តុលាការ​ងាក​មក​កោះ​ហៅ​ខាង​​​​បក្ស​​សង្គ្រោះ​ជាតិ​ តាមសារ​លិខិតស្រីមុំ

ដោយ សួង សុភារី
03/05/2016
RFI

media
លោក ពិន​ រតនា ​(ឆ្វេង)​ លោក ​កឹម សុខា​ (កណ្តាល) ​និង​លោក ​តុ ​វ៉ាន់​ចាន់។ @RFI​


បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រួច​មក ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្វែរ​ទិសដៅ​មក​កោះហៅ​លោ​ក ​កឹម ​សុខា និង​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២​រូប​ទៀត ឲ្យ​ចូល​បំភ្លឺ ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ពាក់​ព័ន្ធ​នឹង​កញ្ញា​ខុម ចាន់ដារ៉ាទី ហៅ​ស្រីមុំ។ លោក​ កឹម សុខា អនុប្រធាន​បក្ស​ប្រឆាំង តម្រូវ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​តុលាការ​ នៅ​ថ្ងៃ​ទី ១១​ឧសភា និង​ខណៈ​សកម្មជន​ ២​រូប​ទៀត ត្រូវ​ចូល​បំភ្លឺ នៅ​ថ្ងៃ ១៦​ឧសភា។ បក្ស​ប្រឆាំង បាន​ហៅ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ ថា​ជា​ការ​បង្ក​ភាព​ភ័យ​ខ្លាច និង​យាយី​ ដល់​ការងារ​បម្រើ​ពលរដ្ឋ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ២រូប ដែល​ត្រូវ​បាន​ព្រះរាជ​អាជ្ញារង លោក ​សៀង សុខ ហៅ​ថា ជា​ជន​សង្ស័យ​នោះ មាន​ឈ្មោះ តុ វ៉ាន់ចាន់ និង​ ពិន រតនា។ តាម​ដីកា​កោះ​ហៅ ចុះ​ថ្ងៃ​ទី ២​ឧសភា និង​ដែល​ទើប​ត្រូវ​បាន​អ្នក​កាសែត​ទទួល​បាន​នៅ​ថ្ងៃ​ទី ៣​ឧសភា បាន​បញ្ជាក់​ថា អ្នក​ទាំងពីរ​ជាប់​សង្ស័យ​ពី​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ។ សកម្មជន​បក្ស​ប្រឆាំង​ទាំង ២​រូប​នេះ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ១៦​ខែ​ឧសភា​ខាង​មុខ។

ចំណែក​លោក​ កឹម សុខា ក៏​ត្រូវ​បាន​ព្រះរាជ​អាជ្ញារង លោក ​កែវ សុជាតិ ចេញ​ដីកា​ចុះ​ថ្ងៃ​ទី​ ៣​ឧសភា​ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី ១១​ឧសភា ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណថា ដែល​ប្តឹង​ពី​បទ​បរិហាកេរ្តិ៍ តាម​រយៈ​ខ្សែ​អាត់​សម្លេង​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ក្នុង​ស្រុក និង​តាម​ហេ្វសប៊ុក​ឈ្មោះ​រឿង​ពិត CNRP។ កញ្ញា​ធី សុវណ្ណថា ដែល​កន្លង​មក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​សកម្ម ធ្លាប់​បាន​ធ្វើ​សន្និសីទ​កាសែត​ថា ត្រូវ​ប្តឹង​ទារ​សំណង​ជា​​ប្រាក់​ពីលោក​កឹម សុខា ១លាន​ដុល្លារ​អាមេរិក ក្នុង​សំណុំ​រឿង​ដែល​កើត​ឡើង​ពី​ខ្សែ​អាត់​សម្លេង​ដែល​គេ​សង្ស័យ​ថា​ជា​ការ​ឆ្លើយ​ឆ្លង​គា្ន ​លក្ខណៈ​ឯកជន​សុទ្ធសាធ រវាង​លោក ​កឹម សុខា និង​នារី​ឈ្មោះ​ស្រី​មុំ។
 
ក្រុម​សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី ៣​ឧសភា​ដែរ​ថា ចំណាត់​ការ​ទៅ​លើ​មេឃុំ​មក​ពី​គណបក្ស​សម រង្ស៊ី និង​ទៅលើ​មន្ត្រី​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ​រួម​ទាំង​មន្ត្រី​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត គជប ផង គឺបាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ល្បែង​នយោបាយ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​សម្តែង ហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​នាំ​មក​នូវ​ភាព​ភ័យខ្លាច និង​ការ​យាយី​រំខាន​ដល់​ការ​បំពេញ​តួនាទី​បម្រើ​ពលរដ្ឋ របស់​មន្ត្រី​សិទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល។
 
ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា ក្រុម​សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា ៦០​អង្គការ បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​នា​ពេល​ថ្មី​ៗ​នេះ ព្រម​ទាំង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី​គជប និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។
 
ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​សុំកុំ​ឲ្យ​បរទេស​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ម្តង​ទៀត ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​គឺ​ប្រទេស​ម្ចាស់​ជំនួយ ជួយ​ធ្វើ​អន្តរាគមន៍ ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​ទាំង​នេះ ព្រម​ទាំង​សុំ​ឲ្យ​មាន​ការ​ជួយ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​គជប ទាំង ៥រូប និង​សមាជិក​ព្រឹទ្ធសភា​លោក ​ហុង សុខហួរ និង​លោក​ អ៊ុំ សំអាន ដែល​កំពុង​ជាប់​ពន្ធនាគារ៕

What Next?

Recent Articles

2 Responses to "តុលាការ​ងាក​មក​កោះ​ហៅ​ខាង​​​​បក្ស​​សង្គ្រោះ​ជាតិ​ តាមសារ​លិខិតស្រីមុំ"

  1. Khmer ISO says:

    Bravo, Cambodia court of Kingdom of Wonder !

  2. Anonymous says:

    cambodia blind court, work for snake.
    God bless all cambodian!