ទស្សនៈ​អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ

ដោយ អ៊ុំ រង្សី
2016-07-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥
អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​ចាប់​ផ្ដើម​ពី​វត្ត​ចាស់ រហូត​ដល់​ស្រុក​កំណើត​លោក កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា នៅ​តែ​បង្ហាញ​ការ​សោកស្ដាយ​អំពី​វីរភាព​របស់​លោក។ ទន្ទឹម​គ្នា​នេះ ពួក​គេ​បាន​ថ្កោលទោស​ដល់​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ព្រម​ទាំង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​នេះ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​រូប​លោក។

អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​ដូចជា កម្មករ កសិករ អាជីវករ និង​មន្ត្រី​រាជការ យល់​ថា ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​បាត់បង់​ធនធាន​ដ៏​កម្រ​របស់​ប្រទេស​កម្ពុជា។

ជា​អាជីវករ​នៅ​ផ្សារ​ទួល​សង្កែ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី លោកស្រី ខេង ចាន់ ឲ្យ​ដឹង​ថា អាជីវករ​ជាច្រើន​នៅ​ក្នុង​ផ្សារ​ទួល​សង្កែ បាន​នាំ​គ្នា​បិទ​តូប និង​នាំ​គ្នា​មក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី តាំង​ពី​ម៉ោង ៤​ព្រឹក។ លោកស្រី​ថា លោក កែម ឡី គឺ​ជា​មនុស្ស​ស្លូត​ត្រង់ មាន​ការ​វិភាគ​ត្រឹមត្រូវ ពិសេស​គាត់​ក្លាហាន​ហ៊ាន​រិះគន់​ភាព​អវិជ្ជមាន​ក្នុង​សង្គម ដើម្បី​បំភ្លឺ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​យល់​ច្បាស់​ពី​បញ្ហា​សង្គម៖ «គាត់​ហ៊ាន​ប្រឈម​មុខ ហ៊ាន​បញ្ចេញ​យោបល់​ពិត អ៊ីចឹង​គាត់​តែង​ហ៊ាន​ការ​ពិត​ម្នាក់​គត់ ដែល​ជួយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ហ៊ាន​តស៊ូ​ទៅ​មុខ និង​ក្រោក​ឡើង»

ទន្ទឹម​គ្នា​នេះ ជា​កម្មករ​រោងចក្រ និង​ជា​អ្នក​រត់​ម៉ូតូ​កង់​បី លោក ខុន ស៊ីវន ស្មាន​មិន​ដល់​ថា​មាន​អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដ៏​ច្រើន​លើសលប់​បែប​នេះ​នោះ​ទេ។ លោក​ថា នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក កែម ឡី ជា​ខ្លាំង​អំពី​វីរភាព​របស់​លោក ព្រម​ទាំង​ស្ដាយ​អ្នក​មាន​សមត្ថភាព និង​មាន​ចិត្ត​ល្អ​ដូច​លោក​បណ្ឌិត កែម ឡី៖ «មិន​នឹក​ស្មាន​ដល់​ថា មាន​អ្នក​ចូលរួម​ហែ​សព​គាត់​ច្រើន​យ៉ាង​ហ្នឹង។ ចឹង​ថ្នាក់​ដឹក​នាំ​ប្រទេស​គួរ​តែ​យក​គំរូ​តាម​លោក កុំ​គិត​តែ​ពី​អំណាច​ពេក»

ទន្ទឹម​នេះ កម្មការិនី​រោងចក្រ ខ្វាន​ទុង ក្នុង​សង្កាត់​ស្ទឹងមានជ័យ លោកស្រី គូន ស្រីមុំ ឲ្យ​ដឹង​ដែរ​ថា លោកស្រី និង​កម្មករ​ក្នុង​រោងចក្រ​លោកស្រី​ប្រមាណ​ជាង ២០០​នាក់​ទៀត ដែល​មក​ចូលរួម​ដង្ហែ​សព​លោក កែម ឡី គឺ​ចង់​បង្ហាញ​ការ​ដឹង​គុណ​ដល់​រូប​លោក ដែល​បាន​បញ្ចេញ​មតិ​ដើម្បី​ចង់​ឲ្យ​សង្គម​រីក​ចម្រើន និង​ការ​រួម​ចំណែក​ជួយ​ជំរុញ​ឲ្យ​ប្រាក់​ខែ​កម្មករ​កម្ពុជា ប្រសើរ​ឡើង​ដែរ។

មិន​ខុស​គ្នា​ពី​កម្មករ និង​កសិករ​ប៉ុន្មាន​ដែរ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ដែរ​នោះ លោក​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក កែម ឡី ព្រោះ​លោក កែម ឡី គឺ​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ និង​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម។ សាស្ត្រាចារ្យ​រូប​នេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​អន្តរជាតិ ចូលរួម​ស៊ើប​អង្កេត ព្រោះ​លោក​យល់​ថា តុលាការ​ស្រុក​ខ្មែរ​ធ្វើ​ការ​យឺតយ៉ាវ ដូចជា​ករណី​បាញ់​សម្លាប់​បញ្ញវន្ត​មួយ​ចំនួន​កន្លង​មក៖ «សូម​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​អន្តរជាតិ​ផង មក​ស៊ើប​អង្កេត​រឿង​គាត់ ព្រោះ​ក្នុង​ករណី​នេះ បាត់បង់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​ខាតបង់​ដ៏​ធំ ព្រោះ​ថា​ប្រទេស​ខ្មែរ​កំពុង​តែ​ក្រ​ផង មក​ត្រូវ​បាត់​អ្នក​ចេះ​ដឹង​ដូចជា​រូប​លោក​ទៅ​វិញ»

ចំណែក​ឯ​អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី មួយ​រូប​ទៀត លោក ឃី សុខ បាន​អំពាវនាវ​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម និង​សុំ​ឲ្យ​អាជ្ញាធរ ឬ​តុលាការ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​ក្នុង​ម៉ាត​កាល់តិច ត្រូវ​តែ​បញ្ចេញ​ជា​សាធារណៈ ដើម្បី​ឲ្យ​សាធារណជន​បាន​ឃើញ​ពី​សកម្មភាព​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តម្លាភាព​ក្នុង​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច៖ «ដើម្បី​បញ្ជាក់​ថា មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង សមត្ថកិច្ច​គួរ​តែ​ហ៊ាន​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព ព្រោះ​ខ្ញុំ​គ្មាន​រំពឹង​លើ​តុលាការ​ស្រុក​ខ្មែរ​នោះ ខណៈ​នេះ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង គឺ​យើង​ចឹង​ដឹង​ថា ឃាតក​ដែល​ចាប់​បាន​ពិត ឬ​មិន​ពិត វា​ចេញ​ណា វា​យ៉ាង​ម៉េច ចឹង​គួរ​បង្ហាញ​ពី​សាធារណៈ​មក»

លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្រុង​ភ្នំពេញ។ បន្ទាប់​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​រិះគន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​នោះ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​នាំ​គ្នា​ចូលរួម​មរណទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជា​បន្តបន្ទាប់។ អ្នក​ចូលរួម​ទាំង​នោះ មាន​តាំង​ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​អ្នក​នយោបាយ និង​អង្គ​ទូត​បរទេស។

ប៉ុន្តែ​យ៉ាង​ណា អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​ចាប់​ផ្ដើម​ពី​វត្ត​ចាស់ រហូត​ដល់​ស្រុក​កំណើត​លោក កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ទាំង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត នៅ​តែ​ទទូច​ឲ្យ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ តម្លាភាព​លើ​ឃាតកម្ម​លោក កែម ឡី ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​រូប​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ទស្សនៈ​អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ"

  1. Lethycheat says:

    Suggest to have an inscription which will includes important quotes by Dr. Kem Ley. The inscription should be installed at his graveyard.

  2. Lethycheat says:

    Suggest to have an inscription which will includes important quotes by Dr. Kem Ley. The inscription should be installed at his graveyard.

  3. CountryStudent says:

    លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
    បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន