យុវជនអាស៊ានជុំរុញឲ្យប្រទេសក្នុងតំបន់លុបចោលច្បាប់ទោសប្រហារជីវិត

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦​
http://vodhotnews.com

សិទ្ធិមនុស្ស | អភិបាលកិច្ចល្អ

វេទិកាយុវជនអាស៊ានឆ្នាំ២០១៦ ស្ដីពីការជុំរុញយុវជន​ជាអ្នក​ដឹក​នាំ​អា​ស៊ាន


ក្រុមយុវជនអាស៊ានប្រមាណ២៥០នាក់មកពីប្រទេសក្នុងតំបន់នៅព្រឹកថ្ងៃអង្គារនេះបានជុំរុញឲ្យថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន លុបចោលច្បាប់ទោសប្រហារជីវិតលើប្រទេសចំនួន៨ ដោយអះអាងថាប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។

ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងវេទិកាយុវជនអាស៊ានឆ្នាំ២០១៦ ស្ដីពីការជុំរុញយុវជនជាអ្នកដឹកនាំអាស៊ានដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែសីហានេះនាខេត្ដសៀមរាប។

នាយកប្រតិបត្ដិនៃអង្គការកម្ពុជាស្ម័គចិត្ដដើម្បីសង្គម និងជាអ្នកជាអ្នករៀបចំកម្មវិធីលោក ប៉ែន សុមុនី មានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានចំនួន៨ប្រទេសក្នុងចំណោមចំនួន១០ប្រទេសបានអនុវត្ដច្បាប់កាត់ទោសប្រហារជីវិតនេះ ប៉ុន្ដែលោកថាការបង្កើតឲ្យមានច្បាប់នេះមិនត្រឹមធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សំរាប់ប្រទេសដែលអនុវត្ដច្បាប់នោះប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់យុវជនលើក្នុងប្រទេសក្នុងអាស៊ីផងដែរ។ លោកបន្ដថា នៅក្នុងតំបន់អាស៊ានមានប្រទេសចំនួន៨បានអនុវត្ដច្បាប់កាត់ទោសប្រហារជីវិតនេះលើកលែងតែប្រទេសកម្ពុជានិងប្រទេសហ្វីលីពីន។ ប្រធានអង្គការរូបនោះបានកត់សំគាល់កន្លងមកថាមានយុវជនមួយចំនួនត្រូវបានកាត់ទោសប្រហារជីវិតនៅប្រទេសឥណ្ឌូនេស៊ី ដែលលោកថាពួកគេបានទទួលរងនូវការចោទប្រកាន់ពីការជួញដូរគ្រឿងញៀននៅពេលធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លោកបញ្ជាក់ថា៖ “សំខាន់បំផុតយុវជនអាស៊ានចង់ឲ្យលុបចោលទោសប្រហារជីវិតនៅក្នុងប្រទេសអាស៊ានទាំង៨នេះ។ ហើយថ្មីៗនេះប្រទេសហ្វីលីពីនកំពុងសើរើឡើងវិញក្នុងការធ្វើម៉េចឲ្យមានទោសប្រហារជីវិតនៅហ្វីលីពីនដែរ ព្រោះតែប្រទេស៨ទៀតគាត់កាត់ទោសប្រហារជីវិត។ ចឹងវាកំពុងពង្រីកឥទ្ធិពលនៅក្នុងចំណោមប្រទេសដែលអត់ទោសប្រហារជីវិត បាទ“។

អគ្គនាយករងនៃនាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា លោក ជីវ រដ្ឋា ដែលបានចូលរួបបើកវេទិកានោះមានប្រសាសន៍ថា ក្រុមយុវជនអាស៊ានមិនអាចជ្រៀតជ្រែកដល់ការងារដល់ប្រទេសក្នុងអាស៊ានបានទេ ដែលលោកថានេះជាការសម្រេចចិត្ដនៃប្រទេសនីមួយៗ ប៉ុន្ដែលោកថាយុវជនអាចដាស់សំលេងដល់រដ្ឋាភិបាលនៃប្រទេសដែលអនុវត្ដច្បាប់ទោសប្រហារជីវិតនោះ។ លោកបន្ថែមថា ថ្នាក់ដឹកនំាប្រទេសនីមួយៗមានការដឹកនាំនិងការសម្រេចចិត្ដខុសៗគ្នា។ លោកបន្ដថា៖ “យើងយកសំឡេងយុវជនមកដាក់សម្ពាធចឹងក៏វាមិនកើតដែរ ព្រោះប្រទេសមួយៗ របៀបដឹកនាំខុសៗគ្នា ស្ថានភាពខុសគ្នា ការសម្រេចចិត្ដខុសគ្នា មិនអាចយកប្រទេសមួយមកសម្រេចចិត្ដមិនបានទេ យើងត្រូវប្រឹងខ្លួនយើងសិន សម្រាប់ខ្ញុំ សរសើរហើយយុវជនមានគំនិតចឹងនោះ ហើយអាចនិយាយបានទាំងអស់ គ្រាន់ការសម្រេចធ្វើបានទៅលើថ្នាក់ដឹកនាំប្រទេសមួយៗ“។

នាយកប្រតិបត្ដិអង្កការកម្ពុជាស័គ្មចិត្ដដើម្បីសង្គមលោក ប៉ែន សុមុនី បានឲ្យដឹងថាថ្មីៗនេះទោសប្រហារជីវិតមានការកើនឡើង ជាពិសេសនៅប្រទេសឥណ្ឌូនេស៊ី បើទោះបីមានការស្នើសុំអន្ដរាគមន៍ពីប្រទេសអូស្ដ្រាលីនិងប្រទេសហូឡង់ក្ដី។ លោកបញ្ជាក់ថា មានយុវនារីអាស៊ានម្នាក់ជាជនជាតិហ្វីលីពីនកំពុងរងនូវទោសប្រហារជីវិតនៅប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ប្រទេសនៅតំបន់អាស៊ានចំនួន១០ប្រទេស ដែលអនុវត្ដច្បាប់ទោសប្រហារជីវិតមានចំនួន៨ប្រទេស លើកលែងតែកម្ពុជានិងប្រទេសហ្វីលីពីន៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles