លោក រដ្ឋា វិសាល
2016-03-02
RFA

ប្រជាពលរដ្ឋភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្តរតនគិរី ដើម្បីលើកទឹកចិត្តមន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក (ADHOC) លោក ឆាយ ធី ចូលបំភ្លឺតាមការកោះហៅរបស់មន្ត្រីអយ្យការកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Ratha Visal
![]()
មន្ត្រីអយ្យការសាលាដំបូងខេត្តរតនគិរី កោះហៅសមាជិកសហគមន៍ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ១៤នាក់ចូលឆ្លើយបំភ្លឺពីបទបរិហារកេរ្តិ៍។ ពួកគេត្រូវបានប្រធានគ្រប់គ្រងព្រៃការពារ ប្ដឹងក្រោយពីបានចោទប្រធានគ្រប់គ្រងព្រៃការពារ ថាលក់ដូរដីសហគមន៍ ដីព្រៃឈើ និងបឹងធម្មជាតិ។
សមាជិកសហគមន៍ភូមិប៉ក់ធំ ចំនួន ៤នាក់ក្នុងចំណោម ១៤នាក់ បានចូលបំភ្លឺនៅស្ថាប័នអយ្យការសាលាដំបូងខេត្តរតនគិរី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា នេះ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក ម៉ម វណ្ណដា បានចេញដីកាចំនួន ១៤ដីកា កោះហៅសមាជិកសហគមន៍ ១៤នាក់ជាចុងចោទ ឲ្យចូលមកបំភ្លឺនៅមុខមន្ត្រីអយ្យការចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា តាមវេលា និងថ្ងៃកំណត់ផ្សេងៗគ្នា។
ប្រជាពលរដ្ឋភូមិប៉ក់ធំ ជាង ២០នាក់ នៅថ្ងៃទី១ ខែមីនា បានមកប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណសាលាដំបូងខេត្ត ធ្វើជាកម្លាំងចិត្តឲ្យសហគមន៍ចូលទៅបំភ្លឺនៅតុលាការ រហូតមន្ត្រីអយ្យការបញ្ចប់ការសាកសួរសមាជិកសហគមន៍ពីរនាក់។ ចំណែកសមាជិកសហគមន៍ពីរនាក់ផ្សេងទៀតដែលចូលបំភ្លឺនៅថ្ងៃទី២ ខែមីនា មិនឃើញមានអ្នកភូមិមកលើកកម្លាំងចិត្តទៀតឡើយ។
ចុងចម្លើយមួយរូប គឺលោក ពូយ កាក់ អះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់បង្ហាញមន្ត្រីអយ្យការដែលបានសាកសួរពីបណ្ដឹងចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍។ លោកបញ្ជាក់ថា មិនមានការភ័យខ្លាច ឬការគាបសង្កត់អ្វីទាក់ទិននឹងការចូលមកបំភ្លឺនេះទេ ពីព្រោះអ្នកភូមិពិតជារងផលប៉ះពាល់ពីការលក់ដូរដី បង្កឡើងដោយប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារប្រាកដមែន៖ «បើខ្ញុំមានភស្តុតាងបង្ហាញគាត់ មានវីដេអូ រូបថត សំឡេង។ វីដេអូរឿងគាត់ឈូសឆាយដីធ្លីហ្នឹង»។
ដូចគ្នានេះដែរ ចុងចម្លើយមួយរូបទៀត គឺលោក ពូយ កាប ជាបងបង្កើតរបស់ លោក ពូយ កាក់ អះអាងដូចគ្នាថា អ្វីដែលជាការលំបាករបស់លោកក្នុងការឆ្លើយបំភ្លឺរឿងក្តីនេះ គឺការនិយាយភាសាខ្មែរ ពីព្រោះលោកជាជនជាតិដើមភាគតិចយល់ដឹងភាសាខ្មែរមិនស៊ីជម្រៅ។ លោកបដិសេធថា មិនបានបរិហារកេរ្តិ៍ប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ទេ ប៉ុន្តែអ្នកភូមិបានប្ដឹងប្រធានគ្រប់គ្រងព្រៃការពារ ដើម្បីការពារសិទ្ធិរស់នៅរបស់អ្នកភូមិតែប៉ុណ្ណោះ៖ «ពូយ ភ្លីន អ្នកលក់ អ្នកទិញហ្នឹងមេក្អូន គេថាគេមានរួមដៃគ្នាអត់? ខ្ញុំថាអត់ទេ ខ្ញុំថាអ្នកទិញអត់ខុសទេ ប៉ុន្តែអ្នកទិញអ្នកល្អ មិនរករឿងអ្នកទិញទេ សហគមន៍រករឿងអ្នកលក់»។
ប្រធានសហគមន៍គ្រប់គ្រងព្រៃការពារភូមិប៉ក់ធំ គឺលោក ប៉ូយ ព្លីន បានដាក់ពាក្យប្ដឹងសមាជិករបស់ខ្លួនពីបទបរិហារកេរ្តិ៍ បន្ទាប់ពីសមាជិកសហគមន៍ជាង ២០០នាក់ បានដាក់ពាក្យប្ដឹងលោកថា បានយកគ្រឿងចក្រទៅឈូសឆាយដីចម្ការ ហ៊ុមព័ទ្ធដីព្រៃ និងបឹងធម្មជាតិលក់ដូរខុសច្បាប់។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក ម៉ម វណ្ណដា ឲ្យដឹងថា លោកកោះហៅចុងចោទតាមពាក្យប្ដឹងរបស់ដើមចោទ។ ហេតុនេះ លោកកំពុងអនុវត្តនីតិវិធីសាកសួរ ដើម្បីរកអង្គហេតុនៃរឿងក្តីនេះ៖ «យើងកោះហៅពីរៗតាមពេលវេលាដែលមានឈ្មោះ យើងហៅជាបន្តបន្ទាប់។ ឥឡូវខ្ញុំពិនិត្យមើលឲ្យអស់សិន ព្រោះនៅសាកសួរនៅសាក្សីច្រើនទៀត»។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក ម៉ម វណ្ណដា បានចេញដីកាកោះហៅមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី គឺលោក ឆាយ ធី ក្នុងនាមជាសាក្សី ឲ្យចូលទៅឆ្លើយបំភ្លឺរឿងក្តីនេះដូចគ្នា។
លោក ឆាយ ធី ចាត់ទុកបណ្ដឹងរបស់សមាជិកសហគមន៍ ចោទប្រធានគ្រប់គ្រងព្រៃការពារ គឺជាមូលហេតុនាំឲ្យប្រធានគ្រប់គ្រងព្រៃសហគមន៍ ប្ដឹងបកអ្នកភូមិវិញ។ លោករំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ក្នុងរឿងនេះ៖ «កន្លងមកអ្នកភូមិគាត់ប្ដឹងទៅឃុំ–ស្រុក គ្មានដំណោះស្រាយ។ អ៊ីចឹងគាត់ប្ដឹងមកសមាគមអាដហុក ជួយអន្តរាគមន៍ទៅតំណាងរាស្ត្រ និងអាជ្ញាធរខេត្ត រឿងនេះត្រូវដោះស្រាយតាមមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត ទើបល្អប្រសើរ»។
តាមការគ្រោងទុក សមាជិកសហគមន៍ ៣នាក់ទៀត នឹងត្រូវចូលបំភ្លឺរឿងក្តីដូចគ្នានៅថ្ងៃទី៣ ខែមីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ដាក់ញត្តិនៅសាលាខេត្តកំពង់ស្ពឺ
- តុលាការកំពូលគ្រោងប្រកាសសាលដីកាសំណុំរឿងស្ត្រីបឹងកក់១៣នាក់នៅពាក់កណ្ដាលខែមីនា
- ពលរដ្ឋខេត្តព្រះសីហនុស្នើនាយករដ្ឋមន្ត្រីជួយទប់ស្កាត់ការរំលោភយកដីបឹងកង្កែប
- ពលរដ្ឋខេត្តពោធិ៍សាត់៤៦គ្រួសារអំពាវនាវឲ្យនាយករដ្ឋមន្ត្រីជួយដោះស្រាយជម្លោះដីធ្លី
- ក្រសួងការបរទេសកម្ពុជាផ្ដល់មេធាវីការពារកម្មករខ្មែរ៥នាក់ដែលអាជ្ញាធរថៃចាប់ខ្លួន
- ពលរដ្ឋ១០គ្រួសារបន្តស្នាក់នៅក្រោមតង់បន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបងរុះរើផ្ទះដោយបង្ខំ
- ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកវិបត្តិដីធ្លីថាជាជំងឺមហារីកដែលពិបាកព្យាបាល
- សមត្ថកិច្ចបញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការពាក់ព័ន្ធនឹងកាស៊ីណូខុសច្បាប់
- ពលរដ្ឋខេត្តកំពង់ធំចង់ឲ្យតុលាការចាត់វិធានការលើមន្ត្រីអាងអំណាចរំលោភយកដីអ្នកភូមិ