​បទ​យកការណ៍​៖ សហគមន៍​៤៥​នៅ​ខេត្ត​ក្រចេះ ចង​ជា​បណ្តាញ​ទប់​ស្តាប់​ការកាប់បំផ្លាញ​ព្រៃឈើ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី5 សីហា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

(រូបថត៖ ពៅ មេត្តា)


ក្នុងពេល​ប្រកាស​សមាសភាព​រចនាសម្ព័ន្ធ បណ្តាញ​សហគមន៍​ព្រៃឈើ​ទូទាំង​ខេត្ត លោក លី លីម ដែល​ជាប់ឆ្នោត​ជា​ប្រធាន​បណ្តាញ បាន​ប្រកាស​ពី​គោលបំណង​នៃ​ការចង​បណ្តាញ​នេះ គឺ​ដើម្បី​ទប់​ស្តាត់ការ​កាប់បំផ្លាញព្រៃ​ឈើ​ពី​សំណាក់​ឈ្មួញ និង​ទប់​ស្តាត់​ប្រជាពលរដ្ឋ​កុំឲ្យ​រានព្រៃ​អភិរក្ស​យកទៅ​ធ្វើស្រែ​ចម្ការ​។​

​រចនាសម្ព័ន្ធ​បណ្តាញ​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ក្រចេះ ចងក្រង​ជា​បណ្តាញ​ពី​សហគមន៍​ផ្សេងៗ​គ្នា ទាំងអស់​ក្នុង​ខេត្ត​មាន​ចំនួន​៤៥​សហគមន៍​។ រចនាសម្ព័ន្ធ​នេះ បាន​ប្រកាស​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២១៥ ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី មន្ត្រីរដ្ឋបាល​ព្រៃឈើ  អង្គការ​ម្ចាស់ជំនួយ រួម​ទាំង​ប្រជា​សហគមន៍​ប្រមាណ​៤០ ទៅ​៥០​នាក់​។ ពិធី​ប្រកាស​ធ្វើ​នៅក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ 

​លោក លី លីម បញ្ជាក់ថា រចនាសម្ព័ន្ធ​នោះ​កើតឡើង ដោយ​មាន​ការប្រជុំ និង​បោះឆ្នោត​មិនមែន​ចេះតែ​ចាត់តាំង​នោះ​ទេ​។ លោក​ថា​៖ “​អ៊ីចឹង​គណៈកម្មការ​តំណែង​សហគមន៍​ព្រៃឈើ​ខេត្ត យើង​មាន​រូបភាព​បែបនេះ ។ ទី​១ ប្រធាន ទី​២ អនុប្រធាន ទី​៣ យើង​រកឃើញ​ថា​មាន​សមាជិក​៣ តួនាទី​មាន​លេខាធិការ​១ ហិរញ្ញិ​ក​១ មាន​ការទំនាក់ទំនង​១​។ អ៊ីចឹង​យើ​ន​បោះឆ្នោត​ទាំងអស់ យើង​បាន​ការទទួលស្គាល់​ទាំងអស់ នៅក្នុង​ខេត្ត​”​។​

ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឈើ ដែល​ទើប​ទទួលបាន​តំណែង​ថ្មីៗ​នេះ​បញ្ជាក់ថា លោក​បាន​បញ្ជាក់​ទៅ​សមាជិក​ទាំងអស់​ធ្វើការ សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​សិទ្ធិ​ចាប់ចង ឬ​ទារលុយ​ពី​ឈ្មួញ​កាប់​ឈើ​នោះទេ​។ លោក​ថ្លែងថា​៖ “​គ្រាន់តែ​ជា​តំណាង​តើ គ្មាន​បុណ្យស័ក្តិ​អ្វី​សម្រាប់​គ្រប់​សង្កត់​ទៅ​លើ​គេ​មួយ​ស្រុក​ទេ អត់​ទេ ព្រោះ​ខ្ញុំ​បាន​ប្រជុំ​រួច​ស្រេច​ហើយ ព្រោះ​តួនាទី​របស់​យើង​អត់​មាន​ត្រូវការ អូហ៍​! ចាប់​ឈើ ទៅ​យកលុយ អត់​មាន​ទេ​”​។​


​បើ​តាម​ខ្លឹមសារ​ដែល​បានលើកឡើង ក្នុង​ពិធី​ប្រកាស​រចនាសម្ព័ន្ធ​នោះ គឺ​បណ្តាញ​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បាន​សហការ​គ្នា​ក្នុងកា​រទប់​ស្តាប់​បទល្មើស​ព្រៃឈើ​តាំងពី​ឆ្នាំ​២០១២ តែ​មិន​ទាន់​ចង​ជា​បណ្តាញ​ទេ ក្រោយមក​ទើប​ពួក​គេ​ចង​ជា​បណ្តាញ ដោយ​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ ដើម្បីឲ្យ​ការបំពេញ​ការងា​ររបស់​ពួកគេ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ប្រធាន​សហគមន៍​ព្រៃឈើ​នៅ​ស្រុក​សំបួរ ជា​សហគមន៍​មួយ​ក្នុងចំណោម​សហគមន៍​៤៥​ផ្សេងទៀត លោក ហ៊ា សំអឿន បានឲ្យដឹងថា សហគមន៍​របស់​លោក​បាន​ចុះ​ល្បាត​៤​ដង​ក្នុង​មួយខែ ដោយ​បែងចែក​ជា​ក្រុមៗ​។ ពេល​និយាយ​ពី​ការចុះ​ល្បាត លោក ហ៊ា សំអឿន ក៏បាន​លើកឡើង​ពី​ផល​លំបាក​ដែរ គឺ​លំបាក​ដោយ​មិន​មាន​ថវិកា​គ្រប់គ្រាន់ ក្នុងការ​ធ្វើ​ដំណើរ​ល្បាត ឬ​ចំណាយ​ផ្សេងៗ​របស់​ក្រុម​សហគមន៍ នាំ​សមាជិក​មួយចំនួន​ទទួល​ភារកិច្ច​ហើយ​ក៏​លាឈប់​វិញ​។​

មាត្រា​៤៣​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​បានចែង​ថា ព្រៃ​សហគមន៍​ត្រូវបាន​គ្រប់គ្រង​ជា​លក្ខណៈ​សេដ្ឋកិច្ច ដោយ​ធានា​និរន្តរភាព​ដោយ​សហគមន៍​មូលដ្ឋាន ស្រប​ទៅ​ទៅ​ផែនកា​រណ៍​គ្រប់គ្រង​ព្រៃ​សហគមន៍ វិធានការណ៍​សហគម​ន៍​ព្រៃឈើ និង​គោលការណ៍​ស្តី​ពី​សហគមន៍​ព្រៃឈើ​។ រដ្ឋបាល​ព្រៃឈើ​ត្រូវ​ផ្តល់​ជំនួយ​បច្ចេកទេស​តាម​សហគមន៍​មូលដ្ឋាន និង​ត្រូវ​តាមដាន​ត្រូតពិនិត្យ​ការអនុវត្ត ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​។​

​មាត្រា​ដដែល​បញ្ជាក់​ថា ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ត្រូវ​រៀបចំ​ដោយ​សហគមន៍​មូលដ្ឋាន និង​មាន​ការយល់ព្រម​ពី​ថ្នាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ ផែនការ​នេះ ត្រូវ​ផ្ញើជូន​ថ្នាក់​កណ្តាល​រដ្ឋបាល​ព្រៃឈើ​៥​ឆ្នាំ​ម្តង ឬ​មុន​ពេល​កំណត់​ក្នុង​ករណី​ចាំបាច់​។​

អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ និង​ព្រៃ​សហគមន៍​នៃ​រដ្ឋបាល​ព្រៃឈើ លោក ឡុង រតនៈ​កុមារ  លើកទឹកចិត្ត​ឲ្យ​ប្រជា​សហគមន៍​ព្រៃឈើ​ទាំងនោះ ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​ព្រៃឈើ​កុំឲ្យ​បាត់បង់​ដូច​នៅ​សហគមន៍​ផ្សេងទៀត​។ លោក​ក៏​ជំរុញ​ឲ្យ​បណ្តាញ​សហគមន៍​ព្រៃឈើ​នៅ​ខេត្តក្រចេះ​នេះ ដាក់​លិខិត​សុំ​ការទទួលស្គាល់​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​ជា​ផ្លូវការ ដើម្បីឲ្យ​ការបំពេញ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​របាយការណ៍​ស្រាវជ្រាវ​របស់ Forest Trends ចេញផ្សាយ​កាលពី​ខែកក្កដា​កន្លងទៅ ឲ្យដឹងថា  ក្នុង​ឆ្នាំ​២០១៣ ផ្ទៃដី​ទំហំ​២​លាន​៦​សែន​ហិកតា ឬ​១៤​ភាគរយ​នៃ​ផ្ទៃ​ដី​ប្រទេស​ទាំងមូល ត្រូវបាន​កំណត់​ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​ជិត​បួន​ដង​លើ​ទំហំ​ដែល​ក្រុមហ៊ុន​កាន់កាប់​នៅ​ឆ្នាំ​២០០៤​។ Forest Trends បារម្ភ​ពី​ការ​ពី​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ដោយសារ​តែ​ការប្រគល់​ដីព្រៃ ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​។​

លោក លី លីម វ័យ​៦៣ បានឲ្យដឹងថា លោក​បាន​បង្កើត​ជា​សហ​គ​មន៍​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ​២០០៨​។ លោក​បន្តថា បើទោះជា​លោក​ត្រូវ​ចំណាយពេល និង​ថវិកា​ផ្ទាល់​ខ្លួន​ខ្លះ​ដើម្បី​ការពារ​ព្រៃឈើ តែ​លោក​ពេញចិត្ត​នឹង​ធ្វើ​ព្រោះ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ដែល​នៅ​សេសសល់​៖ “​ដោយ​យើង​មើលឃើញថា ព្រៃឈើ​មាន​ការបាត់បង់​ចេះ​តែ​អស់​ទៅៗ យើង​មិន​មាន​អ្នក​ជួយ​ដើម្បី​ជា​អ្នកសម្របសម្រួល​ក្នុង​កម្មវិធី​ហ្នឹង វា​ឃើញថា ការងារ​ហ្នឹង​វា​កាន់តែ​អន្តរាយ​ទៅ បាត់បង់​ទៅ​។ ដូច្នេះ​យើងខ្ញុំ​ក៏​មាន​ការ​គិត​ឃើញ​ថា យើង​នឹង​គួរតែ​ថែរក្សា ទោះបីជា​យើង​មិន​ថែរក្សា​ផល ក៏​យើង​ជួយ​សម្របសម្រួល​ដល់​ក្រុម​របស់​យើង​ដើម្បីឲ្យ​គេ​មាន​ការថែរក្សា ដោយសារតែ​ការយល់ដឹង​របស់​សហ​គ​មន៍​នៅមានកម្រិត​ទាប​”

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles