Thu, 27 August 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ការទម្លាយពីបណ្តាញសង្គមបង្ហាញថា អ្នកនាង សុខ សោម៉ាវត្តី បានព្រមទម្លាយរឿងសម្ព័ន្ធភាពប្ដីប្រពន្ធរង្គោះរង្គើមួយរយៈមុននេះ ដោយនាងថា មានអ្នកទីបីមិនមែនជាអ្នកសិល្បៈទាក់ទងប្តីតាមហ្វេសប៊ុក ទើបនាងអន់ចិត្ត តែពេលនេះល្អប្រសើរវិញហើយ ហើយក៏រស់នៅជុំប្តីវិញហើយដែរ។
ប៉ុន្តែរំឭកពីការលើកឡើងនេះ ស្រីស្រស់កូនប្រសាអតីតមេប៉ូលិសក្រុងភ្នំពេញ អ្នកនាង សុខ សោម៉ាវត្តី បែរជាថា៖ «រឿងនេះមិនដល់ថ្នាក់ហ្នឹងទេ ហើយពួកយើងជាប្តីប្រពន្ធក៏ល្អនឹងគ្នារហូត»។
ការទម្លាយពីក្នុងបណ្តាញសង្គមថាក្រោយពីតារាសម្ដែងនិងពិធីការិនី សុខ សោម៉ាវត្តី បានវិលមករស់នៅក្នុងផ្ទះជាមួយប្ដីវិញ ភាពរកាំរកូសនៅក្នុងគ្រួសារនាង ក៏ត្រូវបានរសាយទៅតាមពេលវេលាផងដែរ។ ប៉ុន្តែពាក់ព័ន្ធនឹងរឿងគ្រួសារខ្វែងគំនិតគ្នានេះ សុខ សោម៉ាវត្តី មិនដែលបានបង្ហើបប្រាប់ពីមូលហេតុជាក់លាក់ទេ ក្រៅពីឆ្លើយថា គ្រួសារនាងគ្មានកើតរឿងធំដុំបណ្ដាលឲ្យបែកគ្នានោះទេ។
សំណេរខ្លីផ្សព្វផ្សាយក្នុងបណ្តាញសង្គមក៏បានលើកឡើងឲ្យដឹងទៀតថា អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ពីដើមទងនាំឲ្យប្ដីប្រពន្ធនាងប្រេះស្រាំមួយរយៈពេលខ្លី ដោយបញ្ជាក់ថា៖ «មូលហេតុដែលនាំឲ្យប្ដីប្រពន្ធនាងមិនសូវស៊ីចង្វាក់ជាមួយគ្នានោះ គឺបណ្ដាលមកពីមាននារីក្រៅសិល្បៈម្នាក់បានព្យាយាមទាក់ទងប្ដីនាង តាមរយៈហ្វេសប៊ុក ហេតុដូច្នេះហើយ ទើបធ្វើឲ្យពួកគេមិនសប្បាយចិត្តនឹងគ្នា»។
ប៉ុន្តែក្នុងជំនួបឆ្លើយឆ្លងទូរស័ព្ទជាមួយ ភ្នំពេញ ប៉ុស្តិ៍ រសៀលម្សិលមិញ ពេលសួររំឭកពីសំណេរផ្សព្វផ្សាយនេះ ពិធីការិនី សុខ សោម៉ាវត្តី បែរជាប្រកែកថា នាងមិនដែលបានបែកផ្ទះពីប្តី ហើយក៏មិនមានរឿងអ្វីជាមួយប្តីនោះដែរ។
អ្នកនាងបានលើកឡើងថា៖«ប្តីប្រពន្ធខ្ញុំមិនមានរឿងអ្វីនឹងគ្នាទេ ហើយកន្លងមកព័ត៌មានចេះតែចេញផ្សាយថា ជីវិតស្នេហាខ្ញុំបែកបាក់ ខុសពីការពិត»។
ពិធីការិនីរូបនេះបានបន្តទៀតថា៖ «បើនិយាយថា ខ្ញុំបិទហ្វេសប៊ុកចាស់ ហើយមកបង្កើតហ្វេសប៊ុកផ្សេងនោះមានមែន ព្រោះអីហ្វេសប៊ុកមុននោះ មានអ្នកលេងចូលមកច្រើន រញ៉េរញ៉ៃច្រើន ហើយបញ្ចេញមតិច្រើន រំខានអារម្មណ៍ និងក្តីសុខគ្រួសារ ខ្ញុំក៏បិទចោល»។
ទោះបីជាយ៉ាងណាក្ដី អ្នកនាង សុខ សោម៉ាវត្តី នាងស្នើសុំមិនបើកកកាយរឿងគ្រួសារនោះ ដោយនាងថ្លែងយ៉ាងទទូចថា៖ «ពេលនេះគ្រួសារមិនមានអ្វីជាការល្អក់កករនោះទេ គឺកំពុងរួមរស់ជាមួយប្តីយ៉ាងមានក្តីសុខ»។
ស្របនឹងដំណឹងវិលមករួមដំណេកជុំប្តីវិញនេះ ក៏មានព័ត៌មានថា ពិធីការិនីក្រមិចក្រមើម សុខ សោម៉ាវត្តី ក៏បានរៀបគម្រោងបង្កើតចៅទី ២ ឲ្យជីតាជាអតីតមេប៉ូលិសក្រុងភ្នំពេញពផងដែរ ជាការរឹតចំណងស្នេហ៍ឡើងវិញផង។
បញ្ជាក់ពីដំណឹងសាយភាយនេះ សុខ សោម៉ាវត្តី បានប្រាប់ថា អ្នកនាងមិនទាន់មានគម្រោងបង្កើតកូនទី ២ បន្ថែមសមាជិកដល់គ្រួសារដ៏ស្ដុកស្តម្ភរបស់នាងនោះទេ។
អ្នកនាង បានបញ្ជាក់ពីមូលហេតុថា៖ «ពេលនេះការងារសិល្បៈក៏រវល់ច្រើន តែនឹងគិតដែររឿងនេះ ដល់ពេលកូនទីមួយធំជាងនេះ ហើយចាំគេចូលសាលារៀនសិន»៕
មើល ចន ចន្ទលក្ខិណាជាគំរូស្រាប់តំបូងប្រកែកនឹងអ្នកសារពត៌មានយ៉ាងខ្លាំង ចុងក្រោយលេងគ្នាដដែល ដែលនេះជាចារឹកមាយាទដ៏សែនថោកទាបនៃពួកតារាទៅហើយ វាមិនដែលយកគ្នាបានយូរនោះទេ។
បើសំំគាល់មើលតារាស្រីៗ គឺអញ្ចឹង តែម្តង ដូចនាង ឌុច សោភា ជាដើម។ ដូចជាផ្លូវតែមួយ!! ប្រុសក្មេងៗ ក៏ដោយ ឬក៏តាៗ អ្នកឧកញ៉ាក៏ដោយ មិនដឹងជាយ៉ាងម៉េច បានជាលង់ស្នេហ៍តែស្រីៗជាតារា លុយរាប់ម៉ឺនដុល្លា?
បើខ្វះណាស់ខ្សឹបសួររកកូនគេណាមួយល្អ តាមរយៈស្នហាក្មេងៗ!