ពលរដ្ឋ​ត្អូញត្អែរ​ពី​ទំនិញ​ឡើងថ្លៃ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​ខិត​ចូល​មក​ដល់

ដោយ អ៊ុំ រង្សី
2015-10-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទំនិញ​ឡើង​ថ្លៃ ៦២០
ទំនិញ​ដែល​ពលរដ្ឋ​ទិញ​សម្រាប់​ប្រើ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ផ្សារ​ទំនើប​មួយ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០១៥។ RFA/Chanthuna


ជា​រៀងរាល់​ឆ្នាំ​គេ​សង្កេត​ឃើញ​ថា នៅ​អំឡុង​ពេល​មាន​ពិធី​បុណ្យ​ប្រពៃណី​សំខាន់ៗ​ម្តងៗ ដូចជា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ទំនិញ​មួយ​ចំនួន​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ខុស​ពី​ធម្មតា ហើយ​នៅ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដែរ។ ប្រជាពលរដ្ឋ​ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធានការ​ទប់ស្កាត់​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នេះ។

ប្រជាពលរដ្ឋ​ទាំង​រាជធានី​ភ្នំពេញ ទាំង​តាម​បណ្ដា​ខេត្ត ត្អូញត្អែរ​ដូចៗ​គ្នា​ថា ការ​ឡើង​ថ្លៃ​ទំនិញ​ខ្ពស់​មួយ​ទ្វេ​ជា​ពីរ​នៅ​លើ​ទីផ្សារ ខណៈ​មាន​បុណ្យ​ទាន​ធំៗ​ម្តងៗ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ។ ករណី​នេះ​ក៏​បាន​រាំង​ស្ទះ​លើ​ការ​ចំណាយ​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ ឬ​បង​ប្អូន​សាច់​ញាតិ​រៀងៗ​ខ្លួន​ផង​ដែរ៖ «ផ្ដើម​ដោយ​សំឡេង​អាជីវករ និង​អ្នក​ទិញ​ត​ថ្លៃ​ទំនិញ»

​ជា​អាជីវករ​លក់​អីវ៉ាន់​ចាប់ហួយ នៅ​ម្ដុំ​ផ្សារ​មាន់​អាំង កញ្ញា លី ប៉ូ បាន​ឲ្យ​ដឹង​ថា ខណៈ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខិត​ជិត​មក​ដល់ កញ្ញា​សង្កេត​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ​ទំនិញ​មួយ​ចំនួន​ដូចជា មី ទឹក​ផ្លែឈើ មីសួ ស្ករស និង​ទឹក​ដោះគោ ព្រម​ទាំង​មាន​ទំនិញ​ជា​ច្រើន​ទៀត​ឡើង​ថ្លៃ​ខ្លាំង៖ «និយាយ​ទៅ​ទំនិញ​វា​ឡើង​ថ្លៃ​ស្ទើរ​គ្រប់​​មុខ​តែម្ដង ដូចជា​មី និង​ទឹក​ផ្លែឈើ​ផ្សេងៗ ប៉ុន្តែ​ឆ្នាំ​នេះ​ឃើញ​ឡើង​ណាស់ ឡើង​ជាង​រាល់​ឆ្នាំ យ៉ាប់​លក់។ អ៊ីចឹង​ដល់​ពេល​ឡើង ធុញថប់​ក្នុង​អារម្មណ៍​គិត​អី​ក៏​មិន​ចេញ​ដែរ»»

​ជាង​នេះ​ទៀត ស្ត្រី​ជា​អាជីវករ​វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​បន្ត​រអ៊ូរទាំ​​ថា ដោយសារ​ទំនិញ​ដែល​នាំ​ចូល​មក​លក់​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ទើប​ធ្វើ​ឲ្យ​ការ​លក់​ចេញ​បាន​ចំណេញ​តិច។ កញ្ញា​កត់សំគាល់​ដែរ​ថា ដោយសារ​តែ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​នៅ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អ្នក​ទិញ​ភាគ​ច្រើន​បាន​បង្វែរ​ពី​ការ​ទិញ​របស់​របរ​ទៅ​ស្រុក​កំណើត ដោយ​ងាក​មក​ជូន​ជា​លុយ​កាក់​ទៅ​កាន់​ក្រុម​គ្រួសារ បងប្អូន និង​សាច់ញាតិ​ទៅ​វិញ៖ «ទំនិញ​ដល់​ពេល​យក​ថ្លៃ​អ៊ីចឹង​លក់​អត់​ចំណេញ​ទេ ហើយ​អ្នក​ទិញ​គាត់​ចេះ​តែ​ស្រែក​ថា​ឡើង​ថ្លៃៗ ប៉ុន្តែ​យើង​យល់​ចិត្ត​គាត់​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច បើ​គ្រប់​អីវ៉ាន់​ឡើង​ថ្លៃ​រហូត»។

​ទាក់ទិន​ទៅ​នឹង​ការ​រអ៊ូរទាំ​ពី​ទំនិញ​ឡើង​ថ្លៃ​លក់​មិន​ចំណេញ​នេះ​ដែរ ស្ត្រី​ពាក់​អាវ​ផ្កា​ដៃ​វែង ក​ឌុប ព្រមទាំង​ដៃ​ទាំង​សងខាង​មាន​ពាក់​ស្រោមដៃ​ផង​នោះ អ្នកស្រី គីម ស្រស់ ជា​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ទួលគោក បាន​ត្អូញត្អែរ​ដែរ​ថា ជា​រឿង​រាល់​ឆ្នាំ​ត្រី​តែង​ឡើង​ថ្លៃ​នៅ​មុន​ភ្ជុំបិណ្ឌ។ អ្នកស្រី​ថា វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ស្រុក​ខ្មែរ​រឿង​ទំនិញ​ឡើង​លឿន ហើយ​ចុះ​ថ្លៃ​យឺត​នោះ។ មិន​ត្រឹមតែ​គ្រឿង​ហូប​ចុក​ប្រចាំ​ថ្ងៃ​នោះ​ទេ​ដែល​ឡើង​ថ្លៃ សម្លៀក​បំពាក់ និង​របស់របរ​ប្រើប្រាស់​ដទៃ​ទៀត​ក៏​ឡើង​ថ្លៃ​ដូចគ្នា​ដែរ ​​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់។ នៅ​ពេល​ដែល​អ្នក​ទិញ​យល់​ថា អ្នក​លក់​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ពួកគេ​លក់​ទំនិញ​បាន​ថ្លៃ​នោះ ស្ត្រី​អាជីវករ​ម្នាក់​នេះ​បែរ​ជា​ត្អូញត្អែរ​ទៅ​វិញ។

កំពុង​អង្គុយ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់ កាបូប ស្បែកជើង ស្ត្រី​វ័យ ៣៥​ឆ្នាំ អ្នកស្រី សេង យូ អាជីវករ​ផ្សារ​ទួលសង្កែ បាន​និយាយ​ទាំង​ទឹក​មុខ​ស្រពាប់ស្រពោន​ថា ហាង​លក់​សំលៀក​បំពាក់​ទាំង​ពីរ​កន្លែង​របស់​អ្នកស្រី ហាក់​ដូចជា​ស្ងាត់​ម៉ូយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ព្រោះ​ទំនិញ​មាន​តម្លៃ​ខ្ពស់។

ស្ត្រី​ជា​អាជីវករ​រូប​នេះ អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​កាត់​បន្ថយ​ការ​យក​ពន្ធ​ទំនិញ​ដើម្បី​កុំ​អោយ​ទំនិញ​ចេះ​ឡើង​ថ្លៃ​អត់​ឈប់ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៖ «សូម​ឲ្យ​រដ្ឋាភិបាល​ចុះ​ពន្ធ​ដូច​ឆ្នាំ​មុនៗ ទើប​ខ្ញុំ​យក​មក​លក់​វា​ចំណេញ​ខ្លះ បើ​ឆ្នាំ​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ម្ដង លក់​បាន ១​លាន ទៅ ២​លាន ដល់​ពេល​ពន្ធ​ថ្លៃ​អ៊ីចឹង ១​លក់​បាន​តែ ១០​ម៉ឺន មិន​ចង់​បាន​ផង»

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ជា​អាជីវករ​លក់​សាច់​គោ​នៅ​ផ្សារ​ដើមគ អ្នកស្រី សួង សុវណ្ណារ៉េត ក៏​បាន​រៀបរាប់ និង​ត្អូញត្អែរ​ដែរ​ថា សាច់​គោ​បាន​ឡើង​ថ្លៃ​ជា​រៀងរាល់​ឆ្នាំ ដោយសារ​តែ​ទីផ្សារ​សាច់​គោ​បច្ចុប្បន្ន​មិន​សូវ​សំបូរ៖ «ដោយសារ​ទំនិញ​ឡើង​ថ្លៃ លំបាក​ក្នុង​ចិត្ត​ណាស់ ពី​មួយ​ថ្ងៃៗ ណា​មួយ​ជំពាក់​គេ លក់​អត់​ដាច់​ផង»

ដោយសារតែ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ មិន​ថា​ត្រី សាច់ នំចំណី​នោះ​ទេ អ្នកស្រី ណារី ដែល​ជា​អ្នក​មក​ទិញ​ផ្លែឈើ​នៅ​ផ្សារ​សាមគ្គី បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លែឈើ​មួយ​ចំនួន​ក៏​ឡើង​ថ្លៃ​ដែរ ដូចជា សារី ក្រូច មៀន សាវម៉ាវ និង​ចេក​ជាដើម។ កត្តា​នេះ អ្នកស្រី​ថា មិន​មែន​តែ​អ្នកស្រី​ប៉ុណ្ណោះ​ទេ អ្នក​ទិញ​មួយ​ចំនួន​បាន​ទិញ​ទំនិញ​ក្នុង​ចំនួន​តិច​តែប៉ុណ្ណោះ ដើម្បី​សន្សំសំចៃ​សម្រាប់​ចំណាយ​យក​ទៅ​ស្រុក​កំណើត។

ទន្ទឹម​គ្នា​នេះ​ដែរ លោក វីរៈ ដែល​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ទើបតែ​ត្រឡប់​មក​ពី​ទិញ​ម្ហូប​នៅ​ក្នុង​ផ្សារ​សាមគ្គី បាន​និយាយ​ដែរ​ថា ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ឥត​ឈប​ឈរ​លោក​ថា អ្នក​ដែល​រង​ទុក្ខ​វេទនា​ខ្លាំង គឺ​និស្សិត​មក​ពី​ខេត្ត ព្រោះ​ត្រូវ​ចំណាយ​សព្វគ្រប់​បែប​យ៉ាង។ លើស​ពី​នេះ លោក​បន្ត​ថា ទំនិញ​ចេះ​តែ​ឡើង​ថ្លៃ តែ​ប្រាក់ខែ​បាន​តិច មិន​អាច​គ្រប់គ្រាន់​ថ្លៃ​ឡាន និង​ត្រូវ​ទុក​លុយ​មួយ​ចំនួន​ជូន​ដល់​ឪពុកម្ដាយ​នោះ​ឡើយ៖ «បើ​តាម​ខ្ញុំ​សង្កេត​មើល ដូច​ត្រឡោក​អ៊ីចឹង ពី​មុខ​តម្លៃ ១០០​រៀល។ ឥឡូវ​វិញ ឡើង ១.២០០ ទៅ ១.៥០០​រៀល ហើយ​បើ​សាច់​គោ​វិញ ឡើង​ដល់​ជាង ៤​ម៉ឺន​រៀល ហើយ​តែ​បើ​យើង​រអ៊ូ អ្នក​លក់​គាត់​ថា គាត់​យក​ថ្លៃ​មក​ដែរ»

ទាក់ទិន​ទៅ​នឹង​ការ​រអ៊ូរទាំ​ជុំវិញ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នេះ អ្នក​ស្រាវជ្រាវ​សង្គម លោក កែម ឡី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​អោយ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ដោយសារ​តម្រូវការ​មនុស្ស​មាន​ការ​កើន​ឡើង តែ​រដ្ឋាភិបាល​មិន​ទាន់​ធានា​បាន​នូវ​តម្លៃ ធានា​ផលិតផល​កសិកម្ម និង​ធានា​តម្លៃ​នៅ​លើ​ទីផ្សារ​នៅ​ឡើយ។

​ជាង​នេះ​ទៀត អ្នក​ស្រាវជ្រាវ​សង្គម​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា អ្នក​ដែល​ប៉ះពាល់​ដោយសារ​ការ​ឡើង​ថ្លៃ​ទំនិញ​នេះ ភាគច្រើន​ជា​អ្នក​ដែល​មាន​ចំណូល​ទាប​តិច​ជាង ២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ជាពិសេស​ប្រជា​កសិករ​ក្រីក្រ។ លោក កែម ឡី និយាយ​បន្ត​ថា រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូល​ទំនិញ​ផ្ដាច់​មុខ ព្រម​ទាំង​ត្រូវ​ដាក់​លក្ខខណ្ឌ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់៖ «រដ្ឋ​កុំ​ដើរ​តួនាទី​ជា​អ្នក​លក់​ផង ជា​អ្នក​ទិញ​ផង កុំ​មក​ដើរ​តួ​ជាន់​ក​អ្នក​ទិញ ត្រូវ​តែ​ធានា​ទីផ្សារ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​តម្លាភាព កុំ​ឲ្យ​មាន​ការ​នាំចូល​ទំនិញ​ផ្ដាច់មុខ។ ឧទាហរណ៍ សាំង​គាត់​មាន ៤ ទៅ ១០ ក្រុមហ៊ុន វា​មាន​ក្រុម​វា អ៊ីចឹង​ក្រុមហ៊ុន​ផ្សេងៗ​អត់​ហ៊ាន​មក ព្រោះ​វា​កាង​ទុក ក្រុមហ៊ុន​នាំ​ចូល​ទំនិញ​ដូចជា​ច្រើន​ដែរ តែ​តម្លៃ​ហ្នឹង​នៅ​តែ​ឡើង​ថ្លៃ ដូច​នេះ​ទាមទារ​រដ្ឋាភិបាល​ត្រូវ​ដើរ​តួនាទី​សម្របសម្រួល​ឲ្យ​បាន​ត្រឹមត្រូវ»

ជា​រៀងរាល់​ឆ្នាំ ខណៈ​មាន​ពិធីបុណ្យ​បែប​នេះ គេ​សង្កេត​ឃើញ​ថា មិន​មែន​តែ​ទំនិញ​នៅ​លើ​ទីផ្សារ​ដែល​ឡើង​ថ្លៃ តម្លៃ​ឡាន​ឈ្នួល​កាន់​តែ​ឡើង​ខ្ពស់​មួយ​ទ្វេ​ជា​ពីរ ទោះ​បី​ប្រេងសាំង​មិន​ទាន់​ចុះ​ថ្លៃ។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពាវនាវ​ទៅ​កាន់​ក្រុមហ៊ុន​ប្រេងសាំង ឲ្យ​ចុះថ្លៃ​បន្ថែម​ទៀត ក្នុង​ពេល​ដែល​ប្រេង​លើ​ពិភពលោក​បាន​ធ្លាក់​ថ្លៃ​យូរ​ថ្ងៃ​មក​ហើយ។ ជាង​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ទៅ​កាន់​ក្រុមហ៊ុន​ឡាន​ក្រុង និង​ឡាន​ឈ្នួល កុំ​ឲ្យ​ឡើង​ថ្លៃ ពិសេស​ទំនិញ​នៅ​លើ​ទីផ្សារ​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។

​ផ្ទុយ​ទៅ​វិញ ទាំង​អាជីវករ ទាំង​អ្នក​ទិញ​យល់​ថា ការ​ប្រកាស​ ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​រៀងរាល់​ឆ្នាំ ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ទាំង​អាជីវករ ទាំង​អ្នក​ទិញ​ចង់​ឃើញ​អាជ្ញាធរ​សមត្ថកិច្ច​តាមដាន ហើយ​អនុវត្ត​នូវ​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​ការ​ចុះ​ទៅ​ហាម​ឃាត់​ការ​ឡើង​ថ្លៃ​នានា នៅ​ពេល​បុណ្យទាន ដើម្បី​កែប្រែ​ទម្លាប់​អាក្រក់​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles