សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​ទាស់​របស់​មេធាវី​លោក ហុង សុខហួរ

ដោយ ម៉ម មុនីរតន៍
2015-11-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជូង ជូងី ៦២០
លោក​មេធាវី ជូង ជូងី ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​មុខ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Morm Moniroth


ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ សម្រេច​ទម្លាក់​ចោល​បណ្ដឹង​ទាស់​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ លោក ហុង សុខហួរ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ណា​មួយ​នោះ​ទេ។ លោក ជូង ជូងី ចាត់​ទុក​ការ​ច្រាន​ចោល​បណ្ដឹង​របស់​ខ្លួន ដែល​ប្រឆាំង​នឹង​សាលក្រម​របៀប​របស់​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុង​ភ្នំពេញ​នេះ ថា​ជា​ការ​ធ្វើ​បុរេវិនិច្ឆ័យ​មុន​អង្គ​សេចក្ដី​ទៅ​ទៀត របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សភា​ព្រហ្មទណ្ឌ។ ហេតុ​នេះ ការ​សម្រេច គឺ​មាន​ភាព​លម្អៀង​រួច​ជា​ស្រេច​បាត់​ទៅ​ហើយ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​សវនាការ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​នៅ​ពេល​នេះ​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ ដោយ​ចាត់​ទុក​ថា នេះ​ជា​របៀប​បោះ​បាល់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សភា​ព្រហ្មទណ្ឌ លើ​សំណុំ​រឿង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ជំទាស់។

សវនាការ​ចាប់​ផ្ដើម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​នាទី​ស្រួល​បួល​នៅ​ឡើយ​ផង ស្រាប់​តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ប្លង់ សំណាង បាន​ផ្ដល់​នាទី​ជូន​ព្រះរាជអាជ្ញា​មុន ដើម្បី​ធ្វើ​សេចក្ដី​សន្និដ្ឋាន។ ភ្លាម​នោះ តំណាង​មហា​អយ្យការ​នៃ​សាលា​ឧទ្ធរណ៍ គឺ​កញ្ញា យិន សុគន្ធារី បាន​ជំទាស់ និង​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ទម្លាក់​ចោល​បណ្ដឹង​ទាស់​របស់ លោក ជូង ជូងី ហើយ​ចាត់​ទុក​ថា​ជា​បណ្ដឹង​ខុស​ទម្រង់។ ម្យ៉ាង​វិញ​ទៀត មិន​ដឹង​ជា​ត្រូវ​ចេញ​សាល​ដីកា​ដោយ​របៀប​ណា​កើត​ទេ បើ​សិន​ជា​សវនាការ​លើ​អង្គ​សេចក្ដី មិន​ទាន់​ទាំង​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ផង​នោះ។ ហេតុ​នេះ កញ្ញា យិន សុគន្ធារី ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ត្រូវ​ទាត់​ចោល​បណ្ដឹង​ឧទ្ធរណ៍​នេះ​ទុក​ជា​មោឃៈ។

នៅ​ក្នុង​អង្គ​សវនាការ មុន​អង្គ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ប្លង់ សំណាង សម្រេច​បដិសេធ​បណ្ដឹង​ទាស់ ដោយ​ពុំ​បាន​បញ្ជាក់​មូលហេតុ​អ្វី​សោះ​នោះ លោក ជូង ជូងី បាន​ពន្យល់​យ៉ាង​ពិស្ដារ ប្រៀប​ដូច​សាស្ត្រាចារ្យ​ដែល​បង្រៀន​ពី​របៀប​បច្ចេកទេស​ច្បាប់។ បន្ថែម​ពី​លើ​នេះ លោក ជូង ជូងី ចាត់​ទុក​ថា ព្រោះ​តែ​ការ​សម្រេច​របស់​តុលាការ​ដោយ​ពុំ​បាន​ផ្អែក​លើ​បច្ចេកទេស និង​មាន​ការ​បកស្រាយ​ច្បាប់​ខុសៗ​គ្នា​នេះ​ហើយ ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​សង្គម ដែល​លោក​មើល​ឃើញ​ក្នុង​អាជីព​ជា​មេធាវី​របស់​លោក​អស់​ពេល​ជាង ១០​ឆ្នាំ​មក​នេះ។

បន្ថែម​លើ​ការ​ដេញដោល​ផ្ទាល់​មាត់​នៅ​ក្នុង​អង្គ​សវនាការ លោក ជូង ជូងី ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ជំនុំ​ជម្រះ​ថា ការ​ទាត់​ចោល​បណ្ដឹង​របស់​លោក​នេះ គឺ​ជា​របៀប​ដែល​ចៅក្រម​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ទុក​ជា​មុន ហើយ​ការ​សម្រេច​ដូច​នេះ បាន​ផ្ដល់​ភាព​អយុត្តិធម៌​រួច​ទៅ​ហើយ​សម្រាប់​កូន​ក្ដី​របស់​ខ្លួន។ លោក​បន្ត​ថា «ពេល​ដែល​ចាប់​ផ្ដើម គាត់​ថា​បណ្ដឹង​ឧទ្ធរណ៍ គឺ​ឥត​ត្រឹមត្រូវ​តាម​ទម្រង់។ ដូច្នេះ​គាត់​ធ្វើ​បុរេ​វិនិច្ឆ័យ​រួច​ទៅ​ហើយ ធ្វើ​ម្ដេច​គាត់​ផ្ដល់​សេចក្ដី​មួយ​ដោយ​យុត្តិធម៌​បាន។ អ៊ីចឹង​ទោះ​បី​សវនាការ​ដេញដោល​ប៉ុន្មាន​ម៉ោង​នេះ គឺ​សេចក្ដី​សម្រេច​របស់​គាត់ គាត់​រក​ហេតុផល​សំអាង​ទៅ​រក​បុរេ​វិនិច្ឆ័យ​របស់​គាត់​នោះ។ គាត់​ឥត​បាន​ស្ដាប់​យក​ហេតុផល ដែល​មេធាវី​លើក​យក​ទៅ​ពិចារណា​ទេ»

កាល​ពី​ថ្ងៃ​ទី​២២ តុលា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ លោក ជូង ជូងី និង​ជន​ជាប់​ចោទ ដាក់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទាញ​យក​សន្ធិសញ្ញា ១៩៧៩ និង​ឧបករណ៍​អេឡិចត្រូនិក​មក​តុលាការ ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ​បន្ថែម។ ដីកា​សរសេរ​ទៀត​ថា ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ពុំ​ទាន់​ឃើញ​ដាក់​ឯកសារ​ពាក់ព័ន្ធ ដែល​ជា​មូលហេតុ​ពុំ​អាច​បន្ត​ស៊ើបសួរ​បាន​ឡើយ។

ដីកា​បង្គាប់​បន្ថែម​ទៀត​ថា ក្នុង​ករណី​មិន​អនុវត្ត​តាម តុលាការ​នឹង​កំណត់​កាល​បរិច្ឆេទ​បន្ត​នីតិវិធី ហើយ​នឹង​មិន​ទទួល​យក​ភស្តុតាង​មក​ពិនិត្យ​ពេល​ក្រោយ​ឡើយ។

ឆ្លើយ​តប​រឿង​នេះ លោក ជូង ជូងី យល់​ឃើញ​ថា នេះ​ជា​ការ​បង្ខំ​ដែល​ផ្ទុយ​ពី​ច្បាប់។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ សីហា បន្ទាប់​ពី លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីដូកា (LICADHO) លោក អំ សំអាត បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​នៅ​ពេល​នេះ​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ នៃ​សាលា​ឧទ្ធរណ៍។ លោក​បន្ត​ថា ការ​ទម្លាក់​ចោល​បណ្ដឹង​ទាស់​នេះ មិន​ខុស​ពី​របៀប​លេង​បាល់​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​បញ្ជូន​សំណុំ​រឿង​ទៅ​វិញ​ទៅ​មក​នេះ គឺ​មិន​ខុស​ពី​ឆាក​ល្ខោន​នយោបាយ​នោះ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ខ្ញុំ​យល់​ថា​នេះ​ហាក់​ដូច​លេង​ល្បែង​រុញ​ទៅ​រុញ​មក។ យើង​ដឹង​ហើយ​ករណី​នេះ​ដែល​មតិ​ជាតិ និង​អន្តរជាតិ គេ​គិត​ថា វា​ករណី​នយោបាយ។ អ៊ីចឹង​វា​ហាក់​ដូចជា​បោះ​បាល់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រង់ចាំ​ពន្យារ​ពេល​ការ​ចរចា​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ​ទេ»

លោក ជូង ជូងី ឲ្យ​ដឹង​ថា លោក​នឹង​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ប្រសិន​បើ​កូន​ក្តី​របស់​ខ្លួន​យល់​ព្រម​ឲ្យ​មាន​បណ្ដឹង​ជា​ថ្មី​ទៀត ប្រឆាំង​សេចក្ដី​សម្រេច​របស់​សភា​ព្រហ្មទណ្ឌ​នៅ​ពេល​នេះ។ ជុំវិញ​សំណុំ​រឿង លោក ហុង សុខហួរ នេះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ជា​បណ្ដឹង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles