គ្រូបង្រៀននៅខេត្តកំពង់ចាម​ប្រមាណ​១០០នាក់​ត្អូញត្អែររឿងមិនបានបើកប្រាក់ខែជិត១ឆ្នាំ​

ដោយ៖​ មាឃ ចាន់​ | ថ្ងៃពុធ ទី7 តុលា 2015, 05:27 PM​
http://vodhotnews.com

គ្រូបង្រៀនមួយចំនួនបានអះអាងថាគ្រូបង្រៀនជាប់កិច្ចសន្យាជិត១០០នាក់ នៅស្រុកជើងព្រៃ ក្នុងខេត្តកំពង់ ចាម បានត្អូញត្អែរថាពួកគេមិនបានបើកប្រាក់ខែជិតមួយឆ្នាំមកហើយ ដែលពួកគាត់ចាត់ទុកថាការយឺតយ៉ាវនេះប៉ះពាល់ជីវភាព​រស់នៅរបស់ពួកគេ។​

គ្រូជាប់កិច្ចសន្យាបង្រៀននៅសាលាបឋមសិក្សាឈឺទៀងនៅក្នុងស្រុកជើងព្រៃ ប្រាប់វីអូឌី(VOD)ដោយ​សុំមិនបញ្ចេញឈ្មោះថាមកទល់ពេលនេះជិតមួយឆ្នាំហើយដែលខាងមន្ទីអប់រំខេត្តកំពង់ចាមមិនទាន់បានបើកប្រាក់ខែឲ្យក្រុមគ្រូបង្រៀន នេះបើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤។ អ្នកគ្រូបន្តថាការ​មិន​បាន​បើក​ប្រាក់ខែ​ជិត​មួយ​ឆ្នាំ​នេះ​បាន​ប៉ះពាល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់គាត់។

អ្នកគូ្រមានប្រសាសន៍ថា៖ “ពិបាកណាស់ខ្ញុំ ដល់ពេលហ្នឹងមិនទាន់ឃើញលទ្ធផលអីផង ហើយខ្ញុំពឹងលុយហ្នឹងឯងមកដោះស្រាយក្នុងគ្រួសារ“។

 អ្នកគ្រូរូប​នោះ​បន្តថារយៈពេលកន្លងមក ប្រាក់ខែដែលអ្នកគ្រូទទួលបាន​គឺ​៨០ម៉ឺនរៀលក្នុង​មួយខែ​។

អ្នកគ្រូផ្សេងៗទៀតដែលវីអូឌីបានសម្ភាសន៍ក៏បានអះអាងដូចៗគ្នា។

ប្រធានការិយាល័យអប់រំនៃស្រុកជើងព្រៃ លោក ងូវរីន ហាម៉ូនីកា មានប្រសាសន៍ថាលោកបានបញ្ជូនករណីនេះទៅមន្ទីរអប់រំរួចហើយ។ លោកបញ្ជាក់ថា៖ “រឿងនេះយើងបានធ្វើឯកសាររៀបចំបញ្ជូនទៅឲ្យមន្ទីរអប់រំរួចហើយ ហើយមន្ទីរជាអ្នកទទួលធ្វើនីតិវិធីបន្ត”

ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម លោក សូយ ផល្លា មានប្រសាសន៍ថាមូលហេតុដែលមានការយឺតយ៉ាវនៃការបើកប្រាក់ខែជូនគ្រូជាប់កិច្ចសន្យានេះ គឺដោយសារតែខាងលោកកំពុងតែបំពេញបែបបទនិងបង្កើតគណនីឲ្យ​ពួក​​គាត់នៅធនាគារអេស៊ីលីដា។ លោកបន្តថាពេលណាដែលខាងមន្ទីររៀបចំរួច នឹងជូនដំណឹងទៅគ្រូបង្រៀន​ឲ្យមកបើកប្រាក់ខែ។ លោកមានប្រសាសន៍ថា៖ “លុយហ្នឹង​វាមិនបាត់ទៅណាទេ”។​  

អ្នកនាំពាក្យក្រសួង អប់រំ យុវជន និង កីឡា លោក រស់ សាលីន ប្រាប់វីអូឌី(VOD)ដោយខ្លីថាលោកមិនទាន់បានដឹងបញ្ហានេះ​នៅឡើយទេ ដោយថានឹងពិនិត្យជាមួយមន្ត្រីជំនាញសិន៕

សរសេរមកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com

What Next?

Recent Articles