ONE ត្រៀម​​ផ្តល់ភាព​កក្រើក​​នៅ​កោះ​ពេជ្រ​​ថ្ងៃ​សៅរ៍​នេះ​

កីឡា​ការិនី សំ ថា​រ័ត្ន (ឆ្វេង) ហ្វឹក​ហាត់​ត្រៀម​ឡើង​ប្រកួត​ជា​មួយ​កីឡា​ការិនី Jeet Toshi​។  ស្រេង ម៉េង ស្រ៊ុន

កីឡា​ការិនី សំ ថា​រ័ត្ន (ឆ្វេង) ហ្វឹក​ហាត់​ត្រៀម​ឡើង​ប្រកួត​ជា​មួយ​កីឡា​ការិនី Jeet Toshi​។ ស្រេង ម៉េង ស្រ៊ុន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: នៅ​ទី​បំផុត ការ​រង់​ចាំ​របស់​អ្នក​​ស្នេហា​វិស័យ​កីឡា​ប្រដាល់​​ចម្រុះ​នឹង​ឈាន​មក​ដល់​នៅ​​ចុង​សប្តាហ៍​នេះ ខណៈ​ដែល​កីឡា​ករ​កីឡា​ការិនី​កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​ភាព​រំភើប ក៏​ដូច​ជា​សមត្ថ​ភាព​រៀ​ង​ៗ​ខ្លួន​របស់​ពួក​គេ​ទៅ​កាន់​អ្នក​គាំ​ទ្រ​កម្ពុជា និង​ពិភព​លោក​ក្នុង​ព្រឹត្តិ​ការណ៍ ONE: Kingdom of Khmer នៅ​លើ​សង្វៀន​របស់ ONE ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។

នៅ​​ថ្ងៃ​សៅរ៍ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ការ​​ប្រកួត​ចំនួន​ ១០ គូ​ទាំង​ជាតិ និង​អន្តរ​ជាតិ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គ​ភាព​​ឈាន​មុខ​គេ​ប្រចាំ​ទ្វីប​​អាស៊ី ONE Championship (ONE) ត្រូវ​បាន​រំពឹង​ទុក នឹង​ផ្តល់​ភាព​រំភើបក៏​ដូច​ជា​សកម្ម​ភាព​យ៉ាង​ជក់​ចិត្ត​នៅ​រោង​មហោស្រព​កោះ​ពេជ្រ ដែល​នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៦​ល្ងាច​ត​ទៅ​។

ក្នុង​សកម្ម​ភាព​ប្រកួត​ដ៏​រំ​ភើប​នេះ កីឡាករ Lowen Tynanes វ័យ​២៥​ឆ្នាំ មក​ពី​រដ្ឋ​ហាវ៉ៃ​ រំពឹង​ថា នឹង​បង្កើត​​ភាព​អស្ចារ្យ ក៏​ដូច​ជា​រក្សា​​ភាព​ខ្លាំង​របស់​ខ្លួន​​នៅ​ពី​មុខ​អ្នក​គាំ​ទ្រ​កម្ពុជា នៅ​ពេល​ដែល​រូប​គេ​​ត្រូវ​ប៉ះ​ជា​មួយ​នឹង​កីឡាករ​រុស្ស៊ី Rasul Yakhyaev ក្នុង​ការ​ប្រកួត​កម្រិត​គូ​ឯក​ក្នុង​ទម្ងន់​៧០,៣​គីឡូ​ក្រាម​។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ ដែល​​មាន​កំណត់​ត្រា​ឈ្នះ​ក្នុង​​សង្វៀន​ដាក់​ទ្រុង​ចំនួន​៧​លើក មិន​ដែល​ចាញ់បាន​​កសាង​កេរិ៍្ត​ ឈ្មោះ​របស់​គេ​​នៅ​លើ​ទឹក​ដី​អាស៊ី​កាល​ពី​ឆ្នាំ​២០១១ តាម​រយៈ​ការ​ឡើង​ប្រកួត​​ក្បាច់​ប្រដាល់​​ចម្រុះ (MMA) ​ជាលើ​កទី​១​របស់​គេ​នៅ​ប្រទេស​ជប៉ុន ហើយ​​ជ័យ​ជម្នះ​របស់​គេ​ភាគ​ច្រើន ​មិន​មែន​បញ្ចប់​ដោយ​ការ​កាត់សេចក្តី​ដោយ​ពិន្ទុ​ឡើយ​។

សម្រាប់​ការ​​ប្រកួត​នា​ពេល​ខាង​មុខ​នេះ Tynanes បាន​ឲ្យ​ដឹង​ថា៖ «ការ​​ធ្វើ​ដំណើរ​មក​កាន់​ភ្នំ​ពេញ ពិត​ជា​​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។ ការ​ទទួល​បាន​បទ​ពិសោធ​ជា​មួយ​នឹង​​ប្រទេស​ដែល​មាន​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌ដ៏​សម្បូរ​បែប​ដូច​ជា​កម្ពុជា ពិត​ជា​រឿង​ដ៏​រំភើប​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ក្នុង​ការ​ប្រកួត ហើយ​ខ្ញុំ​ពេញ​ចិត្ត ហើយ​អាច​ប្រកួត​ជា​មួយ​នឹង​កីឡាករ​រូប​ណា​ក៏​បាន​»​។

ដោយ​ឡែក Yakhyaev ក៏​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​របស់​រុស្ស៊ី​ផងដែរ ខណៈ​ដែល​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ មាន​កំណត់​ត្រា​ឈ្នះ​៩​លើក និង​ចាញ់​២​លើក ហើយ​ជ័យ​ជម្នះ​​របស់​គេ​ភាគ​ច្រើន​​បាន​បញ្ចប់​ដោយ​ការ​ធ្វើ​ឲ្យ​ដៃ​គូ​ចុះ​ចាញ់ និង​សន្លប់​។ គូ​ប្រកួត​គូ​ឯក​ដ៏​គួរ​​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​គឺ ការ​ជួប​គ្នារ​វាង​កីឡាករ​ជើង​ខ្លាំង​របស់​ម៉ាឡេ​ស៊ី Gianni Subba (ឈ្នះ​៦​លើក និង​ចាញ់​១​លើក) និង​កីឡាករ​ថៃ Anatpong Bunrad (ឈ្នះ​៥ លើក និង​ចាញ់​១​លើក) ក្នុង​ទម្ងន់​​៥៦,៧​គីឡូ​ក្រាម​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ សម្រាប់​ការ​ប្រកួត​គូ​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា ចាន់ ហេង រំពឹង​ថា នឹង​អាច​បង្ហាញ​ភាព​សមត្ថ​ភាព​ដ៏​ខ្លាំង​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរ​ជាតិ​នៅ​ពេល​ដែល​រូប​គេ​ប៉ះ​ជា​មួយ​នឹង​កីឡាករ​​ឥណ្ឌូ​នេស៊ី Mario Satya Wirawan​ ក្នុង​ទម្ងន់​៦៥,៨​គីឡូ​ក្រាម ។

ចាន់ ហេង ដែល​​មាន​កំណត់​ត្រា​ឈ្នះ​ក្នុង​សង្វៀន​ដាក់​ទ្រុង​៨​លើក និង​ចាញ់​២​លើក​នោះ ពិត​ជា​ស្រេក​ឃ្លាន​​ជ័យ​ជម្នះ​​យ៉ាង​ខ្លាំង​ដើម្បី​ករ​សាង​កេរិ៍្តឈ្មោះ​របស់​គេ​​នៅ​លើ​​ឆាក​​អន្តរ​ជាតិ​នៅ​ពេល​ដែល​ប៉ះ​ជា​មួយ​​អ្នក​ប្រយុទ្ធ​មិន​សូវ​មាន​បទ​ពិសោធ Wirawan ដែល​មាន​កំណត់​ត្រា​ឈ្នះ​៤​លើក និង​ចាញ់​២​លើក​។

ចាន់ ហេង បាន​​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ហ្វឹក​ហាត់​ជា​មួយ​នឹង​គ្រូ​ចាន់ រាជ ក្នុង​ក្លិប Cambodian Top Team​។ គាត់​ជា​មនុស្ស​ល្អ និង​​បាន​ជួយ​ដល់​ខ្ញុំ​​ជា​មួយ​នឹង​ក្បាច់ MMA ជា​ច្រើន​ ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​ក្នុង​​ទ្រុង​។ ខ្ញុំ​ពិត​ជា​ស្រេក​ឃ្លាន​ក្នុង​ការ​​បង្ហាញ​ខ្លួន​ក្នុង​សង្វៀន​របស់ ONE នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​ថា ខ្ញុំ​​មាន​សមត្ថ​ភាព និង​​កសាង​កេរិ៍្ត​ឈ្មោះ​របស់​ខ្ញុំ​​នៅ​លើ​ឆាក​អន្តរ​ជាតិ​»​។

ក្នុង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត ​កីឡាករ​ចាន់ រត​នា រំពឹង​​ថា អាច​ស្តារ​មុខ​មាត់​របស់​ខ្លួន​របស់​មក​វិញ នៅ​ពេល​ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​សង​សឹក​ជា​មួយ​នឹង​កីឡាករ​សំអាង ឌុន ក្រោយ​ពី​រូប​គេ​បាន​ចាញ់​ទាំង​ចម្រូង​ចម្រាសក្នុង​ការ​ប្រកួត ONE: Rise of the Kingdom កាល​ពី​ឆ្នាំ​មុន នៅ​លើ​សង្វៀន​​ដូច​គ្នា​នេះ ដោយ​សារ​តែ​បាន​ធ្វើ​ខុស​ទៅ​នឹង​ លក្ខ​ន្តិកៈ​នៃ​ការ​ប្រកួត​។

រត​នា វ័យ​២៩​ឆ្នាំ ដែល​ឈ្នះ​៣​លើក និង​ចាញ់​១ ​បញ្ជាក់​ថា រូប​គេ​កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​លុប​លាង​នូវ​អ្វី​ដែល​រូប​គេ​បាន​បាត់​បង់​។

កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ និង​ខ្ញុំ​ពិត​ជា​ចង់​លុប​លាង​នូវ​អ្វី​ដែល​ខ្ញុំ​បាន​​បាត់​បង់​។ ខ្ញុំ​​មាន​អារម្មណ៍​រំភើប និង​ប្តេជ្ញា​ថា នឹង​​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថ​ភាព​​របស់​ខ្ញុំ​។ ខ្ញុំ​ដឹង​ថា គូ​របស់​ខ្ញុំ​ខ្លាំង​ចំណុច​ណា ហេតុ​នេះ ខ្ញុំ​ក៏​មាន​ស្នៀត​ទប់​ទល់​ផងដែរ​​»​។ សម្រាប់​សំអាង ឌុន ដែល​ឈ្នះ​៥​លើក និង​ចាញ់​២​លើក បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ហាន​មើល​ស្រាល​លើ​ដៃ​គូ​ឡើយ ព្រោះ​គេ​ខ្លាំង ប៉ុន្តែ ខ្ញុំ​នឹង​ប្រើ​ប្រាស់​កណ្តាប់​ដៃ​របស់​ខ្ញុំ​ដើម្បី​ផ្តួល​ឲ្យ​គេ​សន្លប់ និង​ចាញ់​ម្តង​ទៀត​»​។

ជា​មួយ​គ្នា​នេះ អ្នក​លេង​ក្បាច់​ល្បុក្ក​តោ សំ ថា​រ័ត្ន (ឈ្នះ​២ ចាញ់​១) នឹង​ត្រូវ​ឡើង​ប្រកួត​ជា​មួយ​នឹង​កីឡា​ការិនី​​រូប​ស្រស់ Jeet Toshi (ឈ្នះ​២ ចាញ់​២) របស់​ឥណ្ឌា ក្នុង​ទម្ងន់​៤៨​គីឡូ​ក្រាម ខណៈ​ដែល​ការ​ប្រកួត​​ក្នុង​សង្វៀន​ដាក់​ទ្រុង​របស់ ONE លើក​ចុង​ក្រោយ​របស់​កីឡា​ការិនី​ទាំង​ពីរ​សុទ្ធ​​សឹង​បាន​បញ្ចប់​ដោយ​ការ​បរា​ជ័យ​ក្រោម​ស្នា​ដៃ​កីឡា​ការិនី​ ហ្វី​លី​ពីន Jujeath Nagaowa ដូច​គ្នា​។ ក្នុង​ការ​ប្រកួត​​រវាង​គូ​នារី​មួយ​​គូ​ទៀត កីឡា​ការិនី​អេ យ៉ា​នុតនឹង​ភ្លក្សរស​ជាតិ​នៃ​ការ​បង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន​​ដាក់​ទ្រុង​ជា​លើក​ទី​១​នៅ​ពេល​ជួប​ជាមួយ​នឹង​កីឡា​កា​រិនីវី ស្រី​ឆៃ​។

សម្រាប់​ការ​ប្រកួត​រវាង​កម្ពុជា និង​កម្ពុជា​គូ​ផ្សេង​ទៀត​ ជើង​ខ្លាំង​ មាស ម៉ើ នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​ជើង​ថ្មី ចាន់ សំ​អាង ខណៈ​ដែលស៊ីន ប៊ុន​ស្រុ៊ន នឹង​ឡើង​ប្រកួត​ជា​មួយ​នឹង ខុន ស៊ី​ចាន់​។ ដោយ​ឡែក កីឡាករ​សរ សី នឹង​ត្រូវ​ជួប​ជា​មួយ​នឹង ជីម ចិត្រា ហើយ​ រិន សា​រ័ត្ន ត្រូវ​ប៉ះ​ជា​មួយ​ ​មីស្លីន អាលី​៕

What Next?

Recent Articles