ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃអាទិត្យ ទី15 វិច្ឆិកា 2015, 08:58 PM
http://vodhotnews.com
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារទី១៧ វិច្ឆិកានេះ លោកនឹងជួបសំណេះសំណាលជាមួយអ្នកស្រី កែ ឡេង ជាម្ចាស់មេដាយមាសប៉េតង់ពិភពលោក បន្ទាប់ពីអ្នកស្រីទទួលបានមេដាយមាសពិភពលោកជាលើកទី២កាលពីថ្ងៃទី៦ វិច្ឆិកានៅក្នុងប្រទេសថៃ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថានឹងមានក្បួនដង្ហែរឆ្ពោះទៅកាន់បរិវេណស្ដាតអូឡាំពិកដូចមុនឬយ៉ាងណានោះទេ ក្នុងពេលដែលថ្ងៃអង្គារនោះ នៅស្ដាតអូឡាំពិកក៏មានព្រឹត្តិករណ៍បាល់ទាត់ពិភពលោកជម្រុះជើងទី២សម្រាប់ទ្វីបអាស៊ីរវាងកម្ពុជានិងជប៉ុន ដែលមិនសូវអំណោយផលសម្រាប់ការធ្វើចរាចរណ៍។
លោក ហ៊ុន សែន បានសរសេរថា៖ “ឆ្លៀតក្នុងឱកាសនេះ គឺខ្ញុំសូមលើកទឹកចិត្តនិងជំរុញយុវជនឲ្យចូលរួមក្នុងវិស័យកីឡាឲ្យកាន់តែច្រើន។ កីឡាGOLF ជាប្រភេទកីឡាងាយហ្វឹកហាត់ ដែលយើងអាចចូលរួមប្រកួតលើឆាកអន្តរជាតិបានផងដែរ។ សព្វថ្ងៃយើងមានទីលានហាត់វាយកូនគោលជាច្រើនកន្លែងដែលជួយសម្រួលដល់ការហ្វឹកហាត់របស់កីឡាករដែលមានចំណង់ចំណូលចិត្តលើGOLF”។ បន្ថែមពីលើការជំរុញទឹកចិត្តឲ្យមានការចាប់អារម្មណ៍លើវិស័យកីឡា ជាពិសេសគឺកីឡាវាយកូនហ្គោល លោកក៏បានបង្ហោះពាក់ព័ន្ធនឹងអ្នកស្រី កែ ឡេង ដែលជាម្ចាស់មេដាយប៉េតង់ពិភពលោកផងដែរ។ លោកបានថ្លែងថា៖ “នៅថ្ងៃអង្គារខាងមុខនេះ(១៧ វិច្ឆិកា) ខ្ញុំព្រះករុណាខ្ញុំ នឹងជួបជាមួយកីឡាការិនីជ័យលាភីមេដាយមាសផ្នែកកីឡាប៉េតង់ ដែលទើបទទួលជ័យជម្នះពីពេលថ្មីៗ។ នេះជាមោទនភាពរបស់កម្ពុជាយើងទាំងមូល ហើយខ្ញុំព្រះករុណាខ្ញុំមានជំនឿថាវិស័យកីឡាកម្ពុជានឹងរីកលូតលាស់ឆាប់រហ័សក្នុងពេលដ៏ខ្លី ក្រោយពេលដែលពហុកីឡាដ្ឋានជាតិខ្នាតអន្តររបស់យើងសាងសង់រួចនៅមុនឆ្នាំ២០២៣ខាងមុខនេះ”។
(រូបថតពីហ្វេសប៊ុកអ្នកស្រី កែ ឡេង)
អ្នកស្រី កែ ឡេង បានបដិសេធក្នុងការផ្ដល់សម្ភាសន៍ ដោយអះអាងថាជាប់រវល់មិនអាចនិយាយបាន និងស្នើឲ្យទាក់ទងទៅកាន់ថ្នាក់លើជាជំនួស ប្រសិនបើចង់សម្ភាសន៍ពាក់ព័ន្ធនឹងផ្ដល់រង្វាន់នេះ។ វីអូឌីមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក វ៉ាត់ ចំរើន អគ្គលេខាគណកម្មការជាតិអូឡាំពិកកម្ពុជាបាននៅឡើយទេ។ យ៉ាងណាមិញ លោកធ្លាប់បញ្ជាក់ថា អ្នកស្រីកែ ឡេង នឹងទទួលបានប្រាក់រង្វាន់ចំនួន៨០លានរៀលនិងមេដាយកិត្តិយសនៅក្នុងពិធីសំណេះសំណាលនោះ ដោយមិនទាន់រាប់បញ្ចូលប្រាក់លើកទឹកចិត្តផ្សេងទៀតនៅឡើយទេ។ លោកថាអ្នកស្រីក៏នឹងមានពិធីដង្ហែក្បួនចេញពីវិមានសន្តិភាពធំដុំដូចកាលពីលើកមុនផងដែរ ប្រសិនបើមិនមានការប្រែប្រួល។
កាលពីដើមខែមេសា ឆ្នាំ២០១៥កន្លងទៅ អ្នកស្រីក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យជួបសំណេះសំណាលបែបនេះផងដែរជាការអបអរដែលអ្នកស្រីដែលទទួលបានមេដាយមាសប៉េតង់ពិភពលោកមកពីប្រទេសបារាំងដែលបានប្រកួតឈ្នះកាលពីចុងឆ្នាំ២០១៣។ យ៉ាងណាមិញ គេមិនទាន់ដឹងថានៅក្នុងពិធីទទួលរង្វាន់ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ វិច្ឆិកានោះ តើនឹងមានដង្ហែរក្បួនឆ្ពោះទៅកាន់បរិវេណស្ដាតអូឡាំពិកដូចមុន ឬយ៉ាងណានោះទេ ក្នុងពេលដែលល្ងាចថ្ងៃនោះ នៅបរិវេណស្ដាតអូឡាំពិកមានការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមជប៉ុន ដែលជាការជម្រុះជើងទី២ដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលត្រូវគេប៉ាន់ស្មានថាចរាចរណ៍នៅជុំវិញបរិវេណស្ដាតអូឡាំពិកនឹងមានសភាពកកស្ទះនោះ៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com