ដោយ សុ ជីវី
2016-10-21
RFA
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូលរួមគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ក្នុងពិធីបុណ្យខួប ១០០ថ្ងៃលោក នៅវត្តចាស់ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១៦។ RFA/Cheu Sideth
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញអោយកម្ពុជា អនុវត្តអោយបានពេញលេញនូវសិទ្ធិ និងសេរីភាពនៅគ្រប់កម្រិត ដ្បិតដល់ពេលវេលាត្រូវធ្វើអ្វីដែលថ្មីហើយ។ នៅមុនទិវារំលឹកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា អ្នកស្រីបានបង្ហាញបញ្ហាជាក់លាក់មួយចំនួនដែលរដ្ឋាភិបាលត្រូវធ្វើអោយបាន ដើម្បីធានាការគោរពសិទ្ធិមនុស្ស។ បើទោះជាយ៉ាងនេះក្ដី មន្ត្រីរដ្ឋាភិបាលបានអះអាងថា កម្ពុជាគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិបង្ហាញថា ការអនុវត្តច្បាប់ដែលអនុលោមតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវរដ្ឋាភិបាលធ្វើឡើងដោយការរើសអើង ឬដោយហេតុផលនយោបាយ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិនេះ ត្រូវលើកនៅក្នុងសេចក្ដីថ្លែងការណ៍ពីទីក្រុងបាងកក កាលពីថ្ងៃទី២០ ខែតុលា គឺភ្លាមៗនៅក្រោយពេលដែលអ្នកស្រីបានចាកចេញពីកម្ពុជា នៅពេលបញ្ចប់ទស្សនកិច្ចលើកទី៣ របស់អ្នកស្រី។
សេចក្ដីថ្លែងការណ៍ដដែលបានស្រង់សម្ដីរបស់អ្នកស្រីមកសរសេរទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣១ ចែងយ៉ាងច្បាស់ថា ការគោរពសិទ្ធិមនុស្ស នឹងធានាថា ច្បាប់ត្រូវអនុវត្តដោយគ្មានការរើសអើង មិនថាឈរលើហេតុផលណាមួយនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ «មានឧទាហរណ៍ជាច្រើនដែលច្បាប់ត្រូវបានអនុវត្តដោយមានភាពរើសអើង ឬដោយហេតុផលនយោបាយ។ បញ្ហាពិសេស គឺការរឹតត្បិតសេរីភាពក្នុងការជួបប្រជុំ សេរីភាពក្នុងការសម្ដែងមតិ និងសេរីភាពក្នុងការបង្កើតសមាគម»។
អ្នកស្រីបានអំពាវនាវដល់អាជ្ញាធរកម្ពុជា អោយពិនិត្យឡើងវិញ និងកែសម្រួលច្បាប់មួយចំនួនដើម្បីពង្រឹងកិច្ចការពារសិទ្ធិមនុស្ស។ លើសពីនេះ គឺពង្រឹងឯករាជភាពនៃប្រព័ន្ធតុលាការ។
អ្នកស្រី រ៉ូណា ស្មីត បន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចែងពីឱកាសពេញលេញ និងយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូប ដើម្បីរៀបចំ និងចូលរួមក្នុងដំណើរការបោះឆ្នោតពិតប្រាកដសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។ អ្នកស្រីលើកឡើងថា មានការខាតបង់ខ្លាំងនៅពេលដែលគណបក្សនយោបាយធំទាំង២ មិនត្រូវរ៉ូវគ្នា ដ្បិតគណបក្សទាំង២ បានសំឡេងឆ្នោតក្នុងឆ្នាំ២០១៣ ដើម្បីបម្រើពលរដ្ឋ។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី មានប្រសាសន៍ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ល្អប្រសើរបើប្រៀបធៀបនឹងប្រទេសមួយចំនួន។ លោក កែវ រ៉េមី បញ្ជាក់ថា រដ្ឋាភិបាលថ្លឹងថ្លែងរវាងសេរីភាពបុគ្គល និងសណ្ដាប់ធ្នាប់សាធារណៈដើម្បីបញ្ចៀសចលាចលក្នុងសង្គម៖ «»។
ចំពោះអ្នកស្រី រ៉ូណា ស្មីត អ្នកស្រីលើកឡើងដែរថា រវាងឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៦ នេះ អ្នកស្រីមើលឃើញថា មានភាពខុសគ្នាឆ្ងាយ មានការអភិវឌ្ឍគួរអោយសាទរណាស់ ប៉ុន្តែក៏អាចមានទិដ្ឋភាពដែលមិនល្អឥតខ្ចោះពីការរីកចម្រើន និងការអភិវឌ្ឍនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
“ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល២៥ឆ្នាំមានជោគជ័យនិងបរាជ័យ”
-
សមាគមមួយនៅប៉ោយប៉ែតគ្រោងដាក់លិខិតស្នើអន្តរាគមន៍រឿងប៉ូលិសអុកឡុកការជួបជុំ
-
អង្គការអន្តរជាតិក្នុងតំបន់អាស៊ី៤០ស្ថាប័នព្រួយបារម្ភចំពោះវិបត្តិនយោបាយនៅកម្ពុជា
-
លោក កែវ រ៉េមី ថារដ្ឋាភិបាលគោរពសិទ្ធិមនុស្សទៅតាមបទដ្ឋានអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន
-
របាយការណ៍៖ ប្រាក់វិនិយោគធនាគារពិភពលោកពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
-
អាដហុកខេត្តព្រះវិហារចោទអាជ្ញាធរស្រុកថារារាំងមិនឲ្យបើកវគ្គផ្សព្វផ្សាយស្ដីពីសិទ្ធិមនុស្ស
-
មតិជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្សកម្ពុជានិងអ.ស.ប
-
អង្គការសហប្រជាជាតិលើកឡើងពីយន្តការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី
-
តំណាងពិសេសក្រសួងការបរទេសអាមេរិកនឹងពិភាក្សាបញ្ហាសិទ្ធិមនុស្សជាមួយមន្ត្រីកម្ពុជា
-
“ខ្មែរកម្ពុជាក្រោមខ្លះមិនទទួលបានសិទ្ធិពេញលេញដើម្បីរស់នៅកម្ពុជា”