សម រង្ស៊ី ​ថា ​យុត្តិធម៌​ស្ថិត​ក្នុង​ភាព​ងងឹត​សម្រាប់​អ្នក​រងគ្រោះ​ពី​គ្រាប់​បែក

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ពី​ការ​គប់​គ្រាប់​បែក​ក្នុង​ឆ្នាំ​ ១៩៩៧ ។ ហ្វេសប៊ុក​លោក​ សម រង្ស៊ី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ពី​ការ​គប់​គ្រាប់​បែក​ក្នុង​ឆ្នាំ​ ១៩៩៧ ។ ហ្វេសប៊ុក​លោក​ សម រង្ស៊ី





ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា ១៨ ​ឆ្នាំ​កន្លង​ទៅ​ពន្លឺ​នៃ​យុត្តិធម៌​នៅ​តែ​ស្ថិត​ក្នុង​ភាព​ងងឹត​សម្រាប់​ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​គ្រាប់បែក​ហើយ​លោក​​រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​ឆ្នាំ​ ២០១៨ ​​​នឹង​ធានា​នូវ​ឯករាជភាព​នៃ​តុលាការ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។

ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​​នៃ​ការ​វាយប្រហារ​គ្រាប់បែក​មុន​ពិធី​ភ្ជុំ​បិណ្ឌ​កាល​ម្សិលមិញ​​នៅ​មុខ​​រដ្ឋសភា​ចាស់​​​នៅ​ផ្លូវ​សុធារស​ដែល​​មនុស្ស​ ២០ ​នាក់​បាន​ស្លាប់​​​ និង​ជាង​ ១០០ ​​នាក់​រងរបួស​ដោយសារ​ការ​វាយប្រហារ​គ្រាប់បែក​ចំនួន​ ៤​ គ្រាប់​​ក្នុង​ឆ្នាំ​ ១៩៩៧ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​អ្នក​ចូលរួម​រាប់រយ​នាក់​ថា​ដរាប​ណា​តុលាការ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​គ្រាប់បែក​​នឹង​មិន​ទទួល​បាន​យុត្តិធម៌​​ទេ​ដោយសារ​តុលាការ​មិន​ឯករាជ្យ​ហើយ​ត្រូវ​បាន​បញ្ជា​ដោយ​មនុស្ស​មាន​អំណាច​ និង​អ្នក​មាន​​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។

ជា​ការ​ឆ្លើយតប​នឹង​ចំណុច​អវិជ្ជមាន​នេះ​លោក សម រង្ស៊ី ​បាន​អះអាង​ថា​កម្ពុជា​ត្រូវ​តែ​​មាន​ការ​រៀបចំ​ឡើង​វិញ​នៅពេល​​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ហើយ​គ្រប់គ្រង​រដ្ឋាភិបាល​​ដើម្បី​ធានា​ថា​ប្រព័ន្ធ​​តុលាការ​ត្រូវ​តែ​ឯករាជ្យ​នៅក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន​។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «​តើ​នរណា​អាច​ឲ្យ​ផ្លូវ​​​សម្រាប់​តុលាការ​ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ និង​មាន​ប្រសិទ្ធ​ភាព? តួនាទី​តុលាការ​ត្រូវ​មាន​​លក្ខខណ្ឌ​ច្បាស់លាស់​ថា​ពិតជា​ឯករាជ្យ​ដោយ​មិន​មាន​នរណា​ម្នាក់​ជ្រៀតជ្រែក​? ​មាន​តែ​រដ្ឋាភិបាល​ថ្មី​ប៉ុណ្ណោះ​ដែល​​ធ្វើឲ្យ​លទ្ធិ​​ប្រជាធិបតេយ្យ​រុងរឿង និង​ធានា​គោលការណ៍​ដែល​តុលាការ​ត្រូវ​តែ​ឯករាជ្យ​»។


មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ដែល​និយាយ​ពី​ការ​គប់​គ្រាប់បែក។ រូបថត ហ្វេសប៊ុក

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ដែល​និយាយ​ពី​ការ​គប់​គ្រាប់បែក។ រូបថត ហ្វេសប៊ុក

លោក សម រង្ស៊ី ​បាន​ថ្លែង​បន្ត​ថា​៖ «​ដូច្នេះ​មាន​តែ​គណបក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះ​ដែល​អាច​មាន​ឱកាស​​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ដើម្បី​រៀបចំ​ប្រទេស​ឡើង​វិញ​ជាពិសេស​នៅក្នុង​ផ្នែក​តុលាការ​ដើម្បី​ឲ្យ​តុលាការ​ឯករាជ្យ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំងអស់​»។ «​យើង​​មិន​អាច​​ឲ្យ​ស្ថានភាព​នេះ​បន្ត​​ទៅ​មុខ​ទៀត​ទេ​។ ​ប្រជាជន​ខ្មែរ​មាន​ការ​ឈឺចាប់​ណាស់​។ ប្រជាជន​ខ្មែរ​នឹង​ស្លាប់​ជាពិសេស​អ្នក​ស្នេហា​ជាតិ​ដែល​ត្រូវ​បាន​​សម្លាប់​ម្តង​មួយៗ​មិន​ទុក​ឲ្យ​យើង​តស៊ូ​ប្រកួត​ប្រជែង​​​ដើម្បី​ជ័យជម្នះ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​សម្រាប់​សេរីភាព​សម្រាប់​ប្រជាធិបតេយ្យ និង​សម្រាប់​យុត្តិធម៌​»។

ទន្ទឹម​នេះ​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​ជាង​ ១០០០ ​នាក់​នៅក្នុង​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម កាល​ថ្ងៃ​សៅរ៍​លោក សម រង្ស៊ី ជា​ថ្មី​ម្តង​ទៀត​ក៏​បាន​អំពាវនាវ​ឲ្យ​មន្រ្តី​រាជការ ​និង​កម្លាំង​ប្រដាប់​អាវុធ​រួម​កម្លាំង​​ជាមួយ​គណបក្ស​​សង្គ្រោះ​ជាតិ​ហើយ​​បោះឆ្នោត​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​ដើម្បី​ធានា​ថា​តំណែង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​គេ​ផ្លាស់ប្តូរ​ហើយ​​ផ្ទុយ​ទៅវិញ​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដំឡើង​ប្រាក់​ខែ​សម្រាប់​មន្រ្តី​រាជការ​ទាំងអស់​ និង​កម្លាំង​ប្រដាប់​អាវុធ​។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា​៖ «​​ខ្ញុំ​ចាប់ផ្តើម​​អំពាវនាវ​ដល់​មន្រ្តី​រាជការ​នគរបាល ទាហាន​ ​កងរាជ​អាវុធហត្ថ និង​ប្រជាជន​ខ្មែរ​ទាំងអស់​ដែល​បម្រើ​ជាតិ​ការពារ​ជាតិ​សូម​បងប្អូន​កុំ​បារម្ភ​។ ​គណបក្ស​សង្គ្រោះ​ជាតិ​​មក​ដឹកនាំ​ប្រទេស​រក្សា​តំណែង​សម្រាប់​​បងប្អូន​ដោយ​មិន​ប៉ះពាល់ មិន​ផ្លាស់ប្តូរ មិន​បណ្តេញ​»។ «​មាន​ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​បងប្អូន​ដែល​បម្រើ​ជាតិ​ដែល​​ព្យាយាម​ការពារ​ជាតិ​។ យើង​ត្រូវតែ​ដំឡើង​ប្រាក់​ខែ​​ដល់​បងប្អូន​ដើម្បី​រស់​នៅ​សមរម្យ​»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​​ចំអក​​ចំពោះ​​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ដោយ​និយាយ​ថា​គ្មាន​ផ្លូវ​ដែល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ដើម្បី​ដឹកនាំ​ប្រទេស​​នោះ​ទេ​ហើយ​បាន​ហៅ​​ការ​​សន្យា​របស់​លោក រង្ស៊ី ថា​ដូច​ផ្សែង​ និង​ពពក។

លោក សុខ ឥសាន បាន​ថ្លែង​បន្ត​ថា​៖ «​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ឈ្នះ​​ទេ​។ គ្មាន​ផ្លូវ​ឈ្នះ​ទេ​ខ្ញុំ​ហ៊ាន​ទាយ​ទុក​ជា​មុន​​»។ «​​គាត់​ឡើង​ដល់​កំពូល​នៅក្នុង​ឆ្នាំ​ ២០១៣​ នេះ​។ ឥឡូវ​នេះ​គាត់​ត្រូវ​តែ​ធ្លាក់​ចុះ​វិញ​។ គ្មាន​អ្វី​ឡើង​ជាង​មុន​ទេ​»។

ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​គ្រាប់បែក​លោក សុខ ឥសាន បាន​បញ្ជាក់​ថា​ករណី​ឧក្រិដ្ឋកម្ម​នេះ​មិន​ទាន់​បិទ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។

«​ដូច្នេះ​ការ​សន្យា​នេះ​ខ្ញុំ​គិត​ថា​វា​នៅក្នុង​ផ្សែង​ និង​ពពក​វា​មិន​អាច​​ទៅ​ដល់​ទេ​។ ​ខ្ញុំ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដូចជា​មន្រ្តី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​យើង​ត្រូវ​តែ​យក​អ្វី​ដែល​ជា​ការពិត​យើង​មិន​ត្រូវ​យក​អ្វី​នៅក្នុង​ផ្សែង​នៅក្នុង​ខ្យល់​ទេ​»។

លោក សុខ ឥសាន ​បាន​អះអាង​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​​ទេ​ពី​ព្រោះ​​មាន​អ្នក​គាំទ្រ​ជាច្រើន​រត់​ចេញ​ពី​គណបក្ស​នេះ​ទៅ​គណបក្ស​ដទៃៗ​ទៀត​​​ដោយសារ​ការ​និយាយ​របស់​លោក សម រង្ស៊ី និយាយ​មិន​ច្បាស់លាស់​។

លោក ឥសាន បាន​ថ្លែង​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ដំឡើង​ប្រាក់​ខែ​រួច​ហើយ​ដល់​មន្រ្តី​រាជការ​ និង​កម្លាំង​ប្រដាប់​អាវុធ​ហើយ​រដ្ឋាភិបាល​ក៏​នឹង​ដំឡើង​ប្រាក់​ខែ​នា​ឆ្នាំ​ខាង​មុខៗ​បន្ត​ទៀត​ដែរ​៕ PS


What Next?

Recent Articles

One Response to "សម រង្ស៊ី ​ថា ​យុត្តិធម៌​ស្ថិត​ក្នុង​ភាព​ងងឹត​សម្រាប់​អ្នក​រងគ្រោះ​ពី​គ្រាប់​បែក"

  1. បារមី ព្រះវិហារ says:

    កាន់សាសនាកាតូលិក ចេះដុតធូបដែរ!!