អ្នក​កាសែត​ស្នើ​ក្រសួង​ព័ត៌មាន​កែប្រែ​ខ្លឹមសារ​ខ្លះ​នៃ​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ ដែន អយុធ្យា
2016-10-29
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea
នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea


សិក្ខាកាម​អ្នក​កាសែត​ចម្រុះ​មក​ពី​ស្ថាប័នរដ្ឋ និង​ឯកជន ជួបជុំគ្នា​ពិភាក្សា​ទៅ​លើ «សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» និង​បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​របស់​ក្រសួង​ព័ត៌មាន កែសម្រួល ឬ​ពន្យល់​អត្ថន័យ​ខ្លឹមសារ​ច្បាប់​នៅ​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​នេះ​ឲ្យ​បាន​ច្បាស់លាស់។

​សិក្ខាកាម​ជា​អ្នក​កាសែត​មកពី​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជិត ៣០​ស្ថាប័ន បាន​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឬ​ហៅ​កាត់ ស៊ី.ស៊ី.អាយ.អ៊ឹម (CCIM) សហការ​ជាមួយ​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា នា​ខេត្ត​ព្រះសីហនុ។ វេទិកា​​នេះ​មាន​សិក្ខាកាម​ជា​អ្នក​កាសែត​មក​ពី​តាម​ខេត្ត​ចំនួន ៤ បាន​ចូលរួម​សរុប​មាន​សិក្ខាកាម​ជិត ៣០​នាក់។

វេទិកា​ពិភាក្សា​គ្នា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ក្រុម​អ្នក​កាសែត​បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​ព័ត៌មាន កែប្រែ​ខ្លឹមសារ​សំខាន់​ចំនួន ២​ចំណុច​នៅ​ក្នុង​មាត្រា​១៣ ជំពូក​ទី​៣ និង​មាត្រា​២០ ជំពូក​ទី​៤ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

​មាត្រា​១៣ ក្រុម​អ្នក​សារព័ត៌មាន​បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​កែប្រែ​ទៅ​លើ​សំណើ​របស់​ពួកគេ សុំ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៅ​តាម​ស្ថាប័នរដ្ឋ ត្រូវ​ផ្ដល់​ឯកសារ ឬ​ឆ្លើយ​តប​ចំពោះ​សំណើ​ពួកគេ​ដែល​ស្នើ​សុំ​ឯកសារ​ផ្សេងៗ ដោយ​ត្រូវ​ឆ្លើយ​តប​ជា​លាយលក្ខណ៍អក្សរ​មក​អ្នក​សារព័ត៌មាន​ដែល​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​រយៈពេល ៥​ថ្ងៃ មក​រយៈពេល ៣​ថ្ងៃ ឬ​ក្នុង​រយៈពេល ១​ថ្ងៃ​វិញ។

ចំណែក​មាត្រា​២០ ជំពូក​ទី​៤​វិញ អ្នក​សារព័ត៌មាន​បាន​ស្នើ​ឲ្យ​អ្នក​តាក់តែង​ច្បាប់​នៃ​ក្រសួង​ព័ត៌មាន កំណត់​និយមន័យ​ទៅ​លើ​ព័ត៌មាន​សម្ងាត់​ឲ្យ​បាន​ច្បាស់លាស់ ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន ប្រសិនបើ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ អន្តរាយ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​អន្តរាយ​ដល់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​ជាតិ​ជាដើម។

ក្នុង​ន័យ​ខាង​លើ​នេះ ក្រុម​អ្នក​កាសែត​យល់​ថា មាន​លក្ខណៈ​ទូលំទូលាយ​ពេក ដែល​អាច​ធ្វើ​អោយ​មាន​កា​របក​ស្រាយ​ច្បាប់​តាម​ចិត្ត​របស់​អ្នក​កាន់​អំណាច។ ហេតុ​ដូច​នេះ សិក្ខាកាម​ស្នើ​ឲ្យ​សរសេរ​កំណត់​និយមន័យ​នៃ​ពាក្យ​ទាំង​នេះ​ក្នុង​មាត្រា​២០ ឲ្យ​មាន​លក្ខណៈ​ចង្អៀត និង​បាន​ច្បាស់លាស់​ជាង​នេះ ពីព្រោះ​ពួកគេ​យល់ថា បើ​រក្សាទុក​ខ្លឹមសារ​មិន​ច្បាស់​ទាំង​នេះ ស្មើ​នឹង​ទុក​ក​ឱកាស​អោយ​មន្ត្រី​ព័ត៌មាន​ស្ថាប័ន​រដ្ឋ​ដែល​មិន​ចង់​ផ្ដល់​ព័ត៌មាន​អោយ​អ្នក​ស្នើ​សុំ អាច​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន ឬ​ឯកសារ​ជូន​ពួកគាត់ ដោយ​យក​លេស​ថា ការ​ផ្ដល់​ព័ត៌មាន​ដែល​ស្នើ​សុំ​នោះ វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម។

​បន្ថែម​លើ​នេះ នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី បញ្ជាក់​បន្ថែម​ពី​ខ្លឹមសារ​ដែល​ក្រុម​អ្នក​កាសែត​ចង់​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នៃ​ក្រសួង​ព័ត៌មាន ដាក់​បញ្ចូល​ខ្លឹមសារ​មួយ​ចំនួន​ចូល​ទៅ​ក្នុង​មាត្រា​១៣ និង​មាត្រា​២០ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​ពួកគេ​យល់​ថា ចាំបាច់៖ «ពួកគាត់​ស្នើ​ថា ខ្លឹមសារ​នៃ​ព័ត៌មាន​សម្ងាត់​ហ្នឹង​គឺ​ចែង​លម្អិត​និយមន័យ​ឲ្យ​បាន​ច្បាស់លាស់​ជាង​សេចក្ដី​ព្រាង​ច្បាប់​ដែល​បាន​ធ្វើ​មក​នេះ ដោយ​ត្រូវ​បកស្រាយ​កុំ​ឲ្យ​មាន​លក្ខណៈ​ទូលំទូលាយ​ពេក ដែល​នាំ​ឲ្យ​អ្នក​ផ្ដល់​ព័ត៌មាន​ដល់​ពួកគាត់​ជា​អ្នក​កាសែត​យក​លេស នៃ​ការ​ផ្ដល់​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ហើយ​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​ដល់​ពួកគេ​ជាដើម»

​មន្ត្រី​គម្រោង​តាក់តែង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន របស់​អង្គការ​អប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ​នៃ​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា អង្គការ​យូណេស្កូ លោក ឆាយ សុផល និង​ជា​អ្នក​មូលនិធិ​រៀបចំ​វេទិកា​ពិភាក្សា​នេះ​ផង ចាត់​ទុក​វេទិកា​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ជា​រឿង​សំខាន់ និង​ជា​លើក​ទី​១​ហើយ ដែល​ក្រសួង ឬ​ស្ថាប័នរដ្ឋ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត ឬ​ប្រជាពលរដ្ឋ មាន​ឱកាស​ចូលរួម​ផ្ដល់​យោបល់​ដាក់​បញ្ចូល​ក្នុង​ខ្លឹមសារ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជាមួយ​រដ្ឋាភិបាល។

​បទបញ្ញត្តិ​ទូទៅ​នៃ​សេចក្ដី​ព្រាង​ច្បាប់​បឋម​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រង់​ជំពូក​ទី​១ មាត្រា​១ បាន​សរសេរ​ថា ច្បាប់​នេះ​មាន​គោលបំណង​ធានា​ឲ្យ​សាធារណជន​គ្រប់ៗ​រូប នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។ ច្បាប់​នេះ បាន​ចែង​ពី​ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា ត្រូវ​ផ្ដល់ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។

​មាត្រា​២ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​គោលដៅ​ជំរុញ និង​ធានា​ឲ្យ​ស្ថាប័ន​សាធារណៈ​បំពេញ​កាតព្វកិច្ច​ផ្សព្វផ្សាយ និង​ផ្ដល់​ព័ត៌មាន​ជូន​សាធារណជន​ឲ្យ​បាន​ទូលំទូលាយ។ ធានា​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​កិច្ចការ​វប្បធម៌​របស់​ជាតិ ដូចជា​មាន​ចែង​ក្នុង​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles