នៅ​ពេល​មាន​ការ​អង្កេត​លើ កឹម សុខា ជនរងគ្រោះ តាត ម៉ារីណា ស្រែក​រក​យុត្តិធម៌

ខេមបូឌា ដេលី

កំពុង​បញ្ចុក​បបរ​ក្មួយ​ស្រី​របស់​នាង​នៅ​ក្រៅ​ផ្សារ​អូឡាំពិក​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៩៩ តាត ម៉ារីណា កាល​នោះ​មាន​អាយុ​១៥​ឆ្នាំ ជា​ស្រី​កំណាន់​របស់​លោក ស្វាយ ស៊ីថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ភរិយា​របស់​មន្ត្រី​រូប​នេះ​ទាញ​អូស​នៅ​នឹង​ដី ហើយ​បន្ទាប់មក​បាន​ចាក់​ទឹក​អាស៊ីត​នីទ្រីក​មួយ​លីត្រ​លើ​រូប​នាង។

អំពើ​សងសឹក​ដ៏​សាហាវ​នេះ​បាន​ធ្វើ​ឡើង​ទាំង​កណ្តាល​ថ្ងៃ បាន​ធ្វើ​ឲ្យ​បបូរ​មាត់​របស់​កញ្ញា ម៉ារីណា រលាក​ទៅ​ជា​ពង​បែក ស្បែក​នៅ​ត្រង់​មុខ ក ខ្នង ចង្កេះ និង កដៃ​របស់​នាង​បាន​រលាយ​រួញ​ចូល​គ្នា។ ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​វះ​កាត់​ត្រចៀក​ទាំង​ពីរ​របស់​នាង​ចេញ ហើយ​បន្ទាប់មក តារា​វីដេអូ​នេះ​មិន​អាច​និយាយ​រួច​អស់​រយៈ​ពេល​ជាច្រើន​ខែ។

នគរបាល​មិន​ដែល​អនុវត្ត​ដីកា​ចាប់​ខ្លួន​ភរិយា​លោក ឈ្មោះ ឃួន សុផល ទេ ហើយ​លោក ស៊ីថា ដែល​នៅ​ឆ្នាំ​២០០៩​បាន​អះអាង​ថា ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​រឿង​ក្តី​នេះ គឺ​ក្រោយមក​ទទួល​បាន​ការ​ដំឡើង​តំណែង​ពី​អនុរដ្ឋលេខាធិការ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ទៅ​ជា​រដ្ឋលេខាធិការ ដែល​លោក​នៅ​ធ្វើការ​សព្វថ្ងៃ​នេះ។

និទណ្ឌភាព​ឥត​លាក់​បាំង​បែប​នេះ​បង្ហាញ​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​ទៅ​នឹង​ការ​ស៊ើបអង្កេត​ថ្មីៗ​លើ​រឿង​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​ដែល​គេ​ចោទ​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង ដោយ​មាន​ទាំង​ការ​ស៊ើបអង្កេត​ពី​នគរបាល​ប្រឆាំង​ភេរវកម្ម គឺ​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​ត្រូវ​ចាប់​ខ្លួន ហើយ​ករណី​នេះ​ក៏​ឈាន​ទៅ​ដល់​តុលាការ​រួច​ហើយ​ដែរ។

cam-photo-marina-800x534ការ​យក​ចិត្ត​ទុកដាក់​ដោយ​អាជ្ញាធរ​លើ​ករណី​របស់​លោក សុខា មិន​បាន​ឆ្លង​ផុត​ដោយ​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ស្រី ម៉ារីណា ដែល​បាន​និយាយ​តាម​រយៈ​សារ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ថា នាង​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ហ្មត់ចត់​បែប​នេះ​លើ​ការ​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឲ្យ​រាងកាយ​របស់​នាង​៤០​ភាគរយ​មាន​ស្លាកស្នាម។

នាង​បាន​និយាយ​ពី​រដ្ឋ​ម៉ាសាឈូសេត ដែល​នាង​បាន​ទទួល​ការ​វះ​កាត់​កែ​ឡើង​វិញ​ជាច្រើន​ឆ្នាំ ហើយ​ឥឡូវ​នេះ​ធ្វើការ​នៅ​ហាង​លក់ដូរ​មួយ​ថា “ខ្ញុំ​នៅ​តែ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពិត។ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ជា​រឿង​កំប្លែង”។

ម៉ារីណា បាន​និយាយ​ថា “ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា​បម្រើ​តែ​បក្ខពួក​ខ្លួន។ ប្រសិនបើ​គេ​មិន​បម្រើ​បក្ខពួក​ខ្លួន ខ្ញុំ​មាន​យុត្តិធម៌​ទៅ​ហើយ”។

នាង​បាន​និយាយ​ថា “ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បាន​ស្មើភាព។ ខ្ញុំ​ចង់​ឃើញ​ការ​ប្រព្រឹត្ត​លើ​ពលរដ្ឋ​ស្មើៗ​គ្នា។ មិន​ថា​ពួកគេ​មក​ពី​ណា​ទេ”។ នាង​បាន​និយាយ​បន្ថែម​ថា សមភាព​បែប​នេះ​ពិតជា​មិន​មាន​នៅ​ប្រទេស​កម្ពុជា​ទេ។

នាង​បាន​និយាយ​ថា “ឧទាហរណ៍ ក្នុង​ករណី​ជាច្រើន​រវាង​អ្នក​មាន​និង​អ្នក​ក្រ អ្នក​មាន​តែងតែ​ឈ្នះ គឺ​មិន​ថា​រឿង​អ្វី​នោះ​ទេ! ប្រសិនបើ​គេ​មិន​អាច​រក​ឃើញ​កំហុស​អ្នក​ទេ គេ​នឹង​រក​គ្រប់​វិធី​ធ្វើ​ឲ្យ​អ្នក​ចុះ​ចាញ់។ គេ​មិន​ខ្វល់​ថា​តើ​ប្រជាជន​រស់​ឬ​ស្លាប់​ទេ។ គេ​គិត​តែ​អំពី​លុយ​និង​អំណាច​ប៉ុណ្ណោះ”។

ផ្ទុយ​នឹង​ការ​ស៊ើប​អង្កេត​ទូលំទូលាយ​ថ្មីៗ​នេះ​លើ​លោក សុខា និង​ស្រី​កំណាន់​ដែល​គេ​ចោទ​ថា​របស់​លោក ហើយ​មក​ដល់​សប្តាហ៍​មុន​នាង​បាន​បដិសេធ​រឿង​ស្នេហា​នោះ សមត្ថកិច្ច​ដែល​ស៊ើបអង្កេត​ករណី​របស់​នាង ម៉ារីណា បន្ទាប់ពី​ការ​ជះ​ទឹក​អាស៊ីត​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៩៩ គឺ​ហាក់​ដូចជា​មិន​ចង់​យក​មក​ផ្ដន្ទាទោស​ទេ។

នគរបាល​នៅ​ពេល​នោះ​បាន​ទទួល​ស្គាល់​ថា រថយន្ត​មួយ​គ្រឿង​ដែល​រឹប​អូស​បាន​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​គ្រួសារ​របស់​លោក ស៊ីថា បន្ទាប់ពី​មាន​បញ្ជា​ពី​ថ្នាក់​លើ សូម្បី​នៅ​ពេល​ដែល​ពួកគេ​បាន​កំណត់​ភ្លាមៗ​ថា លោក​ស្រី សុផល ជា​ជនសង្ស័យ​សំខាន់​បំផុត និង​បាន​ចេញ​ដីកា​ចាប់​ខ្លួន ដែល​មិន​ដែល​បាន​អនុវត្ត។

រយៈ​ពេល​ជាច្រើន​ឆ្នាំ អង្គការ​សិទ្ធិ​មនុស្ស​បាន​​តវ៉ា​អំពី​និទណ្ឌភាព​នេះ ខណៈ​ដែល​លោក​ស្រី សុផល និង​លោក ស៊ីថា បន្ត​រស់​នៅ​ដោយ​គ្មាន​ផល​លំបាក​អ្វី​បន្តិច​សោះ។ នៅ​ពេល​នោះ អត្ថបទ​មួយ​របស់​កាសែត ខេមបូឌា ដេលី នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ បាន​ធ្វើ​ឲ្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចេញ​ជា​សាធារណៈ​នូវ​ការ​កាត់​ឲ្យ​ជាប់​ទោស​ចំពោះ​លោក​ស្រី សុផល។

អត្ថបទ​បាន​និយាយ​ថា លោក​ស្រី សុផល តាម​ពិត ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​នៅ​ខែ​មេសា​ឆ្នាំ​២០០១ ពាក់ព័ន្ធ​នឹង​ការ​ជះ​ទឹក​អាស៊ីត នឹង​បាន​សម្រេច​ឲ្យ​ជាប់​ទោស​ព្យួរ​មួយ​ឆ្នាំ ដែល​នគរបាល​តាម​មើល​ទៅ​មិន​បាន​ដឹង​រយៈ​ពេល​១០​ឆ្នាំ​មុន​មក​ហើយ ក្នុង​ពេល​ដែល​ពួកគេ​ការពារ​កុំ​ឲ្យ​គេ​និយាយ​ថា​និទណ្ឌភាព។

ភរិយា​របស់​លោក ស៊ីថា មិន​ដែល​បាន​ជាប់​​ពន្ធនាគារ​មួយ​ថ្ងៃ​ណា​ទេ​ចំពោះ​ការ​ជះ​ទឹក​អាស៊ីត​លើ​ ម៉ារីណា។

ទាក់ទង​កាលពី​ថ្ងៃ​អង្គារ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​លោក ស៊ីថា បាន​និយាយ​ថា ការ​កាត់​ឲ្យ​លោក​ស្រី សុផល ជាប់​ទោស​បាន​ធ្វើ​ឲ្យ​​លុប​លើ​ការ​ចោទ​ប្រកាន់​ណាមួយ​អំពី​និទណ្ឌភាព​ហើយ។

លោក សុធា បាន​និយាយ​ថា “តុលាការ​បាន​អនុវត្ត​នីតិវិធី​របស់​គេ​ហើយ និង​បាន​សម្រេច​ការ​ដាក់​ទោស។ តើ​លោក​ទើបតែ​ភ្ញាក់​ពី​ដេក​ឬ? សំណុំ​រឿង​នេះ​បាន​បញ្ចប់​រួច​រាល់​ហើយ ដូច្នេះ​ហេតុអ្វី​នៅតែ​ជជីក​បង្កើត​បញ្ហា​ទៀត?”។

អ្នកនាំពាក្យ​រូប​នេះ​បាន​ស្តី​បន្ទោស​ការ​ដែល​លើក​ឡើង​ថា កម្រិត​ខុស​គ្នា​ដែល​ករណី​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ គឺ​គួរ​ឲ្យ​ឆ្ងល់។

លោក សុធា បាន​និយាយ​ថា “តើ​ខ្ញុំ​អាច​ប្រៀបធៀប​រឿង​ក្តី​មួយ​ដែល​ដាក់​ទោស​រួច​រាល់​ច្រើន​ឆ្នាំ​ហើយ​ទៅ​នឹង​​រឿង​ក្តី​បច្ចុប្បន្ន​យ៉ាង​ម៉េច?” លោក​បាន​និយាយ​បន្ថែម​ថា ការ​ប្រព្រឹត្ត​កន្លង​ផ្លូវ​ភេទ​របស់​លោក សុខា គឺ​ត្រូវ​បាន​រិះគន់​​ត្រឹមត្រូវ​ដោយ​រដ្ឋ។

“កឹម សុខា ជា​មេដឹកនាំ​នៃ​​អ្នក​នយោបាយ​ប្រឆាំង​ដែល​ប្រកួត​ប្រជែង​ជាមួយ​នាយករដ្ឋមន្ត្រី ដូច្នេះ​គ្រប់​សកម្មភាព​របស់​គាត់​ត្រូវ​តែ​ត្រឹមត្រូវ​និង​មាន​សីលធម៌។ ចំពោះ​បញ្ហា​បុគ្គល នៅ​ពេល​ដែល​ដៃគូ​របស់​គាត់​លាត​ត្រដាង​ស្នេហា​របស់​ពួកគេ វា​ប៉ះពាល់​ដល់​សាធារណជន។ តើ​គាត់​អាច​ធ្វើ​ឲ្យ​ប្រជាជន​ជឿ​ទុកចិត្ត​លើ​គាត់​យ៉ាង​ម៉េច​កើត?”

លោក សុធា បាន​និយាយ​ថា លោក ស៊ីថា នៅ​ក្រៅ​ប្រទេស ដូច្នេះ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។

រឿងរ៉ាវ​របស់ ម៉ារីណា មិន​មែន​ជា​ករណី​តែមួយ​គត់ ដែល​មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជាន់​ខ្ពស់​ម្នាក់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​អះអាង​ទាក់ទិន​នឹង​រឿង​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​នោះ​ទេ មិន​ដូច​គ្នា​នឹង​រឿង​​របស់​លោក សុខា គឺ​បាន​បញ្ចប់​ទៅ​ដោយ​មាន​អំពើ​ឃោរឃៅ ហើយ​បន្ទាប់មក​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ឡើយ។

ប្រាំមួយ​ខែ​មុន​ពេល ម៉ារីណា ត្រូវ​បាន​គេ​វាយ​ដំ​និង​ជះ​ទឹក​អាស៊ីត​ដាក់​នោះ តារា​វីដេអូ​ដូច​គ្នា គឺ ពិសិដ្ឋ ពិលីកា ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្រៅ​ផ្សារ​អូរ​ឫស្សី ក្នុង​ក្រុង​ភ្នំពេញ នៅ​ពេល​អ្នក​ស្រី​កំពុង​ដើរ​ជាមួយ​ក្មួយ​ស្រី​តូច​របស់​អ្នក​ស្រី។

ទស្សនាវដ្ដី​បារាំង​ប្រចាំ​សប្តាហ៍ L’Express បាន​ចេញ​ផ្សាយ​អត្ថបទ​ដ៏​វែង ដោយ​ចោទ​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ស្រី ប៊ុន រ៉ានី ថា​បាន​បញ្ជា​ឲ្យ​ធ្វើ​ដោយសារតែ​រឿង​ស្នេហា ដែល​តាម​ចោទ​ថា​តារា​រូប​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​ស្វាមី​របស់​ខ្លួន។

បង​ស្រី​របស់ ពិសិដ្ឋ ពិលីកា បាន​បញ្ចេញ​ឲ្យ​ដឹង​តាម​អីុនធឺណិត​​នូវ​​ការ​ស្គែន​បញ្ជី​​ធនាគារ​មាន​ប្រាក់​៥០.០០០​ដុល្លារ​និង​១០០.000​ដុល្លារ រួម​ជាមួយ​នឹង​កំណត់​​ហេតុ​ប្រចាំ​​ថ្ងៃ ដែល​អះអាង​ថា ប្រាក់​នោះ​បាន​មក​ពី​លោក ហ៊ុន សែន ហើយ​ថា​តារា​រូប​នេះ​បាន​ទទួល​រង​ការ​ព្រមាន​ជាច្រើន​លើក​ថា លោក​ស្រី រ៉ានី អាច​ព្យាយាម​សម្លាប់​នាង។

តួនាទី​រង​ការ​ចោទ​របស់​ស្ត្រី​ទី​១​​​ក្នុង​រឿង​ក្តី​នេះ​មិន​ដែល​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ទេ ហើយ​ក៏​គ្មាន​នរណា​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​លើ​តារា​រូប​នេះ​ដែរ។

លោក ឱម យ៉ិនទៀង ដែល​សព្វ​ថ្ងៃ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ពេល​នោះ​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន និង​បាន​ចេញ​ការ​ការពារ​ជា​លាយ​លក្ខណ៍​អក្សរ ដោយ​បដិសេធ​ការ​អះអាង​សំដៅ​លើ​លោក​ស្រី រ៉ានី។ លោក យ៉ិនទៀង និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឥឡូវ​នេះ​កំពុង​ដឹកនាំ​ការ​ស៊ើបអង្កេត​ល្អិតល្អន់​លើ​រឿង​ស្នេហា​ជាក់​ស្តែង​របស់​លោក សុខា ដោយសារ​កង្វល់​អំពី​ថា​គាត់​បាន​ប្រាក់​មកពី​ណា ដែល​តាម​ចោទ​ថា​បាន​សន្យា​ទិញ​ផ្ទះ​ឲ្យ​ស្រី​កំណាន់​ច្រើន​នាក់។

លោក យ៉ិនទៀង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​អង្គារ នៅ​ពេល​សួរ​អំពី​ករណី ពិសិដ្ឋ ពិលីកា និង​ការ​អះអាង​ថា​ប្រាក់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​នាង​ដោយ​លោក ហ៊ុន សែន ដែល​មាន​ប្រាក់​ខែ​ផ្លូវការ​របស់​លោក ទំនង​ជា​មិន​អាច​ឲ្យ​លោក​មាន​ចិត្ត​ទូលាយ​សប្បុរស​បែប​នេះ​បាន​ទេ។

លោក យ៉ិនទៀង បាន​និយាយ​ទាំង​ចំអក​ថា “ខ្ញុំ​គ្មាន​ពេល​វេលា​និយាយ​ទេ។ ខ្ញុំ​ខ្លាច​ហើយ ដេលី”។

ក្នុង​ការ​បាញ់​ប្រហារ​នា​ឆ្នាំ​២០០៣ អ្នក​ចម្រៀង​មាន​ប្រជាប្រិយ ទូច ស្រីនិច ត្រូវ​បាន​គេ​បាញ់​ចំ​មុខ​និង​ចំ​ក ដោយ​ធ្វើ​ឲ្យ​នាង​ធ្លាក់​ខ្លួន​ពិការ​កម្រើក​មិន​រួច​ពី​ក​ចុះ​ក្រោម​ក្នុង​វ័យ​២៤​ឆ្នាំ។ ម្តាយ​របស់​នាង​ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ពេល​ព្យាយាម​ជួយ​នាង។ កញ្ញា ស្រីនិច ឥឡូវ​នេះ​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។

បួន​ឆ្នាំ​បន្ទាប់​មក អ្នក​ចម្រៀង​វ័យ​២៣​ឆ្នាំ ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​គេ​បាញ់​ចំ​ក ហើយ​ពិការ​កម្រើក​លែង​រួច​មួយ​ចំហៀង​ខ្លួន។ តាំងពី​ពេល​នោះ​មក គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​នាំ​ខ្លួន​ឡើង​តុលាការ​ចំពោះ​ការ​វាយ​ប្រហារ​ណាមួយ​ទេ បើ​ទោះ​ជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ភរិយា​ប្រចណ្ឌ​និង​ស្វាមី​ដែល​មាន​មុខ​មាន​មាត់​លេច​ធ្លោ បាន​បិទ​បាំង​ករណី​ទាំង​ពីរ​ដល់​ថ្ងៃ​នេះ​ក៏​ដោយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា

ការ​លើក​ឡើង​ដែល​ថា រឿង​ស្នេហា​ចោទ​ប្រកាន់​របស់​លោក សុខា កំពុង​ត្រូវ​គេ​ដេញ​ដោល​ខ្លាំង​ជាង​អំពើ​ហិង្សា​លើ​កញ្ញា បញ្ញាពេជ្រ កញ្ញា ស្រីនិច និង ម៉ារីណា នោះ គឺ​ខុស​ហើយ។

លោក​បាន​ពន្យល់​ថា “ការ​ស៊ើបអង្កេត​មិន​ខុស​គ្នា​ទេ វា​អាស្រ័យ​ថា​ប្រជាជន​ចាប់​អារម្មណ៍​រឿង​ទាំង​នោះ​ខ្លាំង​យ៉ាងណា​ប៉ុណ្ណោះ។ ក្នុង​ករណី​លោក សុខា មូលហេតុ​ដែល​ប្រជាជន​ច្រើន​បំផុត​ចាប់​អារម្មណ៍​នឹង​ករណី​នេះ គឺ​ពីព្រោះ​គាត់​ជា​មន្ត្រី​ឋានៈ​ខ្ពស់”។

លោក​បាន​និយាយ​បន្ថែម​ថា “យើង​នៅ​តែ​កំពុង​ស្វែងរក​ជន​សង្ស័យ​នៅ​ឡើយ ប៉ុន្តែ​យើង​រក​ពួកគេ​មិន​ទាន់​ឃើញ​នៅ​ឡើយ។ យើង​មិន​ដែល​បិទ​ការ​ស៊ើបអង្កេត​ករណី​ទាំង​នោះ​ទេ។ ប្រសិនបើ​លោក​ដឹង​ថា​អ្នក​ណា​ធ្វើ​វា អូខេ ប្រាប់​យើង ហើយ​យើង​នឹង​ចាត់​វិធានការ”។

“យើង​មិន​មាន​ភ្នែក​ទិព្វ​ស្វែង​រក​ជន​សង្ស័យ​ទេ”៕ និត

What Next?

Recent Articles

2 Responses to "នៅ​ពេល​មាន​ការ​អង្កេត​លើ កឹម សុខា ជនរងគ្រោះ តាត ម៉ារីណា ស្រែក​រក​យុត្តិធម៌"

  1. Anonymous says:

    A ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ talked like shit shit
    why Kim Sokha issue all your CPP found things so fast to make him getting more problem but about others victim very late finding bad person like that ?/
    You and all CPP member is bad people forever in khmer mind.
    God will kill all of you soonest and one by one.
    Cheers Cambodia Dailys, do your best to brings those real News to show the world how CPP of CAMBODIA are bad .

  2. ឆ្មាខ្មៅ says:

    ម៉េចចាំស្រែករក ុុត្តិធម៌? បើមិនធ្វើក៏មិនទទួលលទ្ធផលចឹងដែ, ស្រីៗដែលយកប្តីគេ ចឹងបានសមុុខ