សមាជិក​ព្រឹទ្ធសភា​អាមេរិក​បង្ហាញ​ក្ដី​កង្វល់​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា

ដោយ ជុន ច័ន្ទបុត្រ
2016-02-11
RFA

មាជ សុវណ្ណារ៉ា ៦២០
មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ចូល​ទៅ​​កាន់​សវនាការ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មករា ២០១៥។ RFA/Morm Moniroth


នៅ​មុន​ការ​មក​ដល់​សហរដ្ឋអាមេរិក របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រឹទ្ធ​សមាជិក​សភា​សហរដ្ឋអាមេរិក ចំនួន ៧​រូប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កុម្ភៈ បាន​សរសេរ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ហាញ​ក្ដី​កង្វល់​របស់​ខ្លួន​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ស្ថានទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ព្រឹទ្ធ​សមាជិក​សភា​ទាំង ៧ រូប​រួម​មាន​លោក គ្រីស្តូហ្វ័រ មឺរហ្វី (Christopher Murphy) លោក រីឆាត ប្លូមេនថាល (Richard Blumentha) អ្នកស្រី អេមី ក្លូប៊ូឆា (Amy Klobuchar) លោក អាល់ ហ្វ្រេងកេន (Al Franken) អ្នកស្រី ម៉ារីយ៉ា ខាន់វែល (Maria Cantwell) លោក ស្ហែលដិន វាយហៅស៍ (Sheldon Whitehouse) និង​អ្នកស្រី អេលីហ្សាបែត វ័ររេន (Elizabeth Warren) បាន​លើក​ឡើង​អំពី​ស្ថានការណ៍​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ព្រឹទ្ធ​សមាជិក​សភា​ទាំង ៧​រូប បាន​បញ្ជាក់​ច្បាស់​ថា ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស សហរដ្ឋអាមេរិក នឹង​បន្ត​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា យ៉ាង​ដិត​ដល់។

នៅ​ចុង​បញ្ចប់​នៃ​លិខិត​នោះ ព្រឹទ្ធ​សមាជិក​សភា​ទាំង ៧​រូប បាន​ប្រាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ពួក​លោក​គាំទ្រ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក ដែល​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ទាមទារ​អោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​អោយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ទាមទារ​អោយ​ដោះលែង លោក មាជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមរិកាំង ពី​ការ​ឃុំឃាំង ព្រម​ទាំង​សុំ​អោយ​បញ្ចប់​ការ​ដណ្ដើម​ដី​ធ្លី​ទាំង​បង្ខំ​ពី​ប្រជាពលរដ្ឋ និង​អោយ​ផ្ដន្ទាទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles