សហគមន៍​រក​ឃើញ​បទល្មើស​កាប់​ឈើ​ជា​ថ្មី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2016-11-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

១៣-មករា-២០១៦៖ ឈើ​មូល​ដែល​គេ​កាប់​រំលំ​នា​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបភាព​សហគមន៍
១៣-មករា-២០១៦៖ ឈើ​មូល​ដែល​គេ​កាប់​រំលំ​នា​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបភាព​សហគមន៍


សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក ឋិត​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ឃុំ​តាវែងលើ ស្រុក​តាវែង ខេត្ត​រតនគិរី រក​ឃើញ​បទល្មើស​កាប់​ឈើ​ប្រណិត​មាន​តម្លៃ​ជា​ថ្មី​ទៀត​ក្នុង​ព្រៃ​អភិរក្ស គ្រា​ដែល​សហគមន៍​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​ឃ្លាំ​មើល​ព្រៃ​ឈើ​នៅ​សេសសល់ ក្រោយ​ពី​ការ​លួច​កាប់​យក​ឈើ​អស់​ជាច្រើន​នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។

ក្រុម​ល្បាត​ព្រៃ​សហគមន៍​អូរ​តាបូក រួម​ជាមួយ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា ប្រទះ​ឃើញ​ចំនៀរ​ឈើ​ប្រណិត​ថ្មីៗ​បន្សល់​ចោល​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ជា​ភស្តុតាង​បង្ហាញ​ថា ជន​ល្មើស​បាន​លួច​អារ​យក​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ការពារ​ជា​ថ្មី​ទៀត នៅ​ខណៈ​រដ្ឋាភិបាល​បាន​ប្រកាស​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យខាងតែ​បាន​នោះ។

ក្រសួង​បរិស្ថាន បាន​កាត់​ចេញ​តំបន់​ព្រៃ​ឈើ ២.៨០០​ហិកតារ​ពី​ឧទ្យាន​ជាតិ​វីរៈជ័យ បង្កើត​ជា​តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក ដើម្បី​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ នៅ​តំបន់​ក្បែរ​នោះ អភិរក្ស​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មក។

មន្ត្រី​គម្រោង​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ លោក មឿ ធារ៉ា បញ្ជាក់​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា នេះ​ជា​ការ​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ថ្មី ដែល​កើត​មាន​ក្រោយ​តំបន់​ការពារ​ធម្មជាតិ​បាន​ប្រគល់​ឲ្យ​សហគមន៍​គ្រប់គ្រង។ លោក​ថា ក្រុម​ល្បាត​ព្រៃ​កំពុង​បន្ត​ល្បាត​ព្រៃ​នៅ​ចំណុច​ផ្សេង​ទៀត ដើម្បី​វាយ​តម្លៃ​ជុំវិញ​បទល្មើស​ព្រៃ​ឈើ​ថ្មី និង​រាយការណ៍​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ«អត់​បាន​ជន​ល្មើស​ទេ ឃើញ​តែ​កំណាត់​ឈើ​ដែល​គេ​កាប់​គរៗ​ហើយ។ ឈើ​នោះ​ជា​ប្រភេទ​ឈើ​ធ្នង់ មុខ​កាត់​ចិត​ប៉ែត​ឡើង។ ឥឡូវ​ខ្ញុំ​ទើប​រក​ឃើញ​មួយ​ចំណុច​នៅ​ច្រើន​ចំណុច​ទៀត​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ»

ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ក្រុម​ល្បាត​សហគមន៍​អូរ​តាបូក សហការ​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រី​អនុរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ និង​មន្ត្រី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា មាន​គ្នា​សរុប ២០​នាក់ បាន​នាំ​គ្នា​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ចំនៀរ​ឈើ​ប្រណិត​ប្រភេទ​ឈើ​ធ្នង់​ចំនួន ៥ ទៅ ៦​ដើម ទំហំ​មុខ​កាត់ ៧ ទៅ ៨​តឹក បន្សល់​ចោល​ក្នុង​ព្រៃ​ចំណុច​អូរ​ឡាប៉រ។

ប្រធាន​សហគមន៍​អូរ​តាបូក លោក សាលា ត្រាវ បញ្ជាក់​ដែរ​ថា ជន​ល្មើស​ទំនង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​អាច​ជាប់​ពាក់ព័ន្ធ​លួច​អារ​យក​ឈើ​មាន​តម្លៃ​នោះ ជាពិសេស​សហគមន៍​សង្ស័យ​ទៅ​លើ​កម្មករ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ក្បែរ​តំបន់​ការពារ​ធម្មជាតិ បាន​លួច​កាប់​យក​ឈើ​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​ក្រុមហ៊ុន«គេ​កាយ​ដើម​វា ហើយ​គេ​រំលំ​ខ្លះៗ មុខ​សញ្ញា​តាម​ខ្ញុំ​ដឹង​ខាង​ក្រៅ​ខាង​ក្រុមហ៊ុន​ណា

ប្រធាន​ការិយាល័យ​ផែនការ និង​កិច្ចការ​ច្បាប់ និង​ជា​មន្ត្រី​សម្របសម្រួល​តំបន់​ការពារ​ធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន ខេត្ត​រតនគិរី លោក ទន់ សុវណ្ណនី ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា នេះ ក្រុម​ល្បាត​ព្រៃ​មិន​ទាន់​ផ្តល់​របាយការណ៍​ពី​លទ្ធផល​ចុះ​ល្បាត​ព្រៃ​រយៈពេល​ពីរ​ថ្ងៃ​កន្លង​ទៅ​នៅ​ឡើយ។ លោក​ថា ប្រសិន​បើ​មាន​ភស្តុតាង​បង្ហាញ​ថា មាន​បទល្មើស​កើត​មាន​ជា​ថ្មី​ក្នុង​ព្រៃ​អភិរក្ស​នេះ មន្ត្រី​អនុរក្ស​ឧទ្យាន​ជាតិ​មាន​ភារកិច្ច​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់«ចង់​ស្រាវជ្រាវ​ចង់​រក​ឲ្យ​ឃើញ​ចំណុច​ធំៗ​ហ្នឹង បើ​មាន​ខាង​សមត្ថកិច្ច​វីរៈជ័យ ត្រូវ​តែ​រក​មុខ​សញ្ញា​បទល្មើស​ឲ្យ​ឃើញ ឲ្យ​ឃើញ​តើ​បទល្មើស​ចេញ​ពី​ប្រភព​ណា? អ្នក​ណា​បញ្ជា​ឲ្យ​ធ្វើ

តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក គឺ​ជា​តំបន់​ព្រៃ​ឋិត​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ។ ព្រៃ​ឈើ ជាពិសេស​ឈើ​ប្រណិត​មាន​បេង នាងនួន ធ្នង់ និង​គ្រញូង រង​ការ​លួច​កាប់​បែប​អនាធិបតេយ្យ​អស់​ស្ទើរ​គ្មាន​សល់​តាំង​ពី​ឆ្នាំ​២០១២ រហូត​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles