្រ​ស្នាតកបត្រ​សិល្បៈ (បាក់ឌុប) ឆ្នាំ​២០១៥។ រូបថត​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៥ (RFA/Sek Bandith)


សាលា​មធ្យម​វិចិត្រ​សិល្បៈ បាន​ប្រកាស​សម័យ​ប្រឡង​ឯកទេស​ជំនាញ​យក​សញ្ញាប័ត្រ​សិល្បៈ និង​ស្នាតកបត្រ​សិល្បៈ (បាក់ឌុប​ផ្នែក​សិល្បៈ) របស់​ខ្លួន​ប្រចាំ​២០១៥ ដែល​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​សីហា។

ក្នុង​សម័យ​ប្រឡង​ឆ្នាំ​នេះ ទាំង​បេក្ខជន និង​គ្រូបង្ហាត់​ផ្នែក​សិល្បៈ​ទស្សនីយភាព បាន​អះអាង​ថា បាន​សំរឹទ្ធិសម្រាំង​ប្រធានបទ​ថ្មីៗ ប្លែកៗ​ជាង​បណ្ដា​ឆ្នាំ​មុនៗ ទោះ​បី​ស្ថានភាព​សិស្ស និង​គ្រូៗ​នៅ​ក្នុង​សាលា​នេះ​កំពុង​ជួប​បញ្ហា​លំបាក​ដោយ​ខ្វះ​ឧបករណ៍​ក្នុង​ការ​ហាត់រៀន និង​បញ្ហា​ជីវភាព​ក្រលំបាក​យ៉ាង​ណា​ក្តី។

បរិយាកាស​នៅ​ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ក្នុង​ថ្ងៃ​បើក​សម័យ​ប្រឡង​មាន​សភាព​អ៊ូអរ​ជាង​ថ្ងៃ​ហាត់​រៀន​ធម្មតា។

«សំឡេង​ភ្លេង​របាំ​ប្រជាប្រិយ»។

​ទាំង​បរិយាកាស​ក្រៅ​ឆាក និង​ក្នុង​ឆាក​ប្រឡង​បេក្ខជន និង​អ្នក​ដែល​ត្រូវ​ចូល​ជួយ​សំដែង​រួម​គ្នា​ជា​ក្រុម​មាន​សភាព​មមាញឹក​រៀងៗ​ខ្លួន និង​មាន​គ្រង​សំលៀកបំពាក់​បុរាណ សម័យ​ប្លែកៗ ហើយ​ខ្លះ​មើល​ទៅ​ដូចជា​ទេវតា ឬ​ព្រះឥន្ទ​ចុះ​មក​ធុនកណ្ដាល និង​មាន​សូរសៀង​តន្ត្រី​រងំ​រណ្ដំ​ដួងចិត្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ក្នុង​ចំណោម​ម្ចាស់​ស្នាដៃ​ជាង ១០០​នាក់ ដែល​ចូលរួម​ប្រឡង​យក​សញ្ញាប័ត្រ និង​ស្នាតកបត្រ​សិល្បៈ អ្នក​ខ្លះ​មាន​ភាព​ជឿ​ជាក់​លើ​ស្នាដៃ​ដែល​ប្រសូត​ចេញ​ពី​ការ​ខិតខំ​សិក្សា​ពី ៣​ឆ្នាំ ទៅ ៦​ឆ្នាំ​របស់​ខ្លួន ខ្លះ​ទៀត​ហាក់​មិន​សូវ​មាន​ជំនឿ ឬ​នៅ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​នៅ​ឡើយ។

«ភ្លេង​របាំ​កន្ទេល»។

​នៅ​លើ​ឆាក​សំដែង​វិញ ចំពោះ​មុខ​គណៈកម្មការ និង​អ្នក​ចូល​រួម​ទស្សនា​ជា​ច្រើន​រយ​នាក់​ក្នុង​សាល​ប្រឡង យុវតី ទូច គុជឆវិន ជា​បេក្ខជន​ប្រឡង​ជំនាញ​របាំ​ប្រពៃណី បាន​ថ្លែង​ប្រាប់​ក្រោយ​ការ​សំដែង​របាំ​កន្ទេល​ស្លឹក​ត្នោត​ថា របាំ​មួយ​នេះ​ជា​របាំ​ថ្មី​មួយ​ដែល​រូបគេ និង​ដៃគូ​ក្នុង​ក្រុម​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ឡើង​យ៉ាង​លំបាក​ទម្រាំ​បានជា​ស្នាដៃ​យក​មក​សំដែង​ជូន​ទស្សនិកជន ជាពិសេស​គណៈកម្មការ​ប្រឡង​ឆ្នាំ​នេះ៖ «ស្នាដៃ​នេះ​ខ្ញុំ​អត់​បាន​ទិញ​ពី​លោកគ្រូ អ្នកគ្រូ​ឲ្យ​បង្កើត​ឲ្យ​ទេ គឺ​បង្កើត​ថ្មី​តែម្ដង និយាយ​ទៅ​គឺ​មិន​ពុករលួយ​នៅ​ក្នុង​ស្នាដៃ​នេះ​តែម្ដង ព្រោះ​ស្នាដៃ​នេះ​ខ្ញុំ​បា​សិក្សា​ច្រើន​ណាស់ តែ​បើ​ខ្ញុំ​ទិញ គឺ​ខ្ញុំ​អត់​ចេះ​អី​ទាំង​អស់»

​ស្ថិត​នៅ​ខាង​ក្រោយ​វាំងនន​នៃ​ឆាក​សំដែង​ប្រឡង​វិញ យុវជន នី សុភត្រា ក្នុង​សំលៀកបំពាក់​ជា​តួអង្គ​មេទ័ព បាន​ព្យាយាម​សមាធិ និង​អុជ​ធូប​បួងសួង​ចំពោះ​មុខ​សំណែន​ថ្វាយ​ព្រលឹង​គ្រូល្ខោន​ដែល​មាន​ផ្លែឈើ​មួយ​ចាន​តូច មួក និង​ដាវ​មេទ័ព​ដែល​ប្រើប្រាស់​ពេល​ឡើង​សំដែង។

ថ្លែង​ចំពោះ​មុខ​ផ្សែង​ធូប​សំណែន​គ្រូ និង​ប្រញាប់ប្រញាល់​ចូលរួម​ក្នុង​ពិធី​ហោមរោង​មុន​ការ​សំដែង​មក​ដល់​ផង​នោះ សុភត្រា បាន​ឲ្យ​ដឹង​ថា គេ​សំដែង​ជា​តួអង្គ​មេទ័ព​តេជោមាស ក្នុង​ទម្រង់​ល្ខោនបាសាក់ ត្រង់​ឈុត​មួយ​ក្នុង​រឿង តេជោ យ៉ត ហើយ​ថា ការ​បន់ស្រន់​នេះ គឺ​ជា​ជំនឿ​មួយ​សុំ​ឲ្យ​គេ​សំដែង​បាន​ល្អ និង​ទទួល​ជោគជ័យ។

«ភ្លេង​ហោមរោង​បាសាក់»។

ជាង​នេះ​ទៅ​ទៀត គេ​ចាប់​អារម្មណ៍​ថា ការ​ប្រឡង​ឆ្នាំ​នេះ​ផ្នែក​សិល្បៈ​ទស្សនីយភាព​មាន​ប្រធានបទ​ស្រាវជ្រាវ និង​បង្កើត​ស្នាដៃ​ថ្មីៗ​បាន​ច្រើន​សម្រាប់​ប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​របស់​ពួកគេ​រៀងៗ​ខ្លួន៖ «ខ្ញុំ​គិត​ថា ការ​ប្រឡង​ឆ្នាំ​នេះ​ខុសប្លែក​ពី​ឆ្នាំ​មុនៗ ស្នាដៃ​ប្រឡង​នីមួយៗ​មាន​ការ​រីកចម្រើន​ជាង​មុន»។

ប្រឡង បាក់ឌុប សិល្បៈ ៦២០
ឈុត​សម្ដែង​ល្ខោន​យីកេ​ក្នុង​រឿង "មាយើង" នៅ​សម័យ​ប្រឡង​យក​សញ្ញាប័ត្រ​ស្នាតកបត្រ​សិល្បៈ (បាក់ឌុប) ឆ្នាំ​២០១៥ កាល​ពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៥។ RFA/Sek Bandith


ងាក​មក​ជួប​បេក្ខជន​មធ្យមសិក្សា ឬ​វគ្គ​ពាក់​កណ្ដាល​ឆ្នាំ ផ្នែក​ខាង​ល្ខោន​យីកេ​វិញ​ម្ដង។

«ភ្លេង​ហោមរោង​យីកេ»។

​សម្រាប់​ក្រុម​ដែល​ប្រឡង​នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ចំណោម ៣​ថ្ងៃ​នោះ ហាក់​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ជឿជាក់​លើ​ស្នាដៃ​ខ្លួន​ឯង។

យុវតី ហេង ដាលីន ជា​បេក្ខជន​មួយ​រូប​ដែល​បាន​លើក​យក​ស្នាដៃ​ជា​ឈុត​ឆាក​មួយ​នៃ​រឿង​មា​យើង​ក្នុង​ទម្រង់​ល្ខោន​យីកេ​នោះ បាន​បញ្ជាក់​ហេតុផល​ដែល​នាំ​ឲ្យ​គេ​មិន​សូវ​ពេញចិត្ត​ក្នុង​ការ​សំដែង​នោះ៖ «ប្រលង​នេះ​ខ្ញុំ​ភ័យ​មែន​ទែន! ខ្ញុំ​អត់​សូវ​ជឿជាក់​ខ្លួន​ឯង ដោយ​ការ​ហាត់រៀន​មិន​សូវ​បាន​ពេញលេញ អ៊ីចឹង​ខ្លាច​ប្រឡង​អត់​ជាប់»

មាន​កត្តា​ពីរ​យ៉ាង​សំខាន់​ដែល​អ្នក​សិក្សា និង​សាស្ត្រាចារ្យ​មួយ​ចំនួន​លើក​មក​នោះ គឺ​មាន​កត្តា​ខាង​ក្រៅ និង​កត្តា​ខាង​ក្នុង​រួម​ផ្សំ​គ្នា។ កត្តា​ខាង​ក្រៅ​គឺ​សំដៅ​លើ​ជីវភាព​សិស្ស​ក្រ​លំបាក និង​សាលា​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ទីក្រុង​ធ្វើ​ឲ្យ​សិស្ស​ពិបាក​មក​រៀន​មិន​ទៀង​ទាត់។ ចំណែក​កត្តា​ខាង​ក្នុង គ្រូបង្ហាត់​ក៏​មាន​បញ្ហា​ខាង​ជីវភាព​ដែរ។ រី​ឯ​សម្ភារៈ ឬ​ឧបករណ៍​សម្រាប់​ដំណើរការ​ហាត់​រៀន​នោះ ក៏​ខ្វះខាត​ច្រើន​ដែរ ធ្វើ​ឲ្យ​ការហាត់​រៀន​មាន​សភាព​រយីករយាក។

​ទាក់ទង​បញ្ហា​នេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក អ៊ុក សុជាតិ ដែល​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ប្រកាស​សម័យ​ប្រឡង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ថា ទាំង​សិស្ស ទាំង​គ្រូ បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ឲ្យ​មាន​ស្នាដៃ​ចម្រុះ ប្លែកៗ និង​មាន​ការវិវឌ្ឍន៍​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ការ​ស្រលាញ់ និង​ចង់​លើក​ស្ទួយ​វិស័យ​សិល្បៈ​ឲ្យ​គង់វង្ស ប៉ុន្តែ​លោក​មើល​ឃើញ​ថា ស្នាដៃ​ទាំង​នោះ​នៅ​មាន​កម្រិត ទាំង​ការ​សំដែង និង​ការ​មុជ​ទៅ​រក​ខ្លឹមសារ​ស៊ី​ជម្រៅ​នៃ​ស្នាដៃ​នីមួយៗ៖
«បើ​គ្រាន់តែ​ធ្វើ​របាំ​ហើយ បង្ហាញ​តែ​កន្ទេល​ទទេ​អ៊ីចឹង វា​អត់​សិល្បៈ​ប៉ុន្មាន​ទេ វា​បានតែ​ក្បាច់​រាំ​ខ្លះៗ ជា​ធម្មតា ឬ​លើ​ពី​ធម្មតា នេះ​មិន​បង្អាប់​ទេ និយាយ​ដោយ​ត្រង់​ដើម្បី​ឲ្យ​ខិត​ខំ​ទៀត»

លោក​ទទួល​ស្គាល់​នូវ​ការ​ខ្វះខាត​មួយ​ចំនួន​ដែល​រួមផ្សំ​គ្នា ទាំង​គ្រូ ទាំង​សិស្ស និង​ខាង​សាលា​ផ្ទាល់។ តែ​ទោះ​យ៉ាង​ណា លោក​ជឿ​ជាក់​ថា បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ប្រសើរ​ឡើង ដើម្បី​រក្សា និង​អភិវឌ្ឍន៍​ថ្នាល​បណ្ដុះ​គ្រាប់​ពូជ​សិល្បៈ​ជាតិ​មួយ​នេះ៖ «ខ្ញុំ​នឹង​ពិគ្រោះ​ជាមួយ​រដ្ឋមន្ត្រី និង​ពេល​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​នឹង​យក​បញ្ហា​នេះ​ឡើង មិន​ថា​មហាវិទ្យាល័យ សាកលវិទ្យាល័យ​ទេ សូម្បី​តែ​​សាលា​មធ្យម​វិចិត្រៈ​នេះ ដែល​ជា​ថ្នាល​បណ្ដុះ​ពូជ​មួយ​នេះ​ក៏​សុំ​ឲ្យ​កាន់​តែ​រីកចម្រើន ពីព្រោះ​យើង​នឹង​ត្រូវ​ដើរ​ជាមួយ​អាស៊ាន​ខាង​មុខ​នេះ​ហើយ កុំ​ឲ្យ​ខ្មាស​គេ»

​សាស្ត្រាចារ្យ​នៅ​សាលា​វិចិត្រ​សិល្បៈ​ខ្លះ បាន​ឲ្យ​ដឹង​ថា ការ​សន្យា​របស់​មន្ត្រី​រដ្ឋាភិបាល​ភាគច្រើន​មិន​បាន​អនុវត្ត​ឡើយ។ គ្រប់គ្នា​ដឹង និង​ឲ្យ​តម្លៃ​លើ​សាលា​វិចិត្រ​សិល្បៈ​ជា​ថ្នាល​បណ្ដុះ​គ្រាប់​ពូជ​សិល្បៈ វប្បធម៌​ជាតិ​ដ៏​សំខាន់​សម្រាប់​បង្ហាត់បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ទៀត ប៉ុន្តែ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​គ្រឹះស្ថាន​មួយ​នេះ​គេ​តែង​តែ​មើល​រំលង​រហូត​មក។

​ប្រជាពលរដ្ឋ​ដែល​ចូល​ចិត្ត​សិល្បៈ​ទស្សនីយភាព និង​បាន​ទៅ​គាំទ្រ​ដល់​ការ​ប្រឡង​របស់​សិស្ស​ដែល​អ្នក​ខ្លះ​ត្រូវ​ជា​សាច់ញាតិ មិត្តភ័ក្ដិ​ផង​នោះ ក៏​បាន​មើល​ឃើញ​ពី​ភាព​រខេករខាក ខ្វះ​មុខ​ខ្វះ​ក្រោយ ទាំង​ពេល​រៀន​សូត្រ ប្រចាំ​ថ្ងៃ និង​ពេល​ប្រឡង​មួយ​ឆ្នាំ​ម្ដង​ដូច​ពេល​នេះ​ក្តី៖ «គ្នា​អ្នក​រាំ​ខ្វះខាត​ណាស់ ហើយ​កំពុង​តែ​លេង​ដាច់​ភ្លើង​ជាង ១​ម៉ោង ឃើញ​គ្រូ​គាត់​ប្រឹង​ណាស់ អាណិត​គាត់ ម៉ាស៊ីន​ភ្លើង​អត់​មាន​អី​ទាំង​អស់។ អ្នក​ប្រលង​អ្នក​ជួយ​ក្នុង​ក្រុម​លេង​បាន​ល្អ ឆ្នាំ​នេះ​អ្នក​ចូល​រួម អ្នក​ចូល​រួម​គាំទ្រ ការ​ប្រឡង​ឆ្នាំ​នេះ​មាន​តិច​ជាង​ឆ្នាំ​ទៅ»

ទោះ​បែប​ណា​ក្តី គ្រូ និង​សិស្ស​ដែល​មាន​ឧបនិស្ស័យ​នឹង​សិល្បៈ ស្រឡាញ់​វប្បធម៌​ជាតិ​នៅតែ​សច្ចា​ថា នឹង​តស៊ូ​ដល់​ទី​បញ្ចប់ ដោយ​ក្តី​ស្រលាញ់​សិល្បៈ​ពេក និង​មិន​ចង់​ឲ្យ​បាត់​នូវ​កេរដំណែល​ជាតិ​ដែល​ធ្លាប់​រុងរឿង​ជាច្រើន​ជំនាន់​មក​ហើយ​នោះ។

សម័យ​ប្រឡង​ឯកទេស​ជំនាញ យក​សញ្ញាប័ត្រ​សិល្បៈ និង​ស្នាតកបត្រ​សិល្បៈ នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ឆ្នាំ​២០១៥ នេះ មាន​សិល្បៈ​ជិត ១០​ទម្រង់ ដូចជា របាំ​បុរាណ ប្រពៃណី ល្ខោនបាសាក់ ល្ខោន​យីកេ ល្ខោន​និយាយ និង​ល្ខោនខោល ជាដើម និង​មាន​បេក្ខជន​ដែល​ត្រូវ​ប្រឡង​ជាង ១០០​នាក់។

ការ​ប្រឡង​នេះ គឺ​ធ្វើ​ឡើង​មិន​ត្រូវ​នឹង​កាលបរិច្ឆេទ​នៃ​ការ​ប្រលង​សញ្ញាប័ត្រ​ចំណេះដឹង​ទូទៅ ឬ​ហៅ​ថា ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ (បាក់ឌុប) ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា នោះ​ទេ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles