សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ជាង​១​សែន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​កិច្ច​ការ​អភិរក្ស​វប្បធម៌

ដោយ យ៉ង ចាន់តារា
2016-09-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

វីល្លៀម ហៃដ្ដ៍ ២០១៦ ៨៥៥
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) (កាន់​ក្បាល​មេក្រូ) ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ នៅ​ភ្នំ​ដា ស្រុក​អង្គរបូរី ខេត្ត​តាកែវ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Yang Chandara


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ជំនួយ​ផ្នែក​អភិរក្ស​វប្បធម៌​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពិធី​ចុះ​ហត្ថលេខា​នេះ ធ្វើ​ឡើង​នៅ​ជើង​ភ្នំ​ដា ក្នុង​ស្រុក​អង្គរបូរី ខេត្ត​តាកែវ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ផ្តល់​ថវិកា​ជាង ១២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក (១២១.៧៤៥​ដុល្លារ) ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​អនុវត្ត​គម្រោង​ចងក្រង និង​រៀបចំ​បញ្ជីសារពើភ័ណ្ឌ​ប្រាសាទ​ចំនួន​២៤ ដែល​ត្រូវ​បាន​សាងសង់​នៅ​សតវត្ស​ទី​៦ និង​ទី​៧ ស្ថិត​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​ចំនួន​៦ ផ្សេង​ទៀត។

ថវិកា​ទាំងនេះ​បាន​មក​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) នៃ​ក្រសួង​ការ​បរទេស​អាមេរិក ដែល​ជា​កម្មវិធី​សំខាន់​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ប្រទេស​ដទៃ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​រូបិយ និង​អរូបិយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែង​ថា មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ គឺ​ជា​ការ​វិនិយោគ​មួយ​ទៅ​លើ​ប្រវត្តិសាស្ត្រ​នៃ​វប្បធម៌ និង​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា បេតិកភណ្ឌ​វប្បធម៌​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក និង​កម្ពុជា នៅ​ជាមួយ​គ្នា ទោះ​ឆ្លង​កាត់​រយៈពេល​យូរ និង​ចម្ងាយ​ឆ្ងាយ​យ៉ាង​ណា​ក្តី«សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ជួយ​ដល់​ការ​ខិតខំ​របស់​ប្រទេស​កម្ពុជា ដើម្បី​ការពារ​ចងក្រង​ឯកសារ និង​ចែក​រំលែក​ដល់​ពិភពលោក នូវ​បេតិកភណ្ឌ​វប្បធម៌​ដ៏​ពិសេស​របស់​កម្ពុជា»

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​អំណរគុណ​សហរដ្ឋ​អាមេរិក ដែល​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ដើម្បី​កិច្ច​ការពារ និង​អភិរក្ស​ប្រាសាទ​បុរាណ​ខ្មែរ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ ហើយ​និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ក្នុង​ការ​នាំ​យក​វត្ថុ​បុរាណ​ខ្មែរ ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ត្រឡប់​មក​កម្ពុជា វិញ​ជា​បន្តបន្ទាប់៖ «ប្រាសាទ​ពិត​មែន​ថា​ជា​របស់ខ្មែរ​ដែល​បាន​កសាង​ដោយ​បុព្វបុរស​ខ្មែរ ក៏ប៉ុន្តែ​មាន​តម្លៃ​របស់​មនុស្ស​ជាតិ​ទាំង​មូល​តែ​ម្តង ពីព្រោះ​គឺ​ជា​លំអ គឺ​ជា​ស្ថាបត្យកម្ម​សម្រាប់ឲ្យ​ប្រជាជន​ទាំងអស់​នៅ​លើ​ពិភពលោក បាន​យល់​ដឹង​អំពីបញ្ញា​ញាណ​របស់​មនុស្ស​ជំនាន់​មុន»

ថវិកា​ជាង ១២​ម៉ឺន​ដុល្លារ​អាមេរិក​នេះ គឺ​ជា​អំណោយ​លើក​ទី​១៨ ហើយ​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌ ដែល​កម្ពុជា ទទួល​បាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១។ ក្នុង​រយៈពេល ១៥​ឆ្នាំ​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក បាន​ចំណាយ​ប្រាក់​ចំនួន​ជិត ៤​លាន​ដុល្លារ (,៨​លាន​ដុល្លារ) ទៅ​លើ​កម្មវិធី​នានា​ដែល​ទ្រទ្រង់​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា ដែល​រួម​មាន យុទ្ធនាការ​ប្រឆាំង​នឹង​ការ​លួច​ប្លន់​វត្ថុ​បុរាណ ការ​វិភាគ​ទិន្នន័យ និង​ការ​អភិរក្ស​ទីតាំង​ប្រាសាទ​បុរាណ​មួយ​ចំនួន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles