ទឹក​ភ្លៀង​ជន់​លិច​សាលា​បឋម​សិក្សា​ពន្លៃ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ជាង​បី​ខែ​មិន​ទាន់​ស្រក

ដោយ ជិន ជេដ្ឋា
2016-10-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទឹក​ភ្លៀង​ជន់​លិច​សាលា​បឋម​សិក្សា​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chin Chetha
ទឹក​ភ្លៀង​ជន់​លិច​សាលា​បឋម​សិក្សា​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chin Chetha


មាតា​បិតា​សិស្ស និង​ក្រុម​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បារម្ភ​សិស្ស​តូចៗ​លង់​ទឹក​ស្លាប់ ឬ​កើត​ជំងឺ​សើ​ស្បែក​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​បរិវេណ​ជាង​បី​ខែ​ហើយ មិនទាន់​ស្រក​វិញ។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ធនធាន​ទឹក កំពុង​ដាក់​គ្រឿងចក្រ​ស្ដារ​ប្រឡាយ និង​លូ​ដែល​កកស្ទះ​ដោយ​សំរាម និង​ដី​ដែល​ពលរដ្ឋ​ចាក់​លុប។

អភិបាល​ស្រុក​បរិបូរណ៍ និង​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា បញ្ជា​ឲ្យ​គ្រឿងចក្រ​កាយ​ប្រឡាយ​បើក​ផ្លូវ​ទឹក​ចំនួន​បី​កន្លែង ដែល​បង្ក​ឲ្យ​ទឹក​ស្ទះ​លិច​សាលា។

អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ មាន​ប្រសាសន៍​ថា ក្នុង​ករណី​ដែល​ប្រឡាយ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​បាន​ស្ដារ​ហើយ នៅ​តែ​ទឹក​ហូរ​ចេញ​ពី​បរិវេណ​សាលា​មិន​អស់ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​រិះរក​វិធី​ថ្មី ដើម្បី​យក​ទឹក​ចេញ​ឲ្យ​អស់​នៅ​មុន​សិស្ស​ចូល​កង​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ខាង​មុខ។ លោក​ថា បញ្ហា​ទឹក​លិច​សាលា​នេះ អាច​បណ្ដាល​មក​ពី​ពលរដ្ឋ​ចាក់​ដី​លុប​ប្រឡាយ ហើយ​ម្យ៉ាង​ផ្លូវ​ទឹក​តូច៖ «យើង​ត្រូវ​តែ​គិតគូរ​បញ្ចៀស​ទឹក​ចេញ​ពី​សាលា​ហ្នឹង​មិន​ឲ្យ​ស្ទះ។ លោក ជិន ជេដ្ឋា៖ ពលរដ្ឋ​ខ្លះ​ថា​ការ​ស្ទះ​ទឹក​នេះ​បណ្ដាល​មក​ពី​ការ​ទិញ​ដូរ​ដី ហើយ​ចាក់​ដី​លុប​អី លោក​ពូ​មើល​ឃើញ​ម៉េច​ដែរ? មាន​ករណី​ហ្នឹង​ខ្លះ គាត់​ចាក់​ដី​ប្រឡាយ​ពី​មុន​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ទាន់។ អ៊ីចឹង​ហើយ​យើង​នឹង​ណែនាំ​បង​ប្អូន និង​ដាក់​ផែនការ​ស្ដារ​បន្ថែម​ទៀត»

ក្រុម​គ្រូបង្រៀន និង​នាយក​សាលា​អះអាង​ថា ជំនន់​ទឹក​ភ្លៀង​នេះ​បាន​លិច​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​នៅ​ក្នុង​បន្ទប់​រៀន​ខ្លះ​ទឹក​ត្រឹម​ស្មង​ជើង និង​ក្រៅ​ថ្នាក់​កន្លែង​ខ្លះ កម្ពស់​ទឹក​មាន​ដល់​ជិត ១​ម៉ែត្រ។

នាយក​រង​សាលា​បឋម​សិក្សា​ពន្លៃ លោក ប៉ិល វាសនា ថ្លែង​ទាំង​ក្ដី​បារម្ភ​ថា សិស្ស​មត្តេយ្យ​តូចៗ​អាច​រអិល​ដួល​លង់​ទឹក​ស្លាប់ និង​កើត​ជំងឺ​សើ​ស្បែក ព្រោះ​ទឹក​ដែល​លិច​នេះ​មាន​ប្រភព​ពី​លូ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ផ្សារ​ពន្លៃ និង​ទឹក​កខ្វក់​ចេញ​ពី​តាម​ផ្ទះ​នៅ​តំបន់​ក្បែរ​នោះ។ លោក​ថា សព្វថ្ងៃ​មាន​មាតា​បិតា​សិស្ស និង​កូន​សិស្ស​មក​ចុះ​ឈ្មោះ​រៀន លំបាក​នឹង​លាត់​ជើង​ខោ ឬ​សើយ​សំពត់​ដើរ​លុយ​ទឹក៖ «ប្រភព​ទឹក​នេះ​វា​ហូរ​ពី​លើ​ខ្លាំង​មក មុន​នឹង​ទំនាប​នេះ​ខ្លាំង​ម៉ង! ហើយ​បើ​បូម​ចេញ​មិន​ដឹង​ដាក់​ទៅ​ត្រង់​ណា? បើ​អត់​មាន​កន្លែង​បូម​ទៅ។ ខ្ញុំ​គិត​ថា បើ​អាជ្ញាធរ​ដោះស្រាយ​មិន​ចេញ ហើយ​ទឹក​នៅ​កក​អ៊ីចឹង​មាន​តែ​ថ្ងៃ​ទី​១ ដែល​យើង​ត្រូវ​បើក​បវេសនកាល​នេះ មិន​អាច​ធ្វើ​ជា​ទ្រង់ទ្រាយ​ធំ​បាន​ទេ អាច​ថា​គ្រូៗ និង​មាតា​បិតា​តិចតួច​ធ្វើ​ដាក់​ក្នុង​បន្ទប់​តែ​ម្ដង»

ម្ដាយ​សិស្ស​ម្នាក់​ក្នុង​ចំណោម​អាណាព្យាបាល​ជាច្រើន​ទៀត​នៅ​ឃុំ​ពន្លៃ ដែល​យក​កូន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា គឺ​លោកស្រី ស៊ឹម សុភា មាន​ប្រសាសន៍​ថា ដ្បិត​កូន​លោកស្រី​មាន​អាយុ​ជាង ១០​ឆ្នាំ​មិន​សូវ​បារម្ភ​រឿង​លង់​ទឹក ប៉ុន្តែ​បញ្ហា​ទឹក​ស្អុយ និង​ការ​ធ្វើ​អនាម័យ​មិន​បាន​ស្អាត​ល្អ ដោយ​មាន​ទឹក​ជោកជាំ​អាច​ធ្វើ​ឲ្យ​កូន​សិស្ស​រមាស់ និង​ប៉ះពាល់​អារម្មណ៍​គ្រូ និង​សិស្ស​រៀន​សូត្រ៖ «ប៉ះពាល់​រមាស់ ហើយ​ម្យ៉ាង​ទៀត​ទឹក​កាន់​តែ​ច្រើន​ទៅ ភ្លៀង​មក​កាន់​តែ​លិច​ទៅៗ អាណិត​កូន​សិស្ស​ទាំងអស់​គ្នា។ លោកគ្រូ​អ្នកគ្រូ​មិន​ធ្វើ​ម៉េច​មិន​កើត ព្រោះ​អត់​មាន​ថវិកា​មាន​តែ​អស់​លោក​អ្នក​តូច​អ្នក​ធំ ហើយ​មើល​ឃើញ​នោះ​រាល់​ថ្ងៃ​នោះ»

ក្រុម​គ្រូបង្រៀន និង​អាណាព្យាបាល​សិស្ស​អះអាង​ថា អាជ្ញាធរ​បាន​ស៊ីញេ​លក់​ដី​ក្បែរ​ប្រឡាយ ឬ​មុខ​លូ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ដី​ខ្លះ​ចាក់​ដី​ធ្វើ​ផ្ទះ ឬ​ដាំ​ដំណាំ​លយ​ចូល​ដី​ប្រឡាយ នាំ​ឲ្យ​ស្ទះ​មុខ​ទឹក​ហូរ​ចេញ​ទៅ​បឹង​ធំ​ផ្នែក​ខាង​ក្រោម​ផ្លូវ​ជាតិ​លេខ​៥ ទើប​បណ្ដាល​ឲ្យ​លិច​ទឹក​សាលា​រៀន​ពន្លៃ ដែល​ជា​តំបន់​ទំនាប​ខ្លាំង ប៉ុន្តែ​អាជ្ញាធរ​ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ រួច​ណែនាំ​ដល់​ពលរដ្ឋ​ដែល​ចាក់​ដី​ចូល​ប្រឡាយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ឆ្នាំង លោក ពេជ្រ សំបូរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា។

ប៉ុន្តែ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរិបូរណ៍ អ្នកស្រី ម៉ី ហួរ បញ្ជាក់​ថា នៅ​ទូទាំង​ស្រុក​បរិបូរណ៍ មាន​សាលា​ចាប់​ពី​មត្តេយ្យ​សិក្សា ដល់​ថ្នាក់​វិទ្យាល័យ​ចំនួន ៤១​សាលា ហើយ​សាលា​ដែល​មាន​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​មាន​តែ​សាលា​បឋម និង​អនុវិទ្យាល័យ​ពន្លៃ មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បង្ក​ឲ្យ​ខូចខាត​សម្ភារៈ​ឧបទេស​បង្រៀន ឬ​ទ្រព្យ​សម្បត្តិ​សាលា​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles