កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង​មួយ​ចំនួន​ប្រឈម​នឹង​ត្រូវ​ធនាគារ​រឹប​អូស​ទ្រព្យ​សម្បត្តិ

ដោយ ម៉ែន សុធីរ
2016-08-25
RFA

ជនជាតិ​ដើម​ភាគតិច​កួយ ស្ទឹងត្រែង ២០១៦ ៨៥៥
ស្ថានភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Men Sothyr


អាជីវករ កសិករ និង​សហគ្រិន​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង ព្រួយ​បារម្ភ​ពី​ការ​បរាជ័យ​នៃ​ការ​ស្វែងរក​ប្រាក់​ចំណូល បន្ទាប់​ពី​សង្វាក់​ផលិតកម្ម និង​ការ​ធ្វើ​ពាណិជ្ជកម្ម​បង្ហាញ​សញ្ញា​អវិជ្ជមាន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ ជំរុញ​ឲ្យ​ពួក​គេ​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ដែល​ប្រឈម​ការ​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល ឬ​ត្រូវ​ធនាគារ​រឹប​អូស​ទ្រព្យ​សម្បត្តិ។

អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល រក​មធ្យោបាយ​សង្គ្រោះ​ជា​បន្ទាន់​ដែល​ធានា​ថា នឹង​ទទួល​ប្រយោជន៍​ទាំង​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី និង​ពលរដ្ឋ។

ក្រុម​អាជីវករ សិប្បករ ពាណិជ្ជករ សហគ្រិន និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ដែល​កំពុង​គាប​សង្កត់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​ស្វែងរក​ប្រាក់​ចំណូល​របស់​ពួក​គេ បាន​បរាជ័យ​អំឡុង​ឆ្នាំ​២០១៤ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​កសិករ​មួយ​ចំនួន​បង្ខំ​ចិត្ត​ឲ្យ​កូន​ចៅ​ឈប់​រៀន ដើម្បី​ជួយ​រក​ប្រាក់​សង​ម្ចាស់​បំណុល។ កសិករ​មួយ​ចំនួន​ចំណាក​ស្រុក និង​កសិករ​មួយ​ចំនួន​ទៀត ធ្វើ​កម្មករ​កាប់​ព្រៃ​រាន​យក​ដី ជាដើម។

កសិករ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក សុខ ធឿង ឲ្យ​ដឹង​ថា កសិករ​មួយ​ចំនួន​ធំ​បាន​ខ្ចី​បុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ដើម​ទុន​អាជីវកម្ម ដែល​រំពឹង​ថា​បាន​ប្រាក់​ចំណេញ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ភាគច្រើន​បរាជ័យ។ លោក​ថា ការ​បរាជ័យ​នេះ​បណ្ដាល​មក​ពី​កសិករ​ប្រើប្រាស់​ប្រាក់​កម្ចី​មិន​ចំ​ទិសដៅ ខ្វះ​ចំណេះ​ដឹង ខ្វះ​ជំនាញ​កសិកម្ម ហើយ​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​ពេល​កសិករ​ប្រមូល​ផល។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន​ជំពាក់​បំណុល​គេ​ដោយ​លំបាក​រើ​បម្រះ ត្រូវ​បង្ខំ​ចិត្ត​ប្រព្រឹត្ត​ទង្វើ​ល្មើស​ច្បាប់​មាន​ជាអាទិ៍ ធ្វើ​កម្មករ​កាប់​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ប្រណិត ជាដើម៖ «គាត់​ជា​អ្នក​កម្ចី​ខ្លួន​គាត់ ក៏ប៉ុន្តែ​គាត់​យក​លុយ​គេ​មក​ប្រើប្រាស់​ខុស​គោលដៅ។ គាត់​មិន​ជួញ​ទ្រព្យ​ទេ គាត់​ជួញ​បំណុល បើ​និយាយ​ទៅ​ដោយសារ​តែ​គាត់​ចង់​បាន​ហួស​ប្រមាណ​ខ្លួន​ឯង។ ខ្ញុំ​ដឹង​ហើយ​ថា កាតព្វកិច្ច​ការពារ​ជាតិ​វា​សំខាន់ ប៉ុន្តែ​ជាតិ​វា​សំខាន់ គឺ​ដោយសារ​ពលរដ្ឋ​រស់​បាន។ វា​សំខាន់ ចុះ​ពលរដ្ឋ​រស់​មិន​បាន ជាតិ​មក​ពីណា? ពលរដ្ឋ​ងាប់​គរ​ជើង​គ្នា​ដោយសារ​ជំពាក់​បំណុល​ធនាគារ​នេះ»

សុខ ធឿង ស្ទឹងត្រែង ២០១៦ ៨៥៥
កសិករ​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក សុខ ធឿង ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ទាក់ទិន​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ។ RFA/Men Sothyr


លោក សុខ ធឿង បន្ត​ថា ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​បច្ចុប្បន្ន បើ​មើល​ពី​សម្បក​ក្រៅ​មាន​សភាព​ធម្មតា តែ​ធាតុ​ក្នុង​អារម្មណ៍​របស់​ពួក​គេ​បង្កប់​ដោយ​ក្តី​ព្រួយ​បារម្ភ ដោយសារ​តែ​ការ​ស្វែងរក​ប្រាក់​ចំណូល​ធ្លាក់​ចុះ។ ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ធនាគារ​រឹប​អូស​ផ្ទះ​សម្បែង ហើយ​ពលរដ្ឋ​ខ្លះ​បាន​រត់​ចោល​ស្រុក។ លោក​ចាត់​ទុក​បញ្ហា​នេះ គឺ​ជា​ហានិភ័យ​ទ្រង់ទ្រាយ​ធំ​របស់​កសិករ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​សង្គ្រោះ​ជា​បន្ទាន់ ដូចជា​កំណត់​តម្លៃ​ទីផ្សារ​ទិញ​កសិផល​សមរម្យ បណ្តុះបណ្តាល​ជំនាញ​កសិកម្ម និង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ប្រាក់​កម្ចី ជាដើម។

លោក សុខ ធឿង ព្យាករ​ថា មក​ទល់​ពេល​នេះ កសិករ​ក្នុង​មូលដ្ឋាន​លោក​ប្រមាណ​ជាង ៩០​ភាគរយ​កំពុង​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយ​កំពុង​ធ្វើ​ការ​ទាំង​យប់​ថ្ងៃ ដើម្បី​ដោះ​បំណុល។ លោក​មាន​សង្ឃឹម​តិចតួច​ណាស់​ថា កសិករ​មាន​លទ្ធភាព​ដោះ​បំណុល​បាន បើ​ពុំ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទេ៖ «វា​មិន​ក្រោម​កុម្មុយនិស្ត ប៉ុល ពត ទេ រាល់​ថ្ងៃ​នេះ​មិន​មែន​មនុស្ស​គាប​សង្កត់​ទេ ហៅ​ថា​សេដ្ឋកិច្ច​គាប​សង្កត់។ រាល់​ថ្ងៃ​នេះ​នៅ​ក្នុង​អន្លង់ក្រមួន នេះ។ សេដ្ឋកិច្ច​គាប​សង្កត់​មិន​មែន​នរណា​គាប​សង្កត់​ទេ ដោយសារ​ចិត្ត​ខ្លួន​ឯង​ជា​អ្នក​ធ្វើ ដោយសារ​អី? ដោយសារ​ខ្វះ​ការ​យល់​ដឹង ទៅ​កម្ចី​គេ​ពី​មួយ​ទៅ​មួយ​ដោះ​អត់​ចេញ»

កសិករ​រស់នៅ​ភូមិ​រាជានុកូល សង្កាត់​ស្ទឹងត្រែង លោក ឡុង បូរី មើល​ឃើញ​ថា កសិករ​ភាគច្រើន​ប្រឈម​ហានិភ័យ​ខ្ពស់ បណ្ដាល​មក​ពី​តម្លៃ​កសិផល​មិន​ឋិតថេរ និង​បច្ចេកទេស​កសិកម្ម​មាន​កម្រិត។ លោក​ថា បច្ចុប្បន្ន រដ្ឋាភិបាល​ពុំ​បាន​កំណត់​តម្លៃ​កសិផល​ជាក់លាក់​នោះ​ទេ នៅ​គ្រា​ដែល​កសិករ​ប្រមូល​ផល​ត្រូវ​បាន​ឈ្មួញ​កណ្ដាល​កំណត់​តម្លៃ​ស្រេច​តែ​ចិត្ត ហើយ​កសិករ​ភាគច្រើន​ពុំ​មាន​ជំនាញ​ធ្វើ​កសិកម្ម​ផ្អែក​លើ​បច្ចេកទេស​ត្រឹមត្រូវ​ទេ ពោល​គឺ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ការ​ដាំដុះ​របស់​កសិករ​កាន់​តែ​ធ្លាក់​ចុះ ព្រោះ​ពួក​គេ​ធ្វើ​កសិកម្ម​ប្រវាស់​មេឃ។ លោក​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ កំណត់​តម្លៃ​ទីផ្សារ​ទិញ​កសិផល​ជាក់លាក់​មួយ ដែល​ធានា​ពី​ស្ថិរភាព​តម្លៃ​កសិផល​សមរម្យ​ជូន​កសិករ​នៅ​ពេល​ប្រមូល​ផល៖ «រដ្ឋាភិបាល​ត្រូវ​រួម​ជាមួយ​ធនាគារ​ផ្សេងៗ ឯកជន​ផង។ នៅ​ពេល​ដែល​កសិករ​គាត់​មិន​មាន​លទ្ធភាព​សង​ត្រឡប់។ គួរ​តែ​មាន​វិធានការ​មួយ​ធ្វើ​ឲ្យ​កម្ចី​របស់​គាត់​នៅ​ត្រឹង​សិន មាន​ន័យ​ថា កុំ​អាល​ទាមទារ​ពី​គាត់​មាន​ន័យ​ថា ឲ្យ​គាត់​ផ្ដិត​មេដៃ ឬ​ក៏​ធ្វើ​អ៊ីចឹង ឬ​ផ្តល់​រយៈពេល​ប៉ុន្មាន? ទុក​ពេល​កំណត់​ក្នុង​ការ​សង»

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​រីក​ចម្រើន​នៃ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ស្ទឹងត្រែង នេះ គឺ​បាន​មក​ពី​សង្វាក់​ផលិតកម្ម​ឈើ​ប្រណិត និង​គ្រឿង​សង្ហារិម ធនធាន​ជលផល វិស័យ​កសិកម្ម ឧស្សាហកម្ម រួម​មាន ផល​ដំឡូងមី គ្រាប់​ស្វាយចន្ទី កៅស៊ូ និង​សណ្ដែកសៀង ជាដើម ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចរន្ត​សេដ្ឋកិច្ច​ឈើ​ប្រណិត ឬ​គ្រឿង​សង្ហារិម​មាន​សភាព​កាន់​តែ​ខ្សត់​បន្តិច​ម្តងៗ ខណៈ​ដែល​ក្រុមហ៊ុន​វិនិយោគ​ធំៗ​បាន​បោះ​ទុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច និង​មាន​ថៅកែ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន បាន​វិនិយោគ​ឈើ​ប្រណិត​កាន់​តែ​កើន​ឡើង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​សូវ​រក​ប្រាក់​ចំណូល​បាន​ពី​វិស័យ​នេះ​ជា​ដុំ​កំភួន​ឡើយ ពោល​គឺ​អាច​រក​បាន​តែ​មួយ​ក្រពះ។

នៅ​ខេត្ត​ស្ទឹងត្រែង មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ឬ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ជាង ១០​ស្ថាប័ន មិន​រាប់​បញ្ចូល​កន្លែង​ផ្តល់​ប្រាក់​កម្ចី​ជា​លក្ខណៈ​គ្រួសារ​ទេ ដែល​មាន​លទ្ធភាព​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​រាប់​ម៉ឺន​នាក់។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ (AMK) សាខា​ខេត្ត​ស្ទឹងត្រែង បាន​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ជិត ៥​ពាន់​នាក់ ក៏​ទទួល​ស្គាល់​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដែល​កើត​មាន​ចំពោះ​អតិថិជន​របស់​ខ្លួន​ដែរ ក៏ប៉ុន្តែ​ពុំ​ទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ចំពោះ​ការ​បង្វិល​ប្រាក់​សង​នោះ​ទេ។

អនុប្រធាន​សាខា អេ.អឹម.ខេ ខេត្ត​ស្ទឹងត្រែង លោក សំ គន្ធា កត់​សម្គាល់​ថា ស្ថាប័ន​ផ្តល់​កម្ចី​ទាំងអស់​មុន​ពេល​ផ្តល់​ប្រាក់​កម្ចី ផ្ដោត​សំខាន់​ត្រូវ​វិភាគ​ច្បាស់លាស់​លើ​ប្រាក់​ចំណូល និង​ចំណាយ​របស់​ពួក​គាត់ ក៏ប៉ុន្តែ​មាន​ស្ថាប័ន​ផ្តល់​កម្ចី​ខ្លះ​មិន​មាន​ប្រព័ន្ធ​ដើម្បី​ត្រួត​ពិនិត្យ​ប្រវត្តិ​កម្ចី​របស់​អតិថិជន​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​ថា​ភាព​យឺតយ៉ាវ​នៃ​ការ​បង្វិល​ប្រាក់​សង​របស់​កូន​បំណុល​នៅ​មាន​តិចតួច​នៅ​ឡើយ៖ «និយាយ​ចំ យើង​មើល​ជាក់ស្តែង​ទាក់ទង​អាជីវករ​លក់​ដូរ គឺ​ភាគច្រើន​គឺ​គាត់​មាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​ចំណូល។ មិន​ដូច​កាល​ពី​មុន​ទេ»

ខេត្ត​ស្ទឹងត្រែង មាន​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩ ដែល​មាន​ផ្ទៃដី​សរុប​ជាង ៦​ម៉ឺន​ ៤​ពាន់​ហិកតារ (៦៤.៨៦២​ហិកតារ) ធ្វើ​ការ​ដាំដុះ​ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០១៥ លើ​ផ្ទៃដី​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​ហិកតារ (១៧.៥៥១​ហិកតារ)។ ផ្ទៃដី​កសិកម្ម​សរុប​ចំនួន​ជិត ៣​ម៉ឺន​ហិកតារ (២៨.៦៨៩​ហិកតារ)។ លើស​ពី​នេះ ផ្ទៃដី​ធ្វើ​កសិកម្ម​បាន​រីក​ធំ​ឡើង​ជា​បន្តបន្ទាប់ ខណៈ​ចលនា​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​កសិកម្ម​កំពុង​កើត​ឡើង​ជា​ប្រព័ន្ធ។

មេ​ឃុំ​ស្រែឫស្សី លោក លូន ណាន ក៏​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ និង​ការ​បរាជ័យ​មុខ​របរ​របស់​អ្នក​ភូមិ​ដែរ នៅ​គ្រា​ដែល​ឃុំ​ស្រែឫស្សី មាន​ពលរដ្ឋ ៤​គ្រួសារ​ហើយ​ត្រូវ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​រឹប​អូស​ទ្រព្យ​សម្បត្តិ ហើយ​ពលរដ្ឋ​មួយ​ចំនួន​តូច​រត់​ចោល​ស្រុក។ លោក​ចាត់​ទុក​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ កំពុង​ក្លាយ​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​មួយ​របស់​សហគមន៍ បន្ទាប់​ពី​អ្នក​ភូមិ​ភាគច្រើន​ជួប​វិបត្តិ​គ្រោះ​ធម្មជាតិ ឬ​គ្រោះ​រាំង​ស្ងួត ហើយ​តម្លៃ​កសិផល​កាន់​តែ​ធ្លាក់​ថ្លៃ បណ្ដាល​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​ពលរដ្ឋ។ លោក​ទទូច​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ វិភាគ​លើ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ និង​សិក្សា​ពី​ប្រវត្តិ​កម្ចី​របស់​ពលរដ្ឋ​ជា​មុន​សិន មុន​នឹង​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា​ថ្ងៃ​ខាង​មុខ៖ «ខ្លះ​គេ​ចាយ​វាយ​ប្រចាំ​អាជីព​លើ​ប្រាក់​កម្ចី​អ្នក​នេះ​ទៅ​សង​អ្នក​នោះ។ ខ្ចី​ធនាគារ​នេះ​ទៅ​សង​អា​នោះ ប៉ុន្តែ​សង​អត់​ដាច់​ទេ បាន​តែ​ពាក់​កណ្ដាលៗ ដល់​សរុប​ទៅ​ប៉ុន្មាន​ធនាគារ គឺ​រក​សង​គេ​មិន​កើត​រត់​ប្រូច​ទៅ។ វា​ជាប់​អា​អ្នក​ផ្ដិត​មេដៃ​ធានា​នោះ​វេទនា​បណ្តោយ»

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា វិបត្តិ​សេដ្ឋកិច្ច​របស់​សហគមន៍​ដែល​កំពុង​ចាក់ស្រែះ​ធ្ងន់ធ្ងរ​នេះ កំពុង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​សង្គ្រោះ​ជា​បន្ទាន់ ដើម្បី​ស្រោចស្រង់​បញ្ហា​ដែល​កំពុង​ប៉ះពាល់ អនុលោម​តាម​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជ​រដ្ឋាភិបាល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​មតិ​ថា រដ្ឋាភិបាល​ត្រូវ​គាស់​កកាយ​ស្វែងរក​យន្តការ​ជាក់លាក់​មួយ ដើម្បី​ឆ្លើយ​តប​រក​ដំណោះស្រាយ​មាន​លក្ខណៈ​កណ្ដាល ដែល​ធានា​ថា​អាច​ជួយ​សម្រាល​ការ​លំបាក​ពលរដ្ឋ និង​មិន​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ។ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​មាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ជា​មុន​សិន មុន​ផ្តល់​ប្រាក់​កម្ចី និង​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជាក់លាក់។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​បង្កើត​មូលនិធិ​ទ្រទ្រង់​ជាតិ​មួយ សម្រាប់​ជួយ​ទ្រទ្រង់​ក្រុម​កសិករ​ដែល​ធ្វើ​អាជីវកម្ម ឬ​យក​ទុន​ទៅ​ពង្រីក​មុខ​របរ​របស់​ខ្លួន និង​មាន​លក្ខខណ្ឌ​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​មុន​នឹង​ផ្តល់​ឥណទាន។ លោក​បារម្ភ​ថា បំណុល​ធនាគារ​នេះ គឺ​ជា​សញ្ញា​អវិជ្ជមាន​សម្រាប់​ពលរដ្ឋ​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ​ខ្វះ​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ ហើយ​ដំណើរ​ការ​អាជីវកម្ម​មិន​មាន​ទិសដៅ​ជាក់លាក់ រួមផ្សំ​នឹង​ការ​ស្វែងរក​ទីផ្សារ​ទិញ​ផលិតផល​កំពុង​មាន​បញ្ហា ជាដើម៖ «តួអង្គ​ហ្នឹង​ត្រូវ​មាន​ពីរ មីក្រូហិរញ្ញវត្ថុ​ផង ហើយ​មាន​កម្ចី​មួយ​ដែល​មាន​ការ​គាំពារ​ពី​រដ្ឋ មិន​ប្រាកដ​ថា​រដ្ឋ​ទេ តែ​រដ្ឋ​អាច​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​មីក្រូហិរញ្ញវត្ថុ​ណា​មួយ ដែល​គេ​អាច​ផ្តល់​កម្ចី​អភិវឌ្ឍន៍​កសិកម្ម​ហ្នឹង​ទៅ​ត្រូវ​ធ្វើ​ម៉េច? បើ​សិន​ពលរដ្ឋ​រក​ស៊ី​ខាត​ត្រូវ​តែ​មាន​គោលការណ៍​ម៉េច? ធ្វើ​បែប​ហ្នឹង​ទើប​វិស័យ​កសិកម្ម​ស្រុក​ខ្មែរ​អាច​រីក​ចម្រើន មាន​ន័យ​ថា​ជា​វិស័យ​មួយ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់»

ប្រជា​សហគមន៍​ព្យាករ​ថា ប្រជាជន​ខេត្ត​ស្ទឹងត្រែង ជាង ៩០​ភាគរយ​បាន​ខ្ចី​ប្រាក់​ធនាគារ ដើម្បី​ធ្វើ​អាជីវកម្ម និង​បង្កើន​មុខ​របរ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក៏ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន​កំពុង​លិចលង់​នឹង​បំណុល​នេះ បន្ទាប់​ពី​កើត​មាន​គ្រោះ​រាំង​ស្ងួត ឬ​គ្រោះ​ធម្មជាតិ។ ចំណែក​ក្រុម​អាជីវករ​ផ្សារ​ស្ទឹងត្រែង ជាង ១​ពាន់​គ្រួសារ ក៏​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​នេះ​ដែរ នៅ​គ្រា​ដែល​អគ្គីភ័យ​ឆេះ​សម្ភារៈ​លក់​ដូរ​របស់​ពួក​គេ​អស់​រាប់​លាន​ដុល្លារ។ ចំណែក​គោ​ក្របី​អ្នក​ស្រុក​សៀមប៉ាង យ៉ាង​ហោច​ណាស់​ជាង ៣០០​ក្បាល​ងាប់​កាល​ពី​ដើម​ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ​ទាំង​អាជីវករ កសិករ និង​សហគ្រិន ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចុះ​មូលដ្ឋាន សិក្សា​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​រក​មធ្យោបាយ​សម្រាល​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នេះ ផ្តល់​ជំនាញ​កសិកម្ម និង​កំណត់​តម្លៃ​ទីផ្សារ​ទិញ​កសិផល​ជាក់លាក់​ជូន​កសិករ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles