កីឡាករ​លោត​ទឹក​ខ្មែរ-អាមេរិក ចង់​មក​ជួយ​កម្ពុជា

កីឡាករ​ខ្មែរ-អាមេរិក Jordan Pisey បាន​បង្ហាញ​ពីការ​លោតទឹក កាលពី​ម្សិល​មិញ។ ស្រេង ម៉េងស្រ៊ុន

កីឡាករ​ខ្មែរ-អាមេរិក Jordan Pisey បាន​បង្ហាញ​ពីការ​លោតទឹក កាលពី​ម្សិល​មិញ។ ស្រេង ម៉េងស្រ៊ុន




ភ្នំពេញប៉ុស្តិ៍<

ភ្នំពេញៈ Jordan Pisey Windle ជា​ក្មេង​កំព្រា​ម្នាក់ ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រៃវែង ហើយ​រូបគេ​ត្រូវ​បាន​បុរស​ជនជាតិ​អាមេរិក Jerry Windle យកទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំង​ពីអាយុ ១៨ ខែ។

នៅ​ពេល​នេះ Jordan Pisey មាន​អាយុ ១៧ ឆ្នាំ​ហើយ ហើយ​គេ​ជា​កីឡាករ​លោត​ទឹក​ដ៏ឆ្នើម​នៃក្រុម​ជម្រើស​ជាតិ​អាមេរិក ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត Jordan Pisey ចង់វិល​មកជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ដណ្តើម​មេដាយ ក្នុង​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ។

Jordan Pisey ត្រូវបាន​ឪពុក​ចិញ្ចឹម​លោក Jerry Windle នាំ​មក​លេង​ប្រទេស​កំណើត តាំង​ពីថ្ងៃ​អង្គារ ទី ១០ ខែ​ឧសភា ដើម្បី​បាន​រំឭក​ឡើង​វិញ​នៅ​អនុស្សាវរីយ៍​លើ​ទឹកដី​កម្ពុជា ដែល​រូបគេ​បាន​ឃ្លាត​ឆ្ងាយ​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​មកនេះ ពិសេស​បានទៅ​ជួប​ក្មេង​កំព្រា​ជា​ច្រើន​កន្លែង​នៅ​កម្ពុជា ដើម្បី​លើក​ទឹកចិត្ត​ដល់​ពួកគេ ហើយ​ក្នុង​ដំណើរ​កម្សាន្ត​ត្រឹម​រយៈ​ពេល ១ សប្តាហ៍​នេះ Jordan Pisey និង​ឪពុក​ចិញ្ចើម​ក៏នឹង​ត្រូវទៅ​មើល​សារមន្ទីរ​ទួលស្លែង​ និងវាល​ពិឃាត​ជើង​ឯក ផង​ដែរ។

កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​នេះ Jordan Pisey បាន​ចូល​រួមចែក​រំលែក​ពី​បទពិសោធ​នៃការ​លោតទឹក​ដ៏​របស់គេ ដល់​ក្រុម​កីឡាករ ហែល​ទឹក​របស់​កម្ពុជា នៅ​អាង​ហែលទឹក ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ហើយ លោក ហែម គីរី អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ស្ម័គ្រ​ចិត្ត បាន​សារទរ​យ៉ាង​ខ្លាំង​ចំពោះ​វត្តមាន​របស់ Jordan Pisey និង​ឪពុក​ចិញ្ចឹម​របស់​គេ។

លោក ហែម គីរី និយាយ​ថា៖ «សហព័ន្ធ​ កំពុងតែ​សម្លឹង​រកអ្នក​មាន​ទេព​កោសល្យ​ យកមក​បណ្តុះ​បណ្តាលលើ​ជំនាញ​លោត​ទឹកនេះ ព្រោះវិញ្ញាសា​នេះមិន​ទាន់មាន​ការរីក​ចម្រើន​នោះ​ទេ ហេតុនេះ​វា​ជារឿង​ដ៏ល្អ និង​ជាជំហាន​ទី ១ ដ៏សំខាន់ ដែល​មាន​កីឡាករ​លោត​ទឹក​លំដាប់​ពិភព​លោក ហើយ​មាន​ឈាមជ័រ​ជាខ្មែរ​ មក​បង្ហាត់​បង្ហាញ​ពី​បច្ចេក​ទេស និង​សមត្ថ​ភាព ដែល​គាត់​ធ្លាប់​ហាត់ និង​ប្រកួត​នៅ​លើឆាក​អន្តរជាតិ ដល់​ក្រុម​កីឡាករ​កម្ពុជា​យើង»។

នៅពេល​សួរ​បញ្ជាក់​ថា តើ​សហព័ន្ធ​មាន​បំណង​ចង់ឲ្យ Jordan Pisey ចូល​រួមជួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ ឬ​អត់? លោក ហែម គីរី បានបញ្ជាក់​ថា៖ « Jordan Pisey មាន​សមត្ថ​ភាព​ខ្លាំង ដូច្នេះ​ការចង់​ឲ្យ​គាត់​ចូល​រួមក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះ គឺ​សហព័ន្ធ ពិត​ជា​បាន​គិត​ពីបញ្ហា​នេះ តែ​សំខាន់​វា​អាស្រ័យ​ទៅ​លើការ​សម្រេច​ចិត្ត​របស់​គាត់»។

ជុំវិញ​បញ្ហា​នេះ​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម​របស់ Jordan Pisey បាន​ថ្លែង​ថា៖ «សព្វថ្ងៃ​នេះ Jordan Pisey បាន​ជាប់ជា​ជម្រើស​ជាតិ​របស់​អាមេរិក​ទៅហើយ ហើយ​តាម​ច្បាប់គឺ​កីឡាករ​ម្នាក់មិន​អាច​ប្រកួត​តំណាង​ឲ្យ​ប្រទេស ២ ក្នុងពេល​តែមួយ​បាន​ទេ គឺ Jordan Pisey ត្រូវ​ប្រកួត​តំណាង​ឲ្យ​អាមេរិក​ឲ្យផុត​ការ​ប្រកួត​អូឡាំពិក នៅ​ប្រេស៊ីល ខាងមុខ​នេះ​សិន។ នៅ​ពេល​ចប់​ហើយគឺ​ក្នុងថ្ងៃ​អនាគត ខ្ញុំនឹង​ព្យាយាម​ជំរុញ Jordan Pisey ឲ្យ​ចូលរួម​ជួយ​កម្ពុជា ប៉ុន្តែ Jordan Pisey ផ្ទាល់​ធ្លាប់​បាននិយាយ​ប្រាប់​ខ្ញុំថា គេចង់​វិល​មក​ជួយក្រុម​ជម្រើស​ជាតិ​កម្ពុជា ព្រោះ​រូប​គេ​ចង់​បញ្ជាក់​ប្រាប់​ទៅ​រដ្ឋា​ភិបាល​កម្ពុជា​ថា កូនខ្មែរ​ទាំងអស់ មាន​សមត្ថភាព​ធ្វើការ​ងារ​ដើម្បី​ប្រទេស​ជាតិ»។

ជា​មួយ​ទេព​កោសល្យ​ខាង​កីឡាកោត​ទឹកនេះ Jordan Pisey ត្រូវបាន​អតីត​កីឡាករ​ជម្រើស​ជាតិ​អាមេរិកម្នាក់ យកទៅ​បង្ហាត់​កីឡា​លោត​ទឹកនេះ​តាំងពី​អាយុ ៧ ឆ្នាំ ហើយ​នៅអាយុ ១២ ឆ្នាំ រូបគេ​បាន​ប្រកួត​ឈ្នះពាន​រង្វាន់​ថ្នាក់ជាតិ​លើ​វិញ្ញាសា​លោតទឹក​កម្ពស់ ១០ ម៉ែត្រ ព្រមទាំង​បាន​ឈ្នះ​មេដាយ​មាស​ ក្នុងការ​ប្រកួត​ថ្នាក់ជាតិ​នៅរដ្ឋ Arizona និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ នាការ​ប្រកួត​ថ្នាក់ជាតិ​ពីរ​ផ្សេងទៀត ពិសេស​ក្នុងឆ្នាំ ២០១៦ នេះ Jordan Pisey បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ​ក្នុងការ​ប្រកួត​​ហែលទឹក​កម្រិត​ពិភព​លោកមួយ នៅប្រទេស​ព័រតូរីកូ ហើយ​គោល​បំណង​ធំ​របស់ Jordan Pisey គឺការ​ព្យាយាម​រកឲ្យ​បាន​មេដាយ តំណាង​ឲ្យក្រុម​ជម្រើស​ជាតិ​អាមេរិក ក្នុង​ការ​ប្រកួត​អូឡាំពិក នៅ​ប្រទេស​ប្រេស៊ីល​ក្នុងខែ​សីហា ខែ​មុខ​នេះ។

និយាយ​ទៅ​កាន់​អ្នក​យក ព័ត៌មាន នៅអាង​ហែល​ទឹក​ក្នុងពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នោះ Jordan Pisey បាន​បញ្ជាក់​ថា៖ «នៅពេល​នេះ​ខ្ញុំជា​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ដែល​មិន​អាច​ប្រកួត​ឲ្យ​ប្រទេស​ដទៃ​ទៀត​បាន​នោះទេ ព្រោះ​នេះ​ជាច្បាប់។ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត ខ្ញុំនឹង​ពិចារណា​ចំពោះ​ការ​វិលមក​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ព្រោះ​ខ្ញុំ​ក៏ចង់​ដែរ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព បើ​សិនជា​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹកស្ម័គ្រ​ចិត្ត ស្នើឲ្យ​ខ្ញុំមក​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ព្រោះខ្ញុំ​ក៏ចង់​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែរ»៕

What Next?

Recent Articles