អ្នក​ជំនាញ​បារម្ភ​អំពី​​​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ អ៊ុំ រង្សី
2016-06-22
RFA

រុន រ័ត្នវាសនា ៨៥៥ ២០១៦
ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA


របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​ថា តាម​ការអនុវត្ត​រយៈ​ពេល ២០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​ករណី​ធ្ងន់ធ្ងរ​នៅ​តែ​បន្ត​កើត​មាន ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ជនរងគ្រោះ។ សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​ចរាចរណ៍​នៅ​តែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​មូលហេតុ​សំខាន់ៗ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា ពិសេស​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ពេល ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្ដី។

ការ​លើក​ឡើង​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​របាយការណ៍​ថា រយៈពេល ២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១៦៣​ករណី មាន​អ្នក​ស្លាប់​រហូត ៧០​នាក់ ខណៈ​របួស​ធ្ងន់​ជិត​រហូត ១៦៨​នាក់ និង​របួសស្រាល​ចំនួន ៨០​នាក់។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស​កើន​ឡើង បើ​ទោះ​ជា​សមត្ថកិច្ច​បាន​ដំណើរការ​ច្បាប់​ចរាចរណ៍​ថ្មី​ក៏ដោយ ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បើក​បរ​មិន​ពាក់​មួក​សុវត្ថិភាព​ដែល​មាន​រហូត​ជាង ៩០% ដែល​ក្នុង​នោះ​ជា​បើក​បរ​ដោយ​ម៉ូតូ៖ «ទី​មួយ​គឺ​ឃើញ​ចំនួន​អ្នក​ស្លាប់​ដោយ​ការ​មិន​ពាក់​មួក​សុវត្ថិភាព​កើន​ឡើង ក្នុង​នោះ​អ្នក​ស្លាប់​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដោយ​ម៉ូតូ ក្នុង​នោះ ១០០​នាក់ មាន​ស្លាប់​ជាង ៨០ ទៅ ៩០% ហើយ​អ៊ីចឹង​វា​ចំនួន​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ក្តី​បារម្ភ​ខ្លាំង»

ទាក់ទិន​នឹង​ករណី​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ យល់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច មិន​ទាន់​មាន​ប្រសិទ្ធភាព និង​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​ឡើយ ព្រោះ​ការ​អនុវត្ត​មិន​ទាន់​ចំ​ចំណុច​សំខាន់​ដែល​បណ្ដាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ។

អ្នក​ជំនាញ​ខាង​ចរាចរណ៍​រូប​នេះ ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​លើ​កត្តា​សំខាន់ៗ គឺ​ការ​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព ការ​បើក​បរ​ក្នុង​ល្បឿន​លឿន និង​បើក​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង ព្រោះ​កត្តា​ទាំង​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់ និង​របួស​រហូត​ជាង ៩០%៖ «ចង់​សំណូមពរ​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ជំហាន សំខាន់​ខ្លាំង​ជាង​ប្រជាពលរដ្ឋ ព្រោះ​ខណៈ​នេះ​យើង​មាន​ច្បាប់​ហើយ តែ​នៅ​ខ្សោយ​ការ​អប់រំ និង​កញ្ជ្រៀប​ចំណេះដឹង​ទៅ​ប្រជាពលរដ្ឋ អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ឲ្យ​បាន​ល្អ​ប្រសើរ ខ្ញុំ​ជឿ​ថា នឹង​ជោគជ័យ»

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា ក៏​បាន​បញ្ជាក់​ថា ខេត្ត​និង​រាជធានី​ដែល​មាន​គ្រោះថ្នាក់​មនុស្ស​ស្លាប់ និង​របួស​ច្រើន​ជាង​គេ ក្នុង​នោះ​មាន​ភ្នំពេញ ស្វាយរៀង កំពង់ធំ ព្រៃវែង និង​ខេត្ត​កោះកុង។ លោក​អះអាង​ថា សមត្ថកិច្ច​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ខ្លាំង​លើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ពាក់​មួក​សុវត្ថិភាព និង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

ពាក់ព័ន្ធ​នឹង​ការ​បើក​បរ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​នេះ​ដែរ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សុំទោស​ជា​សាធារណៈ និង​ព្រម​ទទួល​ការ​ពិន័យ​តាម​ច្បាប់ កាល​ដែល​លោក​ជិះ​ម៉ូតូ​មិន​បាន​ពាក់​មួក​សុវត្ថិភាព និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល ទោះ​បី​ជិះ​ម៉ូតូ​ជិត ឬ​ឆ្ងាយ​ក្តី​ដើម្បី​ចៀសវាង​ការ​យក​គំរូ​អាក្រក់​តាម​លោក​លើ​ករណី​នេះ។

ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​គេ​មើល​បន្ទាប់​ពី​លោក​បាន​ជិះ​ម៉ូតូ​ជាមួយ​អ្នក​រត់​ម៉ូតូ​ឌុប ខណៈ​លោក​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ដោយ​ពុំ​បាន​ពាក់​មួក​សុវត្ថិភាព។
ការ​បើក​បរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​របស់​ថ្នាក់ដឹកនាំ​នេះ​ដែរ ក៏​ទទួល​រង​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​ថា ជា​ការ​អនុវត្ត​គំរូ​មិន​ល្អ​សម្រាប់​សង្គម បើ​ទោះ​ជា​កំហុស​អចេតនា​ក្ដី។ សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ និង​សមត្ថកិច្ច​ត្រូវ​តែ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ឲ្យ​កម្ពុជា គេច​ចេញ​ពី​សោកនាដកម្ម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​ជំនាញ​បារម្ភ​អំពី​​​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍"

  1. people says:

    Cambodia still a poor country ‘ compare to next door ‘ . why don’t they employ more polices ? polices must be clean record not criminal ,that make people have a job’ and every polices station should have computer record all the people who not obey the law’ ‘.people very poor but polices should warn them in the first time’ then second time ‘ the 3 must fine them ‘.the advertise BEER or Vine should not on the T V till 8 pm .A lot of way to adjust the people cultural ‘ or maybe thnak lour not allowed? drink driving must fine them strait.GOD bless all cambodian people’