ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​១​គ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​​រង​ការ​ចោទ​ថា​ចេះ​អំពើ​អាបធ្មប់

ដោយ​ សូត សុខប្រាថ្នា
2016-02-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផែនទី​ខេត្ត​កំពង់ធំ ៦២០
ផែនទី​ខេត្ត​កំពង់ធំ។ Photo: RFA


ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កំពុង​មាន​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ។ ក្តី​បារម្ភ​របស់​ពួកគាត់​កើត​ឡើង​ក្រោយ​ពេល​មាន​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​ចំនួន ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​បណ្ដេញ​ពួកគាត់​ចេញ​ពី​ភូមិ​ទៀត​ផង ដោយ​ចោទ​ថា​ចេះ​អំពើ​អាបធ្មប់។ ទោះ​យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា មួយ​គ្រួសារ ស្នើ​ឱ្យ​សមត្ថកិច្ច​រក្សា​សុវត្ថិភាព​របស់​ពួកគេ ព្រមទាំង​ជួយ​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​មក​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន។ ការ​ស្នើ​នេះ ក្រោយ​ពេល​មាន​ក្រុម​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​គប់​ផ្ទះសម្បែង ព្រមទាំង​គំរាមកំហែង និង​បំភិតបំភ័យ សមាជិក​ដែល​រស់​នៅ​ក្នុង​គ្រួសារ​នៅ​ពេល​យប់ ជារឿយៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​គ្រួសារ​មួយ​នេះ​ចាក​ចេញ​ពី​ភូមិ​ស្រុក។

ពលរដ្ឋ​នៅ​ភូមិ​សង្គ្រោះ ឃុំ​បឹងល្វា លោក ស៊ិន សាវិន មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​គ្រួសារ​លោក​ថា ចេះ​អំពើ​អាប​ធ្មប់ គឺ​កើត​ឡើង​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៥។ លោក​ថា ពេល​នោះ​អាជ្ញាធរ​មូលដ្ឋាន​បាន​បណ្ដេញ​ក្រុម​គ្រួសារ​លោក​មិន​ឱ្យ​បន្ត​រស់​នៅ​ក្នុង​ភូមិ​ទៀត​ផង។ លោក​បដិសេធ​ថា គ្រួសារ​លោក​មិន​បាន​ចេះ​អំពើ​អាបធ្មប់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ប៉ុន្តែ​អាច​ដោយសារ​តែ​អាជ្ញាធរ​ភូមិ​ច្រណែន​នឹង​ក្រុម​គ្រួសារ​លោក ហើយ​បង្កើត​រឿង​នេះ​ឡើង​ប៉ុណ្ណោះ៖ «ក្រុម​គ្រួសារ​ខ្ញុំ​បារម្ភ​ដែរ​ចង់​ចាក​ចេញពី​ភូមិ​ហ្នឹង​មួយ​រយៈ​ពេល ទម្រាំ​តុលាការ​គេ​កោះ​ហៅ​ធ្វើ​ការ»

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​ពួកគាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច និង​ទៅ​ស្ថាប័ន​តុលាការ​ឱ្យ​ជួយ​ស្វែង​រក​យុត្តិធម៌ និង​ការពារ​សុវត្ថិភាព​ជៀសវាង​មាន​រឿង​អាក្រក់​ណា​មួយ​កើត​ឡើង​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន។

ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​ភូមិ​សង្គ្រោះ លោក អៀម អន បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​បណ្ដេញ​គ្រួសារ​ពលរដ្ឋ​រូប​នោះ​ចេញ​ពី​ភូមិ​ទេ ហើយ​ក៏​មិន​បាន​គំរាម​កំហែង​អ្វី​នោះ​ដែរ ប៉ុន្តែ​អាច​ជា​ការ​ព្រួយ​បារម្ភ​ខ្លួន​ឯង​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ភូមិ​មិន​បាន​ច្រណែន​ឈ្នានីស​គ្រួសារ​លោក សាវិន ដូច​ការ​លើក​ឡើង​ទេ៖ «ប្រជាពលរដ្ឋ រួម​នឹង​គ្រូ​ហ្នឹង គេ​យល់​ច្រឡំ​ថា គាត់​ចេះ​ធ្មប់ ប៉ុន្តែ​ការ​ថា គាត់​ហ្នឹង​ក៏​មិន​មែន រឿង​ចេះ ឬ​មិន​ចេះ គឺ​ជា​រឿង​របស់​គាត់»

​ដោយ​ឡែក​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងល្វា លោក ហាក់ សារ៉ាត់ មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការ​ចោទ​ប្រកាន់​ក្រុម​គ្រួសារ​លោក សាវិន ថា​ចេះ​អំពើ​អាប​ធ្មប់​មែន ហើយ​កន្លង​មក​សមត្ថ​កិច្ច​ក៏​បាន​កោះ​ហៅ​អាជ្ញាធរ​ភូមិ ព្រម​ទាំង​ប្រជាពលរដ្ឋ​មក​អប់រំ​ណែនាំ​ចំពោះ​បញ្ហា​នេះ ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​រើសអើង ឬ​គំរាមកំហែង​ជាដើម ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​នៅ​មិន​ព្រម​ស្ដាប់​ឡើយ។ មិន​តែ​ប៉ុណ្ណោះ សំណុំ​រឿង​នេះ លោក​ក៏​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត​ផង៖ «សមត្ថកិច្ច​ខ្ញុំ នឿយ​ហត់​ព្រោះ​តែ​កន្លែង​ហ្នឹង គឺ​សឹង​តែ​រាល់​យប់ ទៅ​ល្បាត​ដល់​ផ្ទះ​គាត់»

​លោក​បន្ត​ថា ខាង​សមត្ថកិច្ច​មូលដ្ឋាន​នឹង​បន្ត​ឃ្លាំមើល ព្រមទាំង​ជួយ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ក្រុម​គ្រួសារ​ពលរដ្ឋ​រូប​នោះ​បន្ត​ទៀត ទម្រាំ​សំណុំ​រឿង​នេះ​ត្រូវ​បាន​ថ្នាក់​លើ​ចាត់​វិធានការ។

ជាមួយ​គ្នា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន យល់​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​គួរ​រើសអើង​ប្រជាពលរដ្ឋ​ខ្លួន​តាម​រយៈ​ការ​ចោទ​ប្រកាន់​ណា​មួយ​នោះ​ឡើយ ។ ជាង​នេះ​ទៀត សមត្ថកិច្ច​គប្បី​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ខ្លាច​ក្រែង​ពាក់ព័ន្ធ​រឿង​នយោបាយ​នៅ​ពី​ក្រោយ៖ «ក្រែងលោ​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង។ ជួនកាល​ទៅ​អាជ្ញាធរ​មាន​គំនុំ ឬ​គ្រួសារ​គាត់ រឿង​កាន់​គណបក្ស​ណា​មួយ​ទៅ»

​មន្ត្រី​សិទ្ធិមនុស្ស​ដដែល​និយាយ​ទៀត​ថា ពលរដ្ឋ​រង​ការ​ចោទ​ប្រកាន់​ត្រូវ​សហការ​ជិតស្និទ្ធ​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​ត្រូវ​ធ្វើ​យ៉ាង​ណា​បង្ក​ភាព​កក់ក្ដៅ​ផ្នែក​សុវត្ថិភាព ដើម្បី​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​ពលរដ្ឋ​ទាំង​នោះ​អាច​រស់​នៅ​ប្រកប​ដោយ​ភាព​ស្ងប់​ចិត្ត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles