ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃពុធ ទី២ ខែមិនា ឆ្នាំ២០១៦ | ម៉ោង 5:46 PM
http://vodhotnews.com
ក្រសួងមុខងារសាធារណៈបានកើនរំឭកដល់ស្ថាប័នរដ្ឋទាំងអស់ថាការដំឡើងឋានន្តរស័ក្តិដល់មន្ត្រីរបស់ខ្លួន ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវនិងតាមគោលការណ៍ច្បាប់ដែលមាន។
ក្នុងសេចក្តីជូនដំណឹងចេញចុះថ្ងៃទី២ខែមិនា ក្រសួងមុខងារសាធារណៈបានលើកឡើងថាការដំឡើងថ្នាក់ឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តតាមមាត្រា២០និងមាត្រាបន្តបន្ទាប់នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ក្រសួងបញ្ជាក់ថាចំពោះការគិតគូដំឡើងថ្នាក់ឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិលក្នុងឆ្នាំ២០១៦នេះ ត្រូវគិតចំពោះមន្ត្រីរាជការស៊ីវិលដែលខិតខំបម្រើការងារពិតប្រាកដនិងមានរយៈពេលអប្បបរមានៃការឡើងថ្នាក់ត្រូវកម្រិត២ឆ្នាំគិតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។
ក្រសួងបន្តថាការគិតគូដំឡើងថ្នាក់ជូនមន្ត្រីរាជការស៊ីវិលក្នុងឆ្នាំ២០១៦នេះ ត្រូវគិតចំពោះមន្ត្រីរាជការស៊ីវិលដែលបានធ្វើនិយ័តកម្មថ្នាក់ឋានន្តរស័ក្តិធ្វើសមាហរណកម្មរួចរាល់ហើយតែនៅសល់អតីតភាពការងារ។ ក្រសួងមុខងារសាធារណៈឲ្យដឹងទៀតថាសម្រាប់មន្ត្រីរាជការណាដែលសុំដំឡើងថ្នាក់ឋានន្តរស័ក្តិដោយសំអាងលើសញ្ញាបត្រពិតប្រាកដនោះ ត្រូវអនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាននិងអនុលោមពេលវេលាដែលបានកំណត់ក្នុងលិខិតចុះថ្ងៃទី២៦ មករា ឆ្នាំ២០០៩ ស្តីពីការណែនាំបន្ថែមនូវនីតិវិធីក្នុងការដំឡើងថ្នាក់ការតាំងស៊ប់មន្ត្រីរាជការក្របខណ្ឌថ្មីនិងការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍តាមគោលការណ៍។
អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក ស សាម៉ីឌី បានប្រាប់វីអូឌីថាការចេញសេចក្តីជូនដំណឹងគឺដើម្បីគាំទ្រដល់ការអនុវត្តដល់ខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានកន្លងមកនិងជាការក្រើនរំឭកដល់ស្ថាប័នរដ្ឋទាំងអស់។ លោកថាមន្ត្រីរាជការទាំងអស់ដែលបានបម្រើជាតិនឹងត្រូវដំឡើងថ្នាក់ ឋានន្តរស័ក្តិនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។
មាត្រា២០នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលបានចែងថាការឡើងឋានន្តរសក្តិឬឡើងថ្នាក់នៃអ្នករាជការត្រូវធ្វើតាមវេនជ្រើសរើសក៏បានឬតាមវេនជ្រើសរើសនិងអតីតភាពជាមួយគ្នាក៏បាន។ តាមធម្មតា រយៈពេលអប្បបរមានៃការឡើងថ្នាក់ត្រូវកម្រិត២ឆ្នាំ។
ក្នុងករណីអ្នករាជការណាម្នាក់បំពេញការងារមានស្នាដៃល្អពិសេស ត្រូវបានដំឡើងថ្នាក់ជាស្វ័យប្រវត្តិ ដោយពុំគិតពីលក្ខខណ្ឌអតីតភាពឡើយ។ ចំពោះក្របខណ្ឌទាំងអស់ ការដំឡើងថ្នាក់ត្រូវមានការយល់ព្រមពីស្ថាប័នមានសមត្ថកិច្ចក្នុងការតែងតាំងដែលសម្រេចឲ្យតាមកម្រិតនៃកន្លែងទំនេរក្នុងឋានន្តរស័ក្តិនីមួយៗនិងតាមកម្រិតមុខចំណាយថវិកា៕
ទាល់តែយូរតាមឋានានុក្រមខ្មោចផេះ បើមន្ត្រីនោះរក្សាភាពឯករាជ្យមិនចូលជាសមាជិកបក្សកុំស្មាន ថាបានឡើងឋាន្តរះសគ្គ័ឲ្យសោះ។ មិនត្រឹមប៉ុនណ្ណោះបើមិនចូលបក្សគេទេគឺគេអត់ប្រើតែម្តងទោះបី ជាអ្នកនោះមានសញ្ញាបត្របណ្ឌិតមកពីប្រទេសណាក៍ដោយ។ និយាយរួមកន្លងមកការតម្លើងសគ្គ័ជូន មន្ត្រីរាជការគឺវាតម្លៃថាតើមន្ត្រីនោះបានចូលជាសមាជិកបក្សឬអត់ បើអត់ទេនៅតែមានតួនាទីជាមន្ត្រី សាមញ្ញរហូតដល់ចូលនិវត្តតែម្តង។
មន្ត្រីធំៗបច្ចុប្បន្នបានឡើងធ្វើធំភាគច្រើនឡើងតាមជើងខោ។ វិធីនេះលឿនហើយឆាប់បានធ្វើអ្នកមាន ទៀត។ មន្ត្រីមានសញ្ញាបត្រតូចត្រួតលើមន្ត្រីមានសញ្ញាបត្រខ្ពស់ មើលងាយនិងមិនឲ្យតម្លៃអ្នករៀន បានខ្ពស់មានច្រើនណាស់នៅតាមក្រសួង។