ដោយ ឡេង ម៉ាលី
2016-05-04
RFA
អតីតឆ្មាំគុកមួយរូបនៅមន្ទីរសន្តិសុខ «ស-២១» ឬគុកទួលស្លែង សាក្សី ហ៊ីម ហ៊ុយ ជម្រាបអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។ Photo courtesy of ECCC
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៤ ឧសភា ធ្វើសវនាការស្ដាប់សាក្សីទី៧ ដែលជាអតីតឆ្មាំគុកមួយរូបនៅមន្ទីរសន្តិសុខ «ស–២១» ឬគុកទួលស្លែងកាលពីក្នុងរបបខ្មែរក្រហម។ អតីតឆ្មាំគុករូបនេះ គឺលោក ហ៊ីម ហ៊ុយ ដែលជាអ្នកយាមអ្នកទោស និងជាអ្នកចាប់ចងមនុស្ស ដែលត្រូវអង្គការចោទថាជាអ្នកក្បត់ ជាខ្មាំងរបស់អង្គការ។
សាក្សី ហ៊ីម ហ៊ុយ ប្រាប់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ថានៅក្នុងរបបខ្មែរក្រហម លោកមានតួនាទីជាអ្នកយាមនៅផ្នែកខាងក្រៅបរិវេណមន្ទីរ «ស–២១» ឬគុកទួលស្លែង។ លោកជាអ្នកទៅចាប់ និងទទួលអ្នកទោសយកចូលមកឃុំឃាំងនៅទីនោះ៖ «ដូចទៅបាត់ដំបង អ៊ីចឹង ឡានឡង់រ៉ូវែរ (Land Rover) ពីរគ្រឿងទៅ។ ឡានមួយការពារអ្នកទោស ហើយឡានមួយទៀត។ ចំនួនគ្នាបួននាក់ អ្នកមុខពីរនាក់ អ្នកក្រោយពីរនាក់។ ពេលទៅទទួលនៅបាត់ដំបង ហ្នឹង នៅកន្លែងសាលារៀនគេ។ គេចាប់ហើយ យើងទៅដល់ចាប់អ្នកហ្នុងដាក់ឡាន បិទទ្វារ នាំគ្នាចេញមកវិញពេលយប់។ មានទទួលនៅឯស្វាយរៀង ក៏មាន នៅតាមកន្លែងឃ្លាំងរដ្ឋឃ្លាំងអីក៏ឡាន ស–២១ ទៅយក គឺនៅក្នុងភ្នំពេញ»។
លោក ហ៊ីម ហ៊ុយ ជម្រាបអង្គជំនុំជម្រះថា លោកក៏ធ្លាប់ដឹកអ្នកទោសទៅសម្លាប់នៅជើងឯកដែរ។ លោកបន្តថា អ្នកដែលគេចាប់ដាក់គុកទួលស្លែងពេលនោះ គឺត្រូវគេសម្លាប់ ហើយប្រធានគុកទួលស្លែងឈ្មោះ ឌុច ជាអ្នកបញ្ជាឲ្យសម្លាប់អ្នកទោស។ ដំបូងឡើយ អ្នកទោសទាំងនោះត្រូវគេសម្លាប់នៅមន្ទីរ «ស–២១» ជាពិសេសជនជាតិវៀតណាម ជនបរទេស និងកុមារ។ លោក ហ៊ីម ហ៊ុយ បញ្ជាក់ថា កុមារត្រូវគេសម្លាប់នៅខាងក្រោយគុកទួលស្លែង មុនពេលគេយកម្ដាយទៅសម្លាប់នៅជើងឯក៖ «ប៉េង អ្នកប្រាប់ខ្ញុំ គឺក្រុមរបស់គេនៅខាងក្នុងជាអ្នកយកទៅសម្លាប់។ ពេលគេសម្លាប់ហើយ ក៏គេយកម៉ែ ហើយអ្នកដែលសួរចម្លើយហើយហ្នឹង ដឹកទៅជើងឯក។ ខ្ញុំសុំជម្រាបថា គេមិនឲ្យបែកការណ៍យកក្មេងទៅជាមួយទេ។ យកក្មេងទៅជាមួយ ក្មេងយំ គឺអ្នកនៅតាមផ្លូវដូចជាអ្នករោងចក្រ ពួកគាត់ដេរអីដឹង គឺបែកការណ៍។ អ៊ីចឹងគេអត់ឲ្យដឹងទេ គេត្រូវលាក់ការណ៍។ ប៉េង បានប្រាប់ខ្ញុំថា យកក្មេងហ្នឹងទៅមណ្ឌលកុមារ។ បើយើងមិនប្រាប់អ៊ីចឹង គឺម្ដាយគេនឹងបែកការណ៍ដឹងផ្អើលហើយ។ អ៊ីចឹងយើងថាយកទៅដាក់មណ្ឌលកុមារទៅ»។
លោកឲ្យដឹងទៀតថា នៅដំណាក់កាលក្រោយមកទៀត ទើបគេយកទៅសម្លាប់នៅជើងឯក ដែលមានក្រុមអ្នកសម្លាប់ និងជីករណ្ដៅកប់សពប្រចាំនៅទីនោះ។ មេក្រុមអ្នកសម្លាប់ និងជីករណ្ដៅកប់សពនៅជើងឯក មានឈ្មោះ តេង។
លោក ហ៊ីម ហ៊ុយ បន្តថា ប្រធានគុកទួលស្លែង ឌុច និងអនុប្រធានឈ្មោះ ហ៊ ជាអ្នកសម្រេចផ្លាស់ប្ដូរទីតាំងនេះ ហើយបានបញ្ជាឲ្យវះពោះសពអ្នកទោសពេលគេសម្លាប់រួចហើយ៖ «តា ហ៊ តា ឌុច ហ្នឹងថាវាយហើយឲ្យអារក។ អារកហើយបានវះពោះទៀត។ បើកាលណាមិនវះពោះ គឺហើមរបើករណ្ដៅហ្នឹងតែម្ដង។ អ៊ីចឹងស្អុយគេដឹង។ ពេលដែលខ្ញុំបញ្ជូនទៅ គឺខ្ញុំអត់បានយកទាំងកុមារទៅទេ។ តែខុសពីខ្ញុំ មិនដឹងគេយកពីកន្លែងណា ឬចេញពី ស–២១ ក៏មិនដឹងដែរ»។
អតីតឆ្មាំគុក ហ៊ីម ហ៊ុយ ក៏ធ្លាប់និយាយប្រាប់វិទ្យុអាស៊ីសេរី ថា នៅពេលនោះលោកត្រូវបាន ឌុច បញ្ជាឲ្យសម្លាប់ជនរងគ្រោះផ្ទាល់ដៃចំនួន ៥នាក់ដែរ។ ប៉ុន្តែលោកអះអាងថា ក្រុមអ្នកសម្លាប់អ្នកទោស គឺមានប្រធានកងសន្តិសុខឈ្មោះ ប៉េង ដែលនៅផ្នែកខាងក្នុងមន្ទីរ «ស–២១»។ ទោះជាយ៉ាងនេះក្ដី លោកថា អ្នកដែលជាកងសន្តិសុខទាំងនោះមួយចំនួន ក៏ត្រូវគេចាប់ និងសម្លាប់នៅគុកទួលស្លែងនោះដែរ។
សក្ខីកម្មរបស់លោក ហ៊ីម ហ៊ុយ ឲ្យដឹងថា ប្រធានគុកទួលស្លែង ឌុច ធ្លាប់និយាយពាក់ព័ន្ធនឹងឈ្មោះជនជាប់ចោទ នួន ជា នៅក្នុងពេលរៀនសូត្រនយោបាយម្ដងៗ។
អង្គហេតុឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅមន្ទីរសន្តិសុខ «ស–២១» ឬគុកទួលស្លែង កាលពីក្នុងរបបខ្មែរក្រហម ជាអង្គហេតុដែលអង្គជំនុំជម្រះសាលាដំបូងកំពុងស្ដាប់សាក្សី ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅក្នុងសំណុំរឿង០០២ វគ្គ២។
អតីតឆ្មាំគុក ហ៊ីម ហ៊ុយ នឹងត្រូវផ្ដល់សក្ខីកម្មបន្តទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាក្សីទទួលស្គាល់ថាបានសម្លាប់អ្នកទោសមួយចំនួននៅវាលពិឃាដជើងឯកក្នុងរបបខ្មែរក្រហម
- អ្នកប្រវត្តិសាស្ត្រក្រើនរំឭកយុវជនឲ្យគិតពិចារណាស៊ីជម្រៅពីព្រឹត្តិការណ៍ថ្ងៃទី១៧មេសា
- អ្នកធ្លាប់ឆ្លងកាត់របបខ្មែរក្រហមនៅតែចងចាំមិនភ្លេចអំពីទុក្ខលំបាកវេទនា
- អង្គជំនុំជម្រះសាលាដំបូងបន្តដេញដោលពីការសម្លាប់មនុស្សនៅមន្ទីរសន្តិសុខអូរកន្សែង
- ដើមបណ្ដឹងថាសមាជិកគ្រួសារត្រូវបានខ្មែរក្រហមសម្លាប់ព្រោះជាប់សែស្រឡាយវៀតណាម
- បទសម្ភាសន៍អំពីមេធាវីជនជាប់ចោទ ខៀវ សំផន រិះគន់តុលាការថាមិនឯករាជ្យ (ភាគបញ្ចប់)
- បទសម្ភាសន៍អំពីមេធាវីទាមទារឲ្យតុលាការដោះលែងជនជាប់ចោទ ខៀវ សំផន (ភាគ១)
- មេធាវីការពារក្ដីសុំឲ្យតុលាការដោះលែងជនជាប់ចោទ ខៀវ សំផន
- មេធាវី៖ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបំភ្លៃអង្គហេតុនិងអង្គច្បាប់
- សាក្សីបដិសេធថាមិនដែលទទួលបញ្ជាសម្លាប់ជនជាតិវៀតណាមក្នុងរបបខ្មែរក្រហម