ក្រសួង​ប្រៃសណីយ៍​បដិសេធ​ថា​ខ្លួន​គ្មាន​ប្រព័ន្ធ​ថត​សំឡេងនិង​តាមដាន​ការសន្ទនា​តាម​ទូរស័ព្ទ​ទេ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី27 សីហា 2015, 06:39 PM​
http://vodhotnews.com

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​អះអាងថា ខ្លួន​គ្មាន​ប្រព័ន្ធ​ទិន្នន័យ ឬ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ថត​សំឡេង និង​តាមដាន​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណ​ជន​នោះ​ទេ​។​

​ការអះអាង​នេះ​ជា​ការបដិសេធ​ទៅនឹង​ការលើកឡើង​ថា មាន​ជនជាតិ​កូរ៉េ​បាន​ជ្រៀតចូល​ក្នុង​គេហទំព័រ និង​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួង ដើម្បី​លួច​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណជន​។​

​សេចក្ដីបំភ្លឺ​របស់​ក្រសួង​ប្រៃសណីយ៍​ចេញផ្សាយ​នៅ​ថ្ងៃនេះ លើកឡើងថា ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ករណី​ជនជាតិ​កូរ៉េ​១០​នាក់ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ ពីបទ «​ចូលរួម​នៅក្នុង​ក្រុម ឬ​ឃុបឃិត​ក្នុង​ការប្រព្រឹត្ត​បទល្មើស​» កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ​។​

​សេចក្ដីបំភ្លឺ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​ស​គមនាគមន៍ សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​១០​នាក់ (​ស្រី​៥​នាក់​) ដោយ​សង្ស័យ​ថា ពួកគេ​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។  អាជ្ញាធរ​ក៏​បាន​រឹបអូស​វត្ថុតាង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មាន​មួយចំនួន​ធំ​ផង​ដែរ​។ អ្នក​ទាំង​១០​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ​។​

​សេចក្ដីបំភ្លឺ​បន្តទៀតថា ចំពោះ​ការលើកឡើង​ថា ជនជាតិ​កូរ៉េ​ទាំង​១០​នាក់​បាន​ជ្រៀត​ចូលក្នុង​គេហទំព័រ និង​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួង​ដើម្បី​លួច​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណជន គឺជា​ការលើកឡើង​ដែល​គ្មាន​ការ​ពិត​។ សេចក្ដីបំភ្លឺ​បញ្ជាក់ថា​៖ “​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​គ្មានទេ​នូវ​របស់​ដែល​ហៅថា «​ប្រព័ន្ធ​ទិន្នន័យ ឬ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ថត​សំឡេង និង​តាមដាន​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណជន​» ហើយ​សកម្មភាព​ដូច​បាន​លើកឡើង​ខាងលើ​នេះ មិនមែន​ជា​អាណត្តិ​របស់​ក្រសួង​ឡើយ​”​។​

​ក្រសួង​ប្រៃសណីយ៍​ក៏​បាន​អះអាង​ដែរ​ថា គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ពុំ​ធ្លាប់​ត្រូវបាន​ជ្រៀតចូល ឬ​វាយប្រហារ​ពី​មជ្ឈដ្ឋាន​ណាមួយ​ឡើយ​៕

​សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles