សង្គម​ស៊ីវិល​ស្នើ ​រដ្ឋាភិបាល ​បង្ហាញ​លទ្ធផល​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ

សមត្ថកិច្ច​រាប់​ឈើ​ដែល​ឆែក​ឃើញ និង​រឹបអូស​នា​ពេល​កន្លង​មក​។ រូបថត NRWPO

សមត្ថកិច្ច​រាប់​ឈើ​ដែល​ឆែក​ឃើញ និង​រឹបអូស​នា​ពេល​កន្លង​មក​។ រូបថត NRWPO




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បណ្តាញ​ជនជាតិ​ដើម​ភាគតិច និង​​ព្រៃឈើ​ចំនួន ២៧ អង្គការ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជាពិសេស​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្ហាញ​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លង​មក និង​ត្រូវ​ចាត់​វិធានការ​បង្ក្រាប​ទូទាំង​ប្រទេស​ខណៈ​ពួកគេ​មើល​ឃើញ​ថា​ការ​នាំ​ឈើ​ចេញ​ពី​ប្រភព​ផ្សេងៗ​នៅ​មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​នៅ​ឡើយ។

សេចក្តី​ថ្លែងការណ៍​របស់​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច និង​ព្រៃឈើ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សាទរ​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ស្រប​ពេល​ដែល​ស្ថានភាព​នៃ​ការ​កាប់​បំផ្លាញ និង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​វៀតណាម​កំពុង​តែ​មាន​សកម្មភាព​ខ្លាំងក្លា។ ប៉ុន្តែ​ពួកគេ​នៅ​បារម្ភ​ពី​ខ្សែ​ចង្វាក់​នៃ​ការ​ផ្គត់ផ្គង់​ឈើ​ដែល​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​បញ្ជាក់​ពី​បរិមាណ​ឈើ​នាំ​ចេញ​ពី​សហគមន៍​ព្រៃឈើ ចម្ការឈើ និង​ដី​ឯកជន​ គម្រោង​អាជីវកម្ម​រ៉ែ ទំនប់​វារីអគ្គិសនី ជាពិសេស​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ទិញ​ឈើ​ពី​សំណាក់​ឈ្មួញ​ឈើ​ខុស​ច្បាប់​នៅ​ជុំវិញ​តំបន់​សម្បទាន។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា «កត្តា​ទាំង​នេះ​នឹង​បណ្តាល​ឲ្យ​ព្រៃឈើ​នៅ​កម្ពុជា​បាត់បង់​ក្នុង​រយៈពេល​ដ៏ខ្លី​ប្រសិន​បើ​ពុំ​មាន​អន្តរាគមន៍​ដោះស្រាយ​ទាន់​ពេលវេលា​ទេ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​ស្តារ​គម្រប​ព្រៃឈើ​ កម្មវិធី​ឥណទាន​កាបូន ប៉ះពាល់​ដល់​ការ​ជួយ​រក្សា​លំនឹង​ទឹក​ក្រោម​ដី​ជាពិសេស​ប៉ះពាល់​ដល់​ជីវភាព​សហគមន៍​ដែល​អាស្រ័យ​អនុផល​ព្រៃឈើ»។

ករណី​នេះ​ក្រុម​បណ្តាញ​ជនជាតិ​ដើម​ភាគតិច និង​ព្រៃឈើ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ និង​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់​វិធានការ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស និង​បង្ហាញ​ពី​តម្លាភាព​ចំពោះ​លទ្ធផល​នៃ​ការ​បង្ក្រាប​ដល់​សាធារណជន​បាន​ដឹង​ទាំង​បរិមាណ​ឈើ​ដែល​បាន​ចាប់​ជនល្មើស​ពាក់ព័ន្ធ​ព្រម​ទាំង​ចាត់​ការ​ជន​ល្មើស​ដែល​លួច​ដុត​ឈើ។

ក្រៅពី​នោះ​ពួកគេ​ស្នើ​ឲ្យ​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បញ្ឈប់​ការ​គំរាម​កំហែង​គ្រប់​រូបភាព​ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ​ជាដើម។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឯម សុភ័ក្រ បាន​ថ្លែង​ថា​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កន្លង​មក​ធ្វើ​ឡើង​តែ​នៅ​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ​ខណៈ​ខេត្ត​ផ្សេងៗ​ទៀត​នៅ​តែ​មាន​បទល្មើស​ច្រើន​ដដែល​ហើយ​ការ​បង្ក្រាប​នោះ​ក៏​ពុំ​ទាន់​បង្ហាញ​ពី​លទ្ធផល​នៅ​ឡើយ។

លោក​ថា៖ «ក្នុង​យុទ្ធនាការ​បង្ក្រាប​ម្តងៗ​សកម្មភាព​បទល្មើស​ឃើញ​ថា​ថយ​ចុះ​មែន​តែ​ផុត​ពី​ហ្នឹង​ទៅ​គឺ​កើនឡើង​ទ្វេដង​យើង​សង្ឃឹម​ថា​យុទ្ធនាការ​លើក​នេះ​មិន​ដូច​ពី​មុនៗ​ទេ»។

អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បាន​ថ្លែង​ថា​គណៈកម្មការ​ធ្លាប់​បាន​បង្ហាញ​លទ្ធផល​ជា​បន្តបន្ទាប់​ចំពោះ​បទល្មើស​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ហើយ​ប្រសិន​បើ​អង្គការ​ទាំង​នោះ​ចង់​ដឹង​ពី​ព័ត៌មាន​ណា​មួយ​ពួកគេ​អាច​ដាក់​សំណើសុំ​ជួប​ប្រធាន​គណៈកម្មការ​បាន។

លោក​ថា៖ «អ្វី​ដែល​អាច​បង្ហាញ​បាន​យើង​បង្ហាញ​តែ​អ្វី​ដែល​នៅក្នុង​ការ​ស៊ើបអង្កេត​ដែល​ជា​ការ​សម្ងាត់​នៅ​ឡើយ​យើង​មិន​ទាន់​បង្ហាញ​ទេ​មិនមែន​ពួកគាត់​ចេះ​តែ​ទាមទារ​អ្វី​ហួស​ពី​ច្បាប់​កំណត់​ទេ»។

ជំហាន​ដំបូង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គឺ​ធ្វើ​ឡើង​នៅ​ខេត្ត​ចំនួន ៦ គឺ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។ ចំពោះ​ការ​ស្នើ​របស់​អង្គការ​ទាំង​នោះ​លោក​ថា​គណៈកម្មការ​នឹង​ដាក់​សំណើ​ជូន​រដ្ឋាភិបាល​ដើម្បី​ពិចារណា​វិធានការ​បន្ត​ទៀត។

កាលពី​ចុង​ខែ​កុម្ភៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជា​ឲ្យ​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រើ​ឧទ្ធម្ភាគចក្រ​ដោយ​ប្រើ​រ៉ុក្កែត​បាញ់​ទៅ​លើ​ឈ្មួញ​ដែល​នៅ​តែ​ព្រហើន​កាប់ឈើ​ខុសច្បាប់៕


Contact author: ប៉ិច សុធារី

What Next?

Recent Articles