តុលាការ​កំពូល​កោះ​ហៅ​លោក កឹម សុខា ចូល​សវនការ​ចុង​ខែ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦​
http://vodhotnews.com

សិទ្ធិមនុស្ស

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​


មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការកំពូលកោះហៅឲ្យចូលក្នុងសវនការនៅចុងខែតុលានេះ នៅក្នុងសំណុំរឿងបណ្ដឹងសាទុក្ខ។

កាលពីថ្ងៃទី០៩ ខែកញ្ញាកន្លងមកនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យប្រាក់ ៨០ម៉ឺនរៀល ក្រោមបទចោទប្រកាន់ថា បដិសេធចូលខ្លួនក្នុងនាមជាសាក្សី ទាក់ទងនឹងសំណុំរឿងដែលគេចោទថា លោកមានស្នេហាលួចលាក់។

ប៉ុន្តែ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូល ឲ្យពិនិត្យមើលនីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដោយពួកគេថា ការចោទប្រកាន់កូនក្ដីរបស់ពួកគេ ត្រូវបានធ្វើឡើងដោយខុសនីតិវិធីច្បាប់ ខណៈដែលកូនក្ដីរបស់ពួកគេមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងមិនបានប្រព្រឹត្តបទល្មើសជាក់ស្ដែងនោះទេ។

នៅក្នុងដីកាកោះចុះកាលពីថ្ងៃទី០៤ ខែតុលាកន្លងមកនេះ អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ បានបង្គាប់ឲ្យលោក កឹម សុខា បង្ហាញខ្លួនក្នុងសវនាការ ដែលគ្រោងធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី២៨ ខែតុលាខាងមុខនេះ។

លោក កឹម សុខា បាន និងកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើអស់រយៈពេលជិត ៥ខែមកហើយនោះ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចពីសំណាក់សមត្ថកិច្ចកាលពីចុងខែឧសភាកន្លងមក ក្រោយពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles

2 Responses to "តុលាការ​កំពូល​កោះ​ហៅ​លោក កឹម សុខា ចូល​សវនការ​ចុង​ខែ​នេះ"

  1. Anonymous says:

    បុរស ទិញមិនលក់ សំឡុតមិនខ្លាច ប៉ះ ជាមួយ បុរសខ្លាំង ខាងរំលោភសិទ្ធមនុស្ស ល្បីពេញ

    ពិភពលោក !

  2. គុកមិនគុកបងប្អូន