គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក អ៊ូ វីរៈ ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ

ដោយ ថា កិត្យា និង ម៉ៅ សុធានី
2016-04-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ៊ូ វីរៈ ៨៥៥ ២០១៦
ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​អ្នក​វិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់ពី​លោក​បាន​វិភាគ​ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាបសង្កត់ លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្នេហា​អាស្រូវ​ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

សង្គម​ស៊ីវិល​មួយ​ចំនួន​យល់​ថា ចំណាត់​ការ​របស់​គណបក្ស​កាន់​អំណាច​លើ​អ្នក​វិភាគ​ឯករាជ្យ គឺ​កាន់​តែ​នាំ​ឲ្យ​ខូច​ឈ្មោះ​កាន់​តែ​ខ្លាំង។ ពួកគេ​ថា គណបក្ស​កាន់​អំណាច​គួរ​តែ​ចេញ​មុខ​បកស្រាយ មិន​គួរ​ចេញមុខ​ប្ដឹងផ្ដល់​នោះ​ទេ ព្រោះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ។

ក្រោយពី​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ហើយ​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មេសា គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ប្ដឹង​ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០០​លាន​រៀល។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា ការ​ប្ដឹង​លោក អ៊ូ វីរៈ នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​លោក​បាន​វិភាគ​នៅ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ថា “យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាបសង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក”។ ការ​លើក​ឡើង​របស់​លោក អ៊ូ វីរៈ ដែល​បំភ្លៃ​រឿងរ៉ាវ​ស្នេហា​ឯកជន​របស់​លោក កឹម សុខា និង​នាង ខុម ចាត់តារាទី ថា ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​គឺ​បំផ្លើស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ជា​ការ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា៖ «គណបក្ស​ប្រជាជន អត់​បាន​ធ្វើ​អី​ផង ហើយ​គាត់​ថា យើង​រៀបចំ​ផែនការ​ឲ្យ កឹម សុខា និយាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​អី។ រឿង​គាត់​កើត​ឡើង​ដោយ​ខ្លួន​ឯង ហើយ​មក​និយាយ​ដូច្នេះ ម៉េច​នឹង​ត្រូវ​រឿង? អា​នេះ វា​ផ្ទុយ​ពី​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ហើយ»

​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​គណបក្ស​នយោបាយ​មិន​អាច​គេច​ផុត​ពី​ការ​រិះគន់​បាន​ទេ ហើយ​ជា​ពិសេស គឺ​គណបក្ស​កាន់​អំណាច​ត្រូវ​មាន​ការ​អត់ធ្មត់ និង​អត់ឱន​ខ្លាំង។

នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា លើក​ឡើង​ថា ការ​វិភាគ ឬ​ការ​រិះគន់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នោះ គឺ​គណបក្ស​កាន់​អំណាច​មិន​គួរ​ប្រកាន់​ខឹង និង​ប្ដឹងផ្ដល់​ឡើយ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ ព្រម​ទាំង​រំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ៖ «យើង​លែង​ជា​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ហើយ ឲ្យ​តែ​គេ​ទិតៀន​ប៉ះ​កិត្តិយស យើង​ប្ដឹង​គេ ចោទ​ប្រកាន់​គេ ដាក់ទោស​ដាក់​ទណ្ឌ​អី យើង​លែង​មាន​ភាព​ចាស់​ទុំ​ហើយ គណបក្ស​នយោបាយ អ្នក​នយោបាយ​ណា​ដែល​ធ្វើ​អ៊ីចឹង។ ខ្ញុំ​មើល​ទៅ​ដូចជា​គណបក្ស​សង្គ្រោះជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គេ​វាយ​ប្រហារ​គាត់ គាត់​អត់​ប្ដឹង​អី​ផង​ទេ គឺ​នៅ​ធម្មតា យើង​ត្រូវ​រៀន​អត់ធ្មត់​អ៊ីចឹង ហើយ​គណបក្ស​កាន់​អំណាច រឹត​តែ​អត់​ឱន អត់ធ្មត់​ខ្លាំង​ជាង​គេ​ទៀត»

​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​ខ្លួន ថា មិន​អត់ឱន​ឲ្យ​អ្នក​ណា​ដែល​មួល​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ឡើយ។ ប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ បន្ត​ថា គណបក្ស​គោរព​សិទ្ធិ​បញ្ចេញ​មតិ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មូល​បង្កាច់បង្ខូច​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​គណបក្ស។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​សមាជិកា និង​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​រៀបចំ​មេធាវី​ដើម្បី​ត្រៀម​ប្ដឹង​ទៅ​កាន់​តុលាការ ក្នុង​ករណី​មាន​ការ​មួលបង្កាច់​រំលោភ​សិទ្ធិ​ដោយ​បុគ្គល​ណា​មួយ​មក​លើ​គណបក្ស​លោក។

​លោក គល់ បញ្ញា លើក​ឡើង​ថា គណបក្ស និង​អ្នក​នយោបាយ មិន​អាច​មាន​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​គ្រប់​កាលៈទេសៈ​បាន​ទេ គឺ​តែងតែ​ប្រឈម​នឹង​ការ​រិះគន់ ការ​បង្អាប់បង្អោន និង​ការ​លើក​សរសើរ​ដើម្បី​កែ​លម្អ​ការ​ដឹកនាំ​របស់​ខ្លួន៖ «គណបក្ស ​កាន់​អំណាច មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​អី​ច្រើន​ផង ម្ល៉ោះ​ហើយ​គាត់​អាច​បកស្រាយ​បាន ពន្យល់​ប្រាប់​គេ​វិញ​ទៅ​ថា ទេ! អត់​មាន​ធ្វើ​អ៊ីចឹង​ទេ!»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ទេ៖ «ទុក​អោយ​តុលាការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ទៅ ព្រោះ​យើង​ខិតខំ​ទាំង​អស់​គ្នា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​ បក្ស ហើយ​នឹង​ខិតខំ​កសាង​នីតិរដ្ឋ ម្ល៉ោះ​ហើយ​គ្មាន​អ្វី​ក្រៅ​ពី​រក​ផ្លូវ​ច្បាប់​ទេ»

​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក ថា លោក​ចូលចិត្ត​ការ​វិភាគ​របស់​លោក អ៊ូ វីរៈ ពីព្រោះ​លោក​ចូលចិត្ត​និយាយ​ត្រង់​នូវ​អ្វី​ដែល​យល់​ឃើញ ដោយ​មិន​មាន​និន្នាការ​លំអៀង​ជ្រុល​ទៅ​ខាង​ភាគី​ណា​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី លើក​ឡើង​ថា ការ​ដែល​នាំ​ឲ្យ​មាន​ការ​វិភាគ ឬ​សន្និដ្ឋាន​ថា ករណី​ស្នេហា​អាស្រូវ​រវាង​លោក កឹម សុខា ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ អាច​ជា​ការ​រៀបចំ​ដោយ​គណបក្ស​កាន់​អំណាច​នោះ ព្រោះ​មាន​បទពិសោធន៍ និង​រូបភាព​ស្រដៀង​គ្នា​ច្រើន​ដែល​បន្សល់​ទុក​ពី​មុនៗ​មក។

​លោក កែម ឡី បញ្ជាក់​ថា ការ​វិភាគ​គឺ​គ្រាន់តែ​ជា​ត្រី​វិស័យ​មួយ​សម្រាប់​ឲ្យ​អ្នក​នយោបាយ និង​សាធារណជន​ពិចារណា ថា​ប្រសិនបើ​មាន​ចំណុច​ណា​ត្រឹមត្រូវ​គួរ​យក​ទៅ​អនុវត្ត​កែលម្អ៖ «ខ្ញុំ​គិត​ថា បើ​គាត់​ប្ដឹង​គឺ​មិន​ចំណេញ​ទេ ព្រោះ​អ្នក​វិភាគ គោលបំណង​គេ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​នយោបាយ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ឲ្យ​មាន​ការ​ពិចារណា​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​វែកញែក​ខុស ឬ​ត្រូវ។ អ្នក​វិភាគ គ្រាន់​តែ​ជា​អ្នក​ឈរ​មើល គ្រាន់​តែ​ជា​អ្នក​បញ្ចេញ​មតិ​នៅ​ពេល​អ្នក​សម្ដែង​ល្អ ឬ​មិន​ល្អ។ ខ្ញុំ​គិត​ថា គួរ​តែ​លើក​ទឹក​ចិត្ត និង​ផ្ដល់​រង្វាន់»

លោក កែម ឡី បន្ថែម​ថា ការ​ប្ដឹង​នេះ មិន​ធ្វើ​អោយ​លោក​មាន​ការ​ព្រួយ​បារម្ភ​ទេ៖ «យើង​ត្រូវ​តែ​ បន្ត​សកម្មភាព​ដោយ​សន្តិវិធី ហើយ​យើង​បន្ត​សកម្មភាព​សម្រាប់​ប្រជាពលរដ្ឋ បើ​យើង​ព្រួយ​បារម្ភ​ពី​ព្យុះ​ពី​ភ្លៀង​ពី​រលក​កម្លៅ​ទាំង​ហ្នឹង គឺ​អត់​មាន​ឱកាស​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ទេ»

​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើក​ឡើង​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ដ៏​សំខាន់​នេះ។ រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស ក៏​ធានា​ការពារ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សំដែង​មតិយោបល់​ដែរ។

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​គាំទ្រ​ការងារ​សង្គម​ស៊ីវិល​នៅ​កម្ពុជា

ទាក់ទង​នឹង​ការ​ប្ដឹង​លោក អ៊ូ វីរៈ អ្នក​វិភាគ​ឯករាជ្យ​ពី​បទ​បរិហារកេរ្តិ៍​នេះ​ដែរ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា អះអាង​ថា សហរដ្ឋអាមេរិក គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​អាមេរិក ចុះ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​សិទ្ធិមនុស្ស អភិបាលកិច្ច​ល្អ និង​សិទ្ធិ​សេរីភាព​ជា​សកល។ កម្ពុជា មាន​សំណាង​ដោយ​មាន​អង្គការ​សង្គម​ស៊ីវិល​រឹងប៉ឹង និង​រស់​រវើក ដែល​ដឹក​នាំ​ដោយ​ប្រធាន​អង្គការ​មួយ​ចំនួន ដូចជា​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ និង​ប្រធាន​អង្គការ​មួយ​ចំនួន។

លោក អ៊ូ វីរៈ ជា​មេដឹកនាំ​មួយ​ក្នុង​ចំណោម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក អ៊ូ វីរៈ ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ"

  1. Chourn says:

    អ៊ូវិរះមិនទាន់ប្រាកដថាជានណាពិតប្រាកដនៅឡើយទេ ជាក្រុមតែមួយរបស់ស្រីមុំ? ជាអ្នកឯករាជ្យ?

  2. 😁😁😁 says:

    មើលទៅពួកវាចាប់អោយអស់ម៉ាស្រុកខ្មែរដាក់គុគអោយតែអ្នកចេះដឹង

    មិនធ្វើតាមពួកវាឬក៏មិនដើរតាមលើផ្លូវរបស់វា។ អ្នកប្រឆាំងបើមិនជាប់គុគ;និរទេសគឺស្លាប់

  3. VengSreng(chorngAhkheit) says:

    កំុភ្លេចផ្ដឹងប៉ាហោងកណ្ឌួយម៉ែហែង មីកណ្ឌួយស្វិតនរកឌីប៉ុក នឹងឣាចុយម៉្រាយមេចោរល្មោភកាមនរកហុននៀងផង ឭទេ ឣាខ្វាក់ ឣញជុះឣាចម៏ដាក់លើក្បាលហែង