ជនរងគ្រោះពីការជួញដូរ ស្នើឲ្យរដ្ឋាភិបាលរកទីផ្សារកសិកម្មនិងបញ្ចុះតម្លៃលិខិតឆ្លងដែន​

ដោយ លោក បូ សាវី​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦​
http://vodhotnews.com

សិទ្ធិមនុស្ស

ជនរងគ្រោះពីការជួញដូរ (ដោយ បូ សាវី)


ជនរងគ្រោះពីការជួញដូរទៅក្រៅប្រទេសអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាជួយរកទីផ្សារកសិកម្មនិងបញ្ចុះតម្លៃលិខិតឆ្លងដែនមកត្រឹមតម្លៃ៥០ដុល្លារ ដោយអះអាងថាការធ្វើចំណាកស្រុកដោយសារការធ្វើកសិកម្មគ្មានទីផ្សារនិងមិនមានថវិកាធ្វើប័ណ្ណឆ្លងដែនស្របច្បាប់។

ការស្នើនេះធ្វើឡើងនៅចំពោះមុខរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្នុងវេទិកាសម្លេងអតីតជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅខេត្ដសៀមរាបកាលពីព្រឹកថ្ងៃទី២៧ខែកញ្ញានេះ ដែលមានអង្គការសង្គមស៊ីវិលនិងអតីតជនរងគ្រោះពីការជួញដូរមនុស្សចំនួន២៩នាក់ចូលរួមផងនោះ។

ជនរងគ្រោះដែលត្រូវបានគេឲ្យលាក់ឈ្មោះចំនួន៥នាក់ក្នុងចំណោម២៩នាក់បានថ្លៃងថា ការធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយសារពួកគេមានជីវភាពក្រីក្រ ពុំមានលទ្ធភាពធ្វើលិខិតឆ្លងដែនទៅធ្វើការស្របច្បាប់ និងការធ្វើកសិកម្មពុំមានទីផ្សារជាដើម។ ជាមួយគ្នានោះ ពួកគេលើកឡើងថាមានក្រុមហ៊ុនខុសច្បាប់និងមេខ្យល់ដែលគ្មានការទប់ស្កាត់ពីអាជ្ញាធរ បានឃោសនាពលរដ្ឋទៅធ្វើការដោយសន្យាឲ្យតម្លៃថ្លៃខ្ពស់ ស្របពេលដែលពួកគាត់ចំណេះដឹងនៅមានកម្រិត ទើបពួកគាត់ងាយរងគ្រោះ។ ពួកគាត់អំពាវឲ្យរដ្ឋាភិបាលបញ្ចុះលិខិតឆ្លងដែនត្រឹម៥០ដុល្លារនិងជួយរកទីផ្សារកសិកម្មដល់សហគមន៍ពួកគេឲ្យបានសមរម្យនិងពង្រឹកប្រព័ន្ធអប់រំឲ្យមានប្រសិទ្ធភាពដើម្បីជៀសវាងការចំណាកស្រុក។

ពួកគេនិយាយថា៖ “រាជរដ្ឋាភិបាលសូមឲ្យបញ្ចុះតម្លៃលិខិតឆ្លងដែន ទិដ្ឋាការ(វិសារ) និងប័ណ្ណអនុញ្ញាតត្រឹម៥០ដុល្លារបានហើយ ព្រោះអីប្រជាពលករយើងចេញទៅចំណាកស្រុក ចងការគេ២៥០ដុល្លារទៅ៣០០ដុល្លារចេះតែឡើងហើយការងារទិដ្ឋាការងារមិនបានស្របច្បាប់ហើយចុះត្រួតពិនិត្យក្រុមហ៊ុននានាឲ្យធ្វើតាមនីតិវិធី“។

ជនរងគ្រោះជាស្ដ្រីម្នាក់ដែលមានវ័យជាង២២ឆ្នាំ ដែលគេដាក់ឈ្មោះឲ្យថា ឌី សុភា មកពីខេត្ដស្វាយរៀង ឲ្យដឹងថានាងបានទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់រយៈពេលពីរខែ ត្រូវបានមេខ្យល់ជាជនជាតិថៃមិនផ្ដល់ប្រាក់កម្លាំងពលកម្មនោះទេ។ នាងបន្ដថាការធ្វើចំណាកស្រុកនេះ ដោយសារចាញ់បោកការឃោសនាពីមេខ្យល់ពីស្រុកខ្មែរ ដោយប្រាប់ថាបានទទួលកម្រៃពលកម្មច្រើនជាងនៅប្រទេសរបស់ខ្លួន ខណៈដែលក្រុមគ្រួសារមានជីវភាពក្រីក្រ។ នាងបន្ថែមថា នាងរស់នៅប្រទេសថៃនោះប្រឈមននឹងការចាប់ខ្លួនពីសមត្ថកិច្ចថៃផងដែរ។ស្ដ្រីរូបនោះបន្ថែមថា៖ “ពេលយើងខូចខិលអីតិចត្រូវវាខឹងយើង គេបាញ់យើងចោល គ្នាយើងឈ្លោះគ្នាចឹង វាគម្រាមយើង បាញ់យើងចោល ខ្ញុំទៅខ្លួនឯងតាមមេខ្យល់គេយកលុយ“។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ទទួលស្គាល់ថា ការធ្វើការងារចំណាកស្រុកនៅតែកើតមាន ប៉ុន្ដែលោកស្រីជំរុញឲ្យកសិករងាកមកធ្វើកសិកម្មជាលក្ខណៈគ្រួសារនៅក្នុងស្រុក ប្រសើរជាងទៅធ្វើនៅក្រៅប្រទេសដោយខុសច្បាប់។ លោកស្រីថ្លៃងការពារមន្ដ្រីរដ្ឋាភិបាលថា ពលរដ្ឋដែលលួចឆ្លងដែនទៅធ្វើការដោយខុសច្បាប់នេះជារឿងបុគ្គល មិនមែនកំហុសលើមន្ដ្រីរដ្ឋាភិបាលទាំងស្រុងនោះទេ។ ប៉ុន្តែលោកស្រីទទួលយកការស្នើរបស់ជនរងគ្រោះទាំងនោះ។ លោកស្រីបន្ដថា៖ “ខ្ញុំមិនជឿថាមន្ដ្រីរដ្ឋាភិបាល[មិន]អាក្រក់ទាំងអស់នោះទេ បើសិនអាក្រក់ទាំងអស់ មិនធ្វើឲ្យប្រទេសជាតិបានប៉ុណ្ណោះទេ ចា៎! ពីព្រោះវាមានភាពប្រទាញប្រទុងគ្នា មួយទាញថយក្រោយមួយទាញទៅមុខ។ បើសិនកម្លាំងទាយថយក្រោយច្រើនជាង ប្រទេសជាតិអត់អាចទៅមុខបានទេ។ ចឹងខ្ញុំគិតថា ក្នុងចំណោមហ្នឹង មានមនុស្សដែលល្អ មនុស្សដែលយកចិត្ដទុកដាក់ មនុស្សដែលទទួលខុសត្រូវ ចឹងស្វែងយល់ទៅថាជាអ្នកណា“។

តំណាងអង្គការវីនរ៉ុកអន្ដរជាតិ លោកស្រី សារ៉ា ភីយ៉ាសាណូ មានប្រសាសន៍តាមអ្នកបកប្រែថា ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ អង្គការនេះបានជួយសង្រ្គោះពលករដែលត្រូវបានជួញដូរទៅក្រៅប្រទេសបានប្រមាណ១៥០០នាក់ ដែលក្នុងនោះត្រូវបានគេជួញដូរជាបុរសទៅប្រទេសឥណ្ឌូណេស៊ី ចំណែកស្រ្ដីជួញដូរទៅប្រទេសចិននិងប្រទេសថៃ។ លោកស្រីបន្ថែមថានៅក្នុងឆ្នាំ២០១៦នេះ អង្គការនេះសហការជាមួយអង្គការជាដៃគូបានជួយសង្គ្រោះជនចំណាកស្រុកដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញបានចំនួន៣០០នាក់ក្នុងមួយថ្ងៃ។ លោកស្រីបញ្ជាក់ថា កត្ដាដែលនាំឲ្យពួកគេធ្វើចំណាកស្រុកដោយគ្រោះថ្នាក់នេះដោយសារពួកគេមានជីវភាពក្រីក្រ ខ្វះការងារនៅក្នុងស្រុក កង្វះព័ត៌មាន និងការប្រកបរបរកសិកម្មគ្មានទីផ្សារជាដើម៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles