NGO-CEDAW​ ថា អំពើហិង្សា​កើតឡើង​ក្នុង​គ្រួសារ​ដោយសារ​ច្បាប់​នៅ​ខ្វះ​ចន្លោះ​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី29 វិច្ឆិកា 2015
http://vodhotnews.com

NGO-CEDAW​ (រូបភាពពី​​ ​NGO-CEDAW​)

​អង្គការ​ដែល​ធ្វើការ​ការពារ​សិទ្ធិ​ស្ត្រី​អំពាវនាវ​ឲ្យ​សាធារណៈ​ជន​ទាំង​អស់ ចូលរួម​ចែករំលែក​ពី​កង្វល់ និង​បទពិសោធន៍​នានា​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដើម្បី​ជំរុញ​ឲ្យមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយសារ​ច្បាប់​នេះ​នៅ​មាន​ភាពខ្វះ​ចន្លោះ​។​

ការអំពាវនាវ​នេះ ធ្វើឡើង​អំឡុងពេល​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ចំនួន​១៦​ថ្ងៃ ដែល​នឹង ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំចាប់ពី​ថ្ងៃ​ទី​២៥ ​ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទំរង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ ហៅថា “NGO-CEDAW” ឲ្យដឹងថា ការប្រើ​អំពើហិង្សា​នៅ​ក្នុង​គ្រួសារ​មិន​មែន​ជា​កំហុស​របស់​ជនរងគ្រោះ​ទេ ហេតុ​នេះ​អំពើ​ហិង្សាលើ​ស្ត្រី​ជាទង្វើ​មិនអាច​ទទួលយកបាន និង​មិន​អាច​ទម្លាក់​កំហុស​ដល់​ជនរងគ្រោះ​បាន​ឡើយ​។ សេចក្តីប្រកាស​ព័ត៌មានក៏​អំពាវនាវ​ទៅ​សាធារណៈជន​ទាំងអស់​ចូលរួម​ពិភាក្សា​ពី​កង្វល់ និង​ចែករំលែក​បទពិសោធន៍​នានា ដើម្បី​ជំរុញ​ឲ្យមាន​វិសោធនកម្ម​ច្បាប់ ​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ “​ស្ត្រី​គ្រប់រូប​មាន​សិទ្ធិ​រាយការណ៍​ពី​អំពើហិង្សា​ដែល​ពួកគេ​ជួបប្រទះ និង​ទទួលបាន​មក​វិញនូវ ​ការលើកទឹកចិត្ត ការការពារ​ពី​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជាបុព្វហេតុ​នៃ​ការជំរុញ​ឲ្យមាន​ការ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ ក៏ដូចជា​ការចូលរួម​ជំរុញ​ឲ្យមាន​ការប្រើប្រាស់ច្បាប់​នេះ​ឲ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​នៅក្នុង​សហគមន៍​”​។​

ទាក់ទង​នឹង​ករណី​ស្ត្រី​នេះ អង្គការ​“NGO-CEDAW” ក៏​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះថា “​សេចក្តីថ្លៃថ្នូរ​” ដែល​គម្រោង​នេះ ​បង្កើត​ជា​ស្នាដៃ​សិល្បៈ​រូបថត​របស់​ជនរងគ្រោះ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សេចក្តីត្រូវការ​បន្ថែមទៀត ក្នុង​ការផ្តល់​កិច្ច​ការពារ​ដល់​ជនរងគ្រោះ ដោយសារ​ភាពខ្វះ​ចន្លោះ​នៅក្នុង​ច្បាប់​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ​ដែល​ចូល​ជា​ធរមាន​។ 

ការបង្កើត​ស្នាដៃ​សិល្បៈ​នេះ ​ផលិត​ឡើង​ដោយ​អ្នក​ថត​ជំនាញ​ឈ្មោះកញ្ញា ម៉ូ​ណា ស៊ីម៉ន់ ដែល​ក្នុងនោះ​មានដូចជា សិល្បៈ​រូបថត​របស់​ជនរងគ្រោះ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ចំនួន​១០​នាក់ ដោយ​មាន​អម​ជាមួយនឹង​បទពិសោធន៍​របស់​ពួកគេ ព្រមទាំង​ការពន្យល់​បកស្រាយពី​ភាពខ្វះ​ចន្លោះក្នុង​ច្បាប់​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ 

កម្មវិធី​ជួបជុំ​នេះ ធ្វើ​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ព្រហស្បិ​ត៍ទី​៣ ខែ​ធ្នូ នៅ​META HOUSE។ ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​នេះ​ក៏​នឹង​ប្រព្រឹត្តទៅ​រៀងរាល់ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១​ដល់​១២ ​ខែ​ធ្នូ នៅ ​META HOUSE ដែល​មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​២៧ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕ 

សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles