អាជ្ញាធរ​នឹង​ផាកពិន័យ​អ្នកធ្វើ​ដំណើរ​តាម​ច្រក​ព្រំដែនដែលមិនសហការឲ្យ​ត្រួតពិនិត្យ​សុខភាព​​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី9 តុលា 2015
http://vodhotnews.com


រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាល​ជា​អន្តរជាតិនៃ​ជំងឺនៅតាមច្រក​ចេញចូ​ល ដោយតម្រូវឲ្យអ្នកឆ្លងកាត់តាមច្រកព្រំដែនទាំងអស់សហការ​ជា​មួយមន្រ្តីជំ​នាញសុ​ខាភិបាលនៅតាមព្រំដែន ក្នុង​ករណី​សង្ស័យ​ណាមួយ។​

អនុក្រឹត្យចុះថ្ងៃទី១៧ខែកញ្ញាឲ្យដឹងថាការចេញអនុក្រឹត្យនេះមានគោលបំណងកំណត់អំពីវិធានការសុខាភិបាល​អនុវត្ត​ដោយមន្រ្តីត្រួតពិនិត្យតាមច្រកទ្វារអន្តរជាតិ ច្រកព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែននិងច្រកទ្វារកំពង់​ផែស​មុទ្រ ដើម្បីទប់ស្កាត់និងឆ្លើយតបគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈនៅតាមច្រកចេញ​ចូ​ល។ អនុក្រឹត្យនេះមានវិសាលភាពត្រួតពិនិត្យនិងអនាម័យ អនុវត្តចំពោះគ្រប់អ្នកដំណើរដែលសង្ស័​​យ​ថា​​អាចចម្លងជំងឺដែលចេញចូលតាមច្រកព្រំដែន។

បើតាមអនុក្រឹត្យ ចំពោះយានដឹកជញ្ជូនដែលសង្ស័យថាអាចចម្លងជំងឺដែលចេញចូលតាមច្រកទ្វារខាងលើនឹ​​ង​ត្រូ​វ​បានត្រួតពិនិត្យផ្នែកអនាម័យនិងការចម្លងរោគ ដោយមន្រ្តីច្រកព្រំដែន ក្នុងករណីដែលមានការផ្ទុះការរាតត្បាតជំងឺឆ្លងក្នុងប្រទេសឬអន្តរជាតិ។ អនុក្រឹត្យចែងថាអ្នកដំណើរឬការីនៃយានដឹកជញ្ជូនណាដែលគេចវេះមិនឲ្យមន្រ្តីតាមព្រំដែនត្រួតពិនិត្យឬមិនសហការជាមួយមន្រ្តីក្នុងការអនុវត្តវិធានការសុខាភិបាល​ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី២០ម៉ឺនរៀលទៅ១លានរៀល ទៅតាមទំហំនៃបទល្មើសនិងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល។ អនុក្រឹត្យបន្ថែម​ថាការទទួលពិន័យ​អន្តរការណ៍​នេះមិន​ធ្វើឲ្យជ​នដែលប្រព្រឹត្តលើ្មសរួចផុតពីការទទួលខុសត្រូវខាងព្រហ្ម​ទណ្ឌដែ​លចែង​នៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។

បើតាមអនុក្រឹត្យនេះ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវះពីការអនុវត្តរបស់​មន្រ្តីជំនាញខាងសុខភាពនៅព្រំដែន ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ហើយក្នុងករណីមិនសហ​ការអនុវត្តតាម ជននោះនឹងត្រូវអាជ្ញាធរបដិសេធការចេញចូលកម្ពុជា។ ចំពោះមន្រ្តីអនុវត្តមិនគោរពតាមប្បញ្ញត្តិនៃអនុក្រឹត្យនេះ ត្រូវប្រឈមនឹងវិធានការរដ្ឋបាល។

អនុក្រឹត្យ​ឲ្យ​ដឹង​ទៀត​ថា​កម្រៃសេវាត្រួតពិនិត្យនិងការអនុវត្តវិធានការសុខាភិបាលត្រូវកំណត់ដោយប្រកាសអន្ត​រក្រ​សួងរវា​ងរដ្ឋមន្រ្តីក្រ​សួងសុ​ខាភិបាលនិងរដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles