អ្នក​ភូមិ​ក្នុង​សង្កាត់​សាមគ្គី​ខេត្ត​ស្ទឹងត្រែង​ត្អូញត្អែរ​ខ្វះ​កន្លែង​ធ្វើ​បុណ្យ​ទាន

ដោយ ម៉ែន សុធីរ
2015-10-12
RFA

វត្ត​រស្មីសាមគ្គី ស្ទឹងត្រែង ៦២០
ខ្លោងទ្វារ​វត្ត​រស្មីសាមគ្គី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង រូបថត​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Men Sothyr


ពលរដ្ឋ​រស់នៅ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​១៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ភាគ​ច្រើន​ពុំ​បាន​ចូលរួម​ពិធី​កាន់​វេន​ភ្ជុំ​បិណ្ឌ និង​ពិធី​ឆ្លង​ភ្ជុំ​នោះ​ទេ។ ពួក​គាត់​ត្អូញត្អែរ​ថា ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​អ្នក​ភូមិ​រស់នៅ​ដល់​វត្ត​សាមគ្គី សង្កាត់​សាមគ្គី មាន​ចម្ងាយ​ជាង ២០​គីឡូ​ម៉ែត្រ។

តំណាង​អ្នក​ភូមិ លោក មាន់ ចាន់ថៃ យល់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ដូចជា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ជាដើម មាន​សារសំខាន់​ណាស់​សម្រាប់​ព្រះពុទ្ធ​សាសនា និង​ក៏​ជា​ជំនឿ​ដែល​មាន​ន័យ​ខ្លឹមសារ​ជ្រាលជ្រៅ ដែល​ដូនតា​ខ្មែរ​ច្រើន​ជំនាន់​តែង​អប់រំ​កូន​ចៅ​ឲ្យ​រៀបចំ​ចង្ហាន់​ទៅ​វត្ត​អារាម​កុំ​បី​ខាន។

លោក​បារម្ភ​ថា អ្នក​ភូមិ​គីឡូ​ម៉ែត្រ​លេខ​១៨ កំពុង​ខ្វះខាត​សាលាឆទាន​នៅ​ក្នុង​មូលដ្ឋាន ដែល​ជា​ឧបសគ្គ​ចម្បង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ភាគ​ច្រើន ពុំ​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​កាន់​បិណ្ឌ​នៅ​វត្ត​រស្មី​សាមគ្គី។ ម៉្យាង ពលរដ្ឋ​ភាគ​ច្រើន​មាន​ជីវភាព​ខ្វះខាត។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា កសាង​សាលាឆទាន​នៅ​តំបន់​នោះ ព្រោះ​ចំនួន​ពលរដ្ឋ​រស់នៅ​ទីនោះ​ក៏​កាន់​តែ​កើន​ឡើង​ដែរ៖ «កន្លែង​ហ្នឹង​មិន​ទាន់​មាន​សាលាឆទាន​ទេ ហើយ​បង​ប្អូន​ពុទ្ធបរិស័ទ គឺ​ពិបាក​ធ្វើ​បុណ្យ​ទាន​ណាស់។ អត់​សូវ​បាន​ធ្វើ​បុណ្យ​ទេ ហើយ​មិន​ទាន់​មាន​ដី​កសាង​ទៀត ដូច្នេះ​ត្រូវ​ការ​សុំ​ដី​រដ្ឋាភិបាល»

ភូមិ​គីឡូ​ម៉ែត្រ​លេខ​១៨ មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ជាង ៣០​គីឡូ​ម៉ែត្រ និង​ឆ្ងាយ​ពី​វត្ត​សាមគ្គី ជាង ២០​គីឡូ​ម៉ែត្រ ហើយ​ពលរដ្ឋ​រស់នៅ​ទីនោះ​មាន​ចំនួន​ជាង ១០០​គ្រួសារ។

ចៅ​សង្កាត់​សាមគ្គី អ្នកស្រី វ៉ន ប៊ុនលី ទទួល​ស្គាល់​ថា ភូមិ​គីឡូ​ម៉ែត្រ​លេខ​១៨ ឬ​ហៅ​ផ្លូវ​ចូល​ឃុំ​អូរស្វាយ ពិត​ជា​ខ្វះ​សាលាឆទាន​ពិត​មែន ហើយ​អាជ្ញាធរ​គ្រោង​រៀបចំ​ឯកសារ​ស្នើ​ទៅ​មន្ទីរ​ជំនាញ ដើម្បី​សិក្សា​វាយ​តម្លៃ​ពី​តម្រូវ​ការ​ពលរដ្ឋ​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles