អាមេរិកបញ្ជូនបេសកជនកីឡាបាល់បោះពីររូបមកកម្ពុជា

ដោយ កញ្ញា ជី បូណ៌មី​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | ម៉ោង 4:33 PM
http://vodhotnews.com

កំសាន្ដ | កីឡា

លោក Troy Justice នាយកជាន់ខ្ពស់នៃ​ NBA និងបេសកជនកីឡាបាល់បោះ កញ្ញា ស៊ូ វីកស៍ (Sue Wicks) (ស្តាំដៃ​)


ក្រសួងការបរទេសអាមេរិកបានបញ្ជូនបេសកជន២រូបដែលជាកីឡាករនិងកីឡាការិនីពីសមាគមបាល់បោះអាមេរិកមកកម្ពុជាចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ខែកក្កដានេះក្នុងគោលបំណងបង្កើនសមត្ថភាពកីឡាករបាល់បោះកម្ពុជាក៏ដូចជាពង្រឹងមិត្តភាពប្រទេសទាំងពីរ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឲ្យដឹងថាកញ្ញា ស៊ូ វីកស៍ (Sue Wicks)និងលោក លោក វ៉េន អេលីងតុន(Wayne Ellington)ដែលជាបេសកជនកីឡាបាល់បោះរបស់អាមេរិក មកកម្ពុជាដើម្បីជួយពង្រឹងជំនាញនិងធ្វើអោយមានការចាប់អារម្មណ៍ច្រើនថែមទៀតនៅកម្ពុជាចំពោះកីឡាដ៏មានប្រជាប្រិយភាពបំផុតនេះ ក្នុងពិភពលោក។ ស្ថានទូតអាមេរិកបន្តថាយុវជនកម្ពុជាមិនត្រឹមតែបានរៀននិងបង្កើនភាពប៉ិនប្រសប់ក្នុងការលេងកីឡាបាល់បោះតែប៉ុណ្ណោះទេ តែបេសកជនកីឡាទាំងពីររូបនឹងផ្តោតផងដែរលើការងារជាក្រុម ការទាក់ទងជាមួយគ្នាបានល្អ ការបង្កើនការចេះអោយតំលៃលើខ្លួនឯងនិងមេរៀនដទៃទៀតដែលត្រូវបានរៀនតាមរយៈការលេងកីឡាបាល់បោះ។

នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយសហព័ន្ធបាល់បោះកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ កញ្ញា ស៊ូ វីកស៍ ថ្លែងថាបេសកជនកីឡា មកកម្ពុជាក្នុងបំណងជួបសំណេះសំណាលជាពិសេសបង្ហាត់បង្រៀនពង្រឹងសមត្ថភាពរបស់យុជននិងកីឡាករបាល់បោះនៅកម្ពុជាហើយថាពូកគេមើលឃើញភាពខ្លាំងក៏ដូចជាចំណង់ចំណូលចិត្តរបស់យុវជននៅក្នុងវិស័យកីឡាប្រភេទនេះ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាឲ្យដឹងក្រោយបញ្ចប់សន្និសីទព័ត៌មានថាវិស័យកីឡាបាល់បោះនៅកម្ពុជានៅមានបញ្ហាប្រឈម ព្រោះកីឡានេះទាមទារឲ្យមានសម្ភារៈ ទីតាំងក៏ដូចជាបច្ចេកទេសល្អ តែកម្ពុជានៅមិនទាន់មានធនធានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនេះនៅឡើយ។ លោកបញ្ជាក់ទៀតថាការទទួលការបង្ហាត់បង្រៀនពីបេសកជននេះជាជំហានទីមួយដែលក្រសូងកំពុងធ្វើដើម្បីពង្រឹងវិស័យកីឡាបាល់បោះ ហើយថាលោកសង្ឃឹមថានឹងមានជំនួយបច្ចេកទេសនៅថ្ងៃមុខទៀត។

គួរបញ្ជាក់ថានេះជាលើកទីមួយហើយដែលមានការបញ្ជូនកីឡាករនិងកីឡារការនីបាល់បោះល្បីរបស់អាមេរិកមកកាន់កម្ពុជាដើម្បីចែករំលែកបទពិសោធន៍ដល់កីឡាករជាពិសេសក្មេងៗ៕ ដោយ ជី បូណ៌មី និងសាញ សុជាទិញ

សរសេរមកកាន់ កញ្ញា ជី បូណ៌មី តាមរយៈ bormeychy8@gmail.com

What Next?

Recent Articles