ស្ត្រី​មេម៉ាយ​មួយ​គ្រួសារ​នៅ​ឃុំ​ក្រយា​ខេត្ត​កំពង់ធំ​ប្រឈម​នឹង​ការ​ខ្វះខាត​ក្នុង​ជីវភាព

ដោយ សូត សុខប្រាថ្នា
2016-08-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ត្រី​មេម៉ាយ ហ៊ុន អៀត កំពង់ធំ ២០១៦ ៨៥៥
លោក​យាយ ហ៊ុន អៀត រស់នៅ​ភូមិ​សែនសិរី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ រៀបរាប់​ពី​ការ​លំបាក​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កំពុង​ប្រឈម​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព។ ពួក​គាត់​ខ្លះ​ទៅ​ធ្វើ​ការងារ​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​ទិញ​អង្ករ ឬ​ម្ហូប​អាហារ និង​ថ្នាំ​សង្កូវ​សម្រាប់​ព្យាបាល​ជំងឺ​ជាដើម ប៉ុន្តែ​សមាជិក​គ្រួសារ​ខ្លះ​មិន​បាន​ធ្វើ​ការងារ​ទេ ដោយសារ​បញ្ហា​សុខភាព។ មិន​តែ​ប៉ុណ្ណោះ ពួក​គាត់​ថែម​ទាំង​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ថែម​ទៀត។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ពួក​គេ​ធ្លាប់​បាន​ជួយ​ទំនុក​បម្រុង​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត ហើយ​និង​មាន​គោលការណ៍​ជួយ​ពលរដ្ឋ​ទាំងនោះ​ជា​បន្តបន្ទាប់។

ផ្ទះ​ស្ត្រី​មេម៉ាយ កំពង់ធំ ២០១៦ ៨៥៥
ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​នៅ​ភូមិ​សែនសិរី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ រៀបរាប់​ពី​ការ​លំបាក​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ស្ត្រី​មេម៉ាយ​បី​នាក់ និង​មាន​ក្រមុំ​ចាស់​ម្នាក់​ផង ត្រូវ​ត្រដរ​រស់​នៅ​ក្នុង​ជីវភាព​តោកយ៉ាក​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ។ ពួក​គេ​មិន​សូវ​បាន​បរិភោគ​ឆ្ងាញ់ ឬ​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​ពេល​ខ្លះ​ស៊ី​ឈ្នួល​គេ​បាន​ប្រាក់​មួយ​ចំនួន ត្រូវ​បែង​ចែក​ទិញ​គ្រឿង​បរិភោគ ព្រម​ទាំង​ទិញ​ថ្នាំ​សង្កូវ​ពេល​មាន​ជំងឺ​កើត​ឡើង។ ដី​លំនៅឋាន​ដែល​រដ្ឋ​ផ្តល់​ជូន​ទំហំ ២០​ម៉ែត្រ​គុណ ៤០​ម៉ែត្រ ចំនួន​ពីរ ឬ​បី​ប្លង់ ដែល​គ្រួសារ​ស្ត្រី​មេម៉ាយ​រូប​នោះ​ទទួល​បាន គឺ​ពួក​គាត់​សម្រេច​លក់​ឲ្យ​អ្នក​ផ្សេង​ដើម្បី​យក​ប្រាក់​មក​ព្យាបាល​ជំងឺ​ម្តាយ​ចាស់​ជរា និង​កូន​ឈឺ ដោយ​ពួក​គាត់​នាំ​គ្នា​មក​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​វិញ។

ស្ត្រី​មេម៉ាយ​មាន​វ័យ​ជាង ៨០​ឆ្នាំ​នៅ​ភូមិ​សែនសិរី លោកស្រី ហ៊ុន អៀត មាន​ប្រសាសន៍​ថា រាល់​ថ្ងៃ គ្រួសារ​លោកស្រី​មាន​ស្ត្រី​មេម៉ាយ​រហូត​ដល់​បី​នាក់ និង​ក្រមុំ​ចាស់​ម្នាក់ ហើយ​មាន​ចៅ​ប្រុស​ពោះម៉ាយ​ម្នាក់​ទៀត។ លោកស្រី​ថា ពួក​គាត់​ខ្លះ​ទៅ​ធ្វើ​ការ​ឲ្យ​គេ ហើយ​ខ្លះ​ទៀត​រួម​ទាំង​លោកស្រី​ផង គឺ​នៅ​តែ​ផ្ទះ​ប៉ុណ្ណោះ ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ។ លោកស្រី​បន្ថែម​ថា ការងារ​ស៊ី​ឈ្នួល​គេ គឺ​មិន​ទៀង​ឡើយ ព្រោះ​យូរៗ​ម្តង​ទើប​មាន​គេ​ជួល​ជម្រះ​ស្មៅ​ដំឡូង ឬ​ដក​ដំឡូង៖ «រាល់​ថ្ងៃ​ខ្ញុំ​មាន​អី​រក បើ​ខ្ញុំ​ជរា​ពិការ​អ៊ីចឹង មាន​តែ​កូន​មួយ ហើយ​ដី​មួយ​ប្លង់​ហ្នឹង។ គេ​ចិញ្ចឹម​រាល់​ថ្ងៃ! ដូច​តែ​គេ​ចិញ្ចឹម ហើយ​ខ្ញុំ​ភ្នែក​ក៏​ងងឹត អាយុ​ក៏​ច្រើន»

ផ្ទះ​ប្រក់​ស័ង្កសី​ជញ្ជាំង​បាំង​ដោយ​ស្បូវ ឬ​ក្រដាស​ឡាំង​ផ្សេងៗ​ខាង​ក្រោម​ផ្ទះ​មិន​មាន​របៀប​រៀបរយ។ ស្ត្រី​ដដែល​រៀបរាប់​ថា ដំបូង​ឡើយ ពួក​គាត់​រស់នៅ​ខេត្ត​ព្រៃវែង ប៉ុន្តែ​ដោយ​នៅ​ទីនោះ​មិន​មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម ទើប​ពួក​គាត់​សម្រេច​មក​រស់នៅ​ខេត្ត​កំពង់ធំ ក្នុង​ឃុំ​ក្រយា ចំណុច​បន្ទាយ​រងៀង ដោយ​ត្រូវ​ទិញ​ដី​គេ​សម្រាប់​ដាំ​ដំណាំ និង​រស់នៅ​ទីនោះ។ រហូត​ដល់​ឆ្នាំ​២០០៩ រដ្ឋ​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ តាំង បៀង (Tan Bien) សម្រាប់​ដាំ​ដំណាំ​កៅស៊ូ ហើយ​បណ្ដេញ​ពួក​គាត់​ប្រមាណ ៦០០​គ្រួសារ​ឲ្យ​មក​រស់នៅ​ភូមិ​សែនសិរី និង​ភូមិ​សិរីមង្គល វិញ។ ដំណើរ​ជីវិត​មក​រស់នៅ​ទ្រនំ​ថ្មី គឺ​មិន​បាន​សម​ប្រកប​ឡើយ ព្រោះ​ជីវភាព​ក្រុម​គ្រួសារ​លោកស្រី ហ៊ុន អៀត កាន់​តែ​លំបាក​ទ្វេដង ដ្បិត​ដី​ចម្ការ​ដែល​រដ្ឋ​ថា​នឹង​ផ្តល់​ជូន​ពួក​គាត់​ទំហំ ១​ហិកតារ​ទៅ ១​ហិកតារ​កន្លះ​នោះ គឺ​គ្រួសារ​លោកស្រី​មិន​ទាន់​ទទួល​បាន​ទេ រីឯ​វ័យ​កាន់​តែ​ចាស់​ជរា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

កូន​ស្ត្រី​មេម៉ាយ លន់ រ៉ាំ កំពង់ធំ ២០១៦ ៨៥៥
កូន​លោក​យាយ ហ៊ុន អៀត គឺ​កញ្ញា លន់ រ៉ាំ រស់នៅ​ភូមិ​សែនសិរី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ រៀបរាប់​ពី​ការ​លំបាក​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


លោកស្រី​បន្ត​ថា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រដ្ឋ​ខ្លះ​បាន​ផ្តល់​ជូន ប៉ុន្តែ​មិន​បាន​គ្រប់គ្រាន់​ទេ។ ចំណែក​កូន​ស្រី​របស់​គាត់​ម្នាក់ គឺ​កញ្ញា លន់ រ៉ាំ និយាយ​ថា តាំង​ពី​រដ្ឋ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​បន្ទាយ​រងៀង​មក គឺ​ស្ថានភាព​កាន់​តែ​ដុនដាប។ មួយ​ខែ​ស៊ី​ឈ្នួល​ធ្វើ​ការ​ឲ្យ​គេ​បាន​ម្តង ឬ​ពីរ​ដង ហើយ​យក​ថវិកា​មក​បែងចែក​គ្រប់​បែប​យ៉ាង ឬ​ត្រូវ​ដោះ​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ថែម​ទៀត៖ «ថ្ងៃ​ណា​អត់​បាន​ស៊ី​ឈ្នួល​គេ​អ៊ីចឹង​ទៅ ពិបាក​ម្តាយ និង​កូន​អ៊ីចឹង​ទៅ។ គាត់​ចាស់​ហើយ ឈឺ​រាល់​ថ្ងៃ»

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សែនសិរី បច្ចុប្បន្ន​មាន​ចំនួន​ជាង ១០០​គ្រួសារ ហើយ​ពលរដ្ឋ​ដែល​ប្រឈម​ការ​ខ្វះខាត គឺ​មាន​ស្ទើរ​តែ​ទាំងអស់។ ចំណែក​គ្រួសារ​ដែល​មាន​ស្ត្រី​វ័យ​ចំណាស់​មាន​អាយុ​ចាប់​ពី ៧០​ឆ្នាំ​ឡើង គឺ​មាន​ចំនួន ១៥​គ្រួសារ ក្នុង​នោះ​គ្រួសារ​មាន​ស្ត្រី​មេម៉ាយ ២៨​គ្រួសារ។

កូន​ស្ត្រី​មេម៉ាយ លន់ រុណ កំពង់ធំ ២០១៦ ៨៥៥
កូន​លោក​យាយ ហ៊ុន អៀត គឺ​លោកស្រី លន់ រុណ រស់នៅ​ភូមិ​សែនសិរី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ រៀបរាប់​ពី​ការ​លំបាក​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ពលរដ្ឋ​នៅ​ភូមិ​សែនសិរី និង​ជា​កូន​លោកស្រី ហ៊ុន អៀត មួយ​រូប​ទៀត គឺ​លោកស្រី លន់ រុណ ឲ្យ​ដឹង​ថា បច្ចុប្បន្ន លោកស្រី​ត្រូវ​រស់នៅ​ពឹង​អាស្រ័យ​លើ​កូន និង​អ្នក​ជិត​ខាង​ផ្តល់​ឲ្យ​តិចតួច​ប៉ុណ្ណោះ ពីព្រោះ​គាត់​មិន​អាច​ធ្វើ​ការងារ​ធ្ងន់​បាន។ លោកស្រី​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៤ គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​សុខភាព​ចេះ​តែ​ទ្រុឌទ្រោម​រហូត​មក៖ «ជីវភាព​រាល់​ថ្ងៃ​ដើរៗ​ទៅ បាន​គ​ជួយ​អី​នេះ​បន្តិច នោះ​បន្តិច។ កូន​ចៅ​គេ​ជួយ! រាល់​ថ្ងៃ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ទេ នៅ​តែ​ផ្ទះ​គត់»

ភូមិ​សែនសិរី ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ ប៉ុន្តែ​មិន​ទាន់​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដែល​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ ជា​ផ្លូវ​ការ​នៅ​ឡើយ។

អភិបាល​ស្រុក​សន្ទុក លោក យស់ បញ្ញារិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ សីហា ថា កន្លង​មក អាជ្ញាធរ​ធ្លាប់​បាន​ផ្តល់​ជា​ជំនួយ​បឋម ឬ​ជំនួយ​សប្បុរសធម៌​ដល់​ពលរដ្ឋ​ទាំងនោះ​ជា​បន្តបន្ទាប់។ លោក​បន្ថែម​ថា អ្នក​ភូមិ​នេះ​ពិបាក​បន្តិច ព្រោះ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​រស់នៅ​ឋិតថេរ ម្យ៉ាង​អ្នក​ចង់​បាន​ដី​មែន​ទែន យក​ម្តាយ​ចាស់​ជរា​ទៅ​រស់នៅ​ដើម្បី​មើល​ឃើញ​ថា ពួក​គាត់​លំបាក​ជាដើម។ យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​រូប​នេះ​បញ្ជាក់​ថា កាលណា​មាន​អ្នក​គ្រប់គ្រង​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ ជា​ផ្លូវ​ការ អាជ្ញាធរ​នឹង​ដឹង​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ ហើយ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ទៅ​តាម​ភាព​ជាក់ស្តែង៖ «ក្នុង​សប្ដាហ៍​នេះ យើង​បញ្ចប់​ការ​ប្រកាស​ទទួល​ស្គាល់​មេ​ភូមិ ដើម្បី​ឲ្យ​ចាត់ចែង​ការ​គ្រប់គ្រង ដោយសារ​តែ​មនុស្ស​ហ្នុង​គាត់​ចេញ​គាត់​ចូល​តាម​ចិត្ត​អ៊ីចឹង»

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ ដែល​តែង​នាំ​យក​ជំនួយ​មនុស្សធម៌​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​សែនសិរី និង​ភូមិ​សិរីមង្គល ហើយ​មាន​ទាំង​ក្រុម​គ្រូពេទ្យ​ផង​នោះ លោក ញូង សាមឿន មើល​ឃើញ​ថា ពលរដ្ឋ​មក​រស់នៅ​តំបន់​ថ្មី​ហាក់​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​ឡើយ។ ជាក់ស្តែង ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ប្រភេទ​ដី​ចម្ការ​ទេ​មក​ទល់​បច្ចុប្បន្ន រីឯ​ពលរដ្ឋ​ដែល​ទទួល​បាន​ដី​ចម្ការ​វិញ ភាគច្រើន​ពួក​គាត់​មិន​អាច​ចូល​ទៅ​បង្កបង្កើនផល​បាន ព្រោះ​មាន​ក្រុម​ជន​ទី​បី​រំលោភ​យក៖ «ចំណែក​ខាង​ក្រុមហ៊ុន​វិញ គេ​ទទួល​បាន​ដី​គេ​វិនិយោគ ហើយ​គេ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​របស់​គេ ទទួល​បាន​ផល​ហើយ។ ចំណែក​ប្រជាពលរដ្ឋ​កុំ​ថា​ឡើយ​ដី សូម្បី​តែ​ដី​ដែល​ត្រូវ​ឲ្យ​ពួក​គាត់​ហ្នឹង មិន​ដឹង​នៅ​ទីណា​ផង»

លោក​បន្ត​ថា អាជ្ញាធរ​ក្រៅ​ពី​ផ្តល់​ជំនួយ​មនុស្សធម៌​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​ហើយ ពួក​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ដី​កសិកម្ម​ជូន​ពលរដ្ឋ​ជា​រឿង​ចាំបាច់។ លោក​កត់​សម្គាល់​ថា ប្រសិន​បើ​បញ្ហា​ទាំងនេះ​មិន​បាន​ដោះស្រាយ ពលរដ្ឋ​ងាយ​នឹង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ចំណាក​ស្រុក ក្មេង​បោះបង់​ចោល​ការ​សិក្សា និង​បញ្ហា​សុខុមាលភាព ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles