ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​នៅ​ខេត្ត​កំពង់ឆ្នាំង​ចង់​បាន​ស្ពាន​ឆ្លង​និង​ទាមទារ​សំណង

ដោយ ជិន ជេដ្ឋា
2016-07-28
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទំនប់​ទឹក​ស្ទឹង​អាចាង កំពង់ឆ្នាំង ២០១៦ ៨៥៥
២៦-កក្កដា-២០១៦៖ ប្រឡាយ​មេ និង​ទំនប់​ទឹក​ស្ទឹង​អាចាង ឋិត​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ RFA/Chin Chetha


ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​អាចាង នៅ​ខេត្ត​កំពង់ឆ្នាំង ចង់​បាន​ស្ពាន​ឆ្លង និង​ការ​ទូទាត់​សំណង​ផល​ប៉ះពាល់​ឲ្យ​បាន​ឆាប់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បណ្ដាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ​នៃ​ភាព​ចម្រូងចម្រាស​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កាល​ពី​ពេល​កន្លង​ទៅ។

មន្ត្រី​ផ្នែក​ច្បាប់ សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) នឹង​ចំណាយ​ពេល​មួយ​សប្ដាហ៍​ពេញ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដើម្បី​សិក្សា​បញ្ហា​ដែល​នៅ​សេសសល់ និង​បញ្ហា​កើត​ឡើង​ជុំវិញ​ការ​អនុវត្ត​គម្រោង។ មន្ត្រី​ទាំង​នេះ​មាន​បំណង​ចងក្រង​ឯកសារ ឬ​ភស្តុតាង​ដែល​ខ្លួន​រក​ឃើញ ដើម្បី​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ។

មន្ត្រី​ផ្នែក​ច្បាប់​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក វង្ស កុសល មាន​ប្រសាសន៍​ថា រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ថា ដំណើរ​ការ​អនុវត្ត​គម្រោង​មាន​ភាព​វិជ្ជមាន​ច្រើន រាប់​ទាំង​ការ​ផ្ដល់​សំណង​ផល​ប៉ះពាល់ និង​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ។ លោក​ថា របាយការណ៍​ដែល​នឹង​ចងក្រង​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​នេះ អាច​ជួយ​ជម្រះ​មន្ទិល​របស់​អ្នក​រង​ផល​ប៉ះពាល់​ចំពោះ​អាជ្ញាធរ៖ «យើង​ជួយ​ដល់​អាជ្ញាធរ ក៏ដូចជា​ពលរដ្ឋ​អស់​មន្ទិល ហើយ​មាន​អារម្មណ៍​ល្អ និង​ធ្វើ​កិច្ចការ​សហការ​គ្នា​ទាំង​អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ហ្នឹង។ ហើយ​ត្រូវ​រក​វិធី​យ៉ាង​ណា ដើម្បី​ធ្វើ​ការងារ​រួម​គ្នា​ទៅ​មុខ​ទៀត ដើម្បី​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់ ឬ​ការ​ព្រួយ​បារម្ភ ដូចជា​មធ្យោបាយ​យក​ទឹក​បញ្ចូល​ស្រែ ឬ​ធានា​នូវ​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ទឹក ដើម្បី​អាច​ធ្វើ​ស្រែ​បាន​ច្រើន​រដូវ»

ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ (Sino Hydro) គ្រោង​ប្រើ​រយៈពេល ៣​ឆ្នាំ គឺ​ចាប់​ឆ្នាំ​២០១៥ ដើម្បី​ស្ថាបនា​ប្រឡាយ​មេ​មួយ​ខ្សែ​តាម​គោល​នយោបាយ​ផ្គត់ផ្គង់​ទឹក​របស់​រដ្ឋាភិបាល សម្រាប់​ស្រោចស្រព​ផ្ទៃ​ដី​កសិកម្ម​ប្រវែង​ជិត ២០​គីឡូម៉ែត្រ (១៩,៥៩​គីឡូម៉ែត្រ) ចេញ​ពី​ចំណុច​ស្ទឹង​អាចាង ឃុំ​ពេជ្រចង្វា រហូត​ដល់​ប៉ែក​ខាង​ក្រោម​ផ្លូវ​ជាតិ​លេខ​៥ នៃ​ឃុំ​មេលំ ស្រុក​បរិបូរណ៍។ ប្រឡាយ​មេ​នេះ​មាន​ទំហំ​ទទឹង ២៦​ម៉ែត្រ និង​ជម្រៅ​ប្រហែល ៥​ម៉ែត្រ។ ក្រុមហ៊ុន​នឹង​ស្ថាបនា​ប្រឡាយ​រង​ចំនួន ១០​ខ្សែ​ទៀត ដើម្បី​បែង​ចែក​ទឹក​ស្រោចស្រព​ផ្ទៃ​ដី​កសិកម្ម​ជាង ១​ម៉ឺន​ហិកតារ (១០.៣០០​ហិកតារ) នៅ​ស្រុក​ទឹកផុស និង​ស្រុក​បរិបូរណ៍។

ទន្ទឹម​គ្នា​នេះ ក្រុម​ការងារ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​រក​ឃើញ​នូវ​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន​ដែរ ដូចជា ការ​ទូទាត់​សំណង​យឺតយ៉ាវ ស្ពាន​ឆ្លង​កាត់​សំខាន់ៗ​មួយ​ចំនួន​មិន​ទាន់​បាន​ធ្វើ បញ្ហា​មិន​បាន​សិក្សា​លម្អិត​ជា​មុន​លើ​លក្ខណៈ​បច្ចេកទេស នៃ​ការ​ប្រើប្រាស់​ទឹក​របស់​កសិករ និង​ការ​ផ្សព្វផ្សាយ​ពី​គម្រោង​នៅ​មាន​កម្រិត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ឬ​កសិករ​ប្រើ​ទឹក​តាម​ដង​ប្រឡាយ​មិន​ទុក​ចិត្ត​អាជ្ញាធរ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ ដែល​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ស្ថាបនា​ប្រឡាយ​មេ និង​កម្លាំង​រាវ​មីន​តាម​គំនូស​ប្លង់ ដែល​ចេញ​ដោយ​ក្រសួង​ធនធាន​ទឹក អ្នក​ភូមិ​នៃ​ឃុំ​ពេជ្រចង្វា ឃុំ​អញ្ចាញរូង និង​ឃុំ​ពពេល ដែល​មាន​ដី​ស្រែ​ចម្ការ​ប៉ះពាល់ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​សំណង​ដី​ថោក​ពេក ការ​ឈូស​ឆាយ​លើ​ដី​ពលរដ្ឋ​មិន​ទាន់​ផ្ដល់​សំណង និង​បញ្ហា​កាយ​ផ្ដាច់​ផ្លូវ​មិន​ធ្វើ​ស្ពាន​ឲ្យ​ពលរដ្ឋ​ឆ្លង​បណ្ដោះអាសន្ន។

ពលរដ្ឋ​ប៉ះពាល់​ដី​ស្រែ​ជាង ២​ពាន់​ម៉ែត្រ​ការ៉េ​នៅ​ភូមិ​សាលាឃុំ នៃ​ឃុំ​ពពេល លោក ម៉ែន ចាន់ ឲ្យ​ដឹង​ថា រូប​លោក និង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាច្រើន​ផ្សេង​ទៀត​ធ្លាប់​តវ៉ា​ជាច្រើន​លើក ដើម្បី​ទទួល​បាន​សំណង​សមរម្យ និង​សូម​ឲ្យ​ផ្ដល់​សំណង មុន​នឹង​ឈូស​ឆាយ។ បើ​ទោះ​បី​ជា​លោក​ធ្លាប់​បាន​ចុះ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន មិន​ឲ្យ​កាយ​ដី​លោក​ដើម្បី​ធ្វើ​ប្រឡាយ​រង ប៉ុន្តែ​គេ​មិន​អើពើ​ដោះស្រាយ ទើប​លោក​បង្ខំ​ចិត្ត​ទទួល​យក​សំណង​ដោយ​មិន​សមរម្យ​នោះ៖ «ក្នុង​មួយ​ការ៉េ​ខ្ញុំ​យក​តែ​បី​ដុល្លារ​ទេ ព្រមព្រៀង​ឯណា​គេ​ឲ្យ​តម្លៃ​មក ៥​កាក់ (,៥​ដុល្លារ)។ ឥឡូវ​ព្រមព្រៀង​បាត់​ទៅ​ហើយ ដោយសារ​គេ​មាន​យុទ្ធសាស្ត្រ​មួយ​បង្អើល​ម៉ង។ បង្អើល​ថា បើ​អ្ហែង​មិន​ផ្ដិត​មេដៃ ក៏​គេ​ធ្វើ​ដែរ។ អ៊ីចឹង​ប្រជាជន​ខ្លាច​ម៉ង។ បើ​មិន​ឲ្យ ក៏​ឈូស។ គេ​និយាយ​អ៊ីចឹង។ អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្លះ​ព្រម និង​ខ្លះ​អត់​ព្រម»

ចេង ថា ទំនប់​ស្ទឹង​អាចាង កំពង់ឆ្នាំង ២០១៦ ៨៥៥
ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​អាចាង នៅ​ភូមិ​តាំងធ្នឹម ឃុំ​ពេជ្រចង្វា ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង លោកស្រី ចេង ថា ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chin Chetha


ចំណែក​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ម្នាក់​ទៀត​នៅ​ភូមិ​តាំងធ្នឹម នៃ​ឃុំ​ពេជ្រចង្វា លោកស្រី ចេង ថា បញ្ជាក់​ថា ជាច្រើន​ខែ​មក​ហើយ​ដែល​ក្រុមហ៊ុន​បាន​កាយ​ផ្ដាច់​ផ្លូវ​ដើរ និង​គោយន្ត​ធ្លាប់​បរ​ឆ្លង​កាត់​ទៅ​មក​នៅ​មុខ​ផ្ទះ​របស់​គាត់។ លោកស្រី​ចង់​ឲ្យ​ក្រុមហ៊ុន ឬ​អាជ្ញាធរ​ជួយ​ពន្លឿន​ធ្វើ​ស្ពាន​ឆ្លង​ទៅ​មក​ភ្ជួរ​ស្រែ និង​ដឹក​គោ​ក្របី​ទៅ​មើល​នៅ​ត្រើយ​ម្ខាង​ប្រឡាយ ជំនួស​ឈើ​ដែល​គាត់​ដាក់​ឆ្លង​បណ្ដោះអាសន្ន៖ «ពិបាក​ដែរ​កូន​ចៅ​មាន​ម៉ូតូ គេ​ទៅ​ជិះ​ទៅ ២​គីឡូម៉ែត្រ។ ដល់​អត់​ឆ្លង​តាម​ស្ពាន​ចុះ​ទៅ​ផ្ទះ​យាយ​សួ តាម​កាំ​ជណ្ដើរ​តូចៗ។ លោក ជិន ជេដ្ឋា៖ មាន​ការងារ​អី​ចាំបាច់​ត្រូវ​ឆ្លង​ទៅ​ឆ្លង​មក​ទេ? ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្រូត​រាល់​ថ្ងៃ​ព្រឹក​ល្ងាចៗ ព្រោះ​ស្រែ​ខ្ញុំ​នៅ​ខាង​ណោះ ខ្ញុំ​អត់​មាន​ស្រែ​នៅ​ខាង​នេះ​ទេ មាន​តែ​ផ្ទះ។ ចង់​ឲ្យ​គេ​ជួយ​ធ្វើ​បាន​ស្ពាន​មួយ​ឆ្លង​ទៅ​មក​នឹង​គេ​អ៊ីចឹង ប៉ុន្តែ​ភូមិឃុំ​គេ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ តែ​មិន​ដឹង​ធ្វើ​អង្កាល់»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង លោក ដោក ប៊ុនថុន ថ្លែង​ថា ភាគី​ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយ​ក្រសួង​ធនធាន​ទឹក ក្នុង​ការ​ផ្ដល់​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​បន្ថែម​តាម​សំណើ​របស់​ពលរដ្ឋ​ហើយ ប៉ុន្តែ​ដោយ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់ ទើប​ក្រុមហ៊ុន​លំបាក​ធ្វើ ហើយ​កំពុង​ប្រញាប់​ធ្វើ​នៅ​កន្លែង​ផ្សេង​ដែល​មាន​ដី​ស្ងួត ឬ​នៅ​កន្លែង​អាទិភាព​ផ្សេង​ទៀត​ជា​មុន៖ «កំពុង​ប្រញឹក​ហើយ ប៉ុន្តែ​ដោយសារ​ឥឡូវ​នេះ​ធ្លាក់​ភ្លៀង​មក ហើយ​ក្រុមហ៊ុន​ពិបាក​នឹង​ធ្វើ​វា​ប៉ប៉ិចប៉ប៉ាច់​ពេក ហើយ​ណា​មួយ​យើង​លំបាក​រក​កម្លាំង​ពលកម្ម។ លោក ជិន ជេដ្ឋា៖ អាច​ឈាន​ដល់​រដូវ​ប្រាំង​ឆ្នាំ​ក្រោយ​ទេ? មិន​ទេ ព្រោះ​អី​ក្រុមហ៊ុន​ចង់​ឲ្យ​តែ​លឿន​ដែរ​ទេ»

ចំពោះ​ការ​ផ្ដល់​សំណង​ផល​ប៉ះពាល់​វិញ លោក ដោក ប៊ុនថុន ទទួល​ស្គាល់​ថា ដំបូង​ឡើយ ក្រុម​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្ដល់​សំណង​ទេ ប៉ុន្តែ​ក្រោយ​មក ក្រុម​ការងារ​បាន​ផ្ដល់​សំណង​យ៉ាង​សមរម្យ ហើយ​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ទទួល​យក​ពុំ​មាន​ការ​បង្ខិត​បង្ខំ​អ្វី​ឡើយ។ លោក​ថា មាន​ទាំង​ពលរដ្ឋ​ខ្លះ​ចង់​ឲ្យ​ដី​របស់​ខ្លួន​ប៉ះពាល់​ពី​គម្រោង​ធ្វើ​ប្រឡាយ​នេះ​ទៀត​ផង ដោយ​ការ​ផ្ដល់​សំណង​ត្រឹមត្រូវ​តាម​ទីផ្សារ​ដី។

បច្ចុប្បន្ន តួលេខ​នៃ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ជាង ១​ពាន់​គ្រួសារ បាន​យល់ព្រម​ផ្ដិត​មេដៃ​ទទួល​យក​សំណង​អស់​ហើយ ប៉ុន្តែ​នៅ​មាន​គ្រួសារ​មួយ​ចំនួន​ទៀត មិន​ទាន់​បាន​ទូទាត់​សាច់ប្រាក់​ជាក់ស្ដែង​នៅ​ឡើយ​ទេ។ អាជ្ញាធរ​ស្រុក​បរិបូរណ៍ បញ្ជាក់​ថា ចំនួន​គ្រួសារ​ដែល​នៅ​សល់​មាន​ចំនួន ៥៦​គ្រួសារ ប៉ុន្តែ​លោក ដោក ប៊ុនថុន ថា​នៅ​សល់​តែ​ប្រមាណ ២០​គ្រួសារ​ទៀត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles