កសិករ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​រុក្ខគិរី​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​រឿង​គ្មាន​ទី​ផ្សារ​លក់​ស្រូវ

ដោយ ហ៊ុំ ចំរើន
2016-09-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្រូវ បាត់ដំបង ២០១៦ ៨៥៥
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ប្រជាកសិករ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​ កំពុង​ខ្វល់ខ្វាយ​ខ្លាច​ក្រែង​មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​​ប្រចាំ​ថ្ងៃ​បាន​នៅ​ពេល​ខាង​មុខ។ ការ​ខ្វាយខ្វល់​នេះ កើត​មាន​ដោយសារ​ទិន្នផល​​ស្រូវ​របស់​ពួកគាត់​ផលិត​បាន​រាប់ពាន់​តោន​តែ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ ហើយ​ឈ្មួញ​ឲ្យ​តម្លៃ​ថោក​ធ្វើ​ឲ្យ​មិន​អាច​លក់​ចេញ​បាន។

ប្រជា​កសិករ​នៅ​ស្រុក​រុក្ខគិរី មួយ​ចំនួន​ លើក​ឡើង​ថា ពួកគាត់​បាន​នាំ​គ្នា​ស្វះស្វែង​រក​ទីផ្សារ​លក់​ស្រូវ​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ពុំ​មាន​ឈ្មួញ​ណា​ហ៊ាន​ឲ្យ​តម្លៃ​​​ខ្ពស់​នោះ​ទេ។

ប្រជាកសិករ​នៅ​ភូមិ​ព្រះអណ្ដូង ឃុំ​ស្ដុកប្រវឹក​ ស្រុក​រុក្ខគិរី លោក​ វន ចំរើន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ថា លោក​ធ្វើ​​ស្រូវ​សែន​ក្រអូប​ប្រមាណ ៥​ហិកតារ ​ហើយ​ដល់​ពេល​ប្រមូល​ផល​ហើយ ប៉ុន្តែ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ទិន្នផល​ស្រូវ​នោះ​ទេ៖ «បាទ! អត់​អាច​លក់​កើត ព្រោះ​អី​យើង​ចំណាយ​ដើម​ទុន​អស់​ច្រើន​ ដូច​ជា​ចំណាយ​ទៅ​លើ​ការ​បូម​ទឹក ថ្លៃ​ជី និង​ថ្លៃ​ថ្នាំ​បាញ់​ស្រូវ​ជា​ដើម»

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​នៅ​ភូមិ​ព្រះអណ្ដូង ម្នាក់​ទៀត​ គឺ​លោក ប៉ែន វណ្ណ ថ្លែង​ថា​ ដំណាំ​ស្រូវ​របស់​លោក​ប្រមាណ ២​ហិកតារ ទុំ​ក្រហម​ពេញ​ស្រែ ល្មម​នឹង​​ប្រមូល​ផល​​​ហើយ ប៉ុន្តែ​លោក​ថា មិន​ទាន់​ហ៊ាន​ច្រូត​កាត់​នៅ​ឡើយ​ទេ ព្រោះ​តម្លៃ​ស្រូវ​ថោក​ពេក ហើយ​លក់​មិន​បាន​ប្រាក់​កម្រៃ។លោក​បញ្ជាក់​ថា​ តម្លៃ​ស្រូវ​សែន​ក្រអូប​សព្វ​ថ្ងៃ​ដែល​ឈ្មួញ​កណ្ដាល​​ប្រមូល​​ទិញ​ចន្លោះ​ពី ៦០០ ទៅ ៦២០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ឥឡូវ​បើ​សើន​ជា​ទុក​ចោល​ក៏​មិន​ដឹង​ទុក​ធ្វើ​យ៉ាង​មិច! ដល់​អ៊ីចឹង​អ្នក​ណា​ស្រូវ​ទុំ​ក៏​ច្រូត​បណ្ដោះ​ចេញ​បណ្ដើរ​សិន​ទៅ។ មិន​ដឹង​ធ្វើ​ម៉េច ហើយ​មេឃ​ចេះ​តែ​ភ្លៀង ហើយ​តម្លៃ​អ្នក​ណា​មក​ក៏​គេ​ឲ្យ​អ៊ីចឹង»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា កន្លង​ទៅ​ ប្រជាកសិករ​នៅ​ស្រុក​រុក្ខគិរី ប្រមាណ ១០​នាក់​ នាំ​គ្នា​ទៅ​រក​ទីផ្សារ​លក់​ទិន្នផល​ស្រូវ​ដោយ​ខ្លួន​ឯង​ នៅ​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ដែល​មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​តំបន់​ពួក​គាត់​រស់​នៅ​ ដែល​កន្លែង​នោះ​ជា​ទីតាំង​ទិញ​ស្រូវ​របស់​រដ្ឋាភិបាល​ តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អភិបាល​រង​ស្រុក​រុក្ខគិរី លោក គ្រឿម រដ្ឋា មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ស្រុក​បាន​ទាក់ទង​ទៅ​ខាង​ធនាគារ​ស្រូវ​ប្រចាំ​ខេត្ត​បាត់ដំបង ដើម្បី​​ទៅ​​ទិញ​​ស្រូវ​ពី​ប្រជាកសិករ​រួច​មក​ហើយ។ លោក​អះអាង​ថា​ មន្ត្រី​ពាក់ព័ន្ធ​នឹង​ចុះ​ទៅ​ពិនិត្យ​ទិន្នផល​ស្រូវ​ដល់​ទីកន្លែង​ប្រជាកសិករ​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា៖ «ប៉ុន្តែ​មួយ​រយៈ​នេះ​គឺ​ នៅ​ក្នុង​ឃុំ​ដែល​ប្រមូល​ផល​នេះ​ ជាក់ស្ដែង​ឃុំ​មុខ​រា មាន​ឈ្មួញ​មក​ទិញ​ដល់​ស្រែ​ក្នុង​តម្លៃ ៧១០​រៀល​ក្នុង​មួយ​គីឡូក្រាម»

កន្លង​មក​ទាំង​អ្នក​ជំនាញ​សេដ្ឋកិច្ច​ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជាក់​ថា តម្លៃ​ស្រូវ​ចុះ​ថោក​​បណ្ដាល​មក​ពី​ផ្សារ​ស្រូវ​នៅ​លើ​ពិភព​លោក​ធ្លាក់​ចុះ ដោយសារ​ប្រទេស​មួយ​ចំនួន​ផលិត​ស្រូវ​សែន​ក្រអូប​ច្រើន​លើស​តម្រូវ​ការ​​ ជា​ពិសេស​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម ជា​ដើម។​​​

​រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន ២៧​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​ប្រាក់​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) ចំនួន ៧​លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ និង​ជំរុញ​ការ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស។ រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​ស្រូវ​សែន​ក្រអូប​ប្រភេទ​លេខ​១ ចំនួន ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ទោះ​ជា​យ៉ាង​ណា​ប្រជាកសិករ​នៅ​ស្រុក​រុក្ខគិរី អះអាង​ថា ពុំ​មាន​ឈ្មួញ​ណា​ចុះ​ទៅ​ទិញ​ស្រូវ​តាម​តម្លៃ​ដែល​រដ្ឋាភិបាល​កំណត់​នៅ​ឡើយ។ របាយការណ៍​​សាលា​ស្រុក​រុក្ខគិរី​ បង្ហាញ​ថា​ ប្រជា​កសិករ​នៅ​ក្នុង​ស្រុក​នេះ​ ផលិត​ស្រូវ​សែន​ក្រអូប​ដែល​កំពុង​ប្រមូល​ផល​បណ្ដើរៗ​​​ប្រមាណ ៤០០​ហិកតារ ដោយ​​ទិន្នផល​ប្រមាណ ៤​តោន​ក្នុង​មួយ​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles