ក្រុម​អ្នក​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

ដោយ ប្រាជ្ញ ចេវ
2016-07-27
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥
ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Rann Samnang


បន្ទាប់​ពី​ពិធី​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បញ្ចប់ ពេល​នេះ​បុគ្គល​មួយ​ចំនួន​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក កែម ឡី បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ហើយ​អ្នក​ខ្លះ​ក៏​សម្ងំ​លាក់​ខ្លួន​ដែរ។

សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ដែល​ជា​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា សមត្ថកិច្ច​ត្រូវ​មាន​វិធានការ​ជួយ​ការពារ​សុវត្ថិភាព​របស់​ពួក​គេ ខណៈ​បុគ្គល​មួយ​ចំនួន​កំពុង​រង​ការ​គំរាម​កំហែង

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ឲ្យ​ដឹង​ថា គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក កែម ឡី រង​ការ​គំរាម​កំហែង​តាំង​ពី​សព​លោក កែម ឡី មិន​ទាន់​បញ្ចុះ​ឯណោះ គឺ​ចាប់​តាំង​ពី​ការ​ពន្យារ​ពេល​បញ្ចុះ។ លោក​យល់​ថា សមត្ថកិច្ច​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ ឬ​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក កែម ឡី ដែល​រង​ការ​គំរាម ទោះ​បី​ជា​ពួក​គេ​បាន​ស្នើសុំ៖ «និយាយ​ទៅ​ការ​គំរាម​កំហែង​នេះ​មាន​តាំង​ពី​អំឡុង​ពេល​បុណ្យ​សព។ អាជ្ញាធរ​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ការ​ពន្យារ​នេះ​ទេ ហើយ​នៅ​ពេល​មាន​ការ​គំរាម​កំហែង​ដល់​គណៈកម្មការ​ទៀត គឺ​រឹត​តែ​ធ្វើ​ឲ្យ​សង្ស័យ​ដល់​រដ្ឋាភិបាល»

នៅ​ពេល​នេះ សមាជិក​មួយ​ចំនួន​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក កែម ឡី បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ដែរ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​កំពុង​រង​ការ​គំរាម​កំហែង បាន​និមន្ត​ទៅ​ក្រៅ​ប្រទេស។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា ឲ្យ​ដឹង​ដែរ​ថា លោក​ទទួល​ព័ត៌មាន​ខ្លះ​ដែរ​ទាក់ទង​នឹង​អ្នក​ជួយ​រៀបចំ​បុណ្យ​សព​លោក កែម ឡី កំពុង​រង​ការ​គំរាម។ លោក​ងឿងឆ្ងល់​ថា តើ​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក កែម ឡី ប៉ះពាល់​សង្គម​យ៉ាង​ណា ទើប​មាន​ការ​គំរាម​បែប​នេះ?«នៅ​ពេល​រៀបចំ​បុណ្យ​សព មាន​ការ​ប៉ះពាល់​ដល់​សង្គម​យ៉ាង​ម៉េច? គួរ​មាន​ការ​ជជែក​គ្នា​ទៅ សម្រាប់​សង្គម​មាន​អី​ក្រៅ​ពី​អង្គុយ​ជុំ​គ្នា​រក​ដំណោះស្រាយ​ទេ បើ​សិន​មាន​ការ​គំរាម​កំហែង​មែន មិន​ចំណេញ​ដល់​សង្គម​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឬ​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។ សព​របស់​លោក ត្រូវ​បាន​បញ្ចុះ​នៅ​ស្រុក​កំណើត​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា។

សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល រក​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ទាក់ទង​រឿង​នេះ​ដែរ អតីត​កងទ័ព​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ប្រចាំ​ការ​ក្នុង​តំបន់​ព្រះវិហារ លោក សោម សុវណ្ណារ៉ា ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម​ថា សម វិជ្ជា ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ស្វែងរក​ចាប់​ខ្លួន​នោះ លោក​បាន​បង្ហោះ​វីដេអូ​ដោយ​និយាយ​ចោទ​ប្រកាន់​ថា ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​លោក ហ៊ុន តូ ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​លោក ហ៊ុន តូ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

ភ្លាមៗ​ក្រោយ​មាន​ការ​បាញ់​សម្លាប់​លោក កែម ឡី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ អះអាង​ថា សមត្ថកិច្ច​ចាប់​បាន​ឃាតក​ដែល​បាន​សារភាព​ថា រូប​គេ​មាន​ឈ្មោះ ជួប សម្លាប់។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ឈ្មោះ​ពិត​របស់​ជន​សង្ស័យ​នៅ​ឡើយ​ទេ ខណៈ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles