ពលរដ្ឋ​ជាង​១៣​ម៉ឺន​នាក់​នៅ​ខេត្ត​សៀមរាប​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ដោយ ហង្ស សាវយុត
2016-11-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth


គិត​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​វិច្ឆិកា គឺ​នៅ​សល់​ពេល​តែ ៨​ថ្ងៃ​ទៀត​ទេ ដែល​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​ត្រូវ​បញ្ចប់។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅ​ឯ​ខេត្ត​សៀមរាប គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា គឺ​នៅ​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១៣​ម៉ឺន​នាក់​ទៀត​នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ។

តើ​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត និង​អាជ្ញាធរ​មូលដ្ឋាន មាន​មធ្យោបាយ​អ្វី​ខ្លះ​ក្នុង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី គ..ប ថ្មី បាន​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ទាន់​ពេល​កំណត់​ដែរ​ឬ​ទេ?

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប បាន​ប្រញាប់ប្រញាល់​ផ្ញើ​លិខិត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ ទៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក និង​ឃុំ ដើម្បី​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ គឺ​សូម​ឲ្យ​រូតរះ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។

ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ដោយសារ​តែ​នៅ​ខេត្ត​សៀមរាប គឺ​ប្រជាពលរដ្ឋ​ចំនួន​ជាង ១៣​ម៉ឺន​នាក់ នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ ស្រប​ពេល​ដែល​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​កាន់​តែ​ជិត​បញ្ចប់​ទៅ​ហើយ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប គឺ​លោក នឹម វ៉ាន់សំ។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ចំនួន ៥៩​ម៉ឺន​នាក់ ប៉ុន្តែ​ចាប់​តាំង​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​របស់ គ..ប កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា គឺ​មាន​ប្រជាពលរដ្ឋ​ទើប​តែ ៧៦% ទេ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ។ លោក នឹម វ៉ាន់សំ បញ្ជាក់​ថា មាន​មូលហេតុ​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ចំនួន ២៤% ទៀត​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​ឡើយ ជាពិសេស​អ្នក​រស់នៅ​ក្នុង​ស្រុក​ចំនួន​បី​ដែល​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​នឹង​ខេត្ត​បន្ទាយមានជ័យ៖ «ដូចជា​នៅ​ស្រុក​ក្រឡាញ់ និង​ស្រុក​អង្គរជុំ ជាដើម យើង​ឃើញ​ការិយាល័យ​ចុះ​ឈ្មោះ​ចំនួន​ពីរ​បាន​បិទ ដោយសារ​តែ​អត់​មាន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ​អ្នក​ខ្លះ​ខ្វះ​ឯកសារ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ»

ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត និង​អាជ្ញាធរ​ឃុំសង្កាត់​ខ្លះ​រក​ឃើញ​ថា បញ្ហា​ប្រជាពលរដ្ឋ​ជាច្រើន​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ពេល​នេះ គឺ​ដោយសារ​តែ​បញ្ហា​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ឯ​ក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បោះឆ្នោត។

ប្រធាន​មណ្ឌល​ចុះ​ឈ្មោះ​បោះឆ្នោត​សង្កាត់​គោកចក កញ្ញា ទិត វ៉ារី មាន​ប្រសាសន៍​ថា នៅ​ក្នុង​សង្កាត់​របស់​នាង ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ជាង ២​ម៉ឺន​នាក់ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ទើប​តែ​មាន​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន ៧​ពាន់​នាក់​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប្រធាន​មណ្ឌល​ចុះ​ឈ្មោះ​បោះឆ្នោត​ដដែល​បញ្ជាក់​ថា បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជិត ៤​ពាន់​នាក់​ទៀត​មិន​ទាន់​ឃើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ ដោយសារ​តែ​អ្នក​ទាំងនោះ​ភាគច្រើន​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស៖ «ពិបាក​ត្រង់​ថា​ពួក​គាត់​ចំណាក​ស្រុក​ទៅ​ឆ្ងាយ​អ៊ីចឹង គឺ​គាត់​អត់​ដឹង​ព័ត៌មាន​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ច្បាស់លាស់​ទេ»

ក្រុម​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​សង្កាត់​គោកចក មិន​រំពឹង​ថា ប្រជាពលរដ្ឋ​ជាង ៤​ពាន់​នាក់​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ​នេះ អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​គ្រប់​គ្នា​ទេ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា គេ​នឹង​ប្រឹងប្រែង​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​បាន ៩០% ដែរ។

ស្ត្រី​នៅ​ភូមិ​វាល ម្នាក់​ក្នុង​ចំណោម​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​លោកស្រី នួន ស្រីមុំ មាន​ប្រសាសន៍​ថា គាត់​មាន​កូន​ចំនួន ៧​នាក់​ដែល​មិន​ទាន់​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ ពីព្រោះ​តែ​ពួក​គេ​ជាប់​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន។ ក្នុង​ចំណោម​នោះ កូន​ស្រី​របស់​គាត់​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ។ គាត់​បាន​ទូរស័ព្ទ​ហៅ​ជាច្រើន​ដង​ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត តែ​កូន​ស្រី​ប្រាប់​ថា​មិន​មាន​ពេល​ទំនេរ៖ «នាង​ថា​មិន​មាន​លុយ​ថ្លៃ​ធ្វើ​សោហ៊ុយ​មក​ទេ ហើយ​ណា​មួយ​ការងារ​គេ​កំពុង​ប្រញឹក​បេះ​ផ្លែ​ឈើ។ ប្រហែល​ជា​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ​មើល​ទៅ»

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គោកចក ទទួល​បន្ទុក​កិច្ចការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត លោក មាស បុត្រចិន្ដា បង្ហាញ​ក្ដី​កង្វល់​ថា ការ​ដែល​ពលរដ្ឋ​ចំនួន​ច្រើន​នៅ​ក្នុង​សង្កាត់​របស់​លោក មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ វា​អាច​នឹង​ធ្វើ​ឲ្យ​បាត់​សំឡេង​ពលរដ្ឋ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រើ​សិទ្ធិ​បោះឆ្នោត​ជ្រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅ​ពេល​ខាង​មុខ។ លោក មាស បុត្រចិន្តា បញ្ជាក់​ថា បើ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​របស់​លោក​ចំនួន​ពី ៣​ពាន់​ទៅ ៤​ពាន់​នាក់ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ៖ «ក្រុមប្រឹក្សា​សង្កាត់​ក៏​តែង​មាន​ការ​ព្រួយ​បារម្ភ​ដែរ ព្រោះ​អី​អ្នក​ដែល​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ គឺ​នឹង​បាត់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​បម្រើ​នៅ​ពេល​ខាង​មុខ»

ចំណែក​នៅ​ឯ​ខេត្ត​ព្រះវិហារ ឯណោះ​វិញ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត លោក ជោ ម៉ាប់ ឲ្យ​ដឹង​ថា នៅ​ខេត្ត​នោះ គឺ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​ជាង ១៣​ម៉ឺន ៤​ពាន់​នាក់។ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០៩.៦៩០​នាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា កន្លង​ទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​ចេញ​សេចក្តី​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ប្រញាប់ប្រញាល់​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​ទាន់​ពេលវេលា ពោល​គឺ​មុន​ថ្ងៃ​ទី​២៩ វិច្ឆិកា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles