គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​ចំពោះ​ការ​បើក​ប្រាក់​ម៉ោង​យឺតយ៉ាវ

ដោយ​ សូត សុខប្រាថ្នា
2016-07-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មន្ទីរ​អប់រំ កំពង់ចាម ៨៥៥
មន្ទីរ​អប់រំ​យុវជន និង កីឡា ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៦ (RFA/Saut Sokprathna)


ក្រុម​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ​ក្នុង​ខេត្ត​កំពង់ចាម ត្អូញត្អែរ​ចំពោះ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ប្រាក់​ម៉ោង​ជូន​ពួកគាត់ ដែល​មាន​រយៈពេល​ជិត ៣​ត្រីមាស​មក​ហើយ។ គ្រូ​ទាំង​នោះ​ឱ្យ​ដឹង​ថា ប្រាក់​ម៉ោង​នេះ​វា​តិចតួច ប៉ុន្តែ​ក៏​អាច​ជួយ​ដោះ​ទាល់​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ការ​រស់នៅ​បាន​មួយ​ផ្នែក​ដែរ។ ចំណែក​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ចាម បញ្ជាក់​ថា ប្រាក់​ម៉ោង​ទាំង​នោះ​នឹង​បាន​ដល់ដៃ​លោកគ្រូ​អ្នកគ្រូ​ក្នុង​ពេល​ឆាប់ៗ។

ក្រុម​គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​មាន​វិធានការ​ចំពោះ​ភាព​យឺតយ៉ាវ​នៃ​ប្រាក់​ម៉ោង​ដែល​តែងតែ​កើត​មាន​នៅ​ខេត្ត​មួយ​នេះ​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ។ ពួកគាត់​លើក​ឡើង​ថា ហេតុផល​ដែល​ខាង​មន្ទីរ​ប្រាប់​ទៅ​គ្រូបង្រៀន​តាមរយៈ​នាយក​សាលា​វិញ គឺ​ជា​ហេតុ​ផល​ដដែលៗ ស្រប​ពេល​ខេត្ត​គេ​ផ្សេងៗ មិន​សូវ​ជួប​បញ្ហា​ប្រាក់​ម៉ោង​យឺតយ៉ាវ​ដូច្នេះ​ឡើយ។

​ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កំពង់ចាម ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ពួកគាត់​នៅ​មិន​ទាន់​ទទួល​ប្រាក់​ម៉ោង​ចំនួន ២​ត្រីមាស និង​ជិត​ចូល​បី​ត្រីមាស​ទៅ​ហើយ ពោល​គឺ​តាំង​ពី​ដើម​ឆ្នាំ​សិក្សា​មក។ ភាព​យឺតយ៉ាវ​នេះ ពួកគាត់​នៅ​មិន​បាន​ដឹង​ពី​បញ្ហា​ពិតប្រាកដ​ទេ ប៉ុន្តែ​ពួកគាត់​ចង់​ឱ្យ​មន្ទីរ​អប់រំ​មាន​ការ​ទទួល​ខុស​ត្រូវ​ជុំវិញ​បញ្ហា​នេះ និង​ស្នើ​ឱ្យ​ខាង​មន្ទីរ​ជួយ​ពន្លឿន​បើកប្រាក់​ម៉ោង​ទាំង​នោះ​ឱ្យ​បាន​ឆាប់ៗ៖ «យើង​ដឹក​ស្រាប់​ហើយ គ្រូបង្រៀន​ពឹង​ផ្អែកលើ​ប្រាក់ខែ​ប៉ុណ្ណឹង បាន​ប្រាក់​ម៉ោង​តិចតួច​ប៉ុណ្ណឹង ហើយ​បើក​យឺតយ៉ាវ​អីចឹង។ បើ​បើក​លឿន​ទៅ​យើង​មាន​ទឹក​ចិត្ត។ ស្នើ​សុំ​ឱ្យ​គាត់​ជួយ​រៀបចំ​ដូច​ជាមួយ​ត្រីមាស​អ៊ីចឹង​ជួយ​ផ្ដល់​ឱ្យ​ទាន់​ដូច​ប្រាក់បៀវត្សរ៍​យើង​ធម្មតា​អ៊ីចឹង»

​ប្រាក់​ម៉ោង​បង្រៀន​លើស​សម្រាប់​គ្រូ​កម្រិត​វិទ្យាល័យ ឬ​កម្រិត​ឧត្ដមសិក្សា គឺ​ទទួល​បាន​ចំនួន ៥.២០០​រៀល​ក្នុង​មួយ​ម៉ោង និង​កម្រិត​មធ្យមសិក្សា ឬ​កម្រិត​អនុវិទ្យាល័យ​ទទួល​បាន​ចំនួន ២.៦០០​រៀល​ក្នុង​មួយ​ម៉ោង។ ក្នុង​រយៈពេល ២​ត្រីមាស​នេះ លោកគ្រូ អ្នកគ្រូ​ដែល​មាន​ប្រាក់​ម៉ោង​បង្រៀន​លើស អាច​ទទួល​ចន្លោះ​ពី ៥០​ម៉ឺន​រៀល ទៅ​ជាង ១​លាន​រៀល។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ចាម លោក លី ម៉េងសាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា​ហេតុផល​ដែល​នាំ​ឱ្យ​មាន​ភាព​យឺតយ៉ាវ គឺ​ដោយសារ​ឯកសារ​បញ្ជូន​មក​ពី​តាម​សាលា​មួយ​ចំនួន​នៅ​មិនទាន់​ត្រឹមត្រូវ​តាម​បច្ចេកទេស ពោល​គឺ​ខុស​ទិន្នន័យ​ខ្លះៗ ដែល​ទាមទារ​ឱ្យ​សាលា​បំពេញ​ខុស​ទាំង​នោះ​កែតម្រូវ​ឡើង​វិញ។ ក្រោយ​ពេល​កែតម្រូវ​រួច លោក​បញ្ជាក់​ថា ខាង​មន្ទីរ​បាន​បញ្ជូន​ឯកសារ​ប្រាក់​ម៉ោង​ទាំង​នោះ​ទៅ​រតនាគារ​រួចរាល់​ហើយ ដោយ​លោក​អះអាង​ថា ប្រាក់​ម៉ោង​នឹង​ទទួល​បាន​ក្នុង​ពេល​ឆាប់ៗ។ ជាមួយ​គ្នា​នេះ លោក​នឹង​កោះ​ប្រជុំ​នាយក​សាលា​ទាំង​អស់​ដើម្បី​កែប្រែ​នូវ​ចំណុច​ខ្វះខាត​ទាំង​នោះ ហើយ​សង្ឃឹម​ថា ត្រីមាស​ក្រោយៗ នឹង​មិន​ជួប​បញ្ហា​យឺតយ៉ាវ​នេះ​ទៀត​ទេ៖ «ខ្ញុំ​ជឿ​ថា កែ ព្រោះ​អ្វី​ដែល​គាត់​ជួប​ខ្ញុំ​ថ្មី ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការងារ​នេះ ហើយ​នៅ​ថ្ងៃ​ទី​១០ (កក្កដា) ហ្នឹង ខ្ញុំ​នឹង​ប្រជុំ​មួយ​សា​ទៀតហើយ ទាក់ទង​គ្រូ​នៅ​វិទ្យាល័យ​ហ្នឹង»

​សាលា​វិទ្យាល័យ និង​អនុវិទ្យាល័យ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម គឺ​មាន​ចំនួន ១២០​សាលា។ ចំណែក​គ្រូបង្រៀន​ទូទាំង​ខេត្ត រាប់​បញ្ចូល​ទាំង​គ្រូ​បឋមសិក្សា​ផង គឺ​មាន​ជាង ៧​ពាន់​នាក់។

ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ថា បញ្ហា​នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ​ដែល​មិន​បាន​គិតគូរ​សុខទុក្ខ​គ្រូបង្រៀន ប៉ុន្តែ​ហាក់​យកចិត្តទុកដាក់​ទៅ​លើ​ការងារ​បក្ស​ច្រើន​ជាង ពីព្រោះ​ស្ទើរ​តែ​​គ្រប់​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត គេ​ទទួល​បាន​ប្រាក់​ម៉ោង​នេះ​រួច​ទៅ​ហើយ៖ «មូលហេតុ​យឺតយ៉ាវ ខ្ញុំ​គិត​ថា គាត់​យក​រឿង​បក្ស​ច្រើន​ជាង​រឿង​របស់​លោកគ្រូ​អ្នកគ្រូ​យើង»។

អ្នកស្រី​មើល​ឃើញ​ថា នៅ​ពេល​ប្រាក់​ម៉ោង​យឺតយ៉ាវ​បែប​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រូបង្រៀន​មួយ​ផ្នែក ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បង្រៀន​សិស្ស​ថែម​ទៀត។ អ្នកស្រី​ស្នើ​ឱ្យ​ក្រសួង​អប់រំ គប្បី​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​ធ្វើ​ឱ្យ​បញ្ហា​នេះ​នៅតែ​កើត​ឡើង​ដដែលៗ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles