គ្រូ​បង្រៀន​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ចំនួន​១​លាន​៥​សែន​រៀល​ក្នុង​មួយ​ខែ

ដោយ ខែ សុណង
2015-10-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទិវា​គ្រូបង្រៀន​ពិភពលោក​ ឆ្នាំ​២០១៥ ៦២០

ក្រុម​គ្រូបង្រៀន​លើក​បដា​ទាមទារ​ដំឡើង​ប្រាក់​បៀវត្ស ក្នុង​នៃ​ទិវា​គ្រូបង្រៀន​ពិភពលោក​ឆ្នាំ​២០១៥ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ RFA/Khe Sonorng


គ្រូបង្រៀន​ជាង ២០០​នាក់​មក​ពី​ទូទាំង​ខេត្ត-ក្រុង បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។ ក្នុង​ពិធី​នេះ លោកគ្រូ​អ្នកគ្រូ បាន​ថ្លែង​សារ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ គឺ​ជីវភាព​ក្នុង​អាជីព​ជា​គ្រូបង្រៀន ប្រឈម​នឹង​បញ្ហា​ខ្វះខាត។ ទោះ​យ៉ាង​ណា ការ​ប្រារព្ធ​ទិវា​ដែល​គ្មាន​ក្រសួង​អប់រំ ចូលរួម​នេះ ពួក​គាត់​បាន​យក​ញត្តិ​ដាក់​ជូន​ស្ថាប័ន​មួយ​ចំនួន សុំ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ជូន​ពួក​គាត់។

«សំឡេង​ស្រែក»

ក្រុម​គ្រូបង្រៀន​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​ចំនួន​២៤ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ជូន​ពួក​គាត់​ឲ្យ​បាន​ចំនួន ១​លាន ៥​សែន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ពង្រឹង​គុណភាព​បង្រៀន នៅ​ខណៈ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ កាន់​តែ​ឡើង​ថ្លៃ​នោះ។

គ្រូបង្រៀន​នៃ​សាលា​បឋម​សិក្សា​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ អ្នកស្រី ប្រាង្គ ចំណាន ជា​គ្រូបង្រៀន​ម្នាក់​ក្នុង​ចំណោម​គ្រូបង្រៀន​មក​ពី​បណ្ដា​ខេត្ត​ដទៃ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​ខាង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​អ្នកគ្រូ​យល់​ថា មក​ពី​ការ​ផ្ដល់​ប្រាក់​បៀវត្សរ៍​ឲ្យ​គ្រូបង្រៀន​នៅ​មាន​កម្រិត​ទាប​ពេក ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​ទង្វើ​ជាច្រើន​មិន​សម​ប្រកប​ទៅ​នឹង​វិជ្ជាជីវៈ ហើយ​ក្បត់​នឹង​មនសិការ​របស់​ខ្លួន។ អ្នកគ្រូ បាន​ស្នើសុំ​ដំឡើង​ប្រាក់​ខែ​គោល​ជូន​ពួក​គាត់​ទៅ​ដល់ ១​លាន ៥​សែន​រៀល៖ «នាង​ខ្ញុំ​ជា​គ្រូបង្រៀន​ម្នាក់​ដែល​តែង​តែ​ក្បត់​សីលធម៌​ខ្លួន​ឯង ប្រើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​ឲ្យ​កូន​សិស្ស​គាត់​ទិញ​នំ​ខ្ញុំ។ គាត់​រៀន​គួរ​ជាមួយ​ខ្ញុំ ខ្ញុំ​ធ្វើ​ដើម្បី​ការ​រស់នៅ​របស់​ខ្ញុំ​បាន​ប្រសើរ​តិចតួច។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដែល​លោក​ចង់​ឲ្យ​គ្រូបង្រៀន ចង់​ឲ្យ​សាលា​រៀន​ខ្មែរ​ដើរ​តាម​អាស៊ាន ចុះ​ប្រាក់​ខែ​លោក​មាន​គិត​ទេ? ខ្ញុំ​ជឿ​ថា ប្រាក់​ខែ​គេ​ប្រាកដ​ជា​មិន​ដូច​ខ្ញុំ​ទេ»

នៅ​ប្រទេស​កម្ពុជា មាន​គ្រូបង្រៀន​ទូទាំង​ប្រទេស​ជាង ១០​ម៉ឺន​នាក់។ បច្ចុប្បន្ន ពួក​គាត់​មាន​ប្រាក់​ខែ​គោល​ទាប​បំផុត​ចំនួន ៤២​ម៉ឺន​រៀល និង​ខ្ពស់​បំផុត​ចំនួន ៧៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ​ចំនួន​នេះ​ពួក​គាត់​បាន​ត្អូញត្អែរ​ថា មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ ដោយសារ​តែ​ទំនិញ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី និង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​របស់​គ្រូបង្រៀន​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ស្ដីពី​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ថា ជា​គោលការណ៍​របស់​ក្រសួង ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​ស្រប​ពេល​រឹត​បន្តឹង​ការ​ប្រឡង ក្រសួង​មាន​ផែនការ​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូបង្រៀន​ទៀត​នៅ​ឆ្នាំ​២០១៦។

ទិវា​គ្រូបង្រៀន​ពិភពលោក រៀបចំ​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​៥ តុលា មាន​គ្រូ​ជាង ២០០​នាក់​ចូលរួម ក្រោម​ប្រធានបទ “ការ​លើក​កម្ពស់​អំណាច​គ្រូបង្រៀន”។

ក្រៅ​អំពី​ការ​ជួប​ប្រជុំ​គ្នា​នេះ សាលា​រាជធានី​ភ្នំពេញ មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ហែ​ក្បួន​យក​ញត្តិ​ដាក់​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​នោះ​ទេ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាន​ផ្ដល់​រថយន្ត​មួយ​សម្រាប់​ដឹក​ជញ្ជូន​តំណាង​គ្រូបង្រៀន ឲ្យ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និង​ក្រសួង​អប់រំ។ ញត្តិ​នោះ បាន​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​គោល​ជូន​ពួក​គាត់​ចំនួន ១​លាន ៥​សែន​រៀល​ក្នុង​មួយ​ខែ និង​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​បន្ទាប់​បន្សំ​នានា​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាង​ណា អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ដែល​បាន​ចូលរួម​ទិវា​នេះ​ដែរ បាន​គាំទ្រ​ចំពោះ​សំណើ​សុំ​របស់​លោកគ្រូ​អ្នកគ្រូ។ លោក​ថា ក្នុង​នាម​អ្នក​តំណាង​រាស្ត្រ លោក​នឹង​បន្ត​តស៊ូ​មតិ ដាក់​សំណូមពរ​របស់​គ្រូបង្រៀន​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០១៦ ខាង​មុខ៖ «ការ​ដំឡើង​របស់​រដ្ឋាភិបាល​សព្វថ្ងៃ វា​អត់​សម​ទៅ​នឹង​តម្លៃ​នៅ​លើ​ទីផ្សារ និង​ការ​រស់នៅ​របស់​គាត់។ យើង​ត្រូវ​ការ​យ៉ាង​តិច ១​លាន​រៀល​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ពីរ​បី​ឆ្នាំ​ទៅ​មុខ​ទៀត មិន​មែន​នៅ​ត្រឹម​តែ ១​លាន​រៀល​ទេ»

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ក្រសួង​អប់រំ នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​ប្រធានបទ “លើក​កម្ពស់​សក្ដានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកប​ដោយ​និរន្តរភាព”។ ការ​ប្រារព្ធ​នេះ មាន​បំណង​ធំ គឺ​ជា​ការ​ដឹង​គុណ​ដល់​គ្រូបង្រៀន ដែល​បាន​បូជា​កម្លាំង​កាយ និង​ប្រាជ្ញា​ស្មារតី ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "គ្រូ​បង្រៀន​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ចំនួន​១​លាន​៥​សែន​រៀល​ក្នុង​មួយ​ខែ"

  1. ឆ្មាខ្មៅ says:

    ពួកអស់លោកបន្ថយអំពើពុករលួយរបស់ខ្លួនម្នាក់បន្តិចៗ ក៏អាចតម្លើងប្រាក់ខែគ្រូបង្រៀនបានដែរ!